តើអ្នកធ្លាប់បានក្ងានស៊ីកំពឹសដែរឬទេ? អ្នកអាចធ្វើការពិសោធបានដោយដាក់គ្រាប់ធញ្ញជាតិលាយជាមួយនិងកំពឹសនៅក្នុងកូនចានមួយ បន្ទាប់មកយកចាននោះទៅដាក់នៅជិតសត្វក្ងាន។ មិត្តនឹងឃើញថា ក្ងានមិនស៊ីកំពឹសនោះទេ ។ អ្នកដឹងឬទេ? តើហេតុអ្វីបានជាដូច្នេះ? តើកំពឹសមុលសម្លាប់សត្វក្ងានមែនទេ? មានរឿងដំណាលមួយសំដែងថាដូចតទៅនេះ៖
អស់រយៈកាលដ៏យូរលង់ណាស់មកហើយនោះ មានសេដ្ឋីម្នាក់ដែលមានសម្បត្តិស្តុកស្តម្ភ។ គាត់តែងតែចូលក្នុងព្រៃដើម្បីបរបាញ់សត្វជាប្រចាំ ។ នាថ្ងៃមួយ ខណៈដែលកំពុងជិះលើខ្នងសេះ គាត់ក៏បានប្រទះឃើញពស់ញីឈ្មោលពីរក្បាលនៅលើដំបូកក្រោមដើមឈើមួយដើម។ នៅពេលនោះ ពស់ញីកំពុងសក ហើយវាមិនអាចវារទៅណាបាននោះទេ។ រីឯពស់ឈ្មោលវិញ វាមាននាទីដើររកចំណីមកឲ្យប្រពន្ទរបស់វាដែលកំពុងសក និងពុំមានកំលាំងគ្រប់គ្រាន់ដើម្បីដើររកចំណីដោយខ្លួនឯងបាននោះទេ។ ពួកវាមិនដែលរស់នៅបែកពីគ្នានោះទេ គឺរស់នៅយ៉ាងសុខុដុមរមនា និងមានសុភមង្គលបំផុតនៅលើដំបូកនោះ។
ពេលវេលាកន្លងមិនយូរប៉ុន្មាន វាជាពេលដែលពស់ឈ្មោលសកវិញម្តង សេដ្ឋីនោះក៏ចូលព្រៃម្តងទៀត ។ ទៅដល់ក្នុងព្រៃ សេដ្ឋីបានជួបប្រទះពស់មួយក្បាល់កំពុងសកនៅលើដំបូក នៅលើដំបូកដដែលនោះ គឺពស់ឈ្មោលមុននោះឯង។ វាមិនមានកំលាំងរកចំណីដូចមុននោះទេ គឺប្រគល់តួនាទីនោះឲ្យពស់ញីរកនុយវិញម្តង។ នៅក្បែរនោះបន្តិច បុរសនោះបានប្រទះឃើញពស់ពីរក្បាលផ្សេងទៀត។ ពស់មួយជាពស់ឈ្មោលថ្មី ដែលពស់ញីពីមុនទើបតែនឹងជួបប៉ុន្មានថ្ងៃក្រោយពីខ្លួនសករួចនេះប៉ុណ្ណោះ។ សេដ្ឋីគិតថាពស់ញីប្រាកដជាកំពុងក្បត់ប្តីរបស់ខ្លួនទៅរកថ្មីជាក់ជាមិនខាន។ ជាការពិតណាស់ ពស់ញីនោះពិតជាបានក្បត់ប្តីរបស់ខ្លួនមែន ហើយវាថែទាំងមានគំនិតថា នឹងសម្លាប់ប្តីរបស់វាទៀតផង។
ដោយឃើញដូចនេះ បុរសនោះក៏លើកដំរង់ធ្នូរបស់ខ្លួនទៅរកពស់ឈ្មោលថ្មី ដើម្បីកុំឲ្យវាមានឱកាសសម្លាប់ពស់ឈ្មោះដ៏កំសត់ ដែលកំពុងរងចាំចំណីនៅលើដំបូកនោះបាន និងដើម្បីពស់ញីត្រលប់ទៅរកប្តីរបស់ខ្លួនវិញ។ ជាការចៃដន្យ នៅពេលនោះ ពស់ញីក៏រំកិលខ្លួនបន្តិចមកលើប្រុសថ្មីរបស់ខ្លួន គ្រាប់ព្រួញក៏ហោះទៅចំពស់ញីហើយមុតចូលយ៉ាងជ្រៅ ដោយឃើញដូចនេះពស់មួយក្បាលទៀតក៏រត់ចូលក្នុងព្រៃបាត់ទៅ។
និយាយពីពស់ឈ្មោលលើដំបូក ដែលកំពុងចាំចំណីឯនេះវិញ កាលដែលចាំបាត់ៗ មិនឃើញប្រពន្ធដំណឹងរបស់ខ្លួនត្រលប់មកវិញ និងដោយសារឃ្លានចំណីផង វាក៏រំកិលខ្លួនបន្តិចៗទៅរកប្រពន្ធដោយយល់ឃើញថា ប្រពន្ធរបស់ខ្លួនពិតជាត្រូវនរណាធ្វើបានជាក់ជាមិនខាន។ វារអស់មួយរយៈមក វាក៏បានជួបប្រទះប្រពន្ធរបស់ខ្លួនដែលកំពុងដេកស្លាប់នៅក្នុងថ្លុកឈាម ដោយមានគ្រាប់ព្រួញនៅជាប់ជាមួយ។ ពស់ឈ្មោលមានការសោកស្តាយយ៉ាងខ្លាំង ហើយក៏មានការខឹងសម្បាផងដែរ។ ដោយសារអំណាចនៃសេចក្តីស្នេហាចំពោះប្រពន្ធ វាក៏មានគំនិតចង់សងសឹកជាមួយសេដ្ឋីម្នាក់នោះ។
លុះមានកំលាំងពលំគ្រប់គ្រាន់ឡើងវិញហើយ ពស់ឈ្មោលនោះក៏វារទៅកាន់ផ្ទះរបស់សេដ្ឋី ដែលបានសម្លាប់ប្រពន្ធខ្លួន។ ពេលទៅដល់ភ្លាម វាក៏ចូលទៅសម្ងំនៅមាត់ទ្វាដែលបុរសម្នាក់នោះតែងចេញចូលជាប្រចាំ។ ចៃដន្យនាថ្ងៃនេះ បុរសមិនបានចេញចូលតាមច្រកមួយនោះទេ។ លុះចូលទៅដល់ក្នុងផ្ទះ បុរសនោះក៏និយាយរឿងរ៉ាវដែលខ្លួនបានជួបប្រទះកាលពីខ្លួនចូលទៅក្នុងព្រៃ។ ពស់ឈ្មោលនោះនៅសម្ងំស្តាប់ ។ នៅពេលដែលស្តាប់ចប់ វាក៏ដឹងពីគំនិតក្បត់របស់ប្រពន្ធខ្លួន ហើយវាក៏មានការសោកស្តាយយ៉ាងខ្លាំងដែលខ្លួនមានបំណងសម្លាប់អ្នកមានគុណរបស់ខ្លួន។ ដោយភាពដឹងគុណរបស់ខ្លួន ពស់ក៏បានខ្ជាស់គ្រាប់គុជមួយគ្រាប់នៅក្នុងផ្ទះរបស់សេដ្ឋី ហើយក៏វារចេញទៅបាត់ទៅ។ ប៉ុន្មានថ្ងៃក្រោយមក បុរសក៏ឃើញគុជមួយគ្រាប់នោះ។ ដោយសារមហិទ្ធិឫទ្ធិនៃគ្រាប់គុជនោះ បុរសក៏អាចស្តាប់ភាសាសត្វបាន។
នាថ្ងៃមួយ បុរសម្នាក់នេះក៏បានធ្វើដំណើរទៅកាន់ភូមិមួយ ។ នៅភូមិនេះ បើទោះជាគាត់មានមិត្តភក្តិជាអ្នកមានជាច្រើននាក់ក៏ដោយ ក៏គាត់មិនព្រមទៅស្នាក់នៅទីនោះដែរ ព្រោះគាត់ជាជនមានចិត្តសប្បុរសធម៌ ។ គាត់ចូលចិត្តរាប់អាចជាមួយអ្នកក្រ និងមិនដែលមានការមើលងាយពួកគាត់ម្តងណាឡើយ។ ដោយឃើញដូចនេះ បុរសនិងប្រពន្ធគាត់ម្នាក់ជាម្ចាស់ផ្ទះ មានការសប្បាយរីករាយយ៉ាងខ្លាំង បើទោះជាគាត់មានត្រឹមតែក្ងានពីរក្បាលនៅព្រោមផ្ទះក៏ដោយ។ ពួកគេខិតខំបំរើសេដ្ឋីដោយស្មោះអស់ពីចិត្ត។ សេដ្ឋីក៏សម្រេចចិត្តទីនោះមួយយប់។
នៅយប់នោះ បុរសជាប្តី និងប្រពន្ធរបស់គាត់បានជួបពិភាក្សាគ្នានៅលើផ្ទះ។ ប្តីចាប់ផ្តើមនិយាយមុន «អូន!… មិត្តភក្តិរបស់បងជាអ្នកមានយ៉ាងនេះ តើយើងនឹងមានអី្វសម្រាប់ឲ្យគាត់ហូបទៅ?» ប្រពន្ធតបវិញថា៖ «បងអើយ! អ្នកក្រដូចពួកយើងនេះ តើអាចមានម្ហូបឯណាឆ្ញាញ់នោះ? បើមិនជាប្រហុកទេ គឺអំបិលតែប៉ុណ្ណោះឯង… បងមើលតែកាលពីថ្ងៃមិញទៅដឹងហើយ» ។ ក្រោយអង្គុយបានមួយស្របក់បន្ទាប់មក ប្តីក៏នឹកឃើញគំណិតមួយ «អូន!… បងមានគំណិតមួយណាអូន យើងមានស្លឹកគ្រៃ មានខ្ទះ មានចាន ឆ្នាំង ទឹក និងអុសដុត ។ រីឯនៅខាងក្រោមផ្ទះឯណោះវិញ យើងមានក្ងានមួយគូដែរតើ! អូនឈប់បារម្មណ៍ទៅ!» ថាដូន្នោះហើយ គាត់ក៏ចូលគេងទាំងអស់គ្នាទៅ ។
ការដែលបានស្តាប់ឮសម្តីរបស់ម្ចាស់ខ្លួនដូចនេះ នៅខាងក្រោមផ្ទះ ក្ងានទាំងពីរក្បាលមានការភ័យព្រួយយ៉ាងខ្លាំង។ «អូនសម្លាញ់ចិត្តបងអើយ! អូនឮម្ចាស់យើងនិយាយឬទេ? » ក្ងានញីតបវិញ «ឮតើបង!» ក្ងានឈ្លោលក៏បន្តថា «ថ្ងៃស្អែកនេះ បើមិនអូនឯងទេ គឺជាបងនេះហើយ ដែលត្រូវគេចាប់ទៅស្ងោស៊ុបនោះ … អូន! … បងសុខចិត្តឲ្យគេសម្លាប់បង….បងមិនឲ្យនរណាសម្លាប់អូននោះទេ…បងសុខចិត្តស្លាប់ជំនួសអូន» ។ «ទេបង! កុំនិយាយដូច្នេះអី! បងទៅណាអូននឹងទៅទីនោះដែរ… បើបងរស់ អូនក៏រស់… តែបើបងស្លាប់វិញ អូននឹងមិនរស់នៅទេ» ។ «អញ្ចឹងយើងស្លាប់ទាំងពីរនាក់តែម្តងទៅ អូខេទេ?»
កាលដែលបានស្តាប់ឮដូច្នេះ បុរសជាសេដ្ឋីនោះដែលចេះស្តាប់ភាសាសត្វ ក៏ស្តាប់ឮ ហើយក៏មានចិត្តអាណិតសន្តោសយ៉ាងខ្លាំង គាត់និយាយតែម្នាក់ឯងថា៖ «សត្វក្ងានមួយគូនេះចេះស្រលាញ់គ្នាខ្លាំងណាស់ មនុស្សខ្លះមិនស្រលាញ់គ្នាដូចនេះទេ… បើអញឲ្យគេសម្លាប់វាដើម្បីខ្លួនឯង អញនឹងក្លាយទៅជាមនុស្សគ្មានធម្មមេត្តាជាក់ជាមិនខាន … អញមិនអាចឲ្យគេសម្លាប់ពួកវាបានទេ» ។ ដោយសារងងុយគេងខ្លាំងពេក គាត់ក៏លង់លក់ក្នុងដំណេកនារាត្រីជ្រៅនោះបាត់ទៅ។
លុះជិតភ្លឺឡើង គាត់ក៏ភ្ញាក់ពីដំណេក ភ្លាមៗនោះគាត់ក៏ដើរសំដៅទៅកាន់ផ្ទះបាយរបស់ប្តីប្រពន្ធទាំងពីរ។ ប្តីប្រពន្ធទាំងពីរ នៅពេលនោះកំពុងតែដាំទឹកបំរុងនឹងចាប់ក្ងានមកអារកទៅហើយនោះ ក៏និយាយទៅកាន់គាត់ថា៖ «លោកបង! ម្តេចមិនគេងបន្តទៀតសិនទៅ?» បុរសជាសេដ្ឋីក៏តបវិញថា៖ «មិនអីទេ! ចុះអ្នកទាំងពីរវិញ កំពុងធ្វើអ្វីដែរហ្នឹង?» ប្រពន្ធតប៖ «លោកបងមិនបាច់ខ្វល់ទេ! ចូលទៅសម្រាន្តវិញសិនទៅណា… ចាំប្អូនធ្វើម្ហូបឲ្យពិសាព្រឹកឡើង។» «ចុះបានអ្វីស្លហូបដែរ?» ។ គេទាំងពីរព្យាយាមលាក់ពុំឲ្យសេដ្ឋីដឹងថាខ្លួននឹងចាប់ក្ងានទៅស្ល តែដោយសារគាត់ចេះតែបន្តសួរដេញដោលរហូតពេក ប្តីក៏ប្រាប់ទៅ។ «ខ្ញុំនឹងចាប់ក្ងានមួយមកស្លឲ្យលោកបងពិសាណា…» ។ ឮដូច្នេះសេដ្ឋីក៏តបវិញថា៖ «អ្នកទាំងពីរមិនចាំបាញ់ធ្វើបែបនេះទេ… យើងអាចហូបអ្វីផ្សេងវិញក៏បាន» ។ រំពេចនោះ ស្រាប់តែមានសំឡេងស្រីម្នាក់បន្លឺឡើង៖ «កំពឹសអើយ កំពឹស… កំពឹសថោកៗ មាននរណាត្រូវការកំពឹសទេ?» ។ សេដ្ឋីនោះក៏និយាយ៖ «ខ្ញុំហូបកំពឹសជាងសាច់ក្ងាន» ។ ប្តីប្រពន្ធក៏ធ្វើតាម។
ក្ងានទាំងពីរ ការដែលបានឮដូចនេះ កីមានការដឹងគុណចំពោះកំពឹសយ៉ាងខ្លាំង ដោយខ្លួនបានគេចផុតពីសេចក្តីស្លាប់។ គេស្បថជាមួយគ្នាថា៖ «កំពឹសជាអ្នកមានគុណជួយជីវិតរបស់ពួកយើង… ចាប់ពីថ្ងៃនេះទៅ យើងនឹងមិនស៊ីសាច់កំពឹសទៀតនោះទេ» ។ ដោយសារការស្បថនេះ ក្ងានដែលកើតមកក្រោយៗទៀតក៏ឈប់ស៊ីសាច់កំពឹសតរៀងមក….។