ព្រះបរមរាជវាំង

ព្រះបរមរាជវាំងត្រូវបានកសាងឡើងកាលពីជាង​១០០ឆ្នាំមុនមកម្លេះ ជា​ទី​គង់​ប្រថាប​់នៅរបស់​ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា។ ហើយក៏​ជា​ការិយាល័យរដ្ឋបាល​រួម សម្រាប់ព្រះមហាក្សត្រគ្រប់គ្រងរាជកិច្ច និងទទួល ឥស្សរ​ជន​បរទេស​មកកាន់នៅក្នុងព្រះរាជាណាចក្រផងដែរ។​​ 

បរិវេណព្រះបរមរាជវាំងចែកជាបីផ្នែកធំៗ ដោយមានព្រះវិហារព្រះកែវមរកតនៅបរិវេណខាងជើង មានប្រាសាទ​ ខេមរិន្ត្រ (ឬ ខេមរិន្ត្រមហាប្រាសាទ) នៅខាងត្បូង និង​អោមនៅកណ្ដោលដោយព្រះទីនាំងទេវាវិនិច្ឆ័យ (ឬ ព្រះទី នាំងទេវាវិនិច្ឆ័យមហ័យមហាបា្រសាទ)។ 

សព្វ​ថ្ងៃព្រះបរមរាជវាំង ក៏បាន​បើកជូនភ្ញៀវ​ទេសចរជាតិ និង​អន្ដរជាតិ​ឲ្យ​ចូលទស្សនា ដោយ​កំណត់នូវបរិវេណ ចូលទស្សនា ពិសេសព្រះវិហារព្រះកែវមរកត គឺបើកជូនប្រជាពលរដ្ឋទូទៅ និង​ភ្ញៀវទេសចរចូលទស្សនា។ ទាំង ភ្ញៀវ​ជាតិ និងអន្ដរជាតិត្រូវបាន​កំណត់ការស្លៀកពាក់ឲ្យបាន​សមរម្យ ដោយអាវដៃខ្លីបំផុត​ត្រឹមកែងដៃ និង​ខោខ្លី បំផុត​ត្រឹម​ក្បាលជង្គង់ប៉ុណ្ណោះ។ ចំពោះអាវយឺតដៃវាលអាចពាក់អាវក្រៅពីលើមួយជាន់ទៀតឲ្យបាន​សមរម្យ។ 

ប្រវត្តិទីតាំងព្រះបរមរាជាវាំងក្នុងតំបន់ភ្នំពេញ

តាមពិតទៅការ​ស្ថាបនាព្រះបរមរាជវាំងនៅទឹកដីភ្នំពេញក្នុងឆ្នាំ១៨៦៦ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រថ្មីមួយ​នៃ ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាជាតិសាសន៍ខ្មែរយើងក្រោយសម័យអង្គរ ដែលធ្លាប់បាន​ពង្រីកអំណាចនៃ អាណាចក្រអង្គរ (គ.ស ឆ្នាំ៨០២) រហូតដល់ការ​បំរែបំរួលមកនៅតំបន់ជុំវិញបឺងទន្លេសាបនាដើមសតវត្សទី១៥។ ការចាកចោលក្រុងអង្គរដោយសារ​ការឈ្លានពានរបស់ពួកសៀមនាសម័យនោះ ការតាំងរាជធានិថ្មីនៅតំបន់ ភ្នំពេញជាលើកដំបូងដោយស្គាល់ថា ជាក្រុងចតុមុខសិរីមង្គល ក្នុងឆ្នាំ១៤៣៤។ បន្ទាប់ពីនោះបានប៉ុន្មានឆ្នាំគឺនៅ ក្នុងឆ្នាំ១៤៩៤ ទើបប្ដូរទៅកាន់ក្រុងបាសាន ក្រុងលង្វែក និង​ក្រុងឧដុង្គជាបន្ដបន្ទាប់នោះ។ 

ឆ្លងកាត់ការប្ដូររាធានីទៅមកអស់ជាច្រើនសតវត្សរហូតមកដល់សតវត្សទី១៩​ ទើបបាន​ប្ដូរត្រលប់មកកាន់ភ្នំពេញ វិញ។ ​តាមពិតទៅក្នុងឆ្នាំ១៨១៣ មុនការ​ផ្លាស់រាជធានីទៅកាន់ក្រុងឧដុង្គ ព្រះបាទអង្គចាន់​បាន​បញ្ជាឲ្យសាងសង់​ បន្ទាយខៀវ​ ដែលជា​ទីតាំង​ព្រះបរមរាជវាំងបច្ចុប្បន្ននេះ។ ប៉ុន្ដែ​ដោយសារការឈ្លានពានរបស់ទ័ពសៀម ដែល​ បានរុកលុយមកដល់ភ្នំពេញ ត្បិតតែពួកសៀមត្រូវបាន​បង្ក្រាប និង​បណ្ដេញចេញទៅវិញក្នុង​ឆ្នាំ១៨៣៤ក៏ពិតមែន បន្ទាយខៀវក៏ត្រូវបាន​ដុតបំផ្លាញអត់គ្មានសល់ទន្ទឹមនឹងពេលនោះផងដែរ។ ហើយភ្នំពេញក៏មិនត្រូវបានរំលឹក​ រហូតដល់​ការ​ចូលរួមរបស់បារាំងសែសក្នុង​ទឹកដីកម្ពុជាក្នុង​ឆ្នាំ១៨៦៣ ទើប​ភ្នំពេញមានវត្តមានសារជាថ្មី ដោយ ការផ្លាស់ប្ដូររាជធានីមកកាន់តំបន់ភ្នំពេញ ទីតាំងបន្ទាយខៀវក៏ត្រូវបានរៀបចំឡើងវិញ និងជ្រើសរើសជាទីតាំង សម្រាប់សាងសង់ព្រះបរមរាជវាំងផងដែរ។

ព្រះបរមរាជវាំងសាងសង់ដំបូងក្នុងឆ្នាំ១៨៦៣នោះ គឺត្រូវបាន​កសាងឡើងអំពីឈើទាំងស្រុងជាបណ្ដោះអាន្ដ មានបរិវេណតូចនៃបរិវេណប៉ែកខាងជើងនៃព្រះបរមរាជវាំងសព្វថ្ងៃ​។ រហូតដល់ឆ្នាំ១៨៦៦ ទើបត្រូវបាន​កសាង ឡើងវិញថ្មីដោយពួកបារាំង ដែលនាពេលនោះស្ថាបត្យកម្មនេះត្រូវបានរចនាស្ថាបនា ដោយស្ថាបត្យករខ្មែរ អ្នកឧកញ្ញា ម៉ាក ទេពនិមិត្ត។ ប៉ុន្ដែការប្ដូររាជវាំងពីរាជវាំងក្រុងឧដុង្គមកកាន់ រាជវាំងថ្មីក្នុងក្រុងភ្នំពេញ គឺត្រូវបាន​ ព្រប្រឹត្តិទៅម៉ោង៩ព្រឹកនាថ្ងៃមួយ​ក្នុងឆ្នាំ​១៨៦៥មកម្លេះ ហើយចាប់តាំងពីពេលនោះមក ក្រុងភ្នំពេញ​ត្រូវបាន​ក្លាយ ជារាជធានីនៃព្រះរាជាណាចក្រកម្ពុជាជាផ្លូវការ​រហូតទល់សព្វថ្ងៃ។ 

ការអភិវឌ្ឍន៍ និង​ផ្លាស់ប្ដូរមុខមាត់ថ្មីនៃព្រះបរមរាជវាំង

ជាងមួងទសវត្សរ៍កន្លងផុតទៅទៀត មានវិមានប្រាសាទប៉ុន្មានកន្លែងត្រូវបាន​កសាងបន្ថែមក្នុងព្រះបរមរាជវាំង ក្រោយរងការ​បំផ្លាញ និងរៀបចំកសាងឡើងវិញពីមុនៗមក រួមទាំងព្រះទីនាំងទេវាវិនិច្ឆ័យ និង​ព្រះទីន័ងច័ន្ទឆាយា ជាដើមនោះ។ ការ​សាងសង់ថ្មីនេះត្រូវបាន​កសាងក្នុង​ឆ្នាំ១៨៧១ និង​បាន​លើកជញ្ជាំងព័ទ្ធជុំវិញក្នុងឆ្នាំ១៨៧៣។ តាំងពីពេលនោះហើយ ដែលវិមានមួយៗក្នុងព្រះបរមរាជវាំងបានលេចមុខឡើងជាបន្ដបន្ទាប់ដោយរចនាបទថ្មី ចម្រុះ មាន​លក្ខណៈពិសេសចេញពីរចនាបទខ្មែរ និងការលាយបញ្ចូលនូវ​ភិនភាគរចនាបទបែបអ៉ឺរ៉ុបជាច្រើន ។ល។ ក្នុងនោះវិមានទាំងអស់ក្នុងព្រះបរមរាជវាំង គឺឃើញថាមានអគារមួយដែលមានរចនាបទខុសពីគេទាំង ស្រុងនោះ គឺវិមានណាប៉ុឡេអុន ជាអគារធ្វើពីដែកអំណោយពីព្រះមហាក្សត្របារាំងសែស ណាប៉ុឡេអុនទី៣ ក្នុងឆ្នាំ១៨៧៦។

រហូតចូលមកដល់ដើមសទវត្សរ៍ទី២០ (១៩០០) ព្រះបាទស៊ីសុវត្ថិបានធ្វើកិច្ចការជាច្រើនក្នុង​ផ្លាស់ប្ដូរមុខមាត់ ព្រះបរមរាជវាំង ដោយបានបន្ថែមនូវសាលភោជនីក្នុងឆ្នាំ១៩០៧។ អាគារចាស់ត្រូវបានបំផ្លាញចោល និង​ការ ជំនួសវិញដោយ ពង្រីកបរិវេណព្រះទីនាំងទេវាវិនិច្ឆ័យ និង​ការសាងសង់ព្រះទីន័ងច័ន្ទឆាយាដូចរចនាបទសព្វថ្ងៃ​ ដែលយើងបានឃើញនេះ ក្នុងរវាងពីឆ្នាំ១៩១៣ដល់១៩១៩។ ដោយការកសាងថ្មីនេះនៅតែរក្សានូវរចនាបថខ្មែរ ពិសេសគឺរចនាបថបែបអង្គរ ដោយរក្សានូវបែបអ៉ឺរ៉ុបបន្ដិចបន្តួចប៉ុណ្ណោះ។ ក្រោយមកក្នុងរាជព្រះបាទមុនីវង្ស ការដាក់បញ្ចូលនូវវិហារសួគ៌ វិហាររាជ្យ ដែលបានផ្លាស់ប្តូរវាំងចាស់ទៅជា ប្រាសាទខេមរិន្ត្រនេះក្នុងឆ្នាំ១៩៣០។ លុះមកដល់រាជកាលព្រះបាទសីហនុ វីឡា គន្ធបុប្ផា ត្រូវបានកសាងឡើងក្នុងឆ្នឈ១៩៥៦​ បន្ទាប់ពី ដំណាក់ច័ន្ទ និងកន្លែងសម្រាប់ទទួលភ្ញៀវបរទេសក៏បានចាប់រៀបចំឡើងនៅក្នុងឆ្នាំ ១៩៥៣ ។

សេចក្ដីដូចបាន​រៀបរាប់ខាងលើ គឺជាសេចក្ដីសង្ខេបអំពីព្រះបរមរាជវាំង ដោយចាប់ផ្ដើមពីប្រវត្តិនៃទីតាំងរហូត ដល់ការផ្លាស់ប្ដូរមុខមាត់ជាបន្ដបន្ទាប់រហូតមកទល់រូបរាងព្រះបរមរាជវាំងសព្វថ្ងៃនេះ។ ប្រសិនបើ ការរៀបរាប់​ របស់យើងខ្ញុំពុំបានគ្រប់គ្រាន់ ឬខ្វះខាតមិនត្រឹមត្រូវត្រង់ចំណុចណានោះ សូមមេត្តាអាធ្យាស្រ័យទុកជាមុន។ លោកអ្នក​មិត្តអ្នកអានក៏អាចចូលរួមបញ្ចេញមិតផ្ទាល់ខ្លួននៅខាងក្រោមនេះ ឬផ្ញើមតិរបស់លោកអ្នកមកកាន់យើង ខ្ញុំតាមរយៈគេហទំព័រនេះក៏បាន។ ប្រសិនបើ មិត្តអ្នកអានយល់ថា​មានប្រយោជន៍ និង​ចង់ចូលរួមចំណែកចែករំ លែក សូមធ្វើការចែករំលែកទៅកាន់មិត្តភក្ដិរបស់អ្នកណាម្នាក់ ឬច្រើនគ្នាឲ្យ​បានអាចផង។ សូមអរគុណ។

Leave a comment