វិធី​សាស្ត្រ​៧​យ៉ាង​ដើម្បី​ឲ្យ​ទំនាក់​ទំនង​ស្នេហា​របស់​អ្នក​កាន់​តែ​ប្រសើរ​ឡើង

ជា​រៀង​រាល់​ឆ្នាំ​យើង​តែង​តែ​មាន​នៅ​ផែន​ការ​ប្រចាំ​ឆ្នាំ​របស់​ខ្លួនជា​ច្រើន សម្រាប់ការ​រស់​នៅ​ដូច​ជា គេង​ពី​ព្រ​លប់​ក្រោក​ពី​ព្រលឹម សម្រក​ទំងន់ ហាត់​ប្រាណ​ឲ្យ​ទៀង​ទាត់ បរិភោគ​ចំណី​អាហារឲ្យ​បាន​ត្រឹម​ត្រូវ ក្រៅ​ពី​នេះ​នៅ​មាន​ទំលាប់​មិន​ល្អ​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​រាំង​ស្ទាក់​ដល់​ការ​ងារ ឬ​ការ​សិក្សា ដូច​ជា​ការ​មើល​ទូរទស្សន៍ វីដេអូ ច្រើន​ម៉ោង លេង​ហ្វេស​ប៊ូក​ដល់​យប់​ជ្រៅ បន្ទប់​គ្មាន​សណ្តាប់​ធ្នាប់​ជា​ដើម ក៏​ស្ថិត​នៅ​ក្នុង​ផែន​ការ​កែ​ប្រែ​ខ្លួន​ឲ្យ​កាន់​តែ​ប្រសើរ​ដើម្បី​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ជីវិត។ ប៉ុន្តែ​យើង​អាច​មើល​រំលង​នៅ​អ្វី​មួយ​ចំនួន ដូច​ជា​ទំនាក់​ទំនង​ស្នេហា​រវាង​ខ្លួន​យើង​ជា​មួយ​និង​គូ​ស្នេហ៍/សង្សារ ឬ​ប្តី/​ប្រពន្ធ។ ដូច​នេះ ពេល​ខ្លះ​យើង​មាន​ភាព​មមាញឹក​ខ្លាំង​ ក៏​អាច​ធ្វើ​ឲ្យ​ទំនាក់​ទំនង​ស្នេហា​របស់​យើង​មាន​បញ្ហា​មិន​ល្អ​កើត​ឡើង​ដែរ។ យើង​អាច​គិត​គូរ​ពិចារណា​ដាក់​ចូល​វិធី​សាស្រ្ត​៧​យ៉ាង​ដែល​ខ្ញុំ​បាទ​នឹង​រៀប​រាប់​ត​ទៅ​នេះ​ទៅ​ក្នុង​ ផែន​ការ​កែ​លំអ​ខ្លួន​ឲ្យ​កាន់​តែ​ប្រសើរ​ផង។ ជា​បន្តទៅនេះ​ខ្ញុំ​សូម​វិធី​សាស្ត្រ​៧​យ៉ាង​ដើម្បី​ឲ្យ​ទំនាក់​ទំនង​ស្នេហា​របស់​អ្នក​កាន់​តែ​ប្រសើរ​ឡើង ហើយ​ក៏​សង្ឃឹម​ថា​មិត្ត​អ្នក​អាន​ទាំង​អស់​គ្នា​អាច​អនុវត្ត​ទៅ​ដោយ​ជោគ​ជ័យ និង​មាន​មនោសញ្ចេតនា​កាន់​តែ​ផ្អែម​ល្ហែម​ជា​មួយ​និង​គួ​ស្នេហា​របស់​ខ្លួន។

១. រក្សា​ចិត្ត​ស្ងប់ និង​មាន​ភាព​អំណត់​គ្រប់​ពេល​វេលា
រក្សា​ចិត្ត​ស្ងប់ និង​មាន​ភាព​អំណត់​គ្រប់​ពេល​វេលានឹង​អាច​ជួយ​ឲ្យ​អ្នក​អាច​គ្រប់​គ្រង​ស្ថាន​ការ​បាន​ល្អ និង​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​សម្រេច​ចិត្តបាន​កាន់​តែ​ប្រសើរ​ ព្រម​ទាំង​ផ្តល់​អារម្មណ៍​មួយ​ដល់​ដៃ​គូ​របស់​អ្នក​ថា​អ្នក​ជា​មនុស្ស​ម្នាក់​ដែល​ស័ក្តិ​សម​ឲ្យ​គេ​ស្រលាញ់​ និង​ពឹង​ពាក់​បាន​ពិត​មែន។ ក៏​ប៉ុន្តែ​មិន​ត្រូវ​នៅ​ស្ងប់​ស្ងាត់​ដល់​លក្ខណៈ​ថា​ធ្វើ​ឲ្យ​ដៃគូ​របស់​យល់​ថា​យើង​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​គេ​ឲ្យ​សោះ ពោល​គឺ​ធ្វើ​ចិត្ត​ឲ្យ​ត្រជាក់​ និង​រក្សា​ចិត្ត​ឲ្យ​ទូលាយ កុំ​បី​ឡើយ​តែ​រឿង​រកាំ​រកូស​តិច​តួច​ធ្វើ​ឲ្យ​ខឹង​សម្បា​រករឿង​យក​ឈ្នះ​រៀង​ខ្លួន​ឲ្យ​សោះ វា​អាច​ជា​សម្ពាធ​មួយធ្វើ​ឲ្យ​ទំនាក់​ទំនង​របស់​អ្នក​ក្នុង​សេច​ក្តី​ស្នេហា​អាច​បែក​បាក់​បរាជ័យ។ ដូច្នេះ ការរក្សា​ចិត្ត​ស្ងប់ និង​មាន​ភាព​អំណត់​គ្រប់​ពេល​វេលា​ជា​ជំរើស​ដ៏​ប្រសើរ​សម្រាប់​អ្នក និង​គ្រប់​គ្រង​ភាព​តាន​តឹង​​ឲ្យ​មាន​តុល្យភាព កាល​ណា​ដែល​អ្នក​អាច​សម្រប​ខ្លួន​បាន​ទៅ​នឹង​ភាព​តាន​តឹង​ឲ្យ​បាន​សម​ល្មម​ក្នុង​សេច​ក្តី​ស្នេហា​នោះ អាច​នាំ​ឲ្យ​អ្នក​អាច​មាន​សមត្ថភាព​ក្នុង​ដោះ​ស្រាយ​បញ្ហា​ដែល​អ្នក​ជួប​ប្រទះ និង​រក្សា​នូវ​សេច​ក្តី​ស្នេហា​របស់​អ្នក​ឲ្យ​បាន​យូរ​អង្វែង​បាន។

២. កុំ​ទំ​នើរ​ចិត្ត​ខ្លួន​ឯង​ពេក
សង្សារ​ ឬ​ដៃ​គូ​ស្នេហា គឺ​មិន​មែន​ដូច​ជា​មុខ​ទំនិញ​លើ​ទី​ផ្សារ​នោះ​ឡើយ​ថា​ អាច​ទិញ​ដូរ​ស្រេច​តែ​នឹង​ចិត្ត​ខ្លួន​ចង់ ឬ​ពេល​នឹក​ឃើញ​មិន​ពេញ​ចិត្ត​ក៏​ចង់​កែ​ប្រែ​ដៃ​គូ​ឲ្យ​ដូច​ខ្លួន​ចង់​បាន​នោះ​ទេ បើ​ទោះ​ជា​ទំនិញ​លើ​ទីផ្សារ​ក៏​មាន​ការ​ទិញ​ហើយ​មិន​អាច​ដូរ​យក​លុយ​វិញ​បាន​ដែរ​ណា​មិត្ត​សម្រាញ់​ទាំង​អស់​គ្នា។ ដូច្នេះ​ហើយ​បើ​ចង់​កែ​ប្រែ​ដៃ​គូ​ខ្លួន ត្រូវ​ដឹង​ថា​ត្រូវ​កែ​ប្រែ​ខ្លួន​ឯង​យ៉ាង​ម៉េច​សិន​ទើប​ប្រសើរ។ បើ​មួយ​ថ្ងៃ​ៗ​យើង​ចេះ​តែ​គិត​ថា​គេ​ទើស​ដូច្នេះ​គេ​ទើស​ដូច្នោះ ចង់​តែ​ឲ្យ​គេ​ធ្វើ​ដូច្នេះ​ ឬ​ដូច្នោះ​តាម​យើង​គឺ​មិន​ល្អ​ឡើយ។ ផ្ទុយ​មក​វិញ បើ​យើង​ចេះ​កែ​លំអ​ខ្លួន និង​សម្រប​ឲ្យ​ដៃ​គូ​យើង​យល់​ពី​ចិត្ត​របស់​យើង​វិញ ហើយ​ឲ្យ​ចេះ​យល់​ចិត្ត​គ្នា និង​ចំណុច​ខ្វះ​ខាត​គ្នា​ទៅ​វិញ​ទៅ​មក​នោះ វា​នឹង​ធ្វើ​ឲ្យ​សេចក្ុតី​ស្នេហា​របស់យើង​កាន់​តែ​ប្រសើរឡើង ទំនាក់​ទំនង​រវាង​គ្នា​ក៏​ល្អ​ជាង​មុន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ផង​ដែរ។ ចូរ​ចាំ​ថា គ្រប់​យ៉ាង​គឺ​កើត​ចេញ​អំពី​អ្នក…មាន​ន័យ​ថា​ជាបុគ្គល​ដែល​ជា​គូ​ស្នេហ៍​ទាំង​សង​ខាង​នឹង​ឯង។

៣. ត្រូវ​ទំនាក់​ទំនង​តាម​ទូរស័ព្ទ
ជា​ការ​ពិត​ណាស់ នៅ​ពេល​ដែល​យើង​នៅ​ឆ្ងាយ​ពី​គ្នា​មធ្យោបាយ​​ល្អ​បំផុត​ក្នុង​ការ​ទំនាក់​ទំនង​ និង​ថែ​រក្សា​ក្តី​ស្រលាញ់​របស់​យើង​គឺ​តាម​រយៈ​ការ​និយាយ​ទូរស័ព្ទ​នេះ​ឯង (បើ​គ្រាន់​តែ​ផ្ញើ​ជា​សារ​ជា​អក្សរ​ខ្លីៗ​នោះ​គឺ​មិន​យក​ជា​ការ​ឡើយ)។ គូ​ស្នេហ៍​ ដែល​មាន​ការ​ប្រាស្រ័យ​ទាក់​ទង​គ្នា​ច្រើន​តាម​រយៈ​ពាក្យ​សម្តី ឬ​ការ​និយាយ​ស្តី​ច្រើន​នោះ គឺ​មាន​ទំនាក់​ទំនង និង​មនោសញ្ចេតនា​រវាង​គ្នា​ល្អ​ប្រសើរ​ជាង​គូ​ស្នេហ៍ ដែល​កំរ​បាន​មាន​ពេល​និយាយ​សារសង​រក​គ្នា​​នោះតែ​ម្តង។ ព្រោះ​ថា​ការ​និយាយ​ស្តីវាចារ​ទៅ​គ្នា​ទៅ​វិញ​ទៅ​មក​អាច​ឲ្យ​ដៃ​គូ​កាន់​តែ​ស្គាល់​អំ​ពី​ខ្លួន​ ហើយ​ធ្វើ​ឲ្យ​មនោ​សញ្ចេត​នា​កាន់​តែ​ស៊ី​ជំរៅ បើ​ទោះ​ជា​ពេល​ខ្លះ​មាន​ការ​ទាស់​ទែង​គ្នា​ដោយ​សារ​ពាក្យ​សម្ពី​បន្តិច​បន្តួច​ក៏​ដោយ វា​ធ្វើ​ឲ្យ​ដៃ​គូ​ស្នេហ៍​មាន​ភាព​ជឿ​ជាក់ និង​ទុក​ចិត្ត​លើ​គ្នា ព្រម​ទាំង​មាន​ក្តី​ស្រលាញ់​ចំពោះ​គ្នា​បាន​កាន់​តែ​ប្រាកដ​ចិត្ត​ទៀតផង។

៤. ការ​ស្រលាញ់​ និង​យក​ចិត្ត​ទុក​ដាក់ថែ​រក្សា​គ្នា
បើ​ទោះ​ជា​យើង​មាន​ភាព​មមា​ញឹក​យ៉ាង​ណា​ក្តី ក៏​ត្រូវ​ចង​ចាំ​ថា​ត្រូវ​ចេះ​ឆ្លៀត​ពេល​វេលា​មួយ​ចំនួន​ ដើម្បី​ផ្តល់​នូវ​ក្តី​ស្រលាញ់ និង​យក​ចិត្ត​ទុក​ដាក់ថែ​រក្សាដៃ​គូ​របស់​យើង​ផង ម៉្យាង​ត្រូវ​ចេះ​យល់​ពី​អារម្មណ៍​របស់​ដៃគូ​យើង​ថា គេ​គិត​យ៉ាង​ណា និង​ចង់​បាន​អ្វី​ផង ពិសេស​គឺ​ជួយ​កាត់​បន្ថ​នូវ​ភាព​តាន​តឹង ឬ​សម្ពាធ​ដែល​គេ​មាន​មួយៗ និង​តាម​សម្រួល។ ព្រោះ​តាម​ការ​សិក្សា​ទៅ​លើ​ដៃ​គូ​ស្នេហា​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​ដែល​មនុស្ស​ម្នាក់​បាន​ឆ្លង​កាត់​នូវ​ការ​ងារ ឬ​បាន​បញ្ចប់​ភារកិច្ច​ដ៏​លំ​បាក​មួយ​រួច ហើយ​ស្រាប់​តែ​ត្រូវ​បាន​ដៃ​គូ​ស្នេហ៍​របស់​ខ្លួន​មើល​រំលង​ មិន​យក​ចិត្ត​ទុកដាក់ និង​ផ្តល់​ក្តី​ស្រលាញ់​ដល់​ខ្លួន​ទៀត​នោះ នាំ​ឲ្យ​អត្រា​បេះ​ដូង​របស់​គេ​កើន​ឡើង​ខ្ពស់ ហើយ​ទទួល​រង​នូវ​ភាព​អវិជ្ជមាន​ជា​ច្រើន​លើ​ផ្នែក​ស្មារតី។ ដូច​នេះ ក្តី​ស្រលាញ់​ និង​យក​ចិត្ត​ទុក​ដាក់ថែ​ទាំរក្សារបស់​យើង​គឺ​សំខាន់​ខ្លាំង​ណាស់​សម្រាប់​កាន់​បន្ថយ​បញ្ហា​ទាំង​នេះ ហើយ​ធ្វើ​ឲ្យ​មនោ​សញ្ចេតនា និង​សេចក្តី​ស្រលាញ់​របស់​យើង​កាន់​តែ​ល្អ​ប្រសើរ​ជាង​មុន​ទៅ​ទៀត។

៥. ការ​ដោះ​ស្រាយ​បញ្ហា
ពាក្យ​ចាស់​លោក​តែង​ពោល​ថា «កុលាប​តែង​មាន​បន្លា រី​ឯង​សេចក្តី​ស្នេហាតែង​ជួប​ប្រទះ​នូវ​ឧបសគ្គ» ។ នៅ​លើ​វិថី​ស្នេហា​របស់​មនុស្ស​យើង​ម្នាក់​ៗ គឺ​ជា​​រឿង​ធម្មតា​ដែល​គង់​តែ​នឹង​កើត​មាន​ឡើង​ក្នុង​ជីវិត​នោះ​ទេ។ ដូច្នេះ​ហើយ នៅ​ពេល​ដែល​សេចក្តី​ស្នេហា ឬ​មនោ​សញ្ចេតនា​របស់​យើង​ជួប​ប្រ​ទះ​នៅ​បញ្ហា យើង​គួរ​តែ​ធ្វើ​ការ​ពិ​ភាក្សា​រក​ដំណោះ​ស្រាយ​ជា​មួយ​និង​ដៃ​គូ​របស់​យើង ព្រោះ​ថា​រឿង​មនោ​សញ្ចេតនា​នេះ គឺ​ជា​រឿង​តែ​រវាងយើង​ទាំង​ពីរ​នាក់​តែ​ប៉ុណ្ណោះ ហើយ​ក៏គ្មាន​ជន​ទី​៣​ណា​អាច​ចូល​មក​ជួយ​យើង​បាន​ប្រសើរ​ជាង​ខ្លួន​យើង​ទាំង​ពីរ​នោះ​ឡើយ។ បើ​យើង​អាច​រក្សា​ដូច្នេះ​​បាន​ល្អ វា​ក៏​ជា​ជំនួយ​មួយ​ដ៏​ល្អ​ទៅ​ដល់​មនោ​សញ្ចេតនា​ស្នេហា​របស់​យើង​បាន​កាន់​តែ​ប្រសើរ​ទៅ​ទៀត។ ដូច្នេះ​ បើ​ទោះ​ជា​ទំនាក់​ទំនង​ស្នេហា​រវាង​យើង​និង​ដៃ​គូ មាន​អារម្មណ៍បញ្ហា​និង​គ្នា​ក៏​ដោយ ត្រូវ​តែ​ក្លាហាន​ហ៊ាន​និយាយ​ចេញ​មក ហើយ​ដោះ​ស្រាយ​ទាំង​អស់​គ្នា។

៦. ក្តី​រំ​ពឹង​ដែល​យើង​មាន​ត្រូវ​តែ​ឲ្យ​មាន​ភាព​ប្រាកដ​ប្រជា (ត្រូវ​មាន​ការ​ជឿ​ជាក់​ចំពោះ​គ្នា​និង​គ្នា)
ជំនឿ​ចិត្ត​ការ​រំពឹង​ជឿ​ជាក់​លើ​ចំពោះ​ដៃ​គូ​របស់​ខ្លួន​ថា ជា​មនុស្ស​មាន​ភាព​រីក​ចម្រើន និង​អភិវឌ្ឍន៍​បាន​ល្អ ហើយ​អាច​ធ្វើ​បាន​គ្រប់​យ៉ាង​ទៅ​តាម​ការ​សន្យា​ជាគំនិត​សុទិដ្ឋិ​​និយម​ដ៏ល្អ​ប្រសើរ​មួយ​ដែរ។ ក៏​ប៉ុន្តែ​មិន​ត្រូវ​មាន​សុទិដ្ឋិ​​និយមជ្រុល​ពេល​ទៅ​លើ​អ្វី​ដែល​មិន​អាច​ទៅ​រួច​នោះ​​​ឲ្យ​សោះ​ឡើយ។ ព្រោះ​យើង ឬ​ដៃ​គូ​របស់​យើង​ពុំ​អាច​ធ្វើ​បាន​ទេ នឹង​នាំ​ឲ្យ​យើង​មាន​បញ្ហា​ធំ ហើយ​ក៏​អាច​ឈាន​ដល់ការ​​បែក​បាក់​មិន​ខាន។ លើស​ពី​នេះ កី្ត​សង្ឃឹម ឬ​ការ​រំពឹង​ដោយ​គ្មាន​ភាព​ប្រាកដ​ប្រជា​ទាំង​នេះ​អាច​ធ្វើ​ឲ្យ​ដៃ​គូ​យើង ឬ​យើង​ខ្លួន​ឯង​បាត់​បោះ​ការ​ជឿ​ជាក់​ទៅ​វិញ​ក៏​ថា​បាន។

៧. ការ​ហ៊ាន​និយាយ​បើក​ចំហ​​អំពី​បញ្ហា​ផ្លូវ​ភេទ​ជា​មួយ​និង​ដៃ​គូ​ស្នេហា​របស់​ខ្លួន
ការ​ហ៊ាន​និយាយ​បើក​ចំហ​​អំពី​បញ្ហា​ផ្លូវ​ភេទ​ជា​មួយ​និង​ដៃ​គូ​ស្នេហា​របស់​ខ្លួន គឺ​ជា​ចំណុច​មួយ​ដែល​សំខាន់​សម្រាប់​ជីវិត​ស្នេហា​របស់​មនុស្ស។ ព្រោះ​ថា​ទំនាក់​ទំនង​ស្នេហា និង​មនោ​សញ្ចេតនា​របស់​មនុស្ស​នឹង​ត្រូវ​ជួប​ប្រទះ​អំ​ពី​វា​ក្នុង​ការ​រស់​នៅ​ដ៏​សាមញ្ញក្នុង​ជីវ​ភាព​រស់​នៅ​របស់​យើង។ សេច​ក្តី​ក្លាយ​ក្នុង​ការ​និយាយ​អំ​ពី​បញ្ហា​នេះ នឹង​ជួយ​ឲ្យ​មនោ​សញ្ចេញ​ស្នេហា​របស់​យើង​មាន​ភាព​ប្រសើរ​ ហើយ​អាច​ជៀស​វាង​នឹង​ការ​យល់​ច្រលំ​ណា​មួយ​ដែល​អាច​នឹង​កើត​ឡើង​ជា​យថា​ហេតុ​បាន ហើយ​គូ​ស្នេហ៍​ទាំង​ពីរ​នឹង​មាន​ភាព​ពេញ​ចិត្ត ​មិន​ថា​ទៅ​លើ​ទំនាក់​ទំនង​មនោ​សញ្ចេតនា​ស្នេហា ឬ​បញ្ហា​ផ្លូវ​ភេទ​ឡើយ។ ជា​ទូទៅ​ក្នុង​ចំណោម​ដៃ​គូ​ស្នេហា ដែល​មាន​ទំនាក់​ទំនង​និង​គ្នា​រយៈ​ពេល​យូរ​កន្លង​មក​ហើយ​នោះ មិន​ថា​នៅ​ក្នុង​សភាព​ទំនាក់​ទំនង​គ្នាជា​លក្ខណៈ​ធម្មតា ឬ​ស៊ី​ជំរៅ​នោះ​ទេ ​គឺ​តែង​តែ​មាន​ការ​ទាក់​ទង​គ្នា​យ៉ាង​ស្អិត​ល្មួត​ជា​មួយ​និង​ទំនាក់​ទំនង​ផ្លូវ​ភេទ។ ​​

Leave a comment