៤ចំណុចដែលអ្នកត្រូវកែប្រែដើម្បីជោគជ័យ

មិនថាអ្នកគឺជាថៅកែ គឺជាម្នាស់អាជីវកម្ម បើកហាង បើកបាខារ៉ាអូខេ រោងចក្រ ឬផ្នែកសេវាកម្ម ។ល។ មិន​ថា​អ្នកប្រកបរបរ ឬអាជីពផ្នែកណាទេ បើអានអត្ថបទនេះយល់ហើយ គឺស្មើនឹងអ្នកបានរៀន​ចប់​ថ្នាក់​ MBA អញ្ចឹង​ដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណុចទី១ត្រូវកែប្រែ៖ «តក់ក្រហល់ចង់ឆាប់ទទួលបានផលភ្លាមៗ»

ប្រហែលជាអ្នកអាចមើលរំលងរឿងមួយថា៖ «ដើមរដូវសាបព្រោះ ចាំដល់ចុង​រដូវ​ទើប​អាច​ប្រមូល​ផល​បាន។»

អាច​មាន​មនុស្ស​ជាច្រើនធ្វើការងារ ឬរឿងអ្វីមួយមានចិត្តតក់​ក្រហល់ ទើប​ចាប់​ផ្តើម​មិន​ទាន់​បាន​ប៉ុន្មាន​ផង ក៏ប្រញ៉ាប់ចង់បានលទ្ធផលតបស្នងទៅហើយ។ វាដូចជាយើង​រៀន​លេង​ភ្លេង រៀន​ភាសា ឬក៏រៀនអ្វីមួយក៏ដោយ ទើបតែចាប់ផ្តើមសោះក៏មានអារម្មណ៍ថាលំបាករៀន គិតថាខ្លួនរៀនមិនចេះ ក៏​ឈប់​រៀនបោះបង់វាចោល​ហើយ​ទៅរក​រៀនអ្វី​ផ្សេង​ទៅ​វិញ។ វាក៏​ដូច​​ជា​​មនុស្ស​​មួយ​ចំនួន​​រកស៊ី ទើប​តែ​​ចាប់​ផ្តើម​មិន​ឃើញ​​បាន​ផល​ចំណេញ​អី្វក៏ចាប់ផ្តើមរុញ​​រាល​ចង់​បោះ​​បង់​​ទៅ​​ហើយ មាន​​អ្នក​ខ្លះ​បាន​​រយៈ​ពេល​១ខែ អ្នក​ខ្លះ៣​ខែ អ្នក​ខ្លះ​បាន​កន្លះឆ្នាំ ហើយ​​មាន​​អ្នក​​ខ្លះ​​ទៀត​​បាន​​ត្រឹម​​មួយ​ឆ្នាំ​ក៏​បោះ​បង់ចោល។

ពេលខ្លះយើងអាចគិតមិនយល់ថាហេតុអ្វីបានជាជួបឧបសគ្គបន្តិចបន្តួចប៉ុណ្ណឹង​អីក៏​ឆាប់​បោះ​បង់​ចោល​យ៉ាង​នេះ​ទៅ​ហើយ? ប៉ុន្តែតាមរយៈនេះយើងអាចសង្កេតឃើញថាការឆាប់បោះបង់ ដូច្នេះ​អាច​ក្លាយ​ជា​ទំលាប់មួយ ហើយជាទំ​លាប់អាក្រក់មួយរបស់អ្នកបរាជ័យទៀតផង។ ដូចនេះបានថា​យើង​ត្រូវ​មាន​ចក្ខុវិស័យ​ឲ្យបាន​វែងឆ្ងាយ សម្លឹង​មើល​ឲ្យ​កាន់​តែ​ឆ្ងាយ​ជាងនេះ​ទៅទៀត ដោយប្រើចក្ខុរបស់យើងសម្លឹង​ឲ្យ​ឃើញ​អនាគត​របស់​ខ្លួន។ ចំពោះ​បុគ្គល​ដែល​តែង​តែ​ទំលាប់​ខ្លួន​បោះបង់​នូវ​ឆន្ទៈ ឬគ្មានការតស៊ូនោះ យើងអាចប្រើពាក្យ​មួយ​មក​ដាស់​តឿន​ខ្លួន​ឯង​ថា៖ «បុគ្គលជោគជ័យ​គឺកើតចេញពីការតស៊ូព្យាយាម រីឯបុគ្គលដែលគ្មានការតស៊ូព្យាយាម និង​តែង​តែ​បោះ​បង់​គឺ​តែង​តែ​ទទួល​នូវ​បរាជ័យ​ជា​និច្ច​»។

តើហេតុអ្វីបានជាបុគ្គលភាគច្រើនងាយនឹងបោះបង់ការតស៊ូព្យាយាមនោះ? តាមលោក ណា​ប៉ូ​ឡេ​អុង​ហៀល បាន​និយាយថា៖ «មនុស្សដែលក្រមានទស្សនៈមិនល្អពីរនោះគឺ ១. តែង​តែ​បដិសេធ​ចំពោះ​ឱកាស ហើយ​និង ២. តែង​តែ​គិត​ចង់មានបានតែក្នុងមួយយប់គឺក្លាយជា​អ្នក​មាន​តែម្តង»។ បើ​ទោះ​ជា​ក្នុង​ពេល​នេះ​យើង​ផ្តល់​នូវ​ឱកាស​ឲ្យគាត់ ក៏គាត់នៅតែបដិសេធដែរ ឧទាហរណ៍ តើយើងធ្លាប់ជួបប្រទះរឿង​ដូចនេះ​ដែរ​ឬ​ទេ នៅពេល​យើង​ទទួល​បាន​ជោគ​ជ័យ​ក្នុង​មុខរបរអ្វីមួយហើយ យើងទៅប្រាប់អ្នកដែលនៅជុំវិញខ្លួនយើង​ដូចជា​មិត្ត​ភក្តិ និង​សាច់​ញាត​បងប្អូន​ជា​ដើម​អំពីបទ​ពិសោធ​ដ៏ជោគជ័យទាំងអស់របស់យើងហើយឲ្យពួកគាត់​ប្រកប​របរ​រកស៊ី​នោះ​តាម ហើយ​តើ​យើង​អាច​ធា​នា​ចំពោះពួកគាត់បានទេថាពិតជាជោគជ័យដូចយើងមែននោះ? តើអាច​មាន​អ្នក​ធ្វើ​តាម​យើង​ឬអត់? ប្រហែល​ជាពួក​គាត់ភាគច្រើននឹងប្រាប់យើងថា យើងអាចធ្វើបានប៉ុន្តែបើប្តូរជាពួកគាត់វិញ​គឺ​ពិត​ជាមិន​បាន​ជា​ដាច់​ខាត។ ទាំង​នេះ​ហើយ គឺជាទស្សនៈរបស់អ្នកក្រ។

ហើយចំពោះចំណុចថាតែងតែគិតចង់បានតែក្នុងមួយយប់គឺក្លាយជាអ្នក​មានតែ​ម្តង​នោះ គឺនៅ​ពេល​ដែល​យើង​ពន្យល់ប្រាប់ពួកគាត់ឲ្យទៅប្រកបរបររកស៊ីអ្វីមួយនោះ ពួកគាត់នឹងសួរ​ថាតើ​អាច​ចំណេញ​លុយបាន​ឬ​ទេ​មុខ​របរ​នេះ​? យើងក៏តបថាអាចរកលុយបាន។ ពួកគាត់មុខជាសួរទៀតហើយថាងាយស្រួលប្រកប​ឬ​ទេ? បើ​យើង​ឆ្លើយ​ថា​គឺ​វាងាយណាស់។ សំណួរទី៣នឹងកើតឡើងទៀតហើយថាឆាប់ចំណេញឬទេ? នៅពេលដែល​យើង​ឆ្លើយ​ថា​ឆាប់ នោះ​ពួក​គាត់នឹងយល់ព្រមធ្វើវាមិនខាន។ បើយើងគិតមកវិញថាបើពិតជាមាន​មុខ​របរ​ងាយ​ស្រួលរ​កស៊ី និង​ឆាប់​ចំណេញ​លុយ​យ៉ាងនេះតើអាចនឹងដល់វេនយើងទៅប្រកបឬទេ? ជាការពិតណាស់នឹងមានមនុស្សជា​ច្រើន​ដណ្តើម​គ្នា​ទៅ​ធ្វើ​វា​មុន​យើង​មិន​ខាន​។ ដូចនេះហើយបានថា យើងត្រូវតែរៀនចេះលះបង់ ហើយ​ហេតុ​អ្វី​បាន​ត្រូវ​លះ​បង់? ព្រោះ​ថា​យើងលះ​បង់​ដើម្បីក្តីស្រមៃរបស់យើង មានអ្នកខ្លះគាត់គិតតែចង់មានចង់បាន ប៉ុន្តែគាត់​មិន​ដែល​ចេញ​ដើម ឬលះ​បង់​ដើម្បី​ទទួល​នូវភាពមានបានដែលពួកគាត់ស្រមៃចង់បាននោះទេ។ មនុស្សគឺ​រស់ដោយ​ក្តី​សង្ឃឹម និង​បំណង​ប្រាថ្នា​របស់​ខ្លួន ហើយបើយើង​រស់​ឲ្យ​បាន​តែ​រស់​នោះ​ជីវិត​ពិត​ជា​គ្មាន​ន័យ​ខ្លឹមសារអ្វីទាំងអស់។

ក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្សម្នាក់ បើយើងចង់ទទួលបាននូវអ្វីមួយ នោះ​យើង​ត្រូវ​តែ​រៀន​លះបង់​វា​ជា​មុន​សិន បើយើងចង់បានពេលវេលាយើងត្រូវចេះលះបង់ពេល​ជា​មុន បើ​យើង​ចង់​បាន​ចំណេញ​​លុយ​ឲ្យ​ច្រើន​យើង​ត្រូវ​ចេះ​លះបង់​លុយ​ដែរ នោះគឺមានន័យថាយើងត្រូវចេះយកលុយទៅវិនិយោគ ចំណាយ ឬប្រើប្រាស់​ដើម្បី​ចំណេញ​លុយ​មកវិញ។ ហើយបានយើងចង់នៅជាមួយគ្រួសាររបស់យើង​បាន​ច្រើន​យើង​ក៏​ត្រូវ​រៀន​លះបង់ពេល​មួយ​ចំនួន​ពី​គ្រូសារ​យើងដែរ។ ពិតប្រាកដណាស់ប្រសិនបើយើងផ្តល់ការលះបង់ទៅ​លើអ្វីមួយ​ហើយ​យើង​នឹង​អាច​ទទួល​បាន​នូវ​អ្វីៗ​ជា​ច្រើន​ពីការលះបង់នោះបានកាន់តែច្រើន បីដូចជាយើងសាបព្រោះដើម្បី​ដាំ​ដំ​ណាំ​អញ្ចឹង យើង​លះ​បង់​គ្រាប់​ពូជ​ក្នុង​ការ​ដាំវា ហើយ​ចំណាយ​ពេល​និង​កំលាំង​ពលកម្ម ថែទាំ ស្រោចទឹក ជំរះស្មៅ សម្លាប់សត្វល្អិត ហើយ​នៅ​ចុង​ក្រោយ​យើង​នឹង​ទទួលបានភោគផលពីការលះបង់ទាំងនេះវិញមិន​ខាន​ដោយ​ផល​បាន​ពី​ការ​ខំ​ប្រឹង​ដំា​ដុះ​របស់​យើង​។ ដូច្នេះ​នៅ​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​របស់​យើង យើង​ម្នាក់​ៗ​ត្រូវ​ចេះលះបង់ គឺចំណាយកំលាំង ឬលុយកាក់ ឬ​អ្វី​ផ្សេងៗ ហើយ​មិន​ត្រូវ​តក់ក្រហល់ឆាប់ចង់ទទួលផលពេកទេ ព្រោះក្នុងលោកនេះគ្មានអ្វីដែល​បាន​មកដោយ​ទទេ​នោះ​ទេ ហើយ​ក៏​គ្មាន​ភាព​ជោគជ័យ​ណា​ដែល​បាន​មក​ដោយគ្មាន​ការខំប្រឹង​ប្រែង​របស់​យើង​ទេ​។

ចំណុចទី២ត្រូវកែប្រែ៖ «មិនចេះលត់ដំខ្លួន»

មិនចេះលត់ដំខ្លួនសំខាន់គឺស្ថិតនៅលើបីចំណុចដូចខាងក្រោម៖

១. មិនព្រមទទួលការកែប្រែ ឬផ្លាស់ប្តូរខ្លួន

ដើម្បីកែប្រែ ឬផ្លាស់ប្តូរខ្លួនឲ្យបានកាន់តែប្រសើរនោះ ជាដំបូងត្រូវតែចេះផ្លាស់ប្តូរវិធី​សា​ស្ត្រ​ក្នុង​ការ​គិត​ពិចារណា និង​លំនាំឥរិយាបថរបស់ខ្លួន។ ត្រូវផ្លាស់ប្តូរទំលាប់អាក្រក់ទាំងអស់របស់ខ្លួនដែលមាន។

តាមពិតទៅកំលាំង និងសមត្ថភាពរបស់មនុស្សម្នាក់ៗគឺមិនខុសគ្នាប៉ុន្មាននោះទេ។ វាខុសគ្នា​ឆ្ងាយ​គឺស្ថិតនៅលើលំនាំនៃការគិត​ពិចារណា​របស់​មនុស្ស​ម្នាក់ៗ​ប៉ុណ្ណោះ​។ បើយើងយកបញ្ហាមួយឲ្យ​មនុស្ស​ដែល​ជោគ​ជ័យ និងអ្នក​ដែល​បរាជ័យ​វិភាគ នោះ​ពិត​ជា​ទទួល​បាន​នូវ​ចម្លើយដែល​ខុស​គ្នា​ឆ្ងាយ​មិន​ខាន មូលហេតុ​ដែល​ធ្វើ​​ឲ្យ​យើង​​បរាជ័យ​​នោះ​គឺ​ស្ថិត​នៅ​លើ​ការគិតរបស់យើង​មិន​ជោគជ័យ​ដូចគេ​។

វិធីសាស្រ្តដែលល្អមួយសម្រាប់ផ្លាស់ប្តូរនោះគឺ ដំបូងយើងត្រូវបណ្តុះនូវ​ថ្នក់​គំនិត​ចេះ​ធ្វើ​ការពិចារណា ទើប​យើង​អាច​ប្រមូល​ភោគ​ផល​ចេញ​ទៅ​ជា​ទង្វើ ឬ​ឥរិយាបថ​របស់​យើង បន្ទាប់​​មក​យើង​បណ្តុះ​នូវ​គ្រាប់​ពូជនៃទង្វើ ឬ​ឥរិយា​បថ​ល្អទាំងនោះ ទើបយើងអាចទទួលបាន​ភោគ​ផល​ជា​ទំលាប់ ហើយ​យើង​បណ្តុះ​នូវគ្រាប់​ពូជនៃ​ទំលាប់​ទាំង​នោះ ទើបយើងអាចទទួលបានភោគផលជាបុគ្គលិក​លក្ខណៈ​របស់​យើង រួចមកទៀតយើង​បណ្តុះ​នូវគ្រាប់​ពូជ​នៃ​​បុគ្គលិក​លក្ខណៈ​នេះ ដើម្បី​កំណត់​នូវ​ជោគ​វាសនា​របស់​យើង​ត​ទៅ​ថ្ងៃខាន​​មុខ។ ប៉ុន្តែ​បើ​យើង​នៅ​តែ​បន្ត​ដាំ​ដុះ​នូវ​ពូជ​មិន​ល្អ​ទៀត​នោះ ភាព​​បរាជ័យ​​នឹង​កើតមាន​ក្នុងជីវិត​របស់​យើង​បន្ត​ទៀត​មិន​ចេះ​ចប់​ជាក់​ជា​មិន​ខាន។ ទោះយ៉ាង​នេះ​ក្តី​ក៏​មានមនុស្ស​ជាច្រើន​ដែល​បាន​ដឹង​ពីទំលាប់​អាក្រក់​របស់​ខ្លួន​ហើយ​នៅ​តែ​បន្ត​ធ្វើ​វា​ទាំង​រីករាយ​ទៀត ព្រោះ​ថា​ពួក​គាត់​មិន​ចង់​ប្រឈម​មុខ​នឹង​សេចក្តី​ឈឺចាប់​ដែលនឹង​អាច​កើត​មាន​នៅ​ពេល​ដែល​គាត់ចាប់ផ្តើមធ្វើការផ្លាស់ប្តូរនោះ។

២. ចេះតែនិយាយដើមអ្នកដទៃពីក្រោយខ្នង

ប្រសិនបើយើងជាមនុស្សដែលចូលចិត្តជជែកតែពីមនុស្សនេះអញ្ចេះ មនុស្ស​ម្នាក់​នោះ​អញ្ចោះ នោះ​គង់​មាន​ថ្ងៃ​ណា​មួយ ឬ​ពិត​ជាមាន​អ្នក​ដទៃ​និយាយ​ដើម​អំពី​យើង​វិញ​មិន​ខាន​។ ព្រោះ​ថា​មនុស្ស​ដែល​ចេះ​តែ​ថា​គេ​ឯង​មិន​ល្អ គឺ​ពិត​ណាស់​មិន​មែន​ជា​មនុស្ស​ល្អ​ទេ​។

៣. មានគំនិតអវិជ្ជមាន ចេះតែបន្ទោសគេបន្ទោសឯង

និយាយឲ្យត្រង់ទៅចុះតើយើងចូលចិត្តមនុស្សប្រភេទណាទៅ?

មនុស្សដែលត្អូញត្អែរ ចេះតែកើតទុក្ខព្រួយ បន្ទោសគេឯង ឬក៏ ចូល​ចិត្ត​មនុស្ស​ដែល​សប្បាយ​រីក​រាយ នឹង​នាំ​នូវ​ភាព​រីក​រាយ​ដល់​អ្នក​ដទៃ?

តើយើងគឺជាមនុស្សមានគំនិតអវិជ្ជមាន ចេះតែត្អូញត្អែរ ចេះតែកើតទុក្ខព្រួយ ចេះ​តែ​បន្ទោស​គេ​បន្ទោស​ឯង​ឬ? បើ​ដូច្នោះ​មែន យើងគួរតែផ្លាស់ប្តូរនូវអត្តចរិយាទាំងនេះ មិនអញ្ចឹងទេយើងនឹងមិនអាចចូល​ចំណោម​គេ​ឯង​ចុះ​ទេ ហើយ​ក៏កុំ​សង្ឃឹម​ថា​អាច​ធ្វើ​ការ​សហការ​ការងារ​ជាមួយ​និង​អ្នក​ដទៃៗ​ទៀត​បាន​នោះ​។

ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់យើង កាលណាដែលយើងធ្វើយ៉ាងណាចំពោះអ្នកដទៃ គេឯង​ក៏​ធ្វើ​យ៉ាង​ដូច្នោះ​ចំពោះ​យើង​វិញ​ដែរ ហើយ​បើ​យើង​សកម្ម និងវិជ្ជមានចំពោះការរស់នៅ និងអ្នកដទៃ នោះទើបយើង​អាច​រស់​នៅ​បាន​ប្រសើរ។ បុគ្គល​ដែល​ជោគជ័យ​គឺ មិន​មាន​គំនិត​អវិជ្ជមាន ចេះតែបន្ទោសគេបន្ទោសឯងទេ ហើយ​បុគ្គល​ដែលមាន​គំនិត​អវិជ្ជមាន ចេះតែ​បន្ទោស​គេ​បន្ទោស​ឯង​គឺ​ជាបុគ្គល​ដែល​បរាជ័យ​ហើយ​។

ចំណុចទី៣ដែលត្រូវផ្លាស់ប្តូរនោះគឺ តែងតែ​ទទួល​ឥទិ្ធពល​ពី​អារម្មណ៍

មនុស្សម្នាក់ដែលជាបុគ្គលមានភាពជោគជ័យឬគ្មាន ត្រូវពិនិត្យលើចំណុចទាំងប្រាំដូចខាងក្រោម៖
   ១. ចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងឬអត់?
    ២. មានសុខភាពមាំមួនឬទេ?
    ៣. មានទំនាក់ទំនងល្អជាមួយអ្នកដទៃឬទេ?
    ៤. ចេះគ្រប់គ្រងពេលវេលាបានល្អឬអត់?
    ៥. ចេះចាត់ចែងលុយកាក់បានល្អឬទេ?

ហេតុអ្វីបានជាអារម្មណ៍ជាកត្តាដំបូងគេក្នុងភាពជោគជ័យនេះ ព្រោះមនុស្សដែលមាន​​សុខភាព​ល្អ មាំមួន​យ៉ាង​ណា​ក្តី នៅ​ពេល​ដែល​អារម្មណ៍​មិន​ល្អ​ក៏​អាច​ជះឥទ្ធិពលខ្លាំងដល់សុខភាពដែរ។ មក​ទល់សម័យបច្ចុប្បន្ន​កត្តា​ដែល​ជំរុញ​ឲ្យ​មនុស្ស​​ជោគ​​ជ័យ​គឺ​​២០%​​ពឹង​ផ្អែក​លើ​ប្រាជ្ញា រីឯ​៨០%​ភាគ​ទៀត​ទទួល​ឥទ្ធិ​ពល​ពី​អារម្មណ៍ ដូច្នេះបើ​យើង​គ្រប់គ្រង​អារម្មណ៍​ខ្លួន​ឯង​បានល្អ វា​អាច​ជួយ​ផ្តល់​កំលាំង និង​ថាម​ពល​ដល់​យើង​បាន​ច្រើន ហើយយើងមិន​គួរណា​ព្រោះ​តែ​រឿង​​បន្តិច​​បន្តួច​​នៅ​​ក្នុង​​ការ​​រស់​នៅ​ក៏​ឆោឡោ​នៅ​មិន​សុខ​ក្នុង​ខ្លួន​ទេ វា​នាំ​តែ​មាន​ការ​លំបាក​ដល់​ខ្លួន​ឯង​តែ​ប៉ុណ្ណោះ។

ដូច្នេះយើងគួរតែប្រកាន់ភ្ជាប់នូវចិត្តគំនិត «មិន៣» និង«ត្រូវ៣» នោះគឺ មិនចេះតែរិះគន់អ្នកដទៃ មិន​ចេះ​តែ​ត្អូញ​ត្អែរ​ដាក់​អ្នក​ដទៃ និង​មិន​ចេះ​តែ​បន្ទោស​កំហុក​ដល់​អ្នកដទៃ ហើយត្រូវចេះលើកទឹកចិត្តខ្លួនឯង និងអ្នក​ដទៃ​ឲ្យ​បាន​ច្រើន ទទួល​ស្គាល់​គេឯង​ឲ្យ​បាន​ច្រើន និងត្រូវលើកសរសើរគេឯងឲ្យបានច្រើន។ ធ្វើដូចនេះ​យើង​នឹង​ក្លាយ​ជាមនុស្ស​ដែល​មាន​ទំនាក់ទំនងល្អក្នុងសង្គម និងអ្នកនៅជុំវិញខ្លួនយើង។ ហើយ​បើ​យើង​គិត​ចង់ឲ្យអ្នក​ដែល​នៅ​ជុំវិញ​ខ្លួន​យើង​ក្លាយ​ជាមនុស្ស​កាន់​តែប្រសើរ​នោះ យើងត្រូវតែ​សរសើរ​នៅ​ចំណុច​ល្អ និង​លើក​ទឹកចិត្ត​គ្នា​ឲ្យ​បាន​ច្រើន។ ប៉ុន្តែ​ប្រសិនបើម្នាក់នោះពិតជាមានចំណុចខ្វះខាតពិតមែនតើយើងត្រូវធ្វើយ៉ាងទៅ? ជាការ​ពិត​ណាស់​មនុស្ស​យើង​គ្រប់រូប​គឺ​មិន​សុទ្ធ​តែ​គ្រប់​ដប់ទាំង​អស់​នោះ​ទេ យើង​ត្រូវ​យល់​អំពី​រឿងនេះ ហើយ​ត្រូវ​ធ្វើ​ឲ្យ​អ្នក​ដទៃ​យល់​ផង​ដែរ​។ ហើយ​ក៏មាន​អ្នកខ្លះ​នៅ​ពេល​ដែល​ផ្តល់​គំនិត​យោបល់​ដល់​យើង យើង​រីករាយ​នឹង​ទទួល​យក​វា តែ​លុះ​ដល់​យើង​ឲ្យ​យោបល់​ទៅ​គេ​វិញ​គេ​ក៏​ចាប់​ផ្តើម​ខឹង​នឹង​យើង​ភ្លាម​តែ​ម្តង​ក៏​អាច​កើត​មាន​ដែរ។ ម្លោះហើយ​យើង​មាន​វិធីសាស្រ្ត​ឲ្យល្អ​ក្នុង​កា​រផ្តល់​គំនិត​យោបល់​ដល់​គេ ដូច​ជា​យើង​អាច​ធ្វើយ៉ាង​ដូចនេះ​បាន​ដោយ​ជាដំបូងយើងសរសើរ​គេ​ជាមុន​សិន​រួច​ចាំ​រិះ​គន់ និង​ផ្តល់​យោបល់​ដើម្បី​ស្ថាបនា ហើយ​សរសើរ​គេទៀត… ធ្វើ​ដូច​នេះ​ទើប​មាន​ភាព​ប្រសើរ​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា។ បើយើងគិតសព្វៗទៅ នៅពេល​ដែលយើង​គិត​តែ​ពី​សរសើរ​អ្នកដទៃ​ជាច្រើនៗ​ក្នុង​មួយថ្ងៃៗ ប្រហែល​មាន​មនុស្ស​មួយ​ចំនួន​អាច​នឹង​គិតថា​យើង​វៃអែប​ស៊ីអប​ក៏ថា​បាន។ ប៉ុន្តែការសរសើរ និងការ​វៃអែប​ស៊ីអប​វាជារឿង​ពីរ​ផ្សេង​គ្នា។ ការ​សរសើរ​របស់​យើង​ចំពោះ​អ្នកដទៃ​ពិតប្រាកដ​នោះ​គឺ ១.ដោយស្មោះស ២.ផុស​ចេញពី​ចិត្ត​ពិត ៣. ហើយ​មាន​ការ​ទទួល​ស្គាល់​ពីមហាជន និង ៤.មិនគិត​ពី​ផល​ប្រយោជន៍​ផ្ទាល់ខ្លួន។ ផ្ទុយមកវិញ បើយើង​សរសើរ​គេដោយ​មានគោល​បំណង​អ្វីមួយ​ខ្លាំង​ក្លា​នោះ គេហៅថា​វៃអែប​ស៊ីអប​មែន​ហើយ។ ដូចនេះ​នៅពេល​ដែលអ្នក​សរសើរ​អ្នកដទៃ​ត្រូវលើក​សរសើរ​នៅ​ចំពោះ​មុខ​ឲ្យ​ខ្លាំងៗ ហើយបើ​ចង់រិះគន់​គេ​ត្រូវចេះ​ខាំមាត់​អប់អណ្តាត​កុំ​ក្រលាស់​តែ​ផ្តាស់​ឲ្យ​សោះ​ទើប​ជា​ការ​ប្រសើរ​ចំពោះ​ខ្លួន​យើង និង​អ្នក​ដែល​នៅ​ជុំវិញ​ខ្លួន​យើង​។

ចំណុចទី៤ដែលយើងគួរគិតពិចារណានោះគឺ «​មិនព្រម​ខំរៀន​សូត្រ​ពី​គេ ចេះ​តែ​គិត​ថា​ខ្លួន​​ត្រូវ​​ជានិច្ច ហើយ​មិន​​ចេះ​​រក្សា​​ចិត្ត​​គំនិត​​ដោយ​​ចាប់​​ផ្តើម​​ពី​​សូន្យ​​ទៅ​សោះ»

តាមពិតទៅមនុស្សហើយនិងសត្វមានលក្ខណៈស្រដៀងគ្នាទេ គឺសុទ្ធតែចេះការពារ និង​រក្សា​ខ្លួន​ទាំង​អស់​ដូច​គ្នា ប៉ុន្តែ​មាន​ចំណុច​មួយ​ដែល​ខុស​គ្នាខ្លាំង​នោះ​គឺ មនុស្សចេះរៀនសូត្រ និងចេះគិតគូពិចារណា។ ព្រោះ​មនុស្ស​លោក​យើង​​​គឺ​ត្រូវ​​តែ​​រៀន​​មិន​​ចេះ​​ឈប់ ទើបមិនធ្វើឲ្យ​ទេពកុសល​របស់​យើង​មិន​កប់ចោល​ដោយ​ឥត​ប្រយោជន៍។ ត្រូវ​​តែ​​ព្យា​យាម​​រៀន​សូត្រ​ជានិច្ច ដោយ​​តាំង​​ខ្លួន​​ថា​មិន​ចេះ​ទើប​ទៅ​រៀន​កុំ​គិត​ថា​ខ្លួន​ចេះ​ជា​ងគេ​នោះ «ចេះ​ឯង​ឲ្យ​ក្រែង​ចេះ​គេ​»​ ផង​ណា។

ចុះបើយើងចង់រៀនមែននោះ តើត្រូវរៀនពីអ្នកណាទៅបើយើងបញ្ចប់ការសិក្សាទៅ​ហើយ​នោះ ជា​ការងាយ​ណាស់ យើងអាចរៀន​ពី​ការងារ រៀន​ពី​មនុស្ស​នៅ​ជុំវិញ​ខ្លួន រៀន​ពី​រឿងរ៉ាវ​ដែល​ធ្លាប់​កើត​មាន និង​ពិសេស​នោះគឺរៀនពីបុគ្គលដែលជោគជ័យ។ ហើយ​យើង​ត្រូវ​រៀន​អំពី​អ្វី​ដែល​វិជ្ជមាន និង​ល្អៗ ត្រូវបោះ​បង់​អ្វី​ដែល​អាក្រក់ និង​មាន​ភាព​អវិជ្ជមាន ព្រោះ​ថា​នៅ​ពេល​​ដែល​​យើង​ក្រេប​​ជញ្ជក់​​នូវ​គំនិត​ដែល​មាន​ជាតិ​ពុល​នោះ វា​អាច​នឹង​​ស៊ី​អស់​​នូវ​​ចិត្ត​គំនិត​​របស់​​យើង រួច​​ធ្វើ​ឲ្យ​​ជីវិត​​យើង​​​បរាជ័យ​​គ្រប់​​ពេល។

នាសម័យសេដ្ឋកិច្ចដែលមានចំណេះដឹងសំបូរបែបដូចពេលបច្ចុប្បន្ននេះ ការ​រៀន​សូត្រ​គឺ​ជា​Passport​សម្រាប់​យើង​ឆ្លង​ទៅ​អនាគត ដូចនេះ​យើង​ត្រូវ​ខំ​​រៀន​គ្រប់​ពេល​ទាំង​អស់ ទើប​មិន​ងាយ​ត្រូវ​សម័យ​កាល​បោះ​បង់​យើង​ចោល​។

Leave a comment