អ៊ែន​ចេឡា និងមេអំបៅ​ខ្មៅ

អ៊ែន​ចេឡា គឺ​ជា​ក្មេង​ស្រី​ម្នាក់​ដែល​ធំ​ដឹងក្តី​ឡើង​​ក្រោម​ដំបូល​នៃ​មន្ទីរ​កុមារ​កំព្រា​មួយ ចាប់​ពី​នាង​ចាប់​កំណើរ​មក​ក្នុង​លោក​នេះ​ពុំ​ទាន់​បាន​១​ខែ​ផង នាង​ត្រូវ​បាន​គេ​បោះបង់​ចោល​នៅ​​មន្ទីរ​កុមារ​កំ​ព្រា​នោះ​ទៅ​ហើយ ។ ដោយ​សារ​ហេតុ​ដូច្នេះ​ហើយ​ ធ្វើ​ឲ្យ​អ៊ែន​ចេឡា​ធំ​ដឹង​ក្តី​ឡើង​ក្នុង​ភាព​ឯកោ និង​ធ្វើ​ឲ្យ​ចរិត​របស់​នាង​ខុស​ប្លែក​ពី​អ្នក​ដទៃ ។ នៅ​ឆ្នាំ​ដែល​អ៊ែន​ចេឡា​បញ្ចប់​ការ​សិក្សា​ផ្នែក​វិទ្យា​សាស្ត្រ​សុខា​ភិបាល​ នាង​បាន​ស្គាល់​មិត្ត​ប្រុស​ដំបូង​របស់​នាង​ម្នាក់​ឈ្មោះ ប៊ីល ដែល​ជា​អ្នក​លេង​តាម​ចញ្ចើម​ផ្លូវ ។ ក្រោយ​ពី​ស្គាល់ និង​ស្រលាញ់​គ្នា​នឹង​ប៊ីល​នេះ​ហើយ ទើប​បាន​ផ្លាស់​ប្តូរ​ជីវិត​ក្មេង​ស្រី​កម្សត់​នេះឲ្យ​កាន់​តែ​សម្សត់​ទៅ​ទៀត​ក្នុង​រន្ដៅ​ស្នេហ៍​​អប្រិយ ។ នាង​បាន​លះ​បង់​នូវ​ឱកាស​បាន​ធ្វើ​ការ​នៅ​មន្ទីរ​ពេទ្យ ទៅ​តាម​ប៊ីល​​រស់​នៅ​ក្នុង​ជីវិត​ត្រាច់​ចរ​មួយ រាល់​ថ្ងៃ​ផឹក​ស្រា ជក់​បារី វៃ​គ្នា និង​លួច​ឆក់​ប្លន់​តាម​ហាង​ទំនិញ ដូច​ជា​មីនី​ម៉ាត​ជាដើម ។ ព្រោះ​តែ​អ៊ែន​ចេឡា​ងប់​ងរ​នឹង​សេចក្តី​ស្នេហា​ចំពោះ​ប៊ីល ធ្វើ​ឲ្យ​នាង​មិន​គិត​នូវ​អ្វី​ទាំង​អស់​ឲ្យ​តែ​បាន​នៅ​ជា​មួយ​គ្នា បើ​ទោះ​ជា​ត្រូវ​ស្លាប់​ខ្លួន​ក៏​ដោយ​ក៏​សុខ​ចិត្ត​ដែរ នេះ​ហើយ​ជា​ចិត្ត​​ស្នេហ៍​របស់​ក្មេង​ស្រី គឺ​ឆោត​ល្ងង់​យ៉ាង​នេះ ប៉ុន្តែ​គឺ​បរិសុទ្ធ ។ ពួក​គេ​ទាំង​ពីរ​នាក់​ក៏​បាន​នាំ​គ្នា​ទៅ​សាក់​ខ្លួន​ ដើម្បី​សម្គាល់​នូវ​សេចក្តី​​ស្នេហា​របស់​គេ​ទាំង​ពីរ ដោយ​សាក់​រូប​មេ​អំបៅ​ខ្មៅ​នៅ​លើ​ស្មា​របស់​ដៃ​គូ​ម្នាក់​មួយ ។

មើលទៅ​ពិត​ជា​រ៉ូមែនតិច​មែន ទៅ​ណា​ទៅ​ទាំង​គូ​ ហើយ​សាក់​រូប​មេ​អំបៅ​លើ​ស្មា​ម្ខាង​ម្នាក់​ទៀត អ៊ែន​ចេឡា​ប្រហែល​ជា​មាន​សុភមង្គល​ណាស់​ហើយ​ បើ​ទោះ​ជា​គ្មាន​ជីវភាព​ស្ថិត​ស្ថេរ​បន្តិច​ក៏​ដោយ ។ ប៉ុន្តែ​នា​ថ្ងៃ​មួយ ប៊ីល​បាន​​នាំ​គ្នា​ទៅ​លួច​អី​វ៉ាន់​ក្នុង​ហាង​ទំនិញ​មួយ​ដូច​រាល់​ដង​អញ្ចឹង ស្រាប់​តែ​ត្រូវ​បាន​ម្ចាស់​ហាង​ដឹង ក៏​ប្ដឹង​ប៉ូលិស​​ដេញ​តាម​ចាប់​ពួក​គេ​ ។ នៅ​​ពេល​រត់​ចេញ​ពី​ហាង​អ៊ែន​ចេឡា មិន​បាន​ប្រយ័ត្ន​​ក៏​គ្រេច​ជើង​ដួល​នៅ​នឹង​ដី ក្រោក​មិន​រួច​ចង់​រត់​ក៏​មិន​បាន ចំណែក​ប៊ីល​មិន​បាន​ខ្វល់​ពី​នាង​ទេ នៅ​តែ​បន្ត​នាំ​គ្នា​ និង​យក​របស់​ដែល​លួច​បាន​ទាំង​នោះ​រត់​គេច​ខ្លួន​បាត់​ទៅ​ដោយ​ទុក​ឲ្យ​នាង​ដួល​នៅ​មុខ​ហាង​នោះ ។ ពេល​នោះ​ប៉ូលិស​ក៏​កាន់​តែ​ជិត​មក​ដល់ រី​ឯ​អ៊ែន​ចេ​ឡា​គិត​តែ​ពី​យំ​នៅ​នឹង​ដី​ ព្រោះ​ជើង​ឈឺ​ផង ហើយ​ប៉ូលិស​ក៏​មក​តាម​ទាន់​ទៀត នាង​ពិ​ត​ជា​មិន​ចង់​ត្រូវ​ជាប់​ឃុំ​ក្នុង​មន្ទីរ​កែ​ប្រែ​នោះ​ទេ ពិសេស​នាង​ពិត​ជា​ខក​ចិត្ត​ជា​ខ្លាំង​ចំពោះ​មិត្ត​ប្រុស​របស់​នាង​ដែល​ទុក​នាង​ចោល​នៅ​គ្រា​អាសន្ន​ដូច​នេះ …។

ម្ចាស់​ហាង​នោះ​គឺ​ជា​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ដែល​មាន​ចិត្ត​ល្អ ពី​ដើម​ដល់​ចប់​គឺ​គាត់​បាន​ពួន​នៅ​ច្រក​តូច​មួយ​ជិត​នឹងមិន​ឲ្យ​គេ​ឃើញ ។ នៅ​ពេល​ប៉ូលិស​មក​ដល់​គាត់​ក៏​ងើប​ស្ទុះ​មក​យ៉ាង​លឿន​ ហើយ​ក៏​លើក​​អ៊ែន​ចេ​ឡា​ឡើង ហើយ​ក៏​ប្រាប់​ទៅ​ប៉ូលិស​ថា​ អ៊ែន​ចេឡា​គឺ​ជា​បុគ្គលិក​ក្រៅ​ម៉ោង​ក្នុង​ហាង​ ដែល​គាត់​ហៅ​​មក​ធ្វើ​ការ និង​​ជួយ​លក់​គាត់ ។ ដូច្នេះ​ អ៊ែន​ចេ​ឡា​ក៏​បាន​រួច​ខ្លួន ប៉ូលិស​ទាំង​អស់​ក៏​​ចាក​ចេញ​បន្ត​ទៅ​តាម​ចាប់​ពួក​ចោរ​ទាំង​នោះ​​ទៅ ។ អ៊ុំ​ស្រី​ម្ចាស់​ហាង​ក៏​បាន​ជួយ​​លាប​ថ្នាំ និង​ព្យាបាល​របួស​ជើង​ឲ្យ​អ៊ែន​ចេ​ឡា ហើយ​ប្រាប់​ឲ្យ​នាង​កែ​ខ្លួន និង​ឈប់​ដើរ​តាម​ពួក​ចោលម្សៀត​ទាំង​អស់​នោះ​ទៀត​ទៅ ដើរ​តាម​ផ្លូវ​ល្អវិញ ។​

បន្ទាប់​ពី​នោះ​មក អ៊ែន​ចេឡា​បាន​កសាង​ខ្លួន​ក្លាយ​ទៅ​ជា​មនុស្ស​ម្នាក់​ថ្មី​ លែង​ទាក់​ទង​ជា​មួយ​នឹង​មនុស្ស​យុគោង​ទាំង​នោះ​ទៀត​ និង​ជីវិត​តែល​តោល​តាម​ពួក​នោះ​ក៏​បាន​បញ្ចប់​ដែរ ។ ប៉ុន្តែ​ប៊ីល​និង​គ្នី​គ្នា​តែង​តែ​មក​រំខាន​នាង មិន​ឲ្យ​នាង​រស់​នៅ​ដូច​គេ​ឯង​បាន​ធម្មតា​សោះ​ឡើយ ។ ដូច្នេះ​នាង​ក៏​បាន​សម្រេច​ចិត្ត​ចាក​ចេញ​ពី​ទី​នេះដែល​ជា​ស្រុក​កំណើត​​​របស់​នាង​ទៅ​រស់​នៅ​​កន្លែង​ផ្សេង​ទៀត​​ឆ្ងាយ​ពី​ពួក​គេ​ទាំង​នោះ ។ ទី​បំផុត​នាង​បាន​​ទៅ​ដល់​តំបន់​មួយ​ទៀត​ ដែល​នៅ​ឆ្ងាយ​ពី​ភូមិ​កំណើត​របស់​នាង ។

ទី​នេះ​​ត្បិត​ថា​ជា​តំបន់​តូច ប៉ុន្តែ​មាន​បរិយាស​ល្អ និង​ទេសភាព​ស្រស់​ស្អាត គួរ​ឲ្យ​នាង​រស់​នៅ​ដោយ​ស្ងប់​ស្ងាត និង​អាច​កសារ​ជីវិត​សារ​ជា​ថ្មី​របស់​ខ្លួន​បាន ។​ អ៊ែន​ចេឡា បាន​ដាក់​ពាក្យ​ធ្វើ​ជា​គិលានុបដ្ឋាយិកា​នៅ​គ្លីនីក​មួយ​ក្នុង​តំបន់​នេះ ហើយ​នាង​ពិត​ជា​ស្រលាញ់​ការងារ និង​ជីវិត​របស់​នាង​នៅ​ពេល​នេះ​ខ្លាំង​ណាស់ ។ ក្រៅ​ពី​ធ្វើ​ការ នៅ​ពេល​ទំនេរ​នាង​តែង​តែ​ទៅ​ជួយ​ធ្វើ​ការ​ក្នុង​សហគមន៍ និង​ការ​ងារ​សប្បុរស​ធម៌​ ដើម្បី​ជួយ​ដល់​ប្រជាជន​ក្នុង​តំបន់​នេះ​ទៀត​ផង នេះ​ជា​ហេតុ​មួយ​ធ្វើ​ឲ្យ​អ៊ែន​ចេ​ឡា​កាន់​តែ​យល់​ច្បាស់​ពី​តម្លៃ​នៃ​ជីវិត ។ យូរ​ៗ​ទៅ​ អ៊ែន​ចេ​ឡា​​ក៏​ក្លាយ​ជា​មនុស្ស​​ស្រី​ដែល​ពោពេញ​ដោយ​ស្នាម​ញញឹម​ជាប់​ជា​និច្ច និង​ជា​ទី​ស្រលាញ់​រាប់​អាន​របស់​​មនុស្ស​រាល់​គ្នា​ក្នុង​តំបន់​ដ៏​តូច​មួយ​នេះ ។ អ៊ែន​ចេ​ឡា​ក៏​បាន​រស់​នៅ​ក្នុង​ជីវភាព​មួយ​​ដ៏សាមញ្ញ និង​​រីក​រាយ​​​បំផុត​ ដែល​មិនធ្លាប់​មាន​ពី​មុន​មក​ទេ ។​

រហូត​មក​ដល់​ថ្ងៃ​មួយ មាន​បុរស​ម្នាក់​​ឈ្មោះ​ថា​រ៉ូ​បឺត ត្រូវ​របួស​បញ្ចូន​មក​ព្យា​បាល​នៅ​គ្លីនីក​ដែល​អ៊ែន​ចេ​ឡា​នោះ ។ ក្បាល​របស់​រ៉ូ​បឺត​ត្រូវ​នឹង​វត្ថុ​រឹង​ធ្លាក់​ចំ​ក្បាល ហើយ​ហូរ​ឈាម​ខ្លាំង​ណាស់ ។ ពេល​បញ្ចូន​រ៉ូបឺត​មក​ដល់​ភ្លាម អ៊ែន​ចេ​ឡា​ក៏​ប្រញាប់​ជួយ​សម្អាត​របួស បិទ​ប៉ុង​មុខ​របួស និង​ថែ​រក្សា​ព្យាបាល​គាត់​យ៉ាត​ដិត​ដល់ និង​ជួយ​ជូន​រ៉ូ​បឺត​ទៅ​ផ្ទះ​វិញ​ទៀត​ផង​ ដោយ​ដឹង​ថា​​រ៉ូបឺត​គ្មាន​ញាតិសណ្តាន​នៅ​តំបន់​នេះ ។​ ដោយ​ដឹង​ថា​រ៉ូ​បឺត​គឺ​ជា​សមាជិក​មួយ​រូប​ក្នុង​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នៅ​តំបន់​នេះ អ៊ែន​ចេ​ឡា​ក៏​សុំ​ឲ្យ​គាត់​ជួយ​​រៀប​ចំ​ធ្វើ​ការ​ស្នើ​​សុំទៅ​កាន់​ឃុំ​សង្កាត់​ក្នុង​តំបន់​នោះ​ឲ្យ​មាន​ការ​ផ្តួច​ផ្តើម​បង្កើត​នូវ​ក្រុម​ការងារ​សង្គម​កិច្ច​ និង​សប្បុរស​ធម៌​មួយ ដើម្បី​ជួយ​ទៅ​ដល់​អ្នក​ដែល​ត្រូវ​ការ​ឲ្យ​យើង​ជួយ​នៅ​ក្នុង​តំបន់​នោះ ។ ថ្វី​បើ​វា​មាន​ការ​លំបាក​បន្តិច​ចំពោះ​រ៉ូបឺត ហើយ​មាន​ការងារ​ជា​ច្រើន​ដែល​ធ្វើ​រៀបចំ​ដើម្បី​បង្កើត​ក្រុម​ស្ម័គ្រ​ចិត្ត​បែប​នេះ​នៅ​តំបន់​នេះ ព្រោះ​វា​ពុំ​ធ្លាប់​មាន​ពី​មុន​មក​ទេ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​វា​ជា​សេចក្តី​ប្រាថ្នា​របស់​អ៊ែន​ចេ​ឡា ដូច្នេះ​រ៉ូបឺត​មាន​តែ​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​វា​ឲ្យ​បាន​សម្រេច​តែ​ម្តង​ទៅ ។

មួយ​ឆ្នាំ​ក្រោយ​មក​ ក្រោម​ការ​ខិត​ខំ​ប្រឹង​ប្រែ​របស់​រ៉ូ​បឺត ហើយ​និងការ​គាំ​ទ្រ​ពី​ប្រជាពលរដ្ឋ​ជា​ច្រើន​ក្នុង​តំបន់​នេះ ការ​ស្នើ​របស់​រ៉ូបឺត​នោះ​ក៏​ត្រូវ​បាន​អនុញ្ញាត​ជា​ផ្លូវ​ការ ដោយ​ចាត់​តាំង​ឲ្យ​អ៊ែន​ចេឡា​ធ្វើ​ជា​អ្នក​ទទួល​បន្ទុក និង​ចាត់​ចែង​រាល់​កិច្ច​ការ​ងារ​ទាំង​នេះ ។ ក្រុម​ការងារ​ស្ម័គ្រ​ចិត្ត​របស់​អ៊ែន​ចេ​ឡា បាន​ជួយ​ដល់​ចាស់​ជ​រា កុមារ​កំព្រា ហើយ​ថែម​ទាំង​បាន​ផ្តល់​ការ​ស្នាក់​នៅ​ ដល់​មនុស្ស​អនាថា​គ្មាន​ទី​ស្នាក់​អាស្រ័យ និងរៀប​ចំ​ឲ្យ​មាន​ការ​ទទួល​យក​​សត្វ​ឆ្កែ​ឆ្មា​​តាម​ផ្លូវ​ទៅ​ចញ្ចឹម​ឲ្យ​បាន​សមរម្យ​ទៀត​ផង ។ អ៊ែន​ចេ​ឡា​​ ក៏​កាន់​តែ​មាន​ឈ្មោះ​ល្បី​ល្បាញ់​ទៅ​ នរណាៗ​ក៏​គេ​ស្គាល់​នាង​ដែរ ហើយ​គេ​ថែម​ទាំង​ហៅ​នាង​ថាជា «នារី​មង្គល​» ប្រចាំ​តំបន់​នោះ​ទៀត​ផង ។

ចំណែក​ឯ​រ៉ូ​បឺត​វិញ ក៏​ចាប់​ផ្តើម​ត្រូវ​សម្រស់​ដ៏​ស្រស់​ស្អាត ចរិត​ដ៏​ទន់​ភ្លន់ និង​ចិត្ត​សប្បុរស​របស់​អ៊ែន​ចេ​ឡា​ទាក់​ទាញ់​ជាប់​ដែរ ធ្វើ​ឲ្យ​រ៉ូ​បឺត​សម្រេច​ចិត្ត​ចាប់​ផ្តើម​តាម​ស្រលាញ់​នាង​តែ​ម្តង ។ ប៉ុន្តែ​ចំពោះ​អ៊ែន​ចេ​ឡា​វិញ តែង​តែ​យល់​ថា​រ៉ូបឺត​ពិត​ជា​បុរស​ម្នាក់​ដ៏​ល្អ​ឥខ្ចោះ​សម្រាប់​ជីវិត​របស់​នាង ទោះ​ជា​គាត់​ល្អ​យ៉ាង​ដូច្នេះ​ក្តី​ក៏​នាង​នៅ​តែ​គិត​ថា​ខ្លួន​គ្មាន​សិទ្ធ​អ្វី​ទៅ​ឲ្យ​រ៉ូ​បឺត​ស្ម័គ្រ​ស្រលាញ់​នោះ​ទេ ព្រោះ​នាង​នៅ​តែ​គិត​ថា​ខ្លួន​កន្លង​មក​ពុំ​មែន​ជា​នារី​គ្រប់​លក្ខណ៍​ម្នាក់​ ហើយ​ហ៊ាន​ទៅ​ស្រលាញ់​រ៉ូ​បឺត​ឡើយ ។ រាល់​ពេល​ដែល​រ៉ូបឺត​តាម​សុំ​ស្នេហ៍​នាង នាង​តែង​តែ​បដិសេធ​ជានិច្ច​ រហូត​ដល់​មាន​ពេល​មួយ រ៉ូបឺត​បាន​ស្នើ​សុំ​ឲ្យ​អ្នក​ស្រុក​ទាំង​អស់ និង​សមាជិក​ក្រុម​សប្បុសធម៌​របស់​អ៊ែន​ជួយ ព្រោះ​ពួក​គាត់​តែង​តែ​យល់​ថា អ៊ែន​ចេឡា​ និ​ងរ៉ូ​បឺត​គឺ​ជា​គូ​ដែល​ទេវតា​ផ្សំ​ផ្គុំ​​តាំង​ពី​កំណើរ​ទៅ​ហើយ ។

ក្រោម​ការ​ជំរុញ​របស់​មនុស្ស​ទាំង​អស់​គ្នា អ៊ែនចេឡា​ក៏​ទន់​ចិត្ត​យល់​ព្រម​រៀប​ការ​ជា​មួយ​រ៉ូបឺត ពួក​គេ​ទាំង​ពីរ​នាក់​បាន​រៀប​ការ​ជា​មួយ​គ្នា​ នៅ​រសៀល​ថ្ងៃ​សៅរិ៍​មួយ​នៅ​ឯ​ឆ្នេរ​សមុទ្រ​ជិត​នោះ មាន​លោក​ឪពុក​ក្នុង​វិហារ​ជា​មេបា ហើយ​មនុស្ស​ជា​ច្រើន​ក្នុង​តំបន់​នោះ​ក៏​បាន​ចូល​រួម​ក្នុង​ពិធី​នេះ និង​ធ្វើ​ជា​សាក្សី​ចំពោះ​ស្នេហា និង​អាពាហ៍​ពិពាហ៍​របស់​ពួក​គេ​ទាំង​ពីរ ។ ហើយ​ថែម​ទាំង​មាន​កម្មវិធី​ទូរទស្សន៍​មួយ​បាន​ចុះ​មក​ផ្តិត​យក​រូប​ភាព​ពិធី​មង្គល​របស់​ពួក​គេ​ ព្រម​ទាំង​បាន​ធ្វើ​បទ​សម្ភាសន៍​ពី​សកម្មភាព​សប្បុរសធម៌ និង​ក្រុមស្ម័គ្រ​ចិត្ត​សង្គម​កិច្ច​របស់​អ៊ែន​ចេឡាទៀត​ផង ។ ពិធី​នេះក៏​កាន់​តែ​ឱឡារិក​ឡើង និង​​ដំណើរ​ការ​ទៅ​ដោយ​ភាព​សប្បាយ​រីក​រាយ​បំផុត និង​មាន​សុភមង្គល​បំផុត​សម្រាប់​ជីវិត​ដ៏​សម្សត់​របស់​អ៊ែន​ចេឡា ដែល​ទទួល​បាន​នូវ​ពន្លឺ​ និង​ទឹក​សន្សើម​សារ​ជា​ថ្មី​នោះ ។

នា​រាត្រី​នៃ​យប់​អាពាហ៍​ពិពាហ៍​របស់​ពួក​គេ​នោះ រ៉ូបឺត​ស្រាប់​តែ​ប្រទះ​ឃើញ​អ៊ែន​ចេឡា​មាន​ស្នាម​អ្វី​មួយ​នៅ​លើ​ស្មា​របស់​នាង គាត់​ក៏​សួរ​ដោយ​សេចក្តី​ចង់​ដឹង​ថា៖ «សំណប់​ចិត្ត​! តើ​នេះ​ជាអ្វី​ដែរ​ទៅ?» ។
«គឺ​ជា​មេអំបៅ​ណា​! សំណប់​ចិត្ត!» ។
«បង​ដឹង​ថា​ជា​រូប​មេ​អំបៅ​ហើយ​ ប៉ុន្តែ​ហេតុអ្វី​ក៏​អូច​សាក់​វា​អញ្ចឹង?»
ភ្លាម​នោះ​អ៊ែន​ចេឡា​ភ័យ​ណាស់​ហើយ​ក៏​គ្មាន​សេចក្តី​ក្លាហាន​ឯណា​ទៅ​និយាយ​ប្រាប់​រ៉ូបឺត​ទេ នាង​ក៏កុហក​ថា៖ «ព្រោះ​ថា​មាន​គេ​ប្រាប់​អូន​ថានៅ​ថ្ងៃ​ដែល​អូន​កើត​នោះ ស្រាប់​តែ​មាន​មេអំបៅ​ជា​ច្រើន​ហោះ​មក​មុខ​ផ្ទះ​ ពេល​អូន​ធំ​ឡើង​ដើម្បី​រំលឹក​ពី​ហេតុ​ការណ៍​នោះក៏​សាក់​រូប​មេ​អំបៅ​ខ្មៅ​នេះ​ទុក​ជា​អនុស្សាវរីយ៍​ទៅ…» ។ ដោយ​ឃើញ​រ៉ូបឺត​ពុំ​មាន​ការ​សង្ស័យ​អ្វី​ទៀត​អ៊ែន​ចេឡា​ក៏​ធូរ​ចិត្ត​​ទៅ គិត​ថា​លែង​អី​ហើយ ។

ប៊ីល​បានឃើញ​កម្មវិធី​ទូរទស្សន៍​​ផ្សាយ​ពី​ដំណឹង​របស់​អ៊ែន​ចេឡា ក៏​ប្រញាប់​ធ្វើ​ដំណើរ​មក​ដល់​តំបន់​អ៊ែន​ចេឡា​រស់​នៅ ហើយ​ថែម​ទាំង​បាន​ស៊ើប​សួរ​ដឹង​ពី​អាសយដ្ឋាន​របស់​អ៊ែន​ចេឡា​ទៀត ។ នៅ​ល្ងាច​មួយ​នោះ ប៊ីល​បាន​មក​ដល់​ផ្ទះ​របស់​អ៊ែន​ចេឡា ចំពេល​ដែលរ៉ូ​បឺត​បាន​បាន​ដល់​មុខ​ផ្ទះ​ល្មម​ដែរ ។ ប៊ីល​ក៏​ប្រញាប់​ស្ទុះ​ទៅ​ពី​មុខ​រ៉ូបឺត​ហើយ​ប្រាប់​គាត់​អំពី​រឿង​រ៉ាវ​ពី​មុន​របស់​អ៊ែន​ចេឡា​ទាំង​អស់ ថា​នាង​ធ្លាប់​ធ្វើ​ជា​ចោរ ធ្លាប់​ផឹក​ស្រា វៃ​គ្នា ជា​ស្រី​មិន​ល្អ​គ្រប់​យ៉ាង ។ រ៉ូបឺត​បាន​ឮ​ហើយ​ក៏​ប្រាប់​ទៅ​ប៊ីល​វិញ​ថា៖ «អរគុណ​លោក​ខ្លាំង​ណាស់​ដែល​បាន​ប្រាប់​រឿង​រ៉ាវ​ទាំង​នេះ​មក​ដល់​រូប​ខ្ញុំ ប៉ុន្តែ​ប្តី​ប្រពន្ធ​ពួក​ខ្ញុំ​គ្មាន​រឿង​អ្វី​លាក់​បាំង​នឹង​គ្នា​ទេ ពួក​យើង​ស្រលាញ់​គ្នា​ណាស់ខ្ញុំ​ជឿ​ជាក់​លើ​ភរិយា​ដ៏​ឧត្តម​របស់​ខ្ញុំ​ ហើយ​ខ្ញុំ​ក៏​បាន​ដឹង​ថា​លោកជា​មនុស្ស​យ៉ាង​ណា​ដែរ ដូច្នេះ​ហើយ​សូមលោក​កុំ​មិន​រំខាន​ពួក​យើង​ទៀត ពិសេស​គឺ​អ៊ែន​ចេឡា ខ្ញុំ​មិន​ចង់​ឲ្យ​នាង​មាន​ការ​ឈឺចាប់​មួយ​សារ​ទៀត​នោះ​ទេ បើ​លោក​ហ៊ាន​មក​រក​រឿង​នាង​អ្វី​ទៀត​នោះ​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​លោក​ដឹង​ថ្នាំ​ខ្លាំង​មិន​ខាន ហើយ​ប៉ូលិស​មុខ​ជា​ចាប់​លោក​ចូល​ក្នុង​គុក​មិន​ខាន …​ » ។ រ៉ូបឺត​បាន​និយាយ​បំភ័យ​ដល់​ប៊ីល​រក​តែ​ទប់​ជើង​មិន​ទាន់​ដួល​នឹង​ដី រួច​ក៏​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​ទី​នោះ​ទៅ​ហើយ​ក៏​លែង​ហ៊ាន​ត្រលប់​មក​ទៀត​ ព្រោះ​សម្តី​របស់​រ៉ូបឺត​បាន​ធ្វើ​ឲ្យ​ប៊ីល​បាក់​ស្បាត​​ទៅ​ហើយ ។​


មុន​នឹង​ប៊ីល​ទៅ​ដល់​ផ្ទះ​រក​រ៉ូបឺត​នោះ ប៊ីល​ធ្លាប់​បាន​មក​រក​ និង​គំរាម​​យក​លុយ​ពី​អ៊ែន​ចេឡា ថា​នឹង​បក​អាក្រាត​រឿង​អាស្រូវ​របស់​នាង​ទាំង​អស់​ឲ្យ​គេ​ឯង​បាន​ដឹង ។ ប៉ុន្តែ​អ៊ែន​ចេឡា​មិន​ព្រម​ឲ្យ​លុយ​ទៅ​ប៊ីល​ទេ ក៏​បន្តោយ​វា​តាម​យថា​កម្ម​ចុះ​ បើ​ប៊ីល​ទោ​ប្រាប់​រ៉ូបឺត​ក៏​ប្រាប់​ទៅ នាង​នឹង​គោរព​តាម​ការ​សម្រេច​ចិត្ត​របស់​រ៉ូបឺត​ជានិច្ច ។ អ៊ែន​ចេឡា​ដឹង​ថា​ប៊ីល​នឹង​ទៅ​ផ្ទះ​របស់​នាង​នៅ​ល្ងាច​ឡើង​ទៀត ដូច្នេះ​នាង​ក៏​ព្យាយាម​គេច​ពួន​នៅ​កន្លែង​ធ្វើ​ការ​ដល់​យប់​ឡើង​ទើប​ទៅ​ដល់​ផ្ទះ ។ ដោយ​កន្លង​អស់​ពេល​ជា​ច្រើន​ថ្ងៃ នាង​ពុំ​ឃើញ​ប៊ីល​មក​រំខាន​នាង​ទៀត​សោះ ហើយ​ក៏​មិន​ឮ​រ៉ូបឺត​រំលឹក​ពី​ឈ្មោះ​ប៊ីល​ម្នាក់​នេះ​ដែរ ធ្វើ​ឲ្យ​នាង​ពិបាក​ក្នុង​ចិត្ត​ជា​ខ្លាំង​រហូត​ដល់​ទ្រាំ​ពុំ​បាន​ចង់​តែ​យក​ការ​ពិត​ប្រាប់​ទៅ​រ៉ូបឺត ប៉ុន្តែ​តែង​តែ​ត្រូវ​រ៉ូបឺត​​កាត់​សម្តី​ហើយ​មិន​អាច​និយាយ​ចេញ ។ នៅ​ពេល​អ៊ែន​ចេឡា​រំលឹក​ដល់​រូប​សាក់​មេអំបៅ​របស់​នាង​ទៀត រ៉ូបឺត​ក៏​ប្រាប់​នាង​ថា៖ «អូន​សម្លាញ់​! អូន​គឺ​ចង់​និយាយ​ពី​មេ​អំបៅ​ខ្មៅ​របស់​ពួក​យើង​នេះ​មែន? វា​គឺ​ជា​អំណោយ​យ៉ាង​វិសេស​ដែល​ព្រះ​ជា​ម្ចាស់​បាន​ប្រទាន​ដល់​បង វា​ជា​ជីវិត​របស់​បង ក៏​ជា​ស្នេហា​របស់​យើង​ទាំង​ពី​រ​ដែរ ដូច្នេះ​បង​ត្រូវ​តែ​ថែ​រក្សា​វា​ឲ្យ​បាន​ដ៏ល្អ​អស់​មួយ​ជីវិត​របស់​បង​ណា…​» ។ ​អ៊ែន​ចេឡា​បាន​ឮសម្ដី​របស់​រ៉ូបឺត​ដូច​នេះ​ពិត​ជា​ធ្វើ​ឲ្យ​នាង​រំភើប​ចិត្ត​ខ្លាំងណាស់ ហើយ​ក៏​ស្រលាញ់​រ៉ូ​បឺត​ខ្លាំង​ណាស់​ដែរ អ៊ែន​ចេឡា​ក៏​សម្រេច​ចិត្ត​បំភ្លេច​រឿង​រ៉ាង​ពី​មុន​ចោល​ទាំង​អស់​ និង​បន្ត​នូវ​ជីវភាព​ដ៏​រីក​រាយ​ និង​មាន​សុភមង្គល​ជា​មួយ​រ៉ូបឺត​ពី​ពេល​នោះត​រៀង​ទៅ ….​ ៕

Leave a comment