៤ ឆ្នាំ​ចុង​ក្រោយ

បុរស​ម្នាក់​អាយុ​៥០​ឆ្នាំ បាន​ជួប​នឹង​ឧប្បត្តិហេតុ​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​ត្រូវ​ក្បាល បាត់​បង់​ស្មារតី​មិន​ដឹង​ខ្លួន​ ហើយ​ក៏​ឆ្លង​កាត់​ការ​ព្យាបាល​ និង​វះ​កាត់​ជា​ច្រើន​ដង​ដែរ ប៉ុន្តែ​គ្មាន​ឃើញ​បាន​ធូរ​ស្បើយ​អ្វី​បន្តិច​ណា​សោះ ក៏​បន្ត​សម្រាក​ដោយ​មិន​ដឹង​ខ្លួន​យ៉ាង​នេះ​ក្នុង​​មន្ទីរ​ពេទ្យ​ ។​ អាការ​របស់​គាត់​ដើម្បី​ជា​មនុស្ស​រុក្ខ​ជាតិ​អញ្ចឹង គ្មាន​ការ​ចង​ចាំ​ គ្មាន​វិចារណញ្ញាណ មិន​ស្គាល់​អ្នក​ផ្ទះ មិន​អាច​និយាយ​ស្តី​បាន ពេល​ហូប​បាយ​​ត្រូវ​ការ​អ្នក​បញ្ចុក សូម្បី​តែ​បត់​ដៃ​បត់​ជើង​​ក៏​មាន​ការ​លំ​បាក​ដែរ … ។ បុរស​ម្នាក់​នេះ​ មាន​ម្តាយ​វ័យ​​ចំណាស់​អាយុ​៨៥​ឆ្នាំ​ម្នាក់ និង​បង​ស្រី​ពីរ​នាក់ នៅ​ពេល​គាត់​កើត​នូវ​ហេតុ​ភេទ​ធ្ងន់​ធ្ងរ​យ៉ាង​នេះ ម្តាយ​របស់​គ្មាន​លទ្ធភាព​​នឹង​ជួយ​មើល​ថែ​ទាំ​គាត់​បាន​ទៀត​ទេ ព្រោះ​គាត់​មាន​វ័យ​ចំណាស់​ណាស់​ហើយ រីឯ​បង​ស្រី​ទាំង​ពីរ​របស់​គាត់​មាន​ជីវភាព​ និង​គ្រួសារ​របស់​ខ្លួន​ក៏​មាន​ការ​ពិបាក​មក​មើល​រក្សា​គាត់​ដែរ ។

កាល​ពី​មុន បុរស​ម្នាក់​នេះគាត់​ចូល​ចិត្ត​លេង​ល្បែង ចាក់​ឆ្នោត មិន​ដែល​បាន​យក​ចិត្ត​ទុក​ដាក់​នឹង​គ្រួសារ​របស់​គាត់​អ្វី​បន្តិច​នោះ​ទេ គាត់​គិត​តែ​ពី​ការ​សប្បាយ​របស់​គាត់​នៅ​ខាង​ក្រៅ​ប៉ុណ្ណោះ ។ ក្រោយ​រៀប​ការ​បាន​​១៥​ឆ្នាំ​ គ្មាន​សល់​លុយ​កាក់​ម្កាក់​ម្សេន​ជាប់​នឹង​ខ្លួន​សោះ​ឡើយ ។ ប្រពន្ធ​របស់​គាត់​តែង​តែ​ជួយ​ដាស​តឿន​គាត់ តែ​គាត់​មិន​ស្តាប់ ពួក​គាត់​ក៏​មាន​ការ​ឈ្លោះ​ប្រកែក​គ្នា​ទៅ រហូត​ដល់​មាន​ការ​លះលែង​គ្នា​ទៀត​ផង ។ នៅ​ឆ្នាំ​គាត់​អាយុ​៤៥​ឆ្នាំ​នោះ ពួក​គាត់​ក៏​បាន​លែង​គ្នា​តែ​ម្តង​ទៅ ប៉ុន្តែ​ពួក​គាត់​មាន​កូន​ម្នាក់អាយុ​៧ឆ្នាំ ដើម្បី​​ឲ្យ​កូន​រស់​​ក្នុង​បរិយាកាស​គ្រួសារ​មួយ​ក៏​ល្អ​នោះ ត្បិត​តែ​ពួក​គាត់​លះ​លែង​គ្នា​ក៏​ពិត​មែន ពួក​គាត់​ក៏​ពុំ​បាន​ឲ្យ​កូន​ដឹង​ពី​រឿង​នេះ​ដែរ នៅ​តែ​ស្នាក់​នៅ​ជាមួយ​គ្នា​ដូច​ធម្មតា​អញ្ចឹង ។

នារី​ដែល​ជា​ប្រពន្ធ​បាន​ទទួល​ដឹង​គាត់​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​ហើយ​ក៏​ប្រញាប់​មក​មន្ទីរ​ពេទ្យ​មើល​គាត់​ភ្លាម​ នៅ​ពេល​គ្រូ​ពេទ្យ​ប្រាប់​គាត់​ពី​អាការ​របស់​បុរស​នោះ​រួច​មក គាត់​មាន​​អារម្មណ៍​តក់​ស្លុត​​ខ្លាំង​ណាស់​យំ​មិន​ឈប់​សោះ ។ ឲ្យ​តែ​បុរស​នោះ​នៅ​រស់ កូន​របស់​គាត់​គឺ​នៅ​តែ​មាន​ឪពុក គាត់​និង​បុរស​នោះ​​ជា​ប្តី​ប្រពន្ធ​គ្នា​ជាង​១០​ឆ្នាំ​ទៅ​ហើយ គឺ​ពិត​ជា​មិន​ដាច់​ចិត្ត​ឃើញ​គាត់​នៅ​ដេក​ស្ដូក​ស្ដឹង គ្មាន​វិចារណញ្ញាណ​ដោយ​មិន​មាន​អារម្មណ៍​ប្រតិកម្ម​ដូច​ជា​រុក្ខ​ជាតិ​នៅ​លើ​ក្រែ​អ្នក​ជំងឺ​យ៉ាង​នេះ​ទេ បុរស​ម្នាក់​ដែល​ធ្លាប់​តែ​រស់​រវើក​ ស្រាប់​តែ​ប្រែ​ជា​នៅ​ស្ងៀម​ត្រឹម​មួយ​កន្លែង​ដូច្នោះ​ទេ ។ ដូចនេះ​គាត់​ក៏​សម្រេច​ចិត្ត​នៅ​មើល​ថែរក្សា​ និង​ចេញ​ថ្លៃ​ព្យាបាល​អតីត​ស្វាមី​របស់គាត់​ម្នាក់​​នេះ​ហើយ ។

ពេល​វេលា​ពិត​ជាកន្លង​ទៅ​យ៉ាង​ឆាប់​រហ័ស​មែន តែ​មួយ​ប្លិច​ភ្នែក​សោះ​គាត់​បាន​ថែ​ទាំ​បុរស​ម្នាក់​នោះ​អស់​រយៈ​ពេល​៣​ឆ្នាំ​ជាង​ទៅ​ហើយ ។ បុរស​នោះ​មាន​កម្ពស់​​១ម៉ែត​៧០​ជាង ទម្ងន់​ជាង​៨០គ.ឡ. រី​ឯ​គាត់​វិញ​កម្ពស់​តែ​១ម៉ែត៥០​ជាង ហើយ​មាន​ទម្ងន់​​ក្បែរ​៥០គ.ឡ. ប៉ុណ្ណោះ ក្នុង​អំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ​នេះ គាត់​តែង​តែ​ធ្វើ​បាយ​ម្ហូប​ ហើយ​បញ្ចុក​បុរស​នោះ​ឲ្យ​ពិសា ជួយ​ប្រែ​ខ្លួន ងូតទឹក​ឲ្យ​ ជួយ​លើក​គាត់​ទៅ​បត់​ជើង ព្រម​ទាំង​ជូន​គាត់​នឹង​កៅ​អី​រុញ​ទៅ​ដើរ​លេង​ មើល​គេ​ឯង​ និង​និ​យាយ​លេង​ជា​មួយ​គាត់​ដើម្បី​ឲ្យ​ឆាប់​ជា ប៉ុន្តែ​ហាក់​គ្មាន​ប្រយោជន៍ បុរស​នោះ​នៅ​តែ​មិន​ដឹង​ និង​​គ្មាន​ការ​ឆ្លើយ​តប​អ្វី​បន្តិច​សោះ​ឡើយ ។

ថ្ងៃ​ខែ​កាន់​តែ​កន្លង នារី​​ដែល​ជា​ប្រពន្ធ​របស់​បុរស​នោះ ក៏​ចាប់​ផ្តើម​ស្រលាញ់​បុរស​វិញ​ហើយ ។ កាល​ពី​មុន បុរស​នោះ​​តែង​តែ​ដើរ​លេង​ក្រៅ​មិន​សូវ​ដែរ​បាន​ចូល​ផ្ទះ​ទេ បើ​ត្រលប់​មក​ដល់​ក្នុង​ផ្ទះ​លើក​ណា​ក៏​ឧស្សាហ៍​ឈ្លោះ​ប្រកែក​គ្នា​ជា​មួយ​និង​ប្រពន្ធ​ដែរ ហើយ​ក៏​មិន​ខ្វល់​ពី​សុខ​ទុក្ខ​ក្នុង​គ្រួសារ​យ៉ាង​ម៉េច​ទៅ​ទៀត ។ មក​ដល់​ឥឡូវ​នេះ បុរស​នោះ​ថ្ងៃ​ណា​ក៏​នៅ​ក្បែរ​ប្រពន្ធ​គាត់​ជា​និច្ច​ បើក​ភ្នែក​ធំ​ៗ​សម្លឹង​មើល​ប្រពន្ធ​របស់​ខ្លួន​និយាយ​ស្ដី ហើយ​ក៏​មិន​ដែរ​ឆ្លើយ​តប​ និង​ត​មាត់​នឹង​ប្រពន្ធ​គាត់​ទៀត​ដែរ គឺ​បី​ដូច​ជា​កូន​ក្មេង​ដែល​ស្តាប់​បង្គាប់​ម្នាក់​អញ្ចឹង ។ ជីវិត​របស់​បុរស​នោះ​​រស់​យ៉ាង​នេះ​ឯង​ក្នុង​ដៃ​របស់​ប្រពន្ធ​គាត់ ។ ទោះ​យ៉ាង​ក្តី​ ប្រពន្ធ​គាត់​នៅ​តែ​ព្យាយាម​ធ្វើ​ចលនា​ឲ្យ​គាត់ បញ្ចុក​ថ្នាំ ព្យាបាល និង​និយាយ​​ជា​មួយ​គាត់​ជា​រៀង​រាល់​ថ្ងៃ​​មិន​ដែរ​អាក់​ខាន​ឡើយ ។ ប្រពន្ធ​គាត់​គិត​ថា បើ​ទោះ​ជា​មនុស្ស​ក្នុង​ពិភពលោក​ទាំង​មូល​នេះ គ្មាន​នរណា​រវល់​ជា​មួយ​គាត់ ក៏មាន​ប្រពន្ធ​គាត់​ម្នាក់​នេះ​ នៅ​កំដរ​ក្បែរ​គាត់​អស់​មួយ​ជីវិត​ដែរ ។

មាន​ថ្ងៃ​មួយ​ បុរស​នោះ​ស្រាប់​តែ​បាន​ធូរ​ស្បើយ​ខ្លះៗ​ អាចនិយាយ​បាន​ពាក្យ​១​ម៉ាត់ៗ ដូច​ជា​រាប់​លេខ​ពី​១ដល់​១០​ជា​ដើម ។ មិន​យូរ​ប៉ុន្មាន​ក៏​ចាប់​អាច​ញ៉ាំ​បាយ​បាន​ដោយ​ខ្លួន​ឯង​​មួយៗ ប៉ុន្តែ​មាន​លក្ខណៈ​ដូច​ជា​ក្មេង​អាយុ​ត្រឹម​ពីរ​បី​ឆ្នាំ​ប៉ុណ្ណោះ​ ការ​ចង​ចាំ​គឺ​ទទេរ​ស្អាត​ ។ នៅ​ពេល​ប្រពន្ធ​គាត់​និយាយ​ស្តី​ទៅ​រក​គាត់ គាត់​បាន​តែ​សម្លឹង​ ហើយ​ញញឹម​ទៅ​កាន់​ប្រពន្ធ​គាត់​ប៉ុណ្ណោះ ។ មាន​ពេល​ខ្លះ​​ពេល​ប្រពន្ធ​គាត់​រុញ​គាត់​ដើរ​លេង​នៅ​ខាង​ក្រៅ មាន​គេ​និយាយ​ថា ប្រពន្ធ​គាត់ទៅ​ចោល​គាត់​ហើយ ​លែង​ត្រូវ​ការ​គាត់​ទៀត​ហើយ គាត់​ខឹង​ខ្លាំង​ណាស់​ហើយ​ក៏​និយាយ​ថា៖ «កុំ​ទៅ…ៗ…» ។

នៅ​តាម​ផ្លូវ​ពួក​គាត់​ធ្វើ​ដំណើរ​ត្រលប់​មក​ផ្ទះ​វិញ​ដូច​រាល់​ដង ស្រាប់​តែ​មាន​បុរស​បិទ​មុខ​ពីរ​នាក់​លេច​ខ្លួន​ចេញ​មក កាន់​កូន​កាំបិត​ម្នាក់​មួយ​នៅ​ក្នុង​ដៃ សម្លុត​ពួក​គាត់​ថា៖ «បើ​ចង់​រស់​ឆាប់​ប្រគល់​លុយ​ និង​ទ្រព្យ​សម្បីត្តិ​មាន​តម្លៃ​ទាំង​អស់​ឲ្យ​ពួក​យើង​ភ្លាម​មក….» ។ ពេល​ពួក​ចោរ​ទាំង​ពីរ​នាក់​នោះ​ដើរ​សំដៅ​ចូល​មក​ជិត​ពួក​គាត់ ប្រពន្ធ​គាត់​ក៏​ស្រែក​ខ្លាំង​ៗ​ថា​មាន​ចោរ​ប្លន់ ស្រាប់​តែ​បុរស​នោះ​ក្រោក​ស្ទុះ​ឈរ​ពី​កៅ​អី​រុញ​នោះ​ ឈរ​ពី​មុខ​ដើម្បី​ការ​ពារ​ប្រពន្ធ​គាត់ បន្ទាប់​មក​ក៏​មាន​មនុស្ស​ឯ​ទៀត​សំដៅ​មក ពួក​ចោរ​ទាំង​ពីរ​នាក់​នោះ​ក៏​រត់​បាត់​ទៅ ។ រីឯ​បុរស​នោះ​ឈរ​មិន​នឹង​ ប៉ុន្តែ​ក៏​នៅ​តែ​ព្យាយាម​ទៅ​ឱប​ប្រពន្ធ​គាត់​យ៉ាង​ជាប់ ខ្លាច​ពួក​ចោរ​នោះ​ត្រលប់​មក​ធ្វើ​បាទ​ប្រពន្ធ​គាត់​ទៀត បើ​ទោះ​ជា​គាត់​ឈរ​មិន​បាន​យ៉ាង​ណា​ក៏​ដោយ​ក៏​គាត់​ត្រូវ​តែ​ការ​ពារ​នារី​ដែល​គាត់​ស្រលាញ់​ឲ្យ​បាន​ដែរ ។ ពេល​ឃើញ​ដូច្នេះ​ប្រពន្ធ​របស់​គាត់​ក៏​យំ​​​ឱប​គាត់​យ៉ាង​ណែន​វិញ​ដែរ ដោយ​ឃើញ​បុរស​នោះ​មាន​ការ​លំបាក​យ៉ាង​ណា​នៅ​តែ​ខំ​ការពារ​គាត់​ គឺ​ពិត​សប្បាយ​ចិត្ត​ណាស់ ។

មនុស្ស​ប្រុស​កើត​មកពី​កំណើត​ ​គឺ​ដើម្បី​ការពារ​មនុស្សស្រី ក្នុង​គ្រួសារ​របស់​ខ្លួន​ចឹង​ឯង នៅ​ទី​បំផុត​ប្រពន្ធ​គាត់​បាន​ចំណាយ​អស់​រយៈ​ពេល​​៤​ឆ្នាំ​ឲ្យ​គាត់​ក្លាយ​ជា​មនុស្ស​ប្រុស​ដែល​មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​គ្រួសារ​ និង​ក្លាយ​ជា​បុរស​ពិត​ប្រាកដ​វិញ​ហើយ បើ​ទោះ​ជា​លើក​នេះ​គ្រាន់​តែ​ជា​ការ​ឱប​មួយ​ដែល​កម្រ​កើត​មាន​ក្នុង​អំឡុង​ពេល​ជាង​១០​ឆ្នាំ​មក​នេះ​ក៏​ដោយ ប៉ុន្តែ​អ្វី​ដែល​គាត់​ទទួល​បាន គឺ​លើស​ពី​នេះ​ទៅ​ទៀត ដែល​គួរ​ឲ្យ​គាត់​រីក​រាយ និង​ចង​ចាំ​នូវ​សុភមង្គល​ទាំង​នេះ អស់​មួយ​ជីវិត​របស់គាត់​តែ​ម្តង ។

«អូនមិនត្រូវការស្នេហាផ្អែមល្ហែមអ្វីនោះទេ គ្រាន់តែចង់រស់នៅក្បែរបងអស់មួយជីវិត…» ៕

ពាក្យ​ក្នុង​សាច់រឿង

Leave a comment