ចុង​ក្រោយគ្មាន​ន័យ​អ្វី

ពាក្យ​មួយ​ឃ្លា​ដែល​គេ​តែង​តែ​នាំ​គ្នា​និយាយ​តៗ​គ្នា​ នៅ​ពេល​គេពិ​ភាក្សា​ពី​គំ​លាត​រវាង​ទី​តាំង​មួយ​ ទៅ​ទី​តាំង​មួយ​ចំ​ពោះ​រឿង​ស្នេ​ហា។ឃ្លាត​ឆ្ងាយ​ណាយ​ចិត្ត​ ឃ្លា​មួយ​នេះ​ ប្រ​ហែល​ជា​អ្នក​ក៏​ធ្លាប់​​បាន​ប្រើរ​ដែរ។ ​តើ​ពាក្យ​នេះ​ពិត​ដែរ​ឬ​ទេ?

ជា​ការពិត​ណាស់​ គ្មាន​នរណា​ម្នាក់​អាច​បដិសេដ​នូវ​អត្ថ​ន័យ​របស់​គំលាត​​​នៃ​ផែន​ដីសំ​រាប់​សេច​ក្តី​ស្នេហា​បាន​ឡើយ ។ ស្នេហា​មាន​ឧបសគ្គ​ជា​ច្រើន ការរា​រាំង​ពី​បណ្តា​បញ្ហា​ទាំង​ឡាយ ការ​រត់​តាម​សម័យ​សំភារៈ​និយម ការ​ស្តាប់​ពី​សំដី​បញ្ចុះ​បញ្ចូល​ចាក់​រុក ការ​បង្ខំចិត្ត​ធ្វើ​ដើ​ម្បី​គ្រួសារ​​ ត្រូវ​គំរាម​ដោយ​ភាព​លំ​បាក​នៃ​ជីវភាព​ និង​ភាព​ឯកោ​ដោយ​គ្មាន​អ្នក​លើក​ទឹក​ចិត្ត​ ។ ហេតុអី្វ​បាន​ជា​ពាក្យ​ ឃ្លាត​ឆ្ងាយ​ណាយ​ចិត្ត ត្រូវ​ប្រើ​ច្រើន​ជាង​ នៅ​ពេល​ដែល​មានគូ​ស្នេហ៍​មួយ​គូ​រៀប​នឹង​ត្រូវ​រស់​នៅ​ឆ្ងាយ​ពី​គ្នា​​ ។

តារា​ និង​កញ្ញា ជា​គូ​ស្នេហ៍​ដែល​ស្រលាញ់​គ្នា​អស់​រយៈ​ពេល​ ៣ឆ្នាំ​មកហើយ ពួក​គេទាំង​ពីរ​សន្យា​ថា​នឹង​រៀប​ការ​ជា​មួយ​គ្នា និង​សង្ឃឹម​ថា​ នឹងគ្មាន​បញ្ហា​អ្វី​កើត​ឡើង​ចំពោះ​ពួក​គេឡើយ ។​ ពួក​គេ​ស្រលាញ់​គ្នា​ស្ទើរ​លេប​ បាត់​មុខ​មិន​បាន​ ។​ ម្យ៉ាង​ទៀត​ឪ​ពុកម្តាយ​​សង​ខាង ​ក៏​បាន​ដឹង​លឺ​រឿង​នេះ​ដែរ​ ។ តារា​ ជា​មនុស្ស​ចូល​ចិត្ត​ហ៊ឺ​ហារ ចូល​ចិត្ត​ចំ​រៀង​ ដើរ​លេង តែ​គេ​ក៏​មិន​ចោល​ការ​រៀន​សូត្រ​ដែរ ​។ តារា​រៀន​ពូ​កែ ឆ្លាត​ មាន​រូប​រាង​សង្ហា គួរសម​ ដូច​នេះ​គេ​មិន​ពិ​បាក​ក្នុង​ការ​ទាក់​ទងស្រីៗ ​នោះ​ទេ ប៉ុន្តែ​គេ​ដូច​ជា​មាន​ចិត្ត​ស្មោះ​នឹង​កញ្ញា​ណាស់ ។ កន្លះ​ឆ្នាំក្រោយ ព្រឹត្តការណ៍​មួយដែល​មិនធ្លាប់​គិត​ថា​នឹង​កើត​ ក៏​បានកើត​ឡើង​ ​ដែល​ធ្វើ​អោយ​តារា​ពិបាក​នឹង​សំរេច​ចិត្ត​ ហើយ​កញ្ញា​ក៏​ស្ទើរ​តែ​មិន​អាច​នឹង​ទទួល​យក​បាន​ ។

កញ្ញា៖ បង​កុំ​ទៅ​អី​ បាន​ទេ?

តារា៖ បង​មិន​មែន​ទៅ​រហូត​មិន​ត្រឡប់​មក​វិញ​ឯណា? បង​ក៏​មិន​ចង់​ឃ្លាត​ឆ្ងាយ​ពី​អូន​ដែរ​ តែ​នេះ​ជាឧកាស​ល្អ ហើយ​បង​ក៏អាច​ជួយដល់​គ្រួសារ​របស់​បង​បាន​ ណា​មួយ​ដើ​ម្បី​អនាគត​របស់​យើង​ទាំង​ពីរ​នោះ​អី​ ។​

(តារា មាន​មិត្ត​ភក្តិ​ដែល​រស់​នៅ​អាមេរិក ហើយ​គេក៏​បាន​ធា​នា​នាំ​តារា​ទៅ​នៅ​ទី​នោះ​ ហើយ​មាន​ការងារ​ធ្វើ​ដែល​ទទួល​បាន​ចំណូល​ខ្ពស់​​ ។ រឿងនេះ​ធ្វើ​អោយ​តារា​មាន​ការ​លំបាក​ក្នុង​ការ​ដោះ​ស្រាយ​ និង​ធ្វើ​ការ​សំរេចចិត្តយ៉ាង​ខ្លាំង​​ តើ​គេ​នឹង​អាច​បោះ​បង់ឧ​កាស​នេះ​ចោល​ទេ?)

កញ្ញា៖ សល់​តែ​ ១​ឆ្នាំ​ កន្លះ ទៀត​តែ​ប៉ុណ្ណោះបង​រៀន​ចប់​ហើយ ដូច្នេះ​បង​អាច​ធ្វើ​ការ​នៅ​ស្រុក​យើង​បាន​តើ​​​ ។

តារាៈ ប៉ុន្តែ​ការ​ងារ​នៅ​ទី​នោះ​ទទួល​បាន​ប្រាក់​ខែ​ច្រើន​ជា​ង​ឆ្ងាយ​ណាស់​ បង​អា​ច​ផ្គត់​ផ្គង់​គ្រួសារ​របស់​បង​បាន​យ៉ាង​ងាយ​ស្រួល ណា​មួយ​ប្អូន​ប្រុស​តែ​ម្នាក់​គត់របស់​បង ​ជិត​ចូល​មហា​វិទ្យាល័យ​ហើយ​ បង​មិន​មាន​នរណា​ផ្គត់​ផ្គង់​គេ​នោះ​ទេ ។ ម្យ៉ាង​ទៀត​ បង​នឹង​មាន​លុយ​ច្រើន​ឆាប់​រៀប​ការ​ជា​មួយ​អូន​​ ហើយ​ជូន​អូន​ដើរ​លេង​គ្រប់​ទី​កន្លែង​នោះ​អី​? ក្រែង​នោះ​ជា​ក្តី​សុបិន្ត​របស់​អូន​មែន​ទេ?​

កញ្ញា៖ គេ​ថា​ ឃ្លាត​ឆ្ងាយ​ណា​យ​ចិត្ត…….បង​ដាច់ចិត្ត​ទុក​អូន​អោយ​នៅ​ម្នាក់​ឯង​ មែន​ទេ?

តារា៖ ស្រី​ឆ្គួត…..​អ្នកណា​និយាយ? កុំ​ប្រើ​ពាក្យ​នេះ​ អូន​សំលាញ់​វា​ហួស​សម័យ​ហើយ​ ។ ​នេះ​ជា​សម័យ Internet ហើយ​ណា​ ទោះ​បី​យើង​នៅ​ឆ្ងាយ​ពី​គ្នា​មែន​ពិត​ តែ​យើង​ក៏​នៅ​អាច​ទាក់​ទង​គ្នា​បាន​ជា​ប្រចាំ ហើយ​បង​ជា​មនុស្ស​យ៉ាង​ម៉េច​អូន​ក៏​ដឹង​ហើយ ។
(កញ្ញា​តែង​តែ​និយាយ​នូវ​ឃ្លា​នេះ ​រាល់​ពេល​ដែល​បាន​ជួប​តារា ចំណែក​តារា​ក៏​តែង​តែ​បដិសេដ​នូវ​ពាក្យ​នេះ)​ ។

ទី​បំ​ផុត​ តារា​ក៏​សំ​​រេច​ចិត្ត​ថា​នឹង​ទៅ​អា​មេរិក ដោយ​ព្យួរ​ការ​សិក្សា​ ស្ថាបត្យកម្ម ដែល​នឹង​បញ្ចប់​ក្នុងរយៈ​ពេល​ ១​ ឆ្នាំ​ កន្លះ​ទៀត​តែ​ប៉ុណ្ណោះ​ ។ ១ខែ​ទៀត​តារា​នឹងត្រូវ​ចេញ​ដំណើរ​ហើយ ចំណែក​កញ្ញា​វិញ​ នាង​មិន​អាច​ឃាត់​តារា​មិន​អោយ​ចាក​ចេញ​ពី​នាង​បាន​ឡើយ​ ។​ នាង​បាន​ត្រឹម​ខំញញឹម​ទាំង​ក្រៀម​ក្រំ ហើយ​ព្យា​យាម​មក​ជួ​បតារាអោយ​បាន​ញឹក​ញាប់​បំផុត មុនពេល​ដែល​គេ​ត្រូវ​ចាក​ចេញ​ពី​ខ្លួន ។​ ថ្ងៃ​ស្អែក​នេះ​ តារា​ត្រូវ​ឡើង​យន្ត​ហោះ​ យប់​នេះ​កញ្ញា​គេង​មិន​លក់​ឡើយ​ នាង​អង្គុយ​ចាក់​កន្សែង​បង់​ក​ ទុក​ជូន​សង្សារ​ជា​កាដូចុង​ក្រោយ​មុន​ពេល​ដែល​គេ​ចាក​ចេញ​ ។

ប្រដាប់​ប្រដា​បាន​រៀប​ចំ​ជា​ស្រេច​តាំង​តែ​ពី​ថ្ងៃ​មុន ព្រលឹម​តារាចាប់​ផ្តើម​ត្រៀម​ខ្លួន​ធ្វើ​ដំ​ណើរ​ទៅ​ព្រលាន​យន្ត​ហោះ​ ។

ទិដ្ធ​ភាព​លា​គ្នា​នៅ​ព្រលាន​យន្ត​ហោះ​ពិត​ជា​មិន​អាច​បំភ្លេច​បានសម្រាប់​គូ​ស្នេហ៍​មួយ​គូ​នេះ ។

កញ្ញា៖ កន្សែង​នេះ​អូន​ជូន​បង អកាស​ធាតុ​នៅ​ទី​នោះ​ត្រជាក់​ណាស់​ បង​ត្រូវ​ពាក់​វា​ណា​ ហើយ​នឹក​ដល់​អូន​ផង ។

តារា៖ បាទ! បង​នឹង​នឹក​ដល់​អូន​គ្រប់​ពេល ហើយ​បង់​កន្សែង​នេះ​នឹង​ករបស់បង​គ្រប់​ពេល​ដែរ ។

សំលេង​ចុង​ក្រោយ​បំ​ផុត​ ត្រូវ​បាន​បន្លឺ​ឡើង​គួរ​អោយ​ស្រងេះ​ស្រ​ងោច ទឹក​ភ្នែក​លា​គ្នា​ដែល​ជោរ​ជន់​ពេញ​បេះ​ដូង​នាង ​ត្រូវ​បាន​ហូរ​ចេញ​ដោយ​ពុំ​អាច​ទប់​បាន ។

កញ្ញា៖ តារា អូន​រង់​ចាំ​បង…

តារា៖ បង​នឹង​ត្រលប់​មក​វិញ​ អូន​កុំ​យំ​អី​ណា​ យើង​នឹង​រៀប​ការ​ជា​មួយ​គ្នាណា ។

កញ្ញា៖​ បង​សន្យា​ជា​មួយ​អូន​ណា?

តារា៖​ បង​សន្យា….

កញ្ញា​អោប​តារា​ជាប់​នឹង​ដើម​ទ្រូង​ ស្ទើរ​តែ​មិន​ចង់​លែង​ព្រោះ​នាង​មិន​ចង់​អោយ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​ឃ្លាត​ឆ្ងាយ ។

តារា​ចូល​ទៅ​ក្នុង​សាល​ព្រលាន​យន្ត​ហោះ​ ចំណែក​កញ្ញា​តាម​មើល​រហូត​ដល់​បាត់​ពី​កន្ទុយ​ភ្នែក​ ។

ប៉ុន្មាន​ថ្ងៃ​ក្រោយ​ទៅ​ដល់​អាមេរិក តារា​ក៏​ទូរស័ព្ទ​មក​រក​កញ្ញា មាន​ពេល​ខ្លះ​ពួក​គេ​សើច​ ហើយ​ពេល​ខ្លះ​ក៏​យំ​ដូច​ជា​កូន​ក្មេង​អញ្ចឹង​ ។ មួយខែ​ម្តងៗ​ តារា​តែង​តែ​ទូរស័ព្ទ​មកសួរ​សុខ​ទុក្ខ​កញ្ញា ធ្វើ​អោយ​នាង​មាន​សង្ឃឹម​ថា​នឹង​ដូច​អ្វី​ដែល​បាន​សន្យា ។

រយៈ​ពេល​២​ឆ្នាំ​បាន​កន្លង​ផុត​ទៅ​យ៉ាងយូរ​បំ​ផុត​សម្រាប់​មនុស្ស​ម្នាក់​ដែល​ស្ថិត​នៅក្នុង​ការ​រង់​ចាំ​​ ។ កញ្ញា​បាន​បញ្ចប់​ការ​សិក្សា​នៅ​​មហា​វិទ្យាល័យ ហើយ​នាងបាន​​ធ្វើ​ការ​នៅ​ក្រុម​ហ៊ុន​ទេស​ចរណ៍​មួយ​ ។ មាន​ពេល​ខ្លះ​នាង​នឹក​ស្រ​ម៉ៃ​ដល់​អា​នុ​ស្សាវរីយ៍​កន្លង​មក​រវាង​នាង​និង​តារា​ ធ្វើ​អោយ​​នាង​ញញឹម​ ស្រប​ពេល​ដែល​ទឹក​ភ្នែក​កំពុង​ស្រក់​ចុះ ។​ ចំណែក​តារា​វិញ​មាន​ការ​ងារ​ធ្វើដែល​បាន​ទទួល​ប្រាក់​ខែ​ខ្ពស់​ហើយ​គេបាន​ផ្ញើរ​ប្រាក់​មក​ផ្គត់​ផ្គង់​គ្រួសារ​គេ​ជា​ប្រចាំ ​ហើយ​ក៏​មិន​ភ្លេច​ផ្ញើរ​របស់​មក​កញ្ញា​ដែរ​ គេ​មិន​ដែល​បាន​មក​លេង​ស្រុក​កំ​ណើត​ឡើយ​ ព្រោះ​ការ​ងារ​រវល់​ពេក​ ប៉ុន្តែ​គេ​តែង​ទូ​រស័ព្ទ​មក​កញ្ញា​ជា​ប្រចាំ ។​

១ឆ្នាំ​ក្រោយ​មក សំលេង​ទូរស័ព្ទ​មក​ពី​អាមេរិក​កាន់​តែ​មាន​គំលាត​ទៅ​ៗ កញ្ញា​ចាប់​ផ្តើម​មាន​គំ​និត​សង្ស័យ​លើ​តារា​កាន់​តែ​ខ្លាំង​ឡើងៗ​​ ធ្វើ​អោយ​នាង​គេង​មិន​លក់ បក់​មិន​ល្ហើយ​ ព្រោះ​នឹក​ដល់​ម្ចាស់​ស្នេហ៍ ។​ នាង​អោប​ក្រសោប​នូវ​សេចក្តី​វេទនា​នេះ​តែ​ម្នាក់​ឯង​រក​ថ្លែង​មិន​រួច រាល់​ថ្ងៃ​នាង​នឹក​ដល់​តារា​ខ្លាំងណាស់​​ មិន​ដឹង​ថា​ពេល​ណា​គេ​ត្រលប់​មក​រក​នាង​វិញឡើយ ។

បន្ទាប់​ពី​ការ​រង់​ចាំ​អស់​រយៈ​ពេល​ ៣​ឆ្នាំ កញ្ញា​ក៏បាន​ទទួល​ដំណឹង​ថា តារា​មាន​ប្រពន្ធ​ហើយ គេ​ជា​ប្អូន​ស្រី​របស់​មិត្ត​ភក្តិ​តារា ។ កញ្ញា​ហាក់​មិន​ជឿ​នឹង​អ្វី​ដែល​បាន​លឺ​សោះ​ នាង​ក៏​ដាច់​ចិត្ត​ទូរស័ព្ទ​ទៅ​រក​តារា​ព្រោះ​នាង​ចង់​ស្តាប់​លឺ​សំដី​ចេញ​ពី​មាត់​របស់​តារា ។​

កញ្ញា៖តារា!​ បង​សុខ​សប្បាយ​ជា​ទេ? មួយ​រយៈ​នេះ​មិន​ឃើញ​បង​ទូរស័ព្ទ​មក​រក​អូន​សោះ តើ​បង​រវល់​ណាស់​មែន​ទេ?

តារា៖ មែនហើយ​ បង​រវល់​ណាស់

កញ្ញា៖អូន​បាន​ទទួល​ដំ​ណឹង​ថា​បង​រៀបការ​រួច​ហើយ​ តើ​នេះ​ជា​ការ​ពិត​ទេ?

តារា៖​ មែន​! បង​បាន​រៀប​ការ​រួច​ហើយ​ បង​សូម​ទោស​ដែល​មិន​បាន​ប្រាប់​អូន​ពេល​នោះ​ ព្រោះ​បង​ខ្លាច​អូន​ទទួល​យក​មិន​បាន​ ។

កញ្ញា៖ហេតុ​អី​ក៏​បង​ធ្វើ​បែប​នេះ​ដាក់​អូន? ហេតុអ្វី​បង​ធ្វើអោយ​អូន​ជឿបង​ស្លុង​ចិត្ត​​ រង់​ចាំ​បង​អស់​ជា​ច្រើន​ឆ្នាំ ហើយ​ពេល​នេះ​បងបែរ​ជា​រៀប​ការ​ជាមួយ​អ្នក​ផ្សែង​ដោយ​មិន​ប្រាប់​អូន​ ។

តារា៖ សុំ​ទោស! អូន​បំភ្លេច​បងចោល​ចុះ ព្រោះបង​ជា​មនុស្ស​មិន​ល្អ ។​​ រក​មនុស្ស​ប្រុស​ណា​ម្នាក់​ដែល​ល្អ​ជា​ងបង ហើយសាង​អនាគត​ជា​មួយ​គេ​ចុះ ។

បេះ​ដូង​នាង​ក្រមុំ​រូប​នេះ​ ស្ទើរ​ប្រេះ​បែក​ជា​ពីរបន្ទាប់​ពី​បាន​ស្តាប់​សំ​ដី​របស់​តារា នាង​មិន​នឹក​ស្មាន​ថា​ស្នេហា​ដ៏​រឹង​មាំ​មួយ​នេះ​ ត្រូវ​បាន​កាត់​ផ្តាច់​ដោយ​សារ​គំ​លាត​នៃ​ផែន​ដី​សោះ​ ។

ឯណា​ទៅ​ពាក្យសន្យា​របស់​បង? ឯ​ណា​ទៅ​ក្តី​សង្ឃឹម​ដែល​បង​ធ្លាប់​បាន​ផ្តល់​អោយ​អូន? តើ​បង​ពិត​ជា​អាច​បំ​ភ្លេច​អានុស្សាវរីយ៍​ដែល​យើង​ធ្លាប់​បាន​សាង​រួម​គ្នា​កន្លង​មក​មែន​ទេ? ស្នេហា​របស់​យើង​រយៈ​ពេល​ ៦​ឆ្នាំ​មក​នេះ​ ពិត​ជា​គ្មាន​ន័យ​ក្នុង​បេះ​ដូង​បង​សោះ​មែន​ទេ?​បង​មិន​ដឹង​ថា​រយៈ​ពេល​ ៣​ឆ្នាំ​ដែល​បង​ចាក​ចេញ​ពី​អូននេះ អូនរស់នៅ​អោប​ជាប់​នឹងការ​​រង់ចាំ ឯ​កោ រាល់​ថ្ងៃ​អូន​តែង​ស្រម៉ៃ​ថា​បង​នឹង​មក​រស់​នៅ​ក្បែរ​អូន​ ពេល​ខ្លះ​អូន​យំ​ ព្រោះ​អូន​ពិត​ជានឹក​បង​ខ្លាំង​ណាស់ តែ​ពេល​អូន​នឹក​ដល់​សំដី​របស់​បង​ វាធ្វើ​អោយ​អូន​ញញឹម ហើយ​ចាប់​ផ្តើម​រង់​ចាំ​បង​បន្ត​ទៅ​ទៀត​ ។ តែ​ពេល​នេះ​បង​ប្រាប់​អូន​ថា​បង​រៀប​ការ​ហើយ​ សំដី​ចុង​ក្រោយ​ បាន​ត្រឹម​និយាយ​ថា​ សុំ​ទោស បង​ប្រាប់​អូន​អោយ​បំភ្លេច​បង​ចុះ បង​ប្រាប់​អូន​អោយ​សាង​អនាគត​ជា​មួយ​មនុស្ស​ថ្មី​ដែល​ល្អ​ជាង​បងចុះ ព្រោះ​បង​ជា​មនុស្ស​មិន​ល្អ ។

ពេល​នេះ​បេះ​ដូង​អូន​ឈឺ អូន​ពិត​ជា​ឈឺ​ខ្លាំង​ណាស់​ បង​ធ្វើ​អោយ​អូន​ដួល​ទាំង​ជំ​ហរ អូន​អស់​កំ​លាំង​ណាស់​ ស្ទើរ​តែ​មិនអាច​​បោះ​ជំ​ហាន​ទៅ​មុខ​រួច​ ។​ ស្រមោល​អានុស្សាវរីយ៍​គ្រប់​ទី​កន្លែង​រុំ​រិទ្ធ​បេះដូង​អូន​ តើ​អោយ​អូន​បំភ្លេច​បង​ម្តេច​បាន​ រាប់​រយ​សំនួរ​ចាក់​ស្រេះ​ក្នុង​ចិត្ត​អូន​ តើ​ហេតុ​អ្វី​បង​ធ្វើ​ដាក់​អូន​បែ​ប​នេះ ?

Leave a comment