មានមនុស្សស្រីជាច្រើន ក៏ប្រហែលជាអាចនឹងគិតថា មនុស្សប្រុសមិនសូវនិយាយទូរស័ព្ទយូរៗនោះទេ ។ ហើយមនុស្សប្រុសភាគច្រើនក៏មិនសូវមានពាក្យអ្វីច្រើនត្រូវសន្ទនាតាមរយៈការប្រើប្រាស់ទូរស័ព្ទនេះដែរ ។ ប៉ុន្តែឆ្លងតាមការប្រែប្រួលនៃសម័យកាល មនុស្សប្រុសសម័យឥឡូវនេះ ក៏ប្រើប្រាស់ទូរស័ព្ទ និងសន្ទនាគ្នាតាមទូរស័ព្ទចំណាយពេលវេលាយូរៗទៅដែរ ។ មនុស្សស្រីភាគច្រើនអាចនឹងងាយមានការច្របូកច្របល់ ព្រោះមនុស្សប្រុសភាគច្រើនមានទូរស័ព្ទប្រើក៏ពិតមែនតែកម្រខលទូរស័ព្ទមកណាស់ ដែលវាធ្វើឲ្យមនុស្សស្រីដែលកំពុងចាំទូរស័ព្ទនោះមានចិត្តគិតច្រើនថា៖ »ឬមួយក៏ចាំឲ្យខ្ញុំជានារីភេទនេះ ខលទៅមុន ឬក៏ផ្ញើសារទៅប្រាប់ទើបព្រមខលមកនោះ??» ។ ដូច្នេះនៅខាងក្រោមនេះយើងខ្ញុំនឹងបង្ហាញខ្លះៗពី ចិត្តសាស្ត្រក្នុងការប្រើប្រាស់ទូរស័ព្ទរបស់បុរសៗនៅពេលដែលកំពុងចាប់ផ្តើមទាក់ទងជាមួយនិងនារីៗ ។
នៅពេលដែលបុរសៗចាប់ផ្តើមបង្ហាញនូវសកម្មភាព ឬលក្ខណៈអ្វីមួយដែលមានចិត្តចំពោះនារីៗហើយនោះ នារីភាគច្រើនប្រហែលជាអាចនឹងគិតថា៖ «គាត់ច្បាស់ណាស់មានចិត្តលើខ្ញុំ ចុះហេតុអ្វីនៅមិនឃើញចាប់ផ្តើមតាមស្រលាញ់ខ្ញុំទៀតចឹង?» «តើខ្ញុំគួរធ្វើយ៉ាងណាទើបល្អទៅ ដើម្បីឲ្យគាត់ខលទូរស័ព្ទមកខ្ញុំនោះ…» មានលេខទូរស័ព្ទគេហើយនៅមិនហ៊ានទូរស័ព្ទទៅគេទៀត ចំមែន!
មានរឿងមួយដែលនារីៗយើងត្រូវដឹង ព្រោះថាចំពោះបុរសៗ គ្នាក៏ចេះអៀនដែរ ។ ហើយនៅមានបុរស១ប្រភេទទៀត ដែលយើងតែងតែថាជា «ប្រុសល្ងង់» គឺល្ងង់ដល់សូម្បីតែខាងនារីៗគេបានបើកភ្លើងខៀវឲ្យយើងចូលហើយនៅតែមិនដឹងខ្លួនទៀតនោះឯង ។ បុរសទាំងពីរប្រភេទខាងលើនេះ ប្រសិនបើគ្មានការទុកចិត្ត១០០%ថាខាងនារីគេព្រមផ្តល់ឱកាសឲ្យ ឬស្ម័គ្រចិត្តទុកលេខទូរស័ព្ទឲ្យដើម្បីទាក់ទងទេនោះ គឺពុំហ៊ានចាប់ផ្តើមទាក់ទងទៅនារីនោះឡើយ ។ ក្នុងករណី ដែលនារីៗយើងជួបនឹងស្ថានភាពដូន្នេះ អាចសាកល្បងធ្វើជាអ្នកចាប់ផ្តើមសុំលេខទូរស័ព្ទពីខាងប្រុសមុនក៏បាន ឬក៏អាចសាកល្បងវិធីមួយទៀត ដោយមុនពេលលាគ្នាត្រលប់ទៅផ្ទះរៀងខ្លួនក្រោយពេលជួបជុំណាមួយនោះ ប្រាប់ទៅខាងប្រុសថា៖ «ទំនេរឧស្សាហ៍ទូរស័ព្ទមកលេងខ្ញុំផងណា…» ។ នៅពេលដែលនារីៗយើងធ្វើដូច្នេះទៅ អាចជួយកាត់បន្ថយសម្ពាធដល់ពួកគាត់ដែលជាបុរសៗក្នុងប្រភេទខាងលើនេះបានហើយ និងបានបង្ហាញឲ្យពួកគាត់ឃើញយ៉ាងច្បាស់ពីបំណងរបស់ខ្លួនថាបានបើកភ្លើងខៀវឲ្យពួកគាត់ចូលមកសាកល្បងទាក់ទងគ្នាបានហើយ ។
ហើយក៏មានពេលខ្លះដែរ នៅពេលដែលខាងប្រុសទើបតែរៀបចំចាប់ផ្តើមទាក់ទងខាងស្រី គាត់បានខលទូរស័ព្ទមកខាងស្រី ប៉ុន្តែចៃដន្យអ្វីមួយនោះខាងនារីៗយើងពុំបានលើកទូរស័ព្ទ ហើយក៏ពុំមានឃើញផ្ញើសារថាមានរឿងអ្វីដែរ ក៏មិនបានប្រាប់ថាឲ្យខលទៅវិញឡើយ ។ នៅពេលនេះ ខាងស្រីប្រហែលជាចាប់ផ្តើមគិតហើយថា តើគួរធ្វើយ៉ាងណាទើបល្អ? ប្រញាប់ខលទៅគាត់វិញ ឬយ៉ាងណា? ក្នុងករណីបែបនេះ យើងជានារីៗពុំគួរខលទៅវិញនោះទេ ប្រសិនបើខាងប្រុសមិនបានបង្ហាញនូវសារណាមួយដែលប្រាប់ឲ្យយើងខលទៅគេនោះ ព្រោះថាបើយើងធ្វើដូន្នេះទៅ លើកក្រោយៗគេអាចនឹងដឹងពីចិត្តរបស់យើងមិនខានថាអស់គេពុំបាន កុំថាឡើយឥឡូវនេះយើងទាំងពីរពុំទាន់បានចាប់ផ្តើមផង បើខាងស្រីធ្វើដូច្នេះ ដូចជាបង្ហាញថាខ្លួនជាអ្នកតាមគេវិញ ហើយអាចនឹងលើកក្រោយ ខាងស្រីជាអ្នកខលទៅខាងប្រុសមុនវិញមិនខាន ។ នេះប្រហែលជាអាចនិយាយបានថាជាវិន័យក្នុងការទូរស័ព្ទក៏ថាបាន នៅពេលដែលចាប់ផ្តើមយើងធ្វើយ៉ាងដូចម្តេច បន្តទៅ មុខទៀតវាអាចនឹងអញ្ចឹងរហូត ចង់កែប្រែមុខជាពុំបានឡើយ ។
មានពេលខ្លះទៀត បន្ទាប់ពីយើងចាប់ផ្តើមស្គាល់គ្នា និងបានលេខទូរស័ព្ទហើយ ក្រោយការជួបជុំលើកចុងក្រោយមក គឺចេះតែមិនបានឃើញគេខលទូរស័ព្ទមកសោះ តើវាបានបញ្ជាក់ថា ខាងប្រុសពិតជាពុំពេញចិត្ត ឬគ្មានចិត្តចង់ទាក់ទងខាងស្រី ឬ? ប្រសិនបើជួបប្រទះនឹងករណីនេះ វាពិតជាបង្ហាញនូវស្ថានភាពមិនសូវល្អជាក់ជាមិនខាន ព្រោះថានៅពេលដែលបុរសម្នាក់ចាប់ចិត្តស្រលាញ់នារីម្នាក់មែននោះ លើកលែងតែទូរស័ព្ទនៅជុំវិញខ្លួនគាត់ដែលមានត្រូវបានខូចអស់ ពុំដូច្នោះទេគាត់នឹងប្រញាប់ទាក់ទងមកនារីនោះភ្លាមៗតែម្តងដោយមិនបង្អង់ឡើយ ។ ប៉ុន្តែក៏អាចមានករណីមួយទៀតកើតឡើងដែរ គឺថាបុរសនោះពិតជាបេតីនឹងនារីម្នាក់នោះមែន ប៉ុន្តែគាត់ពុំដឹង ឬមិនប្រាកដថានារីម្នាក់នោះនឹងឆ្លើយតប ឬប្រើប្រាស់អាកប្បកិរិយាបែបណាចំពោះគាត់វិញ ទើបគាត់នៅរារែកចិត្តពុំហ៊ានទាក់ទងមកនាង សុខចិត្តនៅទ្រាំចាំម្នាក់ឯង ។ ប្រសិនបើគាត់ស្ទាក់ស្ទើរយ៉ាងនេះទៅហើយ យើងជានារីភេទក៏មិនដឹងថាគួរធ្វើយ៉ាងណាល្អដែរទេ សូម្បីតែចាប់ផ្តើមគាត់មិនហ៊ានផង តើថ្ងៃក្រោយទាក់ទងគ្នាហើយអាចនឹងយ៉ាងណាទៅ? មានតែត្រូវកាត់ចិត្តចុះ ព្រោះយ៉ាងណាក៏ពុំទាន់បានស្រលាញ់គ្នាដែរ ។
«ខ្ញុំបានផ្ញើសារឲ្យគេតាម facebook រួចហើយ តើខ្ញុំគួរផ្ញើសារទៅទូរស័ព្ទដៃ ឬខលទៅទូរស័ព្ទគាត់ទៀតទេ?» ។ ប្រសិនបើស្ថិតក្នុងស្ថានភាពបែបនេះ ត្រូវមើលថាតើគាត់ជាមនុស្សបែបណា ។ បើបុរសនោះជាមនុស្សដែលនិយាយថា៖ «មានការអីម៉េចក៏មិនខលមកទូរស័ព្ទខ្ញុំតែម្តងទៅ?» នោះពិតជាប្រសើរណាស់ បើទោះផ្ញើសារឲ្យហើយក៏ដោយ ក៏អាចខលទៅទូរស័ព្ទគាត់ទៀតក៏បានរហូតដល់បានទទួលការឆ្លើយតបពីគាត់ ។ ប៉ុន្តែ ប្រសិនបើគាត់ជាមនុស្សម្នាក់ដែលតែងតែឆ្លើយតបនឹងយើងភ្លាម នៅពេលឃើញសារយើងហើយក៏ខលមកភ្លាមនោះ យកល្អត្រូវទ្រចាំបន្តិតសិនទៅ មិនចាំបាច់ខលទៅគាត់ទេ ។ ក្នុងនោះមានចំណុចមួយ គឺនៅពេលដែលយើងមិនទាន់ដឹងថាគាត់ជាមនុស្សយ៉ាងម៉េចនោះ ហើយយើងទាំងពីរទើបតែចាប់ផ្តើមទាក់ទងគ្នាទៀតនោះ ត្រូវទ្រាំចាំបន្តិតទៅកុំប្រញាប់ចង់បានសម្រេចភ្លាមអី ក្រែងលោវាខូចការវិញទៅ ។
«ខ្ញុំចាំយឺតបន្តិតទើបតបទូរស័ព្ទទៅគេវិញ តើល្អដែលឬទេ?» ។ នៅពេលដែលទាក់ទងគ្នា បន្ទាប់ពីខាងប្រុសទូរស័ព្ទមកយើងរួចហើយ និងប្រាប់ឲ្យខាងស្រីទាក់ទងទៅវិញនោះ ខាងស្រីអាចយឺតបន្តិត ឬចំណាយពេលយូរបន្តិតទើបទាក់ទងទៅគាត់វិញទើបល្អ ។ នៅពេលដែលបុរសនោះពុំទាន់ដឹងច្បាប់ថា ខាងស្រីស្រលាញ់ខ្លួនឬអត់នោះ គឺពិតជាឱកាសរបស់ខាងស្រីហើយ ។ ព្រោះថាខាងប្រុសបានខលទៅខាងស្រីរួចហើយ «ម៉េចក៏មិនទាន់ឃើញគេប្រតិកម្មមកវិញទៀត និយាយគ្នាច្បាស់ណាស់ ហើយក៏ដូចជាបង្ហាញដែរម៉េចក៏ចឹង?» នោះខាងប្រុសពិតជានៅមិនសុខក្នុងខ្លួនមិនខាន ។
ប្រសិនបើនារីយើងមិនមានការប្រុងប្រយ័ត្នទេ ហើយធ្វើឲ្យខាងប្រុសដឹងពីចិត្តរបស់ខ្លួន ក៏មានចិត្ត ឬមានចិត្តខ្លាំងជាងចំពោះបុរសនោះដែរនោះ ពិតជាកាត់បន្ថយនូវភាពតស៊ូរបស់បុរសមិនខាន ហើយគាត់ពិតជាបានចិត្ត និងធ្វើសកម្មភាពឲ្យធូររលុងមិនខាន ក៏អាចប្រែក្លាយទៅជាថ្ងៃក្រោយគាត់គិតថាអ្វីដែលបានមកនេះគ្មានតម្លៃក៏ថាបាន ។