អត្ថបទនេះ យើងខ្ញុំនឹងអធិប្បាយបន្តពីអត្ថបទមុន «ស្វែងយល់ពីអាថ៌កំបាំងក្នុងចិត្តនារីៗ (១)» បន្តរៀបរាប់អំពីស្ថានភាពអាថ៌កំបាំងនៃចិត្តរបស់មនុស្សដែលមានមួយចំនួនជាបន្តបន្ទាប់ទៀតដូចខាងក្រោមនេះ។ ប៉ុន្តែ ប្រសិនបើអ្នកពុំទាន់បានអានអត្ថបទទី១ខាងដើមទេ ប្រហែលជាមិនអាចយល់ឲ្យអស់សេចក្តីដែលយើងខ្ញុំនឹងអធិប្បាយបន្តនោះទេ។ ដូច្នេះប្រសិនបើប្រិយមិត្តមិនទាន់បានអានអត្ថបទមុន ឬចង់វិញត្រលប់ទៅអានអត្ថបទទី១នោះ សូមចុចត្រង់ចំណងជើងនេះ៖ «ស្វែងយល់ពីអាថ៌កំបាំងក្នុងចិត្តនារីៗ (១)» ។
អំណោយសម្រាប់ជូននាងមិនស្ថិតលើតម្លៃទឹកប្រាក់ ប៉ុន្តែត្រូវនៅលើទឹកចិត្តស្មោះសរបស់អ្នកជូន
បើយល់ទៅតាមទស្សនៈរបស់នារី អំណោយដែលនាងចង់ទទួលពីមិត្តប្រុសរបស់នាងភាគច្រើនគឺមិនមើលទៅលើតម្លៃទឹកប្រាក់របស់វានោះទេ សំខាន់គឺនៅលើចិត្តស្មោះរបស់បុរសដែលខ្លួនស្រលាញ់នោះទេ បើទោះអំណោយនោះជាផ្កាស្មៅធម្មតាក៏មានតម្លៃដែលឲ្យតែជាអំណោយពិតចេញពីបុរសនោះ។ កាលពីមុននោះ មានបុរសម្នាក់គាត់បានធ្វើការប្រមូល និងរក្សាទុកនូវកាតអនុស្សាវរីយ៍សម្រាប់សង្សារជាច្រើន ហើយគាត់អាចប្រគល់ជូនមិត្តស្រីរបស់គាត់នៅគ្រប់ពេលវេលាដែលចាំបាច់។ ឲ្យតែនៅពេលដែលមិត្តស្រីរបស់គាត់មិនសប្បាយចិត្តម្តងៗ គាត់តែងតែសរសើរពាក្យពេចន៍មួយចំនួនដើម្បីលួងមិត្តស្រីរបស់គាត់ឲ្យរីករាយ ហើយទុកកាតនោះនៅកន្លែងណាដែលនាងងាយនឹងប្រទះឃើញ នៅពេលដែលមិត្តស្រីរបស់គាត់បានឃើញកាតនោះលើកណា ភាពរីករាយរបស់នាងគឺត្រលប់មកវិញមិនខាន ព្រោះមានបុរសជាទីស្នេហាម្នាក់នៅចាំថែទាំនាង ផ្តល់ភាពកក់ក្តៅដល់ចិត្តរបស់នាង និងស្រលាញ់នាង។ ទោះបីជាសង្គមសព្វថ្ងៃមានការផ្លាស់ប្តូរយ៉ាងខ្លាំងក៏ពិតមែន រវាងបុរស និងនារីមានការប្រាស្រ័យទាក់ទងគ្នាច្រើន ប៉ុន្តែនៅពេលខ្លះមនុស្សប្រុសក៏មានការលំបាកនឹងយល់អំពីចិត្តមនុស្សស្រីបានគ្រប់ពេលវេលានោះដែរ សំខាន់ឲ្យតែយើងមានការតាំងចិត្ត កុំមានចិត្តផ្សេងទៅគ្រប់យ៉ាងនឹងអាចប្រសើរមិនខាន។
តើមនុស្សស្រីចង់ឲ្យមនុស្សប្រុសធ្វើអ្វី?
ចម្លើយនេះជាការងាយ ហើយធម្មតាបំផុតនោះគឺ នារីគ្រប់រូបតែងតែប្រាថ្នាចង់ឲ្យបុរសដែលខ្លួនស្រលាញ់នោះ (អាចជាស្វាមី ឬមិត្តប្រុសរបស់នាង) ធ្វើអ្វីក៏ដោយជាចម្បងត្រូវគិតគូរដល់រូបនាងមុនគេបង្អស់! រវាងមនុស្សប្រុស និងមនុស្សស្រីការប្រចណ្ឌ ឬអនចិត្តវាខុសគ្នា។
ចំពោះមនុស្សប្រុសភាគច្រើនប្រចណ្ឌ ឬអនចិត្ត ដោយសារមានដៃគូទីបីចូលមក ហើយមនុស្សប្រុសក៏នឹងគិតថាមនុស្សស្រីដូចខ្លួនដែរ ប្រាកដណាស់ប្រចណ្ឌប្តីមានស្រីផ្សេង។ ហើយគាត់ឆ្ងល់ណាស់គាត់គ្មានស្រីទេ (គាត់ពិតជាគ្មានមែន) ប៉ុន្តែប្រពន្ធគាត់នៅតែមិនសប្បាយចិត្តដូចគាត់លួចមានស្រីនៅខាងក្រៅអញ្ចង។ តាមពិតទៅចំណុចនេះហើយដែលខុសគ្នា ចំពោះមនុស្សស្រីអាចអនចិត្តដោយសារស្វាមី/មិត្តប្រុសពុំបានចំណាយពេលវេលានៅជាមួយនិងនាងបានច្រើន។ ពិសេសចំពោះស្វាមីភរិយាតែម្តង មិនថាស្វាមីទៅខាងក្រៅ (គ្មានស្រីនៅក្រៅទេ) ធ្វើការងារ ដើរលេង ផឹកស៊ី កម្សាន្តផ្សេងៗជាមួយនិងមិត្តភកិ្តយ៉ាងណាក៏ដោយ ក្នុងចិត្តរបស់ភរិយាគឺចង់ឲ្យស្វាមីនោះ តែងតែមានខ្លួនជានារីដំបូងបង្អស់ ដែលគាត់នឹកឃើញក្នុងចិត្តជានិច្ច (និយាយឲ្យខ្លីទៅគឺ ទៅក្រៅផឹកស៊ីកុំឲ្យចោលប្រពន្ធឲ្យសោះ)។ ហើយចំពោះគូស្នេហ៍រាប់អានគ្នាមិនទាន់រៀបការក៏ដូច្នោះដែរ ខាងស្រីគឺតែងតែចង់ឲ្យខាងប្រុសនឹកគិតដល់នាងមុនគេ ហើយឧស្សាហ៍ចំណាយពេលវេលាកំដរនាងឲ្យបានច្រើន និងស្វែងយល់ពីចិត្តរវាងគ្នានិងគ្នា។
ក្នុងករណីបែបនេះ ប្រសិនបើអ្នកតែងតែផឹកស៊ីនៅខាងក្រៅដល់យប់ជ្រៅទើបចូលផ្ទះនោះ គឺពិតមិនអាចមិនឲ្យនាងរអ៊ូរទាំដាក់អ្នកឡើយ។ អាចមានសម្តីដូចនេះថា៖ «ម៉េចហើយប្តី ផឹកស៊ីយ៉ាងសប្បាយដោយលែងខ្វល់ពីប្រពន្ធកូនហើយមែនទេ ប្រពន្ធកូនលែងសំខាន់សម្រាប់បងហើយមែនទេនៅពេលនេះ?!» …ជាដើម ។ ផ្ទុយមកវិញ ប្រសិនបើប្រពន្ធកូនចេញទៅក្រៅដើរលេង បែរជាស្វាមីនៅតែក្នុងផ្ទះមើលទូរទស្សន៍ ឬធ្វើអ្វីផ្សេងៗធ្វើមិនដឹង ទុកឲ្យប្រពន្ធ និងកូននៅខាងក្រៅលេងតែម្តាយនិងកូន នោះនាងនឹងមានអារម្មណ៍ថាខ្លួនកំសត់ខ្លាំងណាស់ ដូចជាត្រូវបានគេបោះបង់ចោលអញ្ចង មានតែម្តាយហើយនិងកូនលេងយ៉ាងកំសត់ មិនដូចគ្រួសារគេផ្សេងបានដើរលេងជុំគ្នា។
ធ្ងន់ធ្ងរជាងនេះទៀត មានស្វាមីភរិយាខ្លះមានពេលសាសងគ្នាមិនលើពី២០នាទីផងក្នុង១សប្តាហ៍ ។ បើវាកើតឡើងដូច្នេះ តើអ្នកគួរគិតឡើងវិញទេថា ជីវិតក្រោយអាពាហ៍ពិពាហ៍របស់អ្នក គួរបន្តទៅដោយអនុស្សាវរីយ៍ និងទំនាក់ទំនងបែបណារវាងគ្នានិងគ្នា ក្នុងចន្លោះនៃពេលវេលាសង្គមសព្វថ្ងៃនោះ ដើម្បីឲ្យបានស្នេហ៍ស្មោះអមតៈ ឬសុភមង្គល១០០ដូចដែលខ្លួនបានសន្យានិងគ្នាកាលពីពេលដែលទើបចាប់ផ្តើមស្រលាញ់គ្នាលើកដំបូងនោះ។
មនុស្សស្រីដែលជាប្រពន្ធ តែងតែប្រាថ្នាចង់ឲ្យស្វាមីរបស់ខ្លួនស្ម័គ្រចិត្តជួយធ្វើការងារផ្ទះ
ស្វាមីរបស់នារីម្នាក់ទទួលបានការស្វាគមន៍ និងការសរសើរពីមនុស្សស្រីជាច្រើន គឺព្រោះដោយសារតែគាត់មានរូបសម្បត្តិល្អលើសគេ ឬឆ្លាតហើយជោគជ័យឬ? ចំពោះចំណុចនេះ ខ្ញុំសូមឆ្លើយថា៖ «ទេ!» វាមិនដូច្នោះឡើយ។ តាមពិតទៅគឺដោយសារតែ នៅពេលដែលភរិយារបស់គាត់ដាំបាយធ្វើម្ហូប គាត់ជាអ្នកលាងចាន ហើយនៅពេលភរិយាគាត់បោកខោអាវ គាត់ជាអ្នកទទួលបន្ទុកយកខោអាវដែលបោកហើយទាំងនោះទៅហាល។ រលឹកដល់ត្រង់នេះ ភរិយារបស់គាត់គឺពិតជាមានមោទនភាពចំពោះស្វាមីរបស់ខ្លួនណាស់ ប៉ុន្តែនេះមិនមែនដោយសារគាត់ចង់យកចិត្តប្រពន្ធទើបធ្វើដូចនេះទេ។ គឺស្វាមីរបស់គាត់បានប្រាប់គាត់ថា៖ «ពួកយើងគឺជាធាតុតែមួយ អូនជាជីវិតពាក់កណ្តាលរបស់បង បងជាជីវិតពាក់កណ្តាលរបស់អូន»។ គឺដូច្នេះឯង ធ្វើឲ្យស្រ្តីយើងមានអារម្មណ៍ ការរស់នៅបែបជីវភាពប្តីប្រពន្ធនេះ គឺការសហការគ្នា និងចេះជួយសម្រាលទុក្ខធុរៈគ្នាក្នុងនាងជាប្តីប្រពន្ធ។ ប៉ុន្តែមានបុរសជាច្រើនគិតថានេះជាកាតព្វកិច្ចចាំបាច់របស់ប្រពន្ធក្នុងការងារផ្ទះទាំងនេះ និងគាប់បំរើប្តី មិនមែនជាអ្វីដែលស្វាមី (បុរសៗ) ត្រូវធ្វើនោះឡើយ។
ការងារផ្ទះនរណាជាអ្នកធ្វើអាចមិនមែនជារឿងសំខាន់ ហើយនៅពេលកូនលេងពង្រាយពេញផ្ទះនរណាជាអ្នករៀបក៏ជារឿងកំប៉ិកកំប៉ុកសម្រាប់ជីវភាពគ្រួសារមួយប៉ុណ្ណោះ យើងអាចកុំទាន់់គិតពីវា។ ប៉ុន្តែបើតាមការស្រាវជ្រាវរបស់អ្នកចិត្តសាស្រ្តបានរកឃើញថា មានបុរសដែលបានរៀបអាពាហ៍ពិពាហ៍ចំនួន៩៥០នាក់ ការជួយធ្វើការងាយផ្ទះគឺបញ្ហាក្នុងចំណោមបញ្ហាជាច្រើនដែលងាយនឹងជះឥទ្ធិពលដល់ពួកគាត់ ក្នុងបញ្ហាទាំងនោះបញ្ហាលុយកាក់ជាបញ្ហាធំជាងគេ ហើយមួយវិញទៀត ប្រសិនបើគាត់ចូលរួមចំណែកក្នុងបន្ទុកការងារផ្ទះ និងការចិញ្ចឹមបីបាច់កូននោះ ជីវិត និងទំនាក់ទំនងរបស់គាត់ក្នុងជីវភាពអាពាហ៍ពិពាហ៍នឹងទទួលបានភាពរីករាយ និងប្រសើរជាងនេះ (ពិសេសគឺទំនាក់ទំនងផ្លូវភេទ) ។
នារីត្រូវការបំផុតទំនាក់ទំនងស្និទ្ធស្នាលផ្នែកមនោសញ្ចេតនា
ហេតុអ្វីពេលខ្លះអំណោយដែលជូនទៅនាងបែរជាធ្វើឲ្យនាងមិនសប្បាយចិត្ត ដែលយើងមើលទៅវិញមិនមែនជាបញ្ហាអ្វីធំនោះទេ ប៉ុន្តែស្រាប់តែប្រែក្លាយទៅជាមានបញ្ហារវាងមនោសញ្ចេតនារវាងបុរស និងនារីដែលជាដៃគូនោះទៅវិញ? តាមពិតទៅ មនុស្សស្រីគឺពិចារណាខ្លាំងណាស់ទៅលើអត្ថន័យនៃអំណោយដែលបុរស/មិត្តប្រុសជូនទៅនាង។ នៅពេលដែលបុរស/មិត្តប្រុសជូនអំណោយទៅឲ្យមិត្តស្រីរបស់ខ្លួន (រួមទាំងស្វាមីភរិយាផងដែរ) បានត្រូវចិត្តរបស់នាងនោះ មានន័យចំពោះនារីនោះថា៖ «រាល់ពាក្យសម្តីគ្រប់ម៉ាត់ដែលអូននិយាយ គឺបងយកចិត្តមកស្តាប់ បងចង់ឲ្យអូនរីករាយជានិច្ច» ។ ប៉ុន្តែនៅពេលដែលអំណោយខុសវិញនោះ វានឹងអាចបង្ហាញនូវអត្ថន័យមួយថា៖ «បងមិនដឹង ហើយមិនខ្វល់ពីអូនដែរ សំខាន់ឲ្យតែបងពេញចិត្ត/សប្បាយចិត្តនោះជាការស្រេច»។ ក្នុងករណីនេះ ក៏មានបុរសជាច្រើនធ្លាប់បានលើកឡើងទាំងរអ៊ូរទាំថា៖ «បើអូនចង់បានអ្វីដែលពិសេសសម្រាប់ថ្ងៃពិសេសណាមួយ ម្តេចក៏អាចមិនប្រាប់ឲ្យបងបានដឹងមក ងាយស្រួលបានរៀបចំឲ្យត្រូវនិងចិត្តអូន»។ ទន្ទឹមនឹងនេះមនុស្សស្រីក៏គិតក្នុងចិត្តវិញដែរថា៖ «បើអូនប្រាប់បងឲ្យដឹងថាអូនចង់បានអ្វីឲ្យប្រាកដនោះ វាពិតជាលែងមានន័យអ្វីសម្រាប់មនុស្សស្រីទាំងហើយ បើដូច្នោះមែននោះ ក្នុងចិត្តបងគឺមិនដែលគិតដល់អូននោះឡើយ» ។ នៅពេលដែលមនុស្សស្រីសួរថា៖ «បងមើលមកអូនស្លៀកពាក់បែបនេះដូចជាមិនសមទេមែនទេ?» ក្នុងករណីបែបនេះ គឺមានន័យថានាងចង់ប្រាប់ថានាងខ្វះខាតនូវជំនឿជាក់លើខ្លួនឯងមិនខាន។ បើចង់ឆ្លើយឲ្យបានត្រឹមត្រូវនោះ មិនត្រូវឆ្លើយដោយងាយស្រួលថា «មែនឬមិនមែន» នោះទេ។ បុរសយើងត្រូវឆ្លើយយ៉ាងក៏បានឲ្យបង្ហាញថា នាងកំពុងតែទទួលក្តីស្រលាញ់ និងមើលថែពីយើងទៅរួចខ្លួនហើយ។
1 Comment