ស្វែង​យល់​ពី​អាថ៌​កំបាំង​ក្នុង​ចិត្ត​នារី​ៗ​ (១)

និយាយ​ដល់​ការ​យល់​អំពី​ចិត្ត​នារីៗ អាច​នឹង​មាន​បុរសៗ​ជា​ច្រើន​លើក​ឡើង​ថា៖ «​ចង់​ស្វែង​យល់​ពី​ចិត្ត​មនុស្ស​ស្រី បី​ដូច​ជា​រៀវ​​ម្ជុល​ក្នុង​បាត​សមុទ្រ​អញ្ចឹង ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ក្បាល​ខ្លាំង​ណាស់!!»។ ការ​ពោល​ឡើង​ដូច្នេះ ជួន​កាល​គ្រាន់​ជា​លេស​បន្តិច​បន្តួច​សម្រាប់​យក​រួច​ខ្លួន​របស់​បុរសៗ​ប៉ុណ្ណោះ តាម​ពិត​ទៅ​ក្នុង​នាម​ជា​បុរស​ម្នាក់​ពិត​ប្រាកដ គាត់​ត្រូវ​ព្យាយាម​យក​ចិត្ត​របស់​ខ្លួន​ទៅ​តាម​ស្វែង​យល់ និង​បញ្ជាក់​ឲ្យ​យល់​ពី​ចិត្ត​របស់​មនុស្ស​ ដែល​ខ្លួន​ស្រលាញ់​នោះ​ដោយ​ស្មោះ​អស់​ពី​ដួង​ចិត្ត​ទើប​ជា​ការ​គួរ​សម្រាប់​សុភាព​បុរស​យើង។

តើ​មនុស្ស​ប្រុស​យើង​ត្រូវ​ចាំ​រហូត​ដល់​ពេល​ណា​ទើប​អាច​យល់​ពី​រូប​មន្ត​សម្ងាត់​ក្នុង​ចិត្ត​របស់​មនុស្ស​ស្រី​បាន? ស្រលាញ់​រាប់​អាន​គ្នា ឬ​រួម​រស់​នៅ​ជា​មួយ​គ្នា​អស់​រយៈ​ពេល​ច្រើន​ឆ្នាំ ប្រហែល​ជា​ក្នុង​អំឡុង​ពេល​នោះ អ្នក​ទាំង​ពី​ធ្លាប់​មាន​អនុស្សាវរីយ៍​ដ៏​ផ្អែម​ល្ហែម​និង​គ្នា ឬ​យ៉ាង​រ៉ូមែន​តិច​និង​គ្នា​ក្រោម​ពន្លឺ​ភ្លើង​ទៀន ហើយ​ពេល​ខ្លះ​ក៏​អាច​ឈ្លោះ​ប្រកែក​គ្នា​យ៉ាង​តឹង​សរសៃ​ក​ដាក់​គ្នា​ដែរ។ ជា​រៀង​រាល់​ឆ្នាំ នៅ​ក្នុង​ឱកាស​ណា​មួយ​នោះ ឬ​ក៏​ច្រើន អ្នក​ក៏​ធ្លាប់​ជូន​អំណោយ​ដល់​នារី​ដែល​អ្នក​ស្រលាញ់​នោះ​ដែរ។ ប៉ុន្តែ ក្នុង​នាម​ជា​មិត្ត​ប្រុស ឬ​ស្វាមី (ជា​បុរស​ម្នាក់​ដែល​ស្រលាញ់​នាង) តើ​អ្នក​ធ្លាប់​គិត ឬ​ដឹង​ថា​ការ​ពិត​នារី​ដែល​អ្នក​ស្រលាញ់​ និង​មើល​ថែ​រក្សា​នោះ​ ក្នុង​ចិត្ត​របស់​នាង​តែង​ប្រាថ្នា​ចង់​បាន​អ្វី​ដែរ​ឬទេ? នៅ​ពេល​ខ្លះ​មនុស្ស​មិន​អាច​មើល​យល់​អំពី​ចិត្ត​របស់​មនុស្ស​ស្រី​នោះ​ទេ ដោយ​សារ​តែ​នាង​មាន​ភាព​កំបាំង​ចិត្ត​ទុក​មិន​បង្ហាញ​ចេញ​មក​ក្រៅ ឬ​ក៏​ថា​នាង​មាន​សេចក្តីគោរព និង​ឲ្យ​តម្លៃ​ចំពោះ​ខ្លួន​ខ្ពស់។ ប៉ុន្តែ​បើ​អ្នក​ជា​បុរស​ដែល​ស្រលាញ់​នារី​ម្នាក់​នោះ​ពិត​ប្រាកដ​មែន​នោះ គួរ​ត្រូវ​ដឹង និង​ចេះ​ពិចារណា​អំពី​លក្ខខណ្ឌ/ស្ថានភាព​​មួយ​ចំនួន​ដូច​ខាង​ក្រោមនេះ ហើយ​ខំប្រឹង​ធ្វើ​វាឲ្យ​បាន​ទៅ​គឺ​ប្រសើរ​ណាស់​ទៅ​ហើយ។

មនុស្ស​ស្រី​ចូល​ចិត្ត​ឲ្យ​មនុស្ស​ប្រុស​នៅ​ក្បែរ​នាង និង​ស្តាប់​សម្តី​ចេញ​ពី​ចិត្ត​របស់​នាង​ដោយ​យក​ចិត្ត​ទុក​ដាក់

មនុស្ស​ប្រុស​គឺ​សនិទាន (និយាយ​ហេតុ​ផល ឬ​យក​ហេតុ​ផល​សម្រេច​សេចក្តី) ដូច្នេះ​ហើយ ក្នុង​ចិត្ត​របស់​មនុស្ស​ប្រុស​នៅ​ពេល​ធ្វើ​ការ​សន្ទនា​គ្នា​នោះ តែង​តែ​ស្វែង​រក​នូវ​រឹស​គោល​នៃ​បញ្ហា ដើម​ចង​នៃ​រឿង រួច​ធ្វើ​សុភ័ក្រ្ត​វិនិច្ឆយ​ថា​ត្រូវ​ឬ​ខុស ស ឬ​ខ្មៅ បន្ទាប់​មក​ត្រិះរិះ​រក​មធ្យោបាយ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​។ ទាំង​នេះ​គឺ​ជា​ខ្សែ​ចិត្ត​ ឬ​ផ្លូវ​ដើរ​ក្នុង​គំនិត​របស់​មនុស្ស។ ប្រហែល​ជា​យ៉ាង​ដូចនេះ​ហើយ នៅ​ពេល​និយាយ​គ្នា​ជា​មួយ​និង​មនុស្ស​ស្រី មនុស្ស​ប្រុស​អាច​តែង​តែ កាត់​សម្តី​របស់​មនុស្សស្រី ហើយ​ចេះ​តែ​និយាយ​ពី​គំនិត​របស់​ខ្លួន​ថា​យ៉ាង​នេះ​ថា​យ៉ាង​នោះ ព្យាយាម​រហូត​ឲ្យ​មនុស្ស​ស្រី​យល់​ពី​ហេតុ​ផល​របស់​ខ្លួន ដោយ​មិន​បាន​គិត​ដល់​ថា មនុស្ស​ស្រី​មិន​ចង់​ស្តាប់​មតិ​យោបល់​ពី​គាត់​នោះ​ឡើយ ។ ជា​ជាង​ដូច្នេះ ផ្ទុយ​មក​វិញ​នោះ​គឺ​មនុស្ស​ស្រី​ចង់​ឲ្យ​មនុស្សប្រុស​នៅ​ក្បែរ​ខ្លួន​ និង​ស្តាប់សម្តី​គ្រប់​ម៉ាត់​ដែល​ខ្លួន​បាន​និយាយ​ដោយ​យក​ចិត្ត​ទុក​ដាក់ ហើយ​និយាយ​រហូត​ដល់​ក្នុង​ចិត្ត​របស់​នាង​បាន​ធូរ​ស្បើយ​អស់​ពី​ចិត្ត​ហើយ ទើប​ពេញ​ចិត្ត​ និង​ទទួល​បាន​ភាព​រីក​រាយ​ពី​ដៃ​គូ។

មនុស្ស​ស្រី​ចូល​ចិត្ត​ធ្វើ​មិត្ត​ជា​មួយ​បុរស​ ដែល​ខ្លួន​ស្រលាញ់​ជាង​សង្សារ

ហេតុ​អ្វី​បាន​ជា​មនុស្ស​ស្រី​ចូល​ចិត្ត​ឲ្យ​បុរស​ដែល​ខ្លួន​ស្រលាញ់​ចាត់​ទុក​ខ្លួន​ដូច​ជា​មិត្ត​ភកិ្ត​របស់​គាត់? ពី​ព្រោះ ដើម្បី​ទទួល​បាន​បាន​ស្រលាញ់​រាប់​អាន ការ​គោរព​សិទ្ធិ​ក្នុង​ឋានៈ​ស្មើ​ភាព​គ្នា​រវាង​បុរស​ និង​ស្រ្តី ការ​គោរព​សរសើរ​ពី​ចំណុច​ល្អ​របស់​ខ្លួន និង​យោគយល់​អាធ្យាស្រ័យ​ដល់​ចំណុច​មិន​ល្អ ឬ​ខុស​ឆ្គង​ដែល​មាន​នោះ ហើយ​នាង​ក៏​ពេញ​ចិត្ត​តប​ស្នង​ទៅ​វិញ​នូវ​អ្វី​ដែល​នាងបាន​ទទួល​ពី​បុរស​ដែល​នាង​ស្រលាញ់ និង​គិត​ថា​នឹង​អាច​រួម​រស់​និង​គ្នា​ដល់​ចាស់​។ មនុស្ស​ស្រី​មាន​ភាព​ភ័យ​ខ្លាច​ថា​ខ្លួន​មិន​ស្អាត​គ្រប់​គ្រាន់​ក្នុង​ស្នេហា​ពី​បុរស​ដែល​ខ្លួន​ស្រលាញ់ ដូច្នេះ​នាង​តែង​តែ​ចូល​ចិត្ត​ពាក្យ​សរសើរ​ពី​គាត់ ដូច​ជា​៖ «សក់​របស់​អូន​ស្អាត​ណាស់» ឬ​ក៏ «​ពេល​អូន​ស្លៀក​សំពត់​មួយ​នេះ​ទៅ​គឺ​មាន​សម្រស់​កាន់​តែ​ស្អាត​ទៅ​ទៀត​» ជា​ដើម ។​ល។ នៅ​ពេល​បាន​ឮ​សម្តី​ដូចនេះ​ពី​មាត់​បុរស​ដែល​ខ្លួន​ស្រលាញ់​ហើយ​នោះ វា​អាច​ជា​ថាម​ពល​មួយ​ជំរុញ​លើក​ទឹក​ចិត្ត​ដល់​នាង​ក្នុង​សេចក្តី​ស្នេហា​នេះ ធ្វើ​ឲ្យ​នាង​កាន់​តែ​មាន​ជំនឿ​ជាក់​ ហើយ​សេចក្តី​ស្នេហា​របស់​អ្នក​ទាំង​ពីរ​ក៏​កាន់​តែ​រីក​ចំរើន​ឡើងៗ​ផង​ដែរ។

ជា​នារី​មែន​ពិត ក៏​យក​ការងារ​ជា​ធំ​​ដូច​បុរស​ដែរ

មនុស្ស​ស្រី​កាន់​តែ​ចង់​ឲ្យ​ ឬ​កាន់​តែ​សង្ឃឹម​ថា​បុរស ដែល​ខ្លួន​ស្រលាញ់ឲ្យ​តម្លៃ និង​ចាត់​ទុក​ការងារ​របស់​នាង​សំខាន់ ដូច​ដែល​បុរស​ៗ​​យក​ការងារ​របស់​ខ្លួន​ជា​ធំ​អញ្ចង​ដែរ។ ពិសេស​នៅ​ពេល​លើក​ដល់​ការ​ងារ​របស់​នាង សុភាព​បុរស​យើង​ត្រូវ​ចេះ​ឲ្យ​តម្លៃ និង​យក​ចិត្ត​ទុក​ដាក់​ស្តាប់​ ហើយ​យល់​ពី​ការងារ​របស់​នាង នៅ​ពេល​ដែល​យើង​ចេះ​សម្រប​អំពី​ចំណុច​ការងារ​របស់​មនុស្ស​បាន​ល្អ​ហើយ​នោះ មនោសញ្ចេតនា​ និង​សេចក្តី​ស្រលាញ់​របស់​អ្នក​ទាំង​ពីរ​នឹង​កាន់​តែ​ជ្រាល​ជ្រៅ​ឡើងៗ​មិន​ខាន។

នារីៗ​មិន​ចិត្ត​ងាយ​ដូច​បុរស​ៗ​យើង​ទេ ពិសេស​ធ្លាក់​ក្នុង​អណ្តៅ​ស្នេហ៍

បើ​តាម​ការ​ស្រាវ​ជ្រាវ​មួយ​បាន​ឲ្យ​ដឹង​ថា បុរស​ប្រមាណ​ជា​២៥%​ ក្នុង​ករណី​ស្រាវ​ជ្រាវ​នោះ គឺ​បាន​ចាប់​ចិត្ត​ស្រលាញ់​មនុស្ស​ស្រី​ដែល​ខ្លួន​បាន​ជួប​គ្រា​ដំបូង គឺ​ត្រឹម​តែ​ជួប​គេ​លើក​ទី​មួយ​ប៉ុណ្ណោះ ក៏​ចាប់​ចិត្ត​ប្រតិព័ទ្ធ​បាក់​ស្រលាញ់​គេ​ភ្លាម​ៗ​តែ​ម្តង។ ដែល​ខុស​អំពី​មនុស្សស្រី គឺ​ត្រឹម​តែ​១៥%​​ប៉ុណ្ណោះ​ដែល​ស្រលាញ់​មនុស្ស​ប្រុស​វិញ ប៉ុន្តែ​មិន​មែន​នៅ​លើក​ទី១​​​បាន​ជួប​គ្នា​នោះ​ទេ គឺ​អាច​ស្រលាញ់​បុរស​ ដែល​ខ្លួន​បាន​ជួបពី​​លើក​ទី​៤​ទៅ។ ពីព្រោះ​នៅ​ពេល​ដែល​មនុស្ស​ស្រី​ជ្រើស​រើស​គូស្រករ ជា​ពិត​ណាស់​នឹង​ពិចារណា​មើល​លើ​លក្ខខណ្ឌ​ជាក់ស្តែង​ជា​ច្រើនគ្រប់​បែប​យ៉ាង។ នារី​ៗ​យើង ពិត​ណាស់​គឺ​ប្រាថ្នា​ចង់​បាន​សេចក្តី​ស្នេហា ក៏​ប៉ុន្តែ​នៅ​ទន្ទឹម​និង​គ្នា​នោះ​ដែរ ក្នុង​ចិត្ត​របស់​នាង​ក៏​កំពុង​ពិចារណា​ថា បុរស​ម្នាក់​នេះ​ពិត​ជា​អាច​ទុក​ចិត្ត​បាន​មែន​ឬ​អត់ ពិត​ជា​​អាច​ឲ្យ​នាង​ពឹង​ផ្អែក​ទៅ​ថ្ងៃ​អនាគត​បាន​ឬ​យ៉ាង​ណា? ដូច​នេះ បុរសៗ​យើង​ក្រៅ​ពី​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​រូប​រាង​ខាង​ក្រៅ​របស់​ខ្លួន ដូច​ជា​ម៉ូត​សក់ ការ​ស្លៀក​ពាក់ និង​អកប្បកិរិយា​មួយ​ចំនួន​ខាងក្រៅ​ហើយ​នោះ ត្រូវ​រៀប​ចំ​ចរិតឥរិយា​ឲ្យ​បាន​ថ្លៃ​ថ្នូរ ចិត្ត​ទូលាយ និង​ស្មោះ​ត្រង់គួរ​ឲ្យ​គេ​មើល​ទៅ​ថា​អាច​ពឹង​ផ្អែក​ និង​ចិញ្ចឹម​កូន​ក្រមុំ​គេ​បាន​ពេញ​មួយ​ជីវិត​មែន​ផង។​

មនុស្ស​ស្រី​ចូល​ចិត្ត​លាក់​កំបាំង​នូវ​មនោសញ្ចេតនា​ដ៏​សែន​ជ្រាល​ជ្រៅ​របស់​ខ្លួន

ប្រសិន​បើ​អ្នក​សួរ​សំណួរ​នេះ​ទៅ​កាន់​មនុស្សប្រុស៖ «តើ​របស់​នេះ​អ្នក​បាន​/ទិញ​វា​ពី​ណា​មក» នោះ​គាត់​នឹង​ឆ្លើយ​ប្រាប់​អ្នក​តាម​ត្រង់​វិញ​ភ្លាមថា​គាត់​បាន/ទិញ​ពី​ណា​មក។ ប៉ុន្តែ​ប្រសិន​បើ​អ្នក​សួរ​សំណួរ​ដដែរ​នេះ​ទៅ​កាន់​មនុស្ស​ស្រី​វិញ នោះ​នាង​នឹង​បក​សួរ​អ្នក​វិញ​ភ្លាមថា៖ «​ម៉េច​ទៅ? របស់​នេះ​មាន​បញ្ហា​អី​មែន​បាន​សួរ​ខ្ញុំ​អញ្ចង?​» ។ ដូច្នេះ​នៅ​ពេល​ដែល​អ្នក​ព្យាយាម​ស្វែង​យល់​អំពី​មនុស្ស​ស្រី​មិន​ត្រូវ​សន្និដ្ឋាន​តែ​ម្ខាង ឬ​ចំណុច​មួយ​ដែល​នាង​បាន​បង្ហាញ​ចេញ​មក​នោះ​ទេ អ្នក​ត្រូវ​ព្យាយាម​ស្វែង​យល់​ឲ្យ​បាន​ស៊ី​ជម្រៅ​ជាង​នេះ ពិសេស​គឺ​រឺស​គោល​របស់​វា តាម​រយៈ​រឺស​គោល​ដ៏​ប្រាកដ​បំផុត​ទៅ​ស្វែង​យល់ និង​ស្វែង​រក​ចម្លើយ​ដែល​អ្នក​ចង់​បាន​នោះ។

តាម​រយៈ​ការ​អាន​មួយ​ចំនួន​ខាង​លើ ប្រិយ​មិត្ត​ប្រហែល​ជា​នឹង​យល់​ខ្លះហើយ​មើល​ទៅ​អំពី​អាថ៌​កំបាំង​ក្នុង​ចិត្ត​​របស់​មនុស្ស​ស្រី​នោះ ប៉ុន្តែ​នេះ​នៅ​មិន​ទាន់​ចប់​នៅ​ឡើយ​ទេ យើង​ខ្ញុំ​សូម​អធ្យាស្រ័យ​សុំ​អនុញ្ញាត​ស្លេះ​បង្អង់​អត្ថបទ​នេះ​ត្រឹម​ប៉ុន​នេះ​សិន​ចុះ​ ដើម្បីឲ្យ​ប្រិយ​មិត្ត​បាន​សម្រាក​ភ្នែក​បន្តិច​ រួច​ទើប​​ទៅ​អាន​អត្ថបទ​បន្ទាប់​ជា​បន្ត​ពី​អត្ថន័យ​នៃ​អត្ថបទ​នេះ​បន្ត​ទៀត។

នៅ​មាន​បន្ត អត្ថបទ​៖ «ស្វែង​យល់​ពី​អាថ៌​កំបាំង​ក្នុង​ចិត្ត​នារី​ៗ​ (២)»

Leave a comment