ហេតុ​អ្វី​បាន​ជា​មនុស្ស​ប្រុសចូល​ចិត្ត​សម្លឹង​មើល​មនុស្ស​ស្រី​មិន​ដាក់​ភ្នែក​ដូច្នេះ?

តើអ្នក​ប្រាកដទេថា​ នឹង​មិនចាប់អារម្មណ៍ និង​សម្លឹងមើល​ស្រីស្អាតដោយមិន​ដាក់ភ្នែកនោះ?

លោក អរុណ និង​កញ្ញា សួស្ដី

«មនុស្ស​ប្រុស​នៅ​ពេល​ដែល​បាន​ជូន​គេ​មក​ដល់​មុខ​ផ្ទះ​ហើយ នៅ​ឆ្លៀត​ឲ្យ​គេ​អោប ឬ​ថើប​លា​គ្នា​ទៀត បើ​ថ្ងៃ​ស្អែក​គង់​តែ​បាន​ជួប​គ្នា​ដដែល​នោះ…»

«​មនុស្ស​ប្រុស​នៅ​ពេល​ដែល​បាន​ឃើញ​មនុស្ស​ស្រី​ស្លៀក​ខ្លី គឺ​តែង​តែ​ងាក​មើល​​គេ​មិន​ដាក់​ភ្នែក​ទាល់​តែ​សោះ រហូត​ដល់​គេ​ថា​ឲ្យ​ មើល​ស្អី​ មិន​ដែល​ឃើញ​ស្រី​ស្អាត​ទេ??? ឬ​ដល់​គេ​គេច​ចេញ​ទៅ​បាត់​ទើប​អស់​ចិត្ត… »

មនុស្ស​ប្រុស​គឺ​មាន​ចរិត​មួយ​ ដែល​គួរ​ឲ្យ​អាណិត​ផង គួរ​ឲ្យ​ស្រី​ៗ​ស្អប់​ផង នោះ​គឺ​ជា​ចរិត​មួយ​បើ​យើង​ប្រៀប​ធៀប​ទៅដូច​សត្វ​កន្លង់អញ្ចឹង ហើរ​ត្រឹប (ជញ្ជក់​​ក្រេប) ​កេសរ​​ផ្កា​​ដូច​​ឃ្មុំ​ ពី​ផ្កា​មួយ​ទៅ​ផ្កា​មួយ​ដោយ​ឥត​សំចៃដៃ ត្បិត​តែ​ខ្លួន​មាន​ផ្កា​មួយ​ដែល​ជា​ទី​ស្រឡាញ់​ហើយ​ក៏​ពិត​មែន ក៏​មិន​អាច​បោះ​បង់​ចោល​ផ្កា​ទាំង​ឡាយ​ជា​ច្រើន​ផ្សេង​ទៀត​ដែរ។

យ៉ាង​ដូច​ទៅ​និង​ឧទាហរណ៍​ខាង​លើ​នេះ​ហើយ ទើប​មនុស្ស​ប្រុស​ម្នាក់​នៅ​ពេល​ដែល​មាន​ដៃ​គូ​ស្នេហ៍​ហើយ​នោះ ក៏​ជា​រើយៗ​​នៅ​តែលួច​សម្លឹង​មើល​មនុស្ស​ស្រី​ដទៃ​ទៀត​ដោយ​មិន​ដាក់​ភ្នែក​ដដែល។ ចំណុច​អាក្រក់​នេះហើយ ​​ដែល​ធ្វើ​ឲ្យ​មនុស្ស​ប្រុស​មិន​ចេះ​ស្កប់​សម្រាប់​មនុស្ស​ប្រុស​ បី​ដូចសមុទ្រ​​សាគរ​ទន្លេ​បួន​ដប់​ក៏​នៅ​មិន​ស្កប់​ដូច្នោះ​ឯង។ ករណី​នេះ​ឯង ចំពោះ​មនុស្ស​ស្រី​ ដែល​ប៉ិន​ប្រចណ្ឌ​នោះ មុខ​ជា​ខឹង​ក្រេវ​ក្រោធស្រែក​ឡូឡា​ដាក់​ដៃ​គូ ឬ​ប្តី​របស់​ខ្លួន​មិន​ខាន​នៅ​ពេល​ដែល​ឃើញ​គាត់សម្លឹង​ស្រីៗ​ទាំង​ដៃគូ នៅ​ក្បែរ​ដូច​នេះ។ («​ណែ៎! លោក​ប្តី! ខំ​ប្រឹង​សម្លឹង​មើល​អី? អី​ក៏មើល​ម្លេះ! ចាស់​ហើយ​នៅ​ចង់​ស្រី​ទៀត​មែន? … ») «​មនុស្ស​ប្រុស​នេះ​ណា៎ ឲ្យ​តែ​ភ្លេច​ខ្លួន​គឺ​ដឹង​តែ​លួច​ទៅ​ខូច​ទៀត​ហើយ ពិត​ជា​ធ្វើ​ឲ្យ​ស្រ្តីៗ​ ដែល​ជា​ប្រពន្ទ​ហត់​នឿយ​ណាស់ ព្រោះ​ត្រូវ​នៅ​ចាំ​តាម​ចាប់​សហាយ​រាល់​ថ្ងៃនោះ​អី!!»។

ប្រហែល​ជា​មនុស្ស​ស្រិ​ជា​ច្រើន​អាច​គិត​ដូច​ខាង​លើ​នេះ បើ​ដូច្នោះ​​មែន​មនុស្ស​ប្រុស​ទាំង​អស់​មុខ​ជា​ត្រូវ​ទូល​នូវ​កំហុស​នេះពុំ​ខាន។ ប៉ុន្តែ​ចំពោះ​បញ្ហា​នេះ យើង​ក៏​មាន​ការ​បក​ស្រាយ​មួយ​សម្រាប់​បុរស​ដែរ ព្រោះ​ថា​មនុស្ស​ប្រុស​នៅ​ពេល​ធ្វើ​ការងារ ឬ​ក៏​ធ្វើ​អ្វី​មួយ គឺ​អាច ឬ​ក៏​តែង​តែ​អាច យក​ការងារ​ជាច្រើន​មក​ដាក់​ក្នុង​ពេល​តែ​មួយ។ ឧទាហរណ៍​យ៉ាង​ធម្មតា​មួយ​ទៅ​ចុះ មនុស្ស​ប្រុស​អាច​ធ្វើ​សកម្ម​ភាព​មួយ​ចំនួន​ដូច​ជា ញ៉ាំ​អាហារ​ពេល​ព្រឹក​បណ្តើរអាន​កាសែត​បណ្តើរ ហើយ​ពេល​ខ្លះ​ក៏​បើក​វិទ្យុ​ចោល​ហើយក៏​មើល​ទូរទស្សន៍​ និង​កាត់​ក្រចក​ដៃ​ធ្វើ​មិន​ដឹង​ក៏​មាន​ដែរ។ ដែល​វា​មាន​លក្ខណៈ​ខុស​ពី​មនុស្ស​ស្រី​ បើ​ដាំ​បាយ​ធ្វើ​ម្ហូប​គឺ​ដាំ​បាយ​ធ្វើ​ម្ហូប គឺ​កំរ​ធ្វើ​សកម្មភាព​អ្វី​ផ្សេង​លើស​ពី​នឹង​ខ្លាំង​ណាស់។ ដូច្នេះ​ហើយ នៅ​ពេល​ ដែល​មនុស្ស​ប្រុស​កំពុង​តែ​បណ្តើរ​ដៃ​គូ​របស់​ខ្លួន ហើយ​មាន​មនុស្ស​ស្រី​ផ្សេង​ទៅ​ដើរ​កាត់ គាត់​អាច​នឹង​សម្លឹង​មើល​គេ​មិន​ខាន ដោយ​សារ​តែ​ជា​ទំលាប់​ពី​កំណើត​របស់​មនុស្ស​ប្រុស​ ដែល​ចូល​ចិត្ត​ធ្វើ​សកម្ម​ភាព​ច្រើន​ក្នុង​ពេល​តែ​មួយ កំពុង​តែ​ដើរ​ជា​មួយ​និង​ដៃ​គូ​ក៏​ពិត​មែន​ក៏​ឆ្លៀត​មើល​ស្រី​ផ្សេង​បន្តិច​ដែរ ប៉ុន្តែ​ក្នុង​ន័យ​នេះ ក្នុង​ចិត្ត​របស់​គាត់​មិន​មែន​ចាត់​ទុក​ស្រី​ផ្សេង​ស្អាត​ជាង ឬ​យក​ដៃ​គូ​របស់​ខ្លួន​ទៅ​ប្រៀប​ធៀប​និង​អ្នក​ដទៃ​នោះ​ទេ ហើយ​ក៏​មិន​មាន​អ្វី​ចាប់​អារម្មណ៍​ស្រឡាញ់​ស្រី​ផ្សេង​ងាយៗ​នោះ​ដែរ សូម​កុំ​ច្រលំ។ ក្នុង​ពេល​នេះ ក្នុង​នាម​ជា​មនុស្ស​ស្រី​ និង​ជា​ដៃ​គូ​របស់​គាត់​ត្រូវ​យល់ និង​ជឿ​ជាក់​លើ​អ្នក​ដែល​ខ្លួន​ស្រលាញ់​ទើប​ប្រសើរ។

ចំពោះ​មនុស្ស​ស្រី​ ដែល​អាច​យល់​ពី​ចំណុច​នេះ​បាន​គឺ​មិន​មែន​ជាការ​ងាយ​ស្រួល​នោះ​ឡើយ។ ចំពោះ​បុរស​ ដែល​ខិល​ខូច​គឺ​ចូល​ចិត្ត​មើល​ស្រីៗ​មិន​ដាក់​ភ្នែក​ក្នុង​ន័​យ​មួយ​ផ្សេង អាច​ក្នុង​ផ្លូវ​មិន​ល្អ។ តែ​ចំពោះ​បុរស​ល្អ​គឺ​យើង​ជា​មនុស្ស​អាច​ទុក​ចិត្ត​គាត់​បាន មិន​ឡើយ​សន្មត់​ដោយ​ផ្អែក​លើ​គំនិត «​ត្រី​ស្អុយ​មួយ​ គឺ​ស្អុយ​មួយ​កន្រ្តក​» យក​មក​សន្និដ្ឋាន​​ទាំង​អស់​នោះ ឲ្យ​តែ​មនុស្ស​ប្រុស​សុទ្ធ​តែ​អាក្រក់​មិន​អាច​ទុក​ចិត្ត​បាន​ទាំង​អស់​នោះ។ ត្រូវ​ចេះ​គិត​ពិចារណា​ឲ្យ​បាន​ត្រឹម​ត្រូវ​ផង​មុន​នឹង​សន្និដ្នាន ព្រោះ​អ្វី​ដែល​បាន​រៀប​រាប់​ខាង​លើ​ជា​ចំណុច​នៃ​មូល​ហេតុ​ថាតើ «ហេតុ​អ្វី​បាន​ជា​មនុស្ស​ចូល​ចិត្ត​សម្លឹង​មើល​មនុស្ស​ស្រី​មិន​ដាក់​ភ្នែក​ដូច្នេះ? »​នឹង​ឯង ៕

Leave a comment