នៅក្នុងលោកយើងនេះ ប្រសិនបើគ្មាន«តក្កភាព ឬភាពឡូហ្សិក»ទេ នោះវាមុខជានឹងអាចចលាចលមិនខាន។ ប៉ុន្តែបើចំពោះមនុស្សស្រីវិញ ប្រសិនបើគ្មានគ្មាន «តក្កភាព ឬភាពឡូហ្សិក» បែរជាប្រែទៅជាគួរឲ្យស្រលាញ់ទៅវិញ។
បើនិយាយដូច្នេះ ប្រហែលជាមិនគួរឲ្យអ្នកជឿ ក៏ប៉ុន្តែយើងអាចសាកល្បងមើល និងពិចារណាទាំងអស់គ្នាបាន។
នៅពេលដែលមនុស្សស្រីធ្វើមុខមាំ ហើយនិយាយបែបយកជាការថា អ្នកជាមនុស្សល្អណាស់ ក្នុងពេលនោះ អ្នកគឺគ្មានសង្ឃឹមហើយ ព្រោះគេរាប់អានអ្នកត្រឹមជាមិត្តធម្មតាប៉ុណ្ណោះឯង។ ប៉ុន្តែនៅពេលដែលនាងក្តិច ឬញ៉ឹងត្រចៀក ហើយនិយាយទៅកាន់អ្នកថា៖ «អ្នកខិលណាស់» ឬ «អ្នកខូចណាស់» នៅពេល អ្នកកម្លោះឯងត្រៀមខ្លួនឲ្យហើយទៅ ត្រូវគេកក់ទុកហើយ។
នៅពេលបុរសម្នាក់ទប់ចិត្តមិនបាន មិនប្រយ័ត្នក៏ទៅថើបនារីម្នាក់ ហើយនាងធ្វើដូចអៀនខ្លាំងរួចក៏និយាយថា៖ «គួរឲ្យស្អប់ណាស់បងឯង មិនដឹងជាអីចឹងទេ!» បើដូច្នេះមែននោះ មានន័យថានៅក្នុងចិត្តរបស់នារីនោះ គឺចាប់ចិត្តស្រឡាញ់បុរសនោះដែរហើយ ថាមិនត្រូវក្នុងចិត្តរបស់នាងកំពុងតែគិតថា តើពេលណាគាត់នឹងថើបនាងម្តងទៀតនោះ… ហើយមួយវិញទៀត នៅពេលដែលបុរសម្នាក់សរសើរនារីម្នាក់ថា នាងស្អាតណាស់ដូចជាទេពអប្សរអញ្ចឹង ។ បន្ទាប់ពីលឺសម្តីនេះហើយនារីនោះមុខឡើងក្រហមហើយក៏និយាយកាន់បុរសនោះថា៖ «មិនដឹងជាស្អីទេ ចេញឲ្យឆ្ងាយទៅ» ។ ប៉ុន្តែតាមពិតទៅក្នុងចិត្តរបស់នាងរីករាយ និងសប្បាយចិត្តខ្លាំងណាស់នៅពេលលឺដូច្នេះ គិតចង់តែលឺ ឬឲ្យតែគេនិយាយដាក់នាងអញ្ចឹងម្តងទៀតទេ ដូច្នេះការបញ្ចេញមកក្រៅគឺវាខុសស្រឡះអំពីអ្វីៗដែលនាងកំពុងគិតនៅក្នុងចិត្ត។
នៅពេលបុរសម្នាក់កំពុងបណ្តើរមិត្តស្រីរបស់ខ្លួន បណ្តើរគ្នាតាមផ្លូវ ឬនៅកន្លែងណាមួយ ស្រាប់តែឃើញមាននារីផ្សេងទៀតយ៉ាងស្អាតនៅក្បែរនោះ នារីដែលជាមិត្តស្រីរបស់បុរសនោះ អាចនឹងសួរទៅកាន់មិត្តប្រុសរបស់ខ្លួនថា៖ «បងសម្លាញ់! តើអូនហើយនឹងនារីម្នាក់នោះ បងថាទៅមើលថាម្នាក់ណាស្អាតជាងទៅ?» ហើយបើប្រុសម្នាក់នោះចង់លួងមិត្តស្រីរបស់ខ្លួនឲ្យសប្បាយចិត្តដោយនិយាយកុហកនាងថា៖ «ប្រាកដជាអូនស្អាតជាងហើយ!» ។ នៅពេលនោះបើទោះជាក្នុងចិត្តរបស់នាងពេញចិត្តនូវសម្តីមិត្តប្រុសរបស់ខ្លួននិយាយដូច្នេះក៏ដោយ ក៏នាងនៅតែ ពាក្យចេញពីចិត្តមកដល់មាត់ហើយនៅតែក្រឡាស់ទៅវិញ និយាយពិតដូចលេងសើចដូចពិតថាឲ្យមិត្តប្រុសខ្លួនថា៖ «បងឯងអាក្រក់ណាស់កុហកគេ មេអែបអប!!»។ តែបើបុរសនោះនិយាយការពិតថានារីផ្សេងនោះស្អាតជាងនោះ មិត្តស្រីរបស់គាត់មុខជាតូចចិត្តមិនខាន ថាខ្លួនមិនស្រឡាញ់គេទេ ឃើញស្រីថ្មីស្អាតជាង… ។ ហាហា… បើយកល្អយើងគួរតែនិយាយយ៉ាងដូច្នេះវិញ «មើលទៅសុទ្ធតែជាស្រីស្អាតដូចគ្នា ក៏ប៉ុន្តែភ្នែកអូនរាងធំជាងគេបន្តិច ភ្នែកនាងឡើងលឹប ស្អាតមិនដល់អូនទេ អូនមើលទៅចឹងមែនអត់?» នៅពេលនោះមិត្តស្រី ពិតជាអត់អស់សំណើរមិនបើក៏សើចឡើងមិនខាន ។ ក្នុងស្ថានការដូចនេះ បុរសដែលឆ្លាតត្រូវរៀនប្រែប្រួលតាមស្ថានភាព ស្មោះត្រង់ និងពិតសច្ចៈ គឺជារឿងល្អ ប៉ុន្តែពេលខ្លះក៏ត្រូវបត់បែនខ្លះៗដែរ ដូចពាក្យចាស់ថា៖ «ផ្លូវត្រង់កុំបង់ ផ្លូវវាងកុំចោល» ដូច្នោះឯង ក៏ប៉ុន្តែកុំសូវបោកគេច្រើនពេក គង់មានថ្ងៃ »តម្រិះជិះកឯងមិនខាន» ធ្វើរឿងអាក្រក់ច្រើន គង់តែមានថ្ងៃអសោចកេរ្តិ៍ទេ។
«តក្កភាព ឬភាពឡូហ្សិក» របស់មនុស្សស្រីគឺ មាត់ខុសពីចិត្ត ហើយក៏អាចថាគ្មានឡូហ្សិកដែរ។ ហើយភាពគ្មានតក្កភាព ឬឡូហ្សិករបស់មនុស្សស្រីនេះឯងដែល បណ្តុះឲ្យបុរសចេះខិលខូច កុហកបោកបញ្ឆោតប្រពន្ធ ឬមនុស្សស្រីផ្សេងទៀត ងាយធ្វើឲ្យបុរស ដែលស្រូតបូត បើទោះពូកែយ៉ាងណាក៏គង់តែឈឺក្បាលដោយសារមនុស្សស្រីមិនខាន ឈឺក្បាលរាល់ថ្ងៃមិនយល់ថានាងចង់បានអីឲ្យប្រាកដ។ មនុស្សប្រុសភាគច្រើន ដែលពិបាករកសង្សារ ឬប្រពន្ធ គឺដោយសារតែមិនអាចយល់ពីចិត្តរបស់មនុស្សស្រីដូច្នេះឯង និយាយស្តីសោះកក្រោះ គ្មានរស់ជាតិ មិនដូចបុរសមួយចំនួន ដែលនារីឲ្យងាយថាជាបុរសខិលខូលនោះ បែរជាឆាប់រកបានទៅវិញ។
ដូច្នេះ បើចង់យល់ឲ្យច្បាស់ពីចិត្តរបស់មនុស្សគឺមិនមែនជាការងាយស្រួលនោះទេ។ ពិសេសបើទោះជាបុរសនោះ ជាបុគ្គលដែលពេញទៅដោយចំណេះដឹង ស្អាតសង្ហារ ចរិតស្រូតបូត ទន់ភ្លន់ មិនចេះលេងសើច ត្រឹមត្រូវខ្លាំងជាដើម ក៏ដោយ បើមិនចេះយល់ចិត្តនិងលួងលោមមនុស្សស្រីឲ្យត្រូវនោះទេ គឺពិតជាពិបាកមិនខាន។ សំខាន់ គឺឲ្យត្រូវចំណុច តក្ក ឬឡូហ្សិករបស់មនុស្សស្រីតែម្តង ៕