៣ចំណុចជាមូលហេតុនាំឱ្យអ្នកមិនចេះលត់ដំខ្លួន

ដូចដែលខ្ញុំបាន​លើកឡើងរួចមកហើយ ក្នុងអត្ថបទមុន «ទម្លាប់ដ៏ធម្មតាទាំង៧ បង្កើត​អឆ្ឆរិយភាពនៃការលត់ដំខ្លួន» ប៉ុន្ដែ អាចនឹងមានអ្នកដែលគាត់ធ្វើពុំបាន ឬ​មិនចេះលត់ដំខ្លួន ដូចនេះ យើងមកនិយាយពីដើមចងមួយចំនួននៃបញ្ហានេះម្ដង។ ការដែលអ្នកមិនចេះលត់ដំខ្លួន មានមូលហេតុសំខាន់គឺ ស្ថិតនៅលើបីចំណុចដូចខាងក្រោម៖

១. មិនព្រមទទួលការកែប្រែ ឬផ្លាស់ប្តូរខ្លួន

ដើម្បីកែប្រែ ឬផ្លាស់ប្តូរខ្លួនឲ្យបានកាន់តែប្រសើរនោះ ជាដំបូងត្រូវតែចេះផ្លាស់ប្តូរវិធី​សា​ស្ត្រ​ក្នុង​ការ​គិត​ពិចារណា និង​លំនាំឥរិយាបថរបស់ខ្លួន។ ត្រូវផ្លាស់ប្តូរទំលាប់អាក្រក់ទាំងអស់របស់ខ្លួនដែលមាន។

តាមពិតទៅកម្លាំង និងសមត្ថភាពរបស់មនុស្សម្នាក់ៗគឺមិនខុសគ្នាប៉ុន្មាននោះទេ។ អ្វីដែលខុសគ្នា​ឆ្ងាយ​គឺស្ថិតនៅលើលំនាំនៃការគិត​ពិចារណា​របស់​មនុស្ស​ម្នាក់ៗ​ប៉ុណ្ណោះ​។ បើយើងយកបញ្ហាមួយឲ្យ​មនុស្ស​ដែល​ជោគ​ជ័យ និងអ្នក​ដែល​បរាជ័យ​វិភាគ នោះ​ពិត​ជា​ទទួល​បាន​នូវ​ចម្លើយដែល​ខុស​គ្នា​ឆ្ងាយ​មិន​ខាន មូលហេតុ​ដែល​ធ្វើ​​ឲ្យ​យើង​​បរាជ័យ​​នោះ​គឺ​ស្ថិត​នៅ​លើ​ការគិតរបស់យើង​មិន​ជោគជ័យ​ដូចគេ​។

វិធីសាស្រ្តដែលល្អមួយសម្រាប់ផ្លាស់ប្តូរនោះគឺ ដំបូងយើងត្រូវបណ្តុះនូវ​ថ្នក់​គំនិត​ចេះ​ធ្វើ​ការពិចារណា ទើប​យើង​អាច​ប្រមូល​ភោគ​ផល​ចេញ​ទៅ​ជា​ទង្វើ ឬ​ឥរិយាបថ​របស់​យើង បន្ទាប់​​មក​យើង​បណ្តុះ​នូវ​គ្រាប់​ពូជនៃទង្វើ ឬ​ឥរិយា​បថ​ល្អទាំងនោះ ទើបយើងអាចទទួលបាន​ភោគ​ផល​ជា​ទំលាប់ ហើយ​យើង​បណ្តុះ​នូវគ្រាប់​ពូជនៃ​ទំលាប់​ទាំង​នោះ ទើបយើងអាចទទួលបានភោគផលជាបុគ្គលិក​លក្ខណៈ​របស់​យើង រួចមកទៀតយើង​បណ្តុះ​នូវគ្រាប់​ពូជ​នៃ​​បុគ្គលិក​លក្ខណៈ​នេះ ដើម្បី​កំណត់​នូវ​ជោគ​វាសនា​របស់​យើង​ត​ទៅ​ថ្ងៃខាន​​មុខ។ ប៉ុន្តែ​បើ​យើង​នៅ​តែ​បន្ត​ដាំ​ដុះ​នូវ​ពូជ​មិន​ល្អ​ទៀត​នោះ ភាព​​បរាជ័យ​​នឹង​កើតមាន​ក្នុងជីវិត​របស់​យើង​បន្ត​ទៀត​មិន​ចេះ​ចប់​ជាក់​ជា​មិន​ខាន។ ទោះយ៉ាង​នេះ​ក្តី​ក៏​មានមនុស្ស​ជាច្រើន​ដែល​បាន​ដឹង​ពីទំលាប់​អាក្រក់​របស់​ខ្លួន​ហើយ​នៅ​តែ​បន្ត​ធ្វើ​វា​ទាំង​រីករាយ​ទៀត ព្រោះ​ថា​ពួក​គាត់​មិន​ចង់​ប្រឈម​មុខ​នឹង​សេចក្តី​ឈឺចាប់​ដែលនឹង​អាច​កើត​មាន​នៅ​ពេល​ដែល​គាត់ចាប់ផ្តើមធ្វើការផ្លាស់ប្តូរនោះ។

២. ចេះតែនិយាយដើមអ្នកដទៃពីក្រោយខ្នង

តាមពិតឥរិយាបថនេះ គឺកើតចេះពីទម្លាប់ និង​ផ្នត់គំនិតរបស់មនុស្ស មិនថា​នៅប្រទេសណានោះទេ ប្រសិនបើយើងជាមនុស្សដែលចូលចិត្តជជែកតែពីមនុស្សនេះអញ្ចេះ មនុស្ស​ម្នាក់​នោះ​អញ្ចោះ នោះ​គង់​មាន​ថ្ងៃ​ណា​មួយ ឬ​ពិត​ជាមាន​អ្នក​ដទៃ​និយាយ​ដើម​អំពី​យើង​វិញ​មិន​ខាន​។ ព្រោះ​ថា​មនុស្ស​ដែល​ចេះ​តែ​ថា​គេ​ឯង​មិន​ល្អ គឺ​ពិត​ណាស់​មិន​មែន​ជា​មនុស្ស​ល្អ​ទេ​។ ដូចនេះ យើងត្រូវគិតពិចារណលើទម្លាប់ និង​រៀបចំផ្នត់គំនិតយើងជាថ្មីឡើងវិញ ដោយ​ចេះគិតពិចារណាឱ្យបាន​ច្រើនជ្រុង។

៣. មានគំនិតអវិជ្ជមាន ចេះតែបន្ទោសគេបន្ទោសឯង

និយាយ​ឱ្យត្រង់ទៅចុះតើយើងចូលចិត្តមនុស្សប្រភេទណាទៅ? មនុស្សដែលត្អូញត្អែរ ចេះតែកើតទុក្ខព្រួយ បន្ទោសគេឯង ឬក៏ ចូល​ចិត្ត​មនុស្ស​​ដែល​សប្បាយ​រីក​រាយ នឹង​នាំ​នូវ​ភាព​រីក​រាយ​ដល់​អ្នក​ដទៃ? តើយើងគឺជាមនុស្សមានគំនិតអវិជ្ជមាន ចេះតែត្អូញត្អែរ ចេះតែកើតទុក្ខព្រួយ ចេះ​តែ​បន្ទោស​គេ​បន្ទោស​ឯង​ឬ? បើ​ដូច្នោះ​មែន យើងគួរតែផ្លាស់ប្តូរនូវអត្តចរិយាទាំងនេះ មិនអញ្ចឹងទេយើងនឹងមិន​អាច​ចូល​​ចំណោម​គេ​​ឯង​​ចុះ​ទេ ហើយ​ក៏កុំ​សង្ឃឹម​ថា​អាច​ធ្វើ​ការ​សហការ​ការងារ​ជាមួយ​និង​អ្នក​ដទៃៗ​ទៀត​បាន​នោះ​។

ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់យើង កាលណាដែលយើងធ្វើយ៉ាងណាចំពោះអ្នកដទៃ គេឯង​ក៏​ធ្វើ​យ៉ាង​ដូច្នោះ​ចំពោះ​យើង​វិញ​ដែរ ហើយ​​បើ​យើង​​សកម្ម និងវិជ្ជមានចំពោះការរស់នៅ និងអ្នកដទៃ នោះទើបយើង​អាច​រស់​នៅ​បាន​ប្រសើរ។ បុគ្គល​ដែល​ជោគជ័យ​គឺ មិន​​មាន​​គំនិត​អវិជ្ជមាន ចេះតែបន្ទោសគេបន្ទោសឯងទេ ហើយ​បុគ្គល​ដែលមាន​គំនិត​អវិជ្ជមាន ចេះតែ​បន្ទោស​គេ​បន្ទោស​ឯង​គឺ​ជាបុគ្គល​ដែល​បរាជ័យ​ហើយ​។

ជាចុងក្រោយ ខ្ញុំសង្ឃឹមថា ៣ចំណុចខាងលើ នឹង​អាចជួយដល់អ្នកក្នុងការរៀបចំទម្លាប់ ផ្នត់គំនិត និង​ធ្វើការលត់ដំខ្លួន ដើម្បីភាពជោគជ័យក្នុងជីវិត។ 

Leave a comment