ការ​ប្រមាទ ៥ យ៉ាង​ដែលអ្នកត្រូវ​​ជំនះ ដើម្បីភាព​ជោគជ័យ​ក្នុង​ជីវិត

ការ​ប្រមាទ ៥ យ៉ាង​ដែលអ្នកត្រូវ​​ជំនះ ដើម្បីភាព​ជោគជ័យ​ក្នុង​ជីវិត ថាតើ​ការ​ប្រមាទ​មាន​ន័យ​យ៉ាង​ដូចម្ដេច និង​មាន​អ្វី​ខ្លះ​ទៅ ដែល​យើង​ត្រូវ​ស្វែង​យល់ និង​ជំនះ​វា​ឱ្យបាន​នោះ។

ដោយ​យោង​តាម​វចនានុក្រម សម្ដេច​សង្ឃរាជ ជួន ណាត ពន្យល់​ពាក្យ​ថា​ «ប្រ​មាទ» នេះ គឺ​មកពី​ភាសាបាលីសំស្ក្រឹត (បា. សំ.) ថា «បមាទ» និង​មាន​ថ្នាក់ពាក្យ​ជានាម ដោយ​ន័យ​សេចក្ដី​​ជា​ការ​​ភ្លេច​​ស្មារតី​​ ​ការ​ធ្វេសស្មារតី ​ការ​ធ្វេស​ប្រហែល​ រីឯថ្នាក់ពាក្យជា​កិរិយាស័ព្ទវិញមាន​ន័យ​ថា ភ្លេច​​ ធ្វេស ​ប្រហែល​។ 

មនុស្ស​យើង​គ្រប់រូប មិន​ថា​នរណានោះទេ តិច​ក្ដី​ច្រើន​ក្ដី តែង​តែ​មាន​ចិត្ត​ប្រមាទ​ជានិច្ច ដែល​យើង​គួរ​គម្បី​ស្វែង​យល់ និង​ហ្វឹក​ហាត់ចិត្ត​​មិនគួរឱ្យ​មាននូវក្ដីប្រមាទ​ក្នុង​ខ្លួន​ទេ ព្រោះថាសេចក្ដី​ប្រមាទ​ទាំងនេះ ជាហេតុដែលនាំឱ្យយើង​ទទួល​នូវបរាជ័យ។ 

ការ​ប្រមាទ ៥ យ៉ាង​ គឺ​ត្រូវ​បាន​លើក​ឡើង​នៅក្នុងពុទ្ធឱវាទ ដែល​បាន​ពោលថាជា ការ​ប្រមាទ​ ៥ ប្រភេទដែលបុគ្គលគ្រប់រូបគួរតែវៀរចាក ដើម្បី​ទទួល​ភាព​ជោគជ័យ​ក្នុង​ជីវិត ហើយការប្រមាទទាំង ៥​ យ៉ាង​នេះ​រួមមាន៖ (១) ការ​ប្រមាទ​ក្នុងវ័យ (២) ការ​ប្រមាទ​ក្នុង​ការសក្សា (៣) ការ​ប្រមាទ​ក្នុងការងារ (៤) ការ​ប្រមាទ​ក្នុង​ពេលវេលា និង​ (៥) ការ​ប្រមាទ​ក្នុងការបដិបត្តិធម៌។

១. ប្រមាទក្នុងវ័យ

ជា​ធម្មតាក្មេង​វ័យជំទង់ដែល​ទើប​នឹង​ពេញ​វ័យ​កម្លោះ​ក្រមុំ រមែងតែ​ជៀស​មិនផុត​ពី​ភាព​អូសទាញនៃភាពស៊ីវីល័យ​ក្នុងសង្គម ពួក​ចូល​ចិត្ត​ចង់​ឃើញ ចង់​ដឹង​នូវ​អ្វីដែល​ប្លែកៗ​ និង​ថ្មីៗ និង​ឆាប់​ជាប់​ចិត្ត ហើយ​ត្រូវបាន​គេ​អូស​ទាញ​ឱ្យ​ជក់​ចិត្ត​ក្នុង​ស្ថានភាព​ទាំងនោះ ធ្វើ​ឱ្យ​មាន​ការ​ស្រវឹងក្នុងវ័យកម្លោះក្រមុំ មិនគិតដល់សីលធម៌ សុជីវធម៌ ឬរក្សាខ្លួនឱ្យបានត្រឹមត្រូវដោយភ្លើតភ្លើនតាមសង្គមស៊ីវីល័យអូសទាញ។ អ្វី​ៗ​ទាំងនេះ សុទ្ធ​ជា​ការ​ប្រមាទ​ក្នុង​វ័យ​របស់​មនុស្ស​គ្រប់​រូប​នៅ​ពេល​កំពុង​លូត​លាស់រីក​ចម្រើន​ ដូចនេះ ពួក​យើង​គួរ​​គប្បី​​កុំ​ប្រមាទ និង​បណ្ដោយ​ខ្លួន​ភ្លើត​ភ្លើន​ទៅ​តាម​វ័យ​ដូច្នេះ​ឡើយ។

២. ប្រមាទ​ក្នុង​ការសិក្សា

ទៅ​តាម​អាយុ​ និង​វ័យ ការ​រីក​ចម្រើន​លូត​លាស់​របស់​មនុស្ស​ម្នាក់ៗ រមែង​តែ​ត្រូវ​ឆ្លង​កាត់​ការ​សិក្សា​រៀនសូត្រទាំងអស់​ចាប់​តាំង​ពី​កើត​មក​រហូត​ដល់​ស្លាប់​ទៅវិញ។​ មាន​ទាំង​រៀន​អង្គុយ រៀន​ដើរ រៀន​និយាយ​ជាដើម រហូត​ដល់​ធំ​អាច​ចូល​សាលា​រៀន​បាន​ ចាប់​ផ្ដើម​រៀន​អក្សរ រៀន​សរសេរ រៀន​ប្រាស្រ័យ​ទាក់ទង​គ្នា ហើយ​បង្កើន​ចំណេះ​ដឹង​បណ្ដើរ​ៗ​ពី​មូល​ដ្ឋាន​​ដល់​ចំណេះ​ជំនាញ​ណា​មួយ ឬ​ច្រើន ហើយ​ទាំង​នេះ​សុទ្ធ​សឹង​ជា​ភាព​រីក​ចម្រើន​ធំធាត់​របស់​យើង​ម្នាក់។ 

ប្រសិន​បើ​យើង​ខ្ជិលរៀន ខ្ជិលចូល​សាលា ខ្ជិលធ្វើកិច្ច​ការ​ថ្នាក់ ខ្ចិលស្ដាប់គ្រូបង្រៀន ខ្ជិលសួរ ខ្ជិលកត់មេរៀន ខ្ជិល​មិន​ធ្វើ​អ្វី​គ្រប់​យ៉ាង​ ដែល​ជា​ដំណើរ​រីក​ចម្រើន​ទៅ​មុខ​របស់​យើង​ទាំង​នេះ​ នោះ​ជា​ការ​ប្រមាទ​ក្នុង​ការ​សិក្សា​ យើង​នឹង​ពុំ​ទទួល​បាន​អ្វី​ទាំងអស់​ក្នុង​ជីវិត បី​ដូច​ជា​យើង​រស់​នៅ​ដោយ​ពុំ​មាន​ប្រយោជន៍​អ្វី​ទាំងអស់។ ដូចនេះ​ យើង​គួរគប្បីជៀសវា​ពី​ការ​ប្រមាទ​ក្នុង​ការសិក្សា ដើម្បី​ឱ្យ​ដំណើរ​ជីវិត​យើង​បាន​ប្រសើរ និង​ពោលពេញ​ដោយ​ចំណេះ​វិជ្ជា​ ជាបុគ្គល​ប្រកប​ដោយ​ធនធាន​សម្រាប់​សង្គម​ជាតិ។

៣. ប្រមាទក្នុងការងារ

ការ​ប្រមាទ​ក្នុង​ការងារ មិន​ខុស​ពី​ការ​ប្រមាទ​ក្នុង​ការសិក្សា​ប៉ុន្មានទេ គឺសំដៅ​លើ​ការ​ខ្ជិល​ច្រអូស​ក្នុង​ការបំពេញ​ការងារ ខ្ជីខ្ជាចំពោះការងារនៅក្នុងដៃ ឬខ្ជិលរៀបចំខ្លួន ខ្ជិលសម្អាត ខ្ជិលរកស៊ីធ្លាក់ខ្លួនប៉ោឡែ ជាហេតុធ្លាក់លង់នៅក្នុងអំពើអបាយមុខជាដើម។ ការ​ប្រមាទ​ក្នុង​ការងារ​បែប​នេះ ជា​ឧបគ្គ​រារាំង​ដល់​ភាព​ជោគជ័យ​របស់​បុគ្គល​ម្នាក់​ៗ​ទាំង​ក្នុង​ការងារ​ប្រចាំ​ថ្ងៃ​ផ្ទាល់ និង​ជីវិតផង​ដែរ។ ដូចនេះ យើង​ពុំ​គួរ​គម្បីប្រមាទ​ក្នុង​ការងារ​ឡើយ ដើម្បី​ឱ្យ​ដំណើរ​ជីវិត​យើង​បាន​ប្រសើរ និង​ប្រកប​ទៅ​ដោយ​ភាព​ជោគជ័យ​ក្នុងជីវិត។

៤. ប្រមាទក្នុងពេលវេលា 

ក្នុង​ដំណើរ​ជីវិត​របស់​យើង​គ្រប់គ្នា ពេលវេលា​គ្រប់ដណ្ដប់​លើ​ខ្លួន​យើង​សឹង​តែ​ទាំង​ស្រុង​ហើយ ​​មិន​ថា​ក្នុង​វ័យ​ ការ​សិក្សា​ ការងារ ការ​រស់នៅ​នោះ​ទេ ឱ្យ​តែ​បណ្ដែត​បណ្ដោយ​​ពេលវេលា​កន្លង​ផុត​ទៅ​ដោយ​អត់ប្រយោជន៍ មិនខំប្រឹងប្រែងរៀនសូត្រ មិនខំធ្វើការ មិនខំរកស៊ី រវល់តែដើរលេងសើចសប្បាយ ឬចំណាយពេលទៅដោយឥតប្រយោជន៍។ ដោយ​ឡែក​យើង​គ្រប់​គ្នា សុទ្ធ​មាន​ពេល​វេលា​ដូច​គ្នា និង​ស្មើៗ​គ្នា​ទាំងអស់ ប៉ុន្ដែ​មាន​អ្នក​ខ្លះ​បំពេញ​ការងារ​បាន​ច្រើន និង​ទទួល​បាន​ជោគជ័យ​ជានិច្ច ហើយ​ក៏មាន​អ្នក​ខ្លះ​ធ្វើ​មិន​បាន​ សឹង​តែពុំ​បាន​ធ្វើ​អ្វី​ទាល់​តែសោះ។ អ្នក​ធ្វើ​មិន​បាន ឬ​តែ​តែង​ជួប​ប្រទះ​ភាព​បរាជ័យ​ទាំង​នេះ​ដោយ​សារ​ពួក​មាន​ការ​ប្រមាទ​ក្នុង​ពេល​វេលា​នេះឯង ដូចនេះហើយ យើង​ពុំ​គួរ​គម្បីប្រមាទ​ក្នុង​ការប្រើ​ប្រាស់​ពេលវេលា​ឡើយ ដើម្បី​ឱ្យ​ដំណើរ​ជីវិត​យើង​បាន​ប្រសើរ និង​ប្រកប​ទៅ​ដោយប្រសិទ្ធិភាព​ក្នុងជីវិត ការ​ប្រើប្រាស់​ពេល​វេលា​ឱ្យ​ត្រូវ​កម្រិត​គឺ​ចាំបាច់​បំផុត។

៥. ប្រមាទនៅក្នុងការបដិបត្តិធម៌

ដោយ​សារ​ប្រទេស​កម្ពុជា​យើងបាន​ប្រកាន់យក​សាសនា​ព្រះពុទ្ធ​ជា​សាសនាជាតិ ដូច​នេះ​ការ​បដិបត្តិ​ធម៌​ទៅ​តាម​កន្លង​នៃ​សាសនា​ជា​ការ​បដិបត្តិ​ដ៏​ត្រឹម​មួយ​សម្រាប់​យើង​គ្រប់​គ្នា ដោយ​ឡែក​បើ​ទោះ​មិន​លើ​ក​ឡើង​ពី​សាសនា​មក​គោរព​បដិបត្តិ​ក្ដី ការ​បដិបត្តិ​ធម៌​ជា​កិច្ច​ដ៏​ប្រពៃ​មួយ​សម្រាប់មនុស្ស​គ្រប់រូប មិនថា​ប្រុស​ស្រី ក្មេង​ចាស់ វណ្ណៈ​កម្រិតណាក្ដី។ ដើម្បី​ឱ្យ​ការ​ប្រកប​កិច្ច​ និងជីវិត​យើង​គ្រប់គ្នាបាន​បន្ដ​ដំណើរ​ឆ្ពោះ​លើ​ផ្លូវ​ប្រសើរ ត្រឹមត្រូវនោះ យើង​គ្រប់រូប​ត្រូវ​មានគំនិតយល់ថា ធម៌អាថ៌ សីលទាន គឺពុំ​មែន​សម្រាប់តែ​ចាស់ព្រឹទ្ធាចារ្យ ឯយើងនៅក្មេងគឺកុំទាន់ធ្វើនោះ​ឡើយ យើង​ត្រូវ​រៀន​បដិបត្តិ​ធម៌​ពី​ក្មេង​ឱ្យ​ហើយ កុំឡើយដូច​ពាក្យ​ចាស់​លោក​ពោលថា៖ «ពីក្មេង​ពេញ​កម្លាំងពុំ​សង្វាតកិច្ច​ការ លុះ​វ័យ​ចាស់​​ជរា​កាល​រក​​ធ្វើ​អ្វី​ពុំ​បាន​» ។ ដូចនេះហើយ យើង​ពុំ​គួរ​គម្បីប្រមាទ​ក្នុង​ការបដិបត្តិធម៌ឡើយ ដើម្បី​តម្រង់​ដំណើរ​ជីវិត​យើង​បានត្រឹមត្រូវ​ពី​វ័យ​ក្មេង លុះ​ចាស់​ព្រឹទ្ធ​កាល​ណា​ពុំ​ស្ដាយ​ពេលវេលា​កាល​ពី​ក្មេង​ពុំ​បាន​បដិបត្តិ ៕

Leave a comment