ការតាំងចិត្ត គឺជាការយកឈ្នះខ្លួនឯង

យើងគ្រប់គ្នាតែងតែគិតថា គ្រប់យ៉ាងគឺមានការលំបាកធំប៉ុនភ្នំ ហើយងាយនឹង​ឆាប់បោះបង់ការតាំងចិត្តនោះជានិច្ច។ តើ​ការតាំងចិត្តរបស់យើងម្នាក់ៗពិតជាផុយស្រួយយ៉ាងដូច្នេះឬ?

ចំពោះសំណួរនេះបានធ្វើឲ្យ​ខ្ញុំនឹកឃើញកាលពីច្រើនឆ្នាំមុន ផ្ទះខ្ញុំនៅជិតស្ដាតនៅឡើយនោះ សឹងតែរាល់ព្រឹកចុងសប្ដាហ៍ ខ្ញុំតែងតែទៅរត់ហាត់ប្រាណនៅស្ដាត។ ថ្ងៃមួយក៏ចាប់អារម្មណ៍ឃើញឪពុកម្នាក់កំពុងបង្រៀនកូនស្រីរបស់គាត់ អាយុប្រហែលជា៧ ឬ៨ឆ្នាំឲ្យជិះកង់នៅបរិវេណ ដែលខ្ញុំរត់កាត់នោះ។ មើលទៅជាថ្ងៃដំបូងដែលគាត់រៀនជិះកង់ហើយ ទើបចេះតែដួល​អញ្ចឹង។ ក្រោយមក ក៏ឃើញឪពុកគាត់យកឈើមួយដើមរាងមាំ ចងទទឹងនឹងកែបក្រោយ ធ្វើដូចនេះ នៅពេលដែលកង់នោះ រៀបនឹងដួលទៅម្ខាងណា ម្ខាងនៃឈើនោះនឹងដល់ដីមុន ទប់មិនឲ្យកូនគាត់ដួលត្រូវដីនោះឡើយ។ (មើលទៅឪពុកខ្លាចកូនដួលត្រូវរបួសខ្លាំងទើបធ្វើដូច្នេះ) 

មួយម៉ោងក្មួយម៉ោងក្រោយមក នៅពេលខ្ញុំរត់កាត់ ហើយទៅជិតទីនោះម្ដងទៀត ក៏ឃើញឪពុកបានចាប់ផ្ដើម​ស្រាយឈើនោះចេញ ហើយក៏ចាប់ផ្ដើមឲ្យកូនគាតរៀនជិះដោយខ្លួនឯងម្ដង។ ភ្លាមនោះ កូនរបស់គាត់ជិះខ្លួនឯងបានត្រង់ផ្លូវបន្ដិច ក៏ចាប់ផ្ដើមមានអារម្មណ៍មិនស្ងប់ក្នុងចិត្ត ណាមួយដឹងថាគ្មានអ្វីជំនួយផង ណាមួយខ្លាចចេះតែដួលនឹងដូចមុននឹងផង ហើយឃើញឪពុកកាន់តែនៅឆ្ងាយពីខ្លួនទៀត កង់ក៏ចាប់ផ្ដើមរេចុះរេឡើង រៀបនឹងដួលផ្អឹបនឹងដីហើយនោះ ក្មេងនោះក៏ស្រាប់តែហ៊ានបោះជំហានទី១របស់គាត់មកទប់នឹងដីមិនឲ្យដួលទាន់ បើពុំដូច្នោះទេ គាត់ប្រហែលជាដួលដេកធ្លាក់នឹងភក់ នៅនឹងកន្លែងនោះមិនខាន។

ឪពុកគាត់ក៏ស្រែកប្រាប់ពីទីឆ្ងាយមកថា៖ «កុំរំពឹងទៅលើអ្វីក្រៅពីខ្លួនឯងឲ្យសោះ ទោះជារឿងអ្វីក៏ដោយ ត្រូវជឿ និងចេះជួយខ្លួនឯង ទើបជាជំរើសដ៏ប្រសើរ ជាពិសេស នៅពេលដែលជួបប្រទះបញ្ហាភ្លាមដូច្នេះ កូនហ៊ានឈានមួយជំហានរបស់ខ្លួនចេញមកទប់ខ្លួនមិនឲ្យដួល កូននឹងមិនងាយនឹងដួលនៅលើកក្រោយទៀតទេ»​ ។

ជាការពិត​ណាស់ ការ​យក​ឈ្នះ​លើខ្លួន​ឯង វា​លំបាក​ខ្លាំង ហើយ​ហត់​ហឿ​យ​ជាង​ការ​យក​ឈ្នះ​ទៅ​លើ​ដៃ​គូ​ប្រកួត ឬ​អ្វី​ដទៃ។ ប៉ុន្ដែ ការ​លំបាក​ ឬ​ភាព​ហត់​ហឿយ​ទាំង​នេះ គឺ​មាន​រយៈ​ពេល​ខ្លី​បំផុត ហើយ​ទើប​ជា​ការ​ឈ្នះ​ពិត​ប្រាកដ​របស់​ខ្លួន​យើង​ក្នុង​ជីវិត។ នៅ​ពេល​ដែល​យើង​បានតាំងចិត្ត និងហ៊ាន​ឈាន​១ជំហាន​នេះ​ចេញ​មក​ដូច​ក្មេង​ស្រី​នេះ​ហើយ យើង​នឹង​លែង​ជា​សត្វ​កង្កែប ដែល​នឹង​ត្រូវ​ស្លាប់​ក្នុង​ទឹក​ក្ដៅ ដោយ​សារ​គំនិត​ភ័ណ​ច្រលំពី​គ្រា​ដំបូង​ថា​ទឹក​នោះ​នឹង​នៅ​ត្រជាក់​រហូត។

តាមរយៈទិដ្ឋភាពដែលខ្ញុំ​បាន​ជួបជាក់ស្ដែងខាងលើ ធ្វើឲ្យ​ខ្ញុំកាន់តែយល់ច្បាស់ពីការតាំងចិត្ត​របស់មនុស្សម្នាក់ ដោយយក​ក្មេងស្រី និង​ឪពុកគាត់ខាងលើជាឧទាហរណ៍ស្រាប់ ការតាំងចិត្តពិតប្រាកដ គឺជាការយកឈ្នះលើខ្លួនឯង។ ហើយមូលហេតុដែលធ្វើឲ្យគ្រប់គ្នាងាយបោះបង់ចោលការតាំងចិត្ត ឬសេចក្ដីខិតខំប្រឹងប្រែងនោះគឺ ពុំមែនមកពីភាពលំបាកនៃបញ្ហា ឬឧបសគ្គទាំងឡាយនៅចំពោះមុខនោះទេ​ តែគឺជាភាពងាយស្រួល និង​ផាសុខភាពឯណោះទេ ដែលបានធ្វើឲ្យ​ម្នាក់ៗគិតថា​ មាន​គេចាំជួយខ្លួន ដូចក្មេងស្រីមាន​ឳពុកគាត់ ដូចសត្វសង្កែបដេកស្រួលក្នុងទឹកក្ដៅអុនៗ ដោយមិនដឹងខ្លួនថា កំពុងនៅក្នុង​ឆ្នាំងស៊ុបនឹងពុះបន្ដិតម្ដងៗដល់ខ្លួនឆ្អិនស្លាប់នោះឡើយ។

ដូចនេះ ប៉ុន្មានចំណុចខាងក្រោមនេះ ជាគន្លឹះនៃការជួយដោយការតាំងចិត្ត​របស់យើងឲ្យ​បាន​ពិតប្រដក និង​អាច​យកឈ្នះខ្លួនឯងបាន៖

  • ត្រូវស្វែងយល់ពីស្ថានភាពខ្លួនឯងឲ្យបាន​ច្បាស់ ថាតើបច្ចប្បន្នភាពរបស់ស្ថិតនៅត្រង់ចំណុចណា
  • ត្រូវបែងចែកឲ្យ​ច្បាស់លាស់ អ្វីជាឧបសគ្គ ពេលណាត្រូវការជំនួយ ពេលណាត្រូវព្យាយាមធ្វើវាដោយខ្លួនឯង
  • ដាច់ខាតត្រូវបោះចេញនៅជំហានពីការតាំងចិត្តដោយខ្លួនឯង កុំចេះតែគិតថា​ ត្រូវពឹងអ្នកដទៃ ឬដេកដួលក្នុងតែក្នុងភាពស្រណុកនោះ
  • ត្រូវមាន​គោលដៅច្បាស់លាស់ ដើម្បីកុំឲ្យ​ការតាំងចិត្តរបស់យើងត្រូវអាសារបង់ឥតប្រយោជន៍
  • ផ្លាស់ប្ដូរនូវទម្លាប់ ដែលពុំមានប្រយោជន៍ដល់ការតាំងចិត្ត ឬគោលដៅដែលបាន​កំណត់នោះ ដោយបង្កើតទម្លាប់ណាដែលល្អៗជំនួសវិញ
  • ឧស្សាហ៍ផ្ដល់កម្លាំងចិត្តដល់ខ្លួនឯងចំពោះអ្វីដែលខ្លួនបាន​ធ្វើ ពុំទាន់បានសម្រេចក្ដី ឬបាន​សម្រេចកម្រិតណាមួយ ជារង្វាន់លើកទឹកចិត្ត
  • បន្ដការរៀន និងហ្វឹកហាត់នូវជំនាញថ្មី ដើម្បីពង្រឹងសមត្ថភាព ក៏ដូចជាពង្រីកដែនវិសាលភាពការងារឲ្យតាមទាន់សម័យកាលជានិច្ច

ជាចុងក្រោយ ខ្ញុំសង្ឃឹមយើងគ្រប់គ្នានឹង​ពុំងាយបោះបង់នូវការតាំងចិត្តរបស់ខ្លួនដើម្បីសម្រេចគោលដៅជីវិតរបស់យើងគ្រប់គ្នាឡើយ។ យើងត្រូវចងចាំថា ការតាំងចិត្ត គឺជាការយកឈ្នះខ្លួន។ ជូនពរ គ្រប់គ្នាទទួលបាន​ការជោជ័យ ក្នុង​ការយកឈ្នះខ្លួនឯង ដោយការតាំងចិត្តទាំងអស់គ្នា។

Leave a comment