ព្រះបរមរាជវាំងត្រូវបានកសាងឡើងកាលពីជាង១០០ឆ្នាំមុនមកម្លេះ ជាទីគង់ប្រថាប់នៅរបស់ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា។ ហើយក៏ជាការិយាល័យរដ្ឋបាលរួម សម្រាប់ព្រះមហាក្សត្រគ្រប់គ្រងរាជកិច្ច និងទទួល ឥស្សរជនបរទេសមកកាន់នៅក្នុងព្រះរាជាណាចក្រផងដែរ។
បរិវេណព្រះបរមរាជវាំងចែកជាបីផ្នែកធំៗ ដោយមានព្រះវិហារព្រះកែវមរកតនៅបរិវេណខាងជើង មានប្រាសាទ ខេមរិន្ត្រ (ឬ ខេមរិន្ត្រមហាប្រាសាទ) នៅខាងត្បូង និងអោមនៅកណ្ដោលដោយព្រះទីនាំងទេវាវិនិច្ឆ័យ (ឬ ព្រះទី នាំងទេវាវិនិច្ឆ័យមហ័យមហាបា្រសាទ)។
សព្វថ្ងៃព្រះបរមរាជវាំង ក៏បានបើកជូនភ្ញៀវទេសចរជាតិ និងអន្ដរជាតិឲ្យចូលទស្សនា ដោយកំណត់នូវបរិវេណ ចូលទស្សនា ពិសេសព្រះវិហារព្រះកែវមរកត គឺបើកជូនប្រជាពលរដ្ឋទូទៅ និងភ្ញៀវទេសចរចូលទស្សនា។ ទាំង ភ្ញៀវជាតិ និងអន្ដរជាតិត្រូវបានកំណត់ការស្លៀកពាក់ឲ្យបានសមរម្យ ដោយអាវដៃខ្លីបំផុតត្រឹមកែងដៃ និងខោខ្លី បំផុតត្រឹមក្បាលជង្គង់ប៉ុណ្ណោះ។ ចំពោះអាវយឺតដៃវាលអាចពាក់អាវក្រៅពីលើមួយជាន់ទៀតឲ្យបានសមរម្យ។
ប្រវត្តិទីតាំងព្រះបរមរាជាវាំងក្នុងតំបន់ភ្នំពេញ
តាមពិតទៅការស្ថាបនាព្រះបរមរាជវាំងនៅទឹកដីភ្នំពេញក្នុងឆ្នាំ១៨៦៦ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រថ្មីមួយនៃ ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាជាតិសាសន៍ខ្មែរយើងក្រោយសម័យអង្គរ ដែលធ្លាប់បានពង្រីកអំណាចនៃ អាណាចក្រអង្គរ (គ.ស ឆ្នាំ៨០២) រហូតដល់ការបំរែបំរួលមកនៅតំបន់ជុំវិញបឺងទន្លេសាបនាដើមសតវត្សទី១៥។ ការចាកចោលក្រុងអង្គរដោយសារការឈ្លានពានរបស់ពួកសៀមនាសម័យនោះ ការតាំងរាជធានិថ្មីនៅតំបន់ ភ្នំពេញជាលើកដំបូងដោយស្គាល់ថា ជាក្រុងចតុមុខសិរីមង្គល ក្នុងឆ្នាំ១៤៣៤។ បន្ទាប់ពីនោះបានប៉ុន្មានឆ្នាំគឺនៅ ក្នុងឆ្នាំ១៤៩៤ ទើបប្ដូរទៅកាន់ក្រុងបាសាន ក្រុងលង្វែក និងក្រុងឧដុង្គជាបន្ដបន្ទាប់នោះ។
ឆ្លងកាត់ការប្ដូររាធានីទៅមកអស់ជាច្រើនសតវត្សរហូតមកដល់សតវត្សទី១៩ ទើបបានប្ដូរត្រលប់មកកាន់ភ្នំពេញ វិញ។ តាមពិតទៅក្នុងឆ្នាំ១៨១៣ មុនការផ្លាស់រាជធានីទៅកាន់ក្រុងឧដុង្គ ព្រះបាទអង្គចាន់បានបញ្ជាឲ្យសាងសង់ បន្ទាយខៀវ ដែលជាទីតាំងព្រះបរមរាជវាំងបច្ចុប្បន្ននេះ។ ប៉ុន្ដែដោយសារការឈ្លានពានរបស់ទ័ពសៀម ដែល បានរុកលុយមកដល់ភ្នំពេញ ត្បិតតែពួកសៀមត្រូវបានបង្ក្រាប និងបណ្ដេញចេញទៅវិញក្នុងឆ្នាំ១៨៣៤ក៏ពិតមែន បន្ទាយខៀវក៏ត្រូវបានដុតបំផ្លាញអត់គ្មានសល់ទន្ទឹមនឹងពេលនោះផងដែរ។ ហើយភ្នំពេញក៏មិនត្រូវបានរំលឹក រហូតដល់ការចូលរួមរបស់បារាំងសែសក្នុងទឹកដីកម្ពុជាក្នុងឆ្នាំ១៨៦៣ ទើបភ្នំពេញមានវត្តមានសារជាថ្មី ដោយ ការផ្លាស់ប្ដូររាជធានីមកកាន់តំបន់ភ្នំពេញ ទីតាំងបន្ទាយខៀវក៏ត្រូវបានរៀបចំឡើងវិញ និងជ្រើសរើសជាទីតាំង សម្រាប់សាងសង់ព្រះបរមរាជវាំងផងដែរ។
ព្រះបរមរាជវាំងសាងសង់ដំបូងក្នុងឆ្នាំ១៨៦៣នោះ គឺត្រូវបានកសាងឡើងអំពីឈើទាំងស្រុងជាបណ្ដោះអាន្ដ មានបរិវេណតូចនៃបរិវេណប៉ែកខាងជើងនៃព្រះបរមរាជវាំងសព្វថ្ងៃ។ រហូតដល់ឆ្នាំ១៨៦៦ ទើបត្រូវបានកសាង ឡើងវិញថ្មីដោយពួកបារាំង ដែលនាពេលនោះស្ថាបត្យកម្មនេះត្រូវបានរចនាស្ថាបនា ដោយស្ថាបត្យករខ្មែរ អ្នកឧកញ្ញា ម៉ាក ទេពនិមិត្ត។ ប៉ុន្ដែការប្ដូររាជវាំងពីរាជវាំងក្រុងឧដុង្គមកកាន់ រាជវាំងថ្មីក្នុងក្រុងភ្នំពេញ គឺត្រូវបាន ព្រប្រឹត្តិទៅម៉ោង៩ព្រឹកនាថ្ងៃមួយក្នុងឆ្នាំ១៨៦៥មកម្លេះ ហើយចាប់តាំងពីពេលនោះមក ក្រុងភ្នំពេញត្រូវបានក្លាយ ជារាជធានីនៃព្រះរាជាណាចក្រកម្ពុជាជាផ្លូវការរហូតទល់សព្វថ្ងៃ។
ការអភិវឌ្ឍន៍ និងផ្លាស់ប្ដូរមុខមាត់ថ្មីនៃព្រះបរមរាជវាំង
ជាងមួងទសវត្សរ៍កន្លងផុតទៅទៀត មានវិមានប្រាសាទប៉ុន្មានកន្លែងត្រូវបានកសាងបន្ថែមក្នុងព្រះបរមរាជវាំង ក្រោយរងការបំផ្លាញ និងរៀបចំកសាងឡើងវិញពីមុនៗមក រួមទាំងព្រះទីនាំងទេវាវិនិច្ឆ័យ និងព្រះទីន័ងច័ន្ទឆាយា ជាដើមនោះ។ ការសាងសង់ថ្មីនេះត្រូវបានកសាងក្នុងឆ្នាំ១៨៧១ និងបានលើកជញ្ជាំងព័ទ្ធជុំវិញក្នុងឆ្នាំ១៨៧៣។ តាំងពីពេលនោះហើយ ដែលវិមានមួយៗក្នុងព្រះបរមរាជវាំងបានលេចមុខឡើងជាបន្ដបន្ទាប់ដោយរចនាបទថ្មី ចម្រុះ មានលក្ខណៈពិសេសចេញពីរចនាបទខ្មែរ និងការលាយបញ្ចូលនូវភិនភាគរចនាបទបែបអ៉ឺរ៉ុបជាច្រើន ។ល។ ក្នុងនោះវិមានទាំងអស់ក្នុងព្រះបរមរាជវាំង គឺឃើញថាមានអគារមួយដែលមានរចនាបទខុសពីគេទាំង ស្រុងនោះ គឺវិមានណាប៉ុឡេអុន ជាអគារធ្វើពីដែកអំណោយពីព្រះមហាក្សត្របារាំងសែស ណាប៉ុឡេអុនទី៣ ក្នុងឆ្នាំ១៨៧៦។
រហូតចូលមកដល់ដើមសទវត្សរ៍ទី២០ (១៩០០) ព្រះបាទស៊ីសុវត្ថិបានធ្វើកិច្ចការជាច្រើនក្នុងផ្លាស់ប្ដូរមុខមាត់ ព្រះបរមរាជវាំង ដោយបានបន្ថែមនូវសាលភោជនីក្នុងឆ្នាំ១៩០៧។ អាគារចាស់ត្រូវបានបំផ្លាញចោល និងការ ជំនួសវិញដោយ ពង្រីកបរិវេណព្រះទីនាំងទេវាវិនិច្ឆ័យ និងការសាងសង់ព្រះទីន័ងច័ន្ទឆាយាដូចរចនាបទសព្វថ្ងៃ ដែលយើងបានឃើញនេះ ក្នុងរវាងពីឆ្នាំ១៩១៣ដល់១៩១៩។ ដោយការកសាងថ្មីនេះនៅតែរក្សានូវរចនាបថខ្មែរ ពិសេសគឺរចនាបថបែបអង្គរ ដោយរក្សានូវបែបអ៉ឺរ៉ុបបន្ដិចបន្តួចប៉ុណ្ណោះ។ ក្រោយមកក្នុងរាជព្រះបាទមុនីវង្ស ការដាក់បញ្ចូលនូវវិហារសួគ៌ វិហាររាជ្យ ដែលបានផ្លាស់ប្តូរវាំងចាស់ទៅជា ប្រាសាទខេមរិន្ត្រនេះក្នុងឆ្នាំ១៩៣០។ លុះមកដល់រាជកាលព្រះបាទសីហនុ វីឡា គន្ធបុប្ផា ត្រូវបានកសាងឡើងក្នុងឆ្នឈ១៩៥៦ បន្ទាប់ពី ដំណាក់ច័ន្ទ និងកន្លែងសម្រាប់ទទួលភ្ញៀវបរទេសក៏បានចាប់រៀបចំឡើងនៅក្នុងឆ្នាំ ១៩៥៣ ។
សេចក្ដីដូចបានរៀបរាប់ខាងលើ គឺជាសេចក្ដីសង្ខេបអំពីព្រះបរមរាជវាំង ដោយចាប់ផ្ដើមពីប្រវត្តិនៃទីតាំងរហូត ដល់ការផ្លាស់ប្ដូរមុខមាត់ជាបន្ដបន្ទាប់រហូតមកទល់រូបរាងព្រះបរមរាជវាំងសព្វថ្ងៃនេះ។ ប្រសិនបើ ការរៀបរាប់ របស់យើងខ្ញុំពុំបានគ្រប់គ្រាន់ ឬខ្វះខាតមិនត្រឹមត្រូវត្រង់ចំណុចណានោះ សូមមេត្តាអាធ្យាស្រ័យទុកជាមុន។ លោកអ្នកមិត្តអ្នកអានក៏អាចចូលរួមបញ្ចេញមិតផ្ទាល់ខ្លួននៅខាងក្រោមនេះ ឬផ្ញើមតិរបស់លោកអ្នកមកកាន់យើង ខ្ញុំតាមរយៈគេហទំព័រនេះក៏បាន។ ប្រសិនបើ មិត្តអ្នកអានយល់ថាមានប្រយោជន៍ និងចង់ចូលរួមចំណែកចែករំ លែក សូមធ្វើការចែករំលែកទៅកាន់មិត្តភក្ដិរបស់អ្នកណាម្នាក់ ឬច្រើនគ្នាឲ្យបានអាចផង។ សូមអរគុណ។