អាហារមួយម៉ាត់ដ៏ឆ្ងាញ់

នៅក្នុងលោកនេះ មានអាហារពីរម៉ាត់ ដែលឆ្ងាញ់ជាងគេ គឺ មួយម៉ាត់ដំបូង និងមួយម៉ាត់ចុងក្រោយ។ មួយម៉ាត់ដំបូង គឺមនុស្សម្នាក់បានភ្លក់អាហារនោះមួយម៉ាត់ មុននឹងឲ្យអាហារនៅទាំងចាននោះទៅមនុស្សម្នាក់ទៀតហូប។ ឯមួយម៉ាត់ចុងក្រោយ ក៏ស្រដៀងនឹងដែរ ប៉ុន្ដែមនុស្សម្នាក់ហូបអស់នៅសល់តែមួយម៉ាត់ចុងក្រោយ ក៏ទុកឲ្យមនុស្សម្នាក់ទៀតបង្ហើយ។ តើអ្នកអាចទារដឹងថា ពីរនាក់ខាងដើម និងពីរនាក់ខាងក្រោយនេះ គឺជានរណា ហើយនិងនរណាខ្លះដែរ?

ឪពុកម្ដាយម្នាក់ៗ (មិនថាឪពុក ឬម្ដាយ) នៅពេលបញ្ចុកបាយកូន ឬមានរបស់អ្វីឆ្ងាញ់ គឺពួកភ្លក់តែបន្ដិចទេ នៅទាំងអស់កូនៗជាអ្នកហូបអស់។ ប៉ុន្ដែកូនៗ គឺតែងតែហូបអាហារឆ្ងាញ់នោះអស់រលីង ឬនៅសល់មួយម៉ាត់ចុងក្រោយទុកឲ្យពួកគាត់ ព្រោះនឹកឃើញឪពុកម្ដាយខ្លួននៅពេលនោះក៏ហូបលែងចូលហើយ។

ដូច្នេះ មួយម៉ាត់ខាងដើម គឺឪពុកម្ដាយភ្លក់ហើយទុកឲ្យកូនៗ ឯមួយម៉ាត់ចុងក្រោយ គឺកូនៗហូបហើយទុកឲ្យឪពុកម្ដាយវិញ។

ជាការពិត ឪពុកម្ដាយ តែងតែភ្លក់មួយម៉ាត់មុន ដើម្បីឲ្យដឹងថាតើ អាហារនោះនៅក្ដៅអាចរលាកមាត់កូនឬទេ រសជាតិកូនអាចហូបបានអត់ សឹងតែថាចង់ដឹងថាអាហារនោះមានបញ្ហាអីអត់ជាដើម ទើបទុកចិត្តឲ្យកូនៗហូប។ រីឯកូនៗមិនថានៅទីជិតឆ្ងាញ់ តែងតែនឹងឃើញចង់ចែករំលែកអាហារដ៏ឆ្ងាញ់នេះដល់ពួកគាត់វិញ ដល់តែហូបដល់មួយម៉ាត់ចុងក្រោយនេះ គឺគាត់ហូបលែងចូលទៅហើយ។ ហើយក៏មានតែឪពុកម្ដាយដែរ ដែលព្រមទទួលយកមួយម៉ាត់ចុងក្រោយនេះ ទាំងភាពសប្បាយរិករាយ ហើយសរសើរថាកូនៗខ្លួនកតញ្ញូ ចេះដឹងគុណឪពុកម្ដាយ ។

ជាចុងក្រោយ ពិតដូចពាក្យចាស់លោកពោលថា៖ «ធ្វើបុណ្យទាន់ខែភ្លឺ» យើងត្រូវបម្រើអ្នកមានគុណទាំងពីរទាន់គាត់មានជីវិត ចំណាយពេលវេលាមួយចំនួនរបស់យើងសម្រាប់ពួកគាត់ និងគ្រួសារ បើជារវល់យ៉ាងក្ដី កុំឱ្យទាល់ពេលលោកបានចាកទៅហើយទើបនឹកស្ដាយឱ្យសោះ។

Leave a comment