ទិវា​គុណ​ឪពុក​ (Father’s Day)

ទិវា​គុណ​មាតា​ (Father’s Day) នេះ​គឺ​បាន​ចាប់​កំណើត​ឡើង​នៅ​ដើម​ស.ទ.​ទី​២០ ដោយ​មាន​ប្រភព​មក​ពី​សហរដ្ឋ​អាមេរិក មក​ទល់​សព្វ​វា​បាន​រីក​ដុះ​ដាល​គ្រប់​ទី​កន្លែង​ជុំ​វិញ​ពិភព​លោក​ហើយ។ ចំពោះ​កាល​បរិច្ឆេទ​នៃ​ទិវា​នេះ​គឺ​ ខុស​គ្នា​ទៅ​តាម​ទំនៀម​ទំលាប់​របស់​ប្រទេស​ និង​តំបន់​និមួយៗ។ ប៉ុន្តែថ្ងៃ​ដែល​គេ​ពេញ​និយម​ និង​ទទួល​ស្គាល់​ថា​ជា​ថ្ងៃ​នៃ​ទិវា​គុណ​ឪពុក​ ដែល​មាន​ប្រទេស​ជា​ច្រើន​​ប្រារព្ធ​នៅ​ថ្ងៃ​នោះ​ នោះ​គឺ​នៅ​ថ្ងៃ​អាទិត្យ​ទី​៣​ នៃ​ខែមិថុនា ជា​រៀងរាល់​ឆ្នាំ ហើយ​វា​ប្រមាណ​ជា​ជាង​៥០​ប្រទេស​ជុំ​វិញ​ពិភព​លោក​ ដែល​ឆ្លង​ថ្ងៃ​នេះជា​ទិវា​គុណ​ឪពុក​ដូច​គ្នា។ នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ក៏​មិន​ខុស​គ្នា​ប៉ុន្មាន​ដែរ ទិវា​គុណ​ឪពុក​ និង​ទិវា​គុណ​ម្តាយ ទើប​តែ​ពេញ​និយម​ប្រារព្ធ​ជុំ​គ្រួសារ​ មិត្តភកិ្ត​ បងប្អូន​រៀប​ចំ​កម្មវិធី​ជុំ​គ្នា​ ក្នុង​អំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ប៉ុណ្ណោះ។

ដើម​កំណើត​ដំបូង​បង្អស់​នៃ​ទិវាគុណ​ឪពុក

ទិវា​គុណ​ឪពុក​ដំបូង​គេ​បង្អស់​គឺ​នៅ​សហរដ្ឋអាមេរិក ក្នុង​ឆ្នាំ​២០១០ ដែល​ធ្វើ​ការ​ផ្តួច​ផ្តើម​ឡើង​ដោយ លោក​ស្រី Dodd (Mrs. Dodd,Sonora Louise Smart Dodd) ដែល​គាត់​រស់​នៅ​Spokane ក្នុង​រដ្ឋ​វ៉ាស៊ីន​តោន។ ម្តាយ​របស់​លោក​ស្រី គឺ​បាន​ចែក​ឋាន​ទៅ​នៅ​ពេល​ដែល​គាត់​សម្រាល់​កូន​ទី​៦ នៅ​ពេល​នោះ​ដោយ​មាន​បញ្ហា​ក្នុង​ពេល​សម្រាល់​ទើប​ធ្វើ​ឲ្យ​គាត់​ទទួល​មរណភាព​ទៅ ដោយ​បន្សល់​ទុក​កូនចំនួន​៦​នាក់ ឲ្យ​ឪ​ពុក​របស់​លោក​ស្រី គឺ​លោក​ William Smart ដែល​ជា​ទាហាន​ធ្លាប់​ឆ្លង​កាត់​សង្រ្គាម​នៅ​អាមេរិក។ ក្រោយ​ភរិយា​របស់​គាត់​បាន​ទទួល​មរណភាព​ហើយ​នោះ គាត់​ក៏​បាន​នាំ​កូន​ៗ​ទាំង​៦​នាក់​​ទៅ​រស់​នៅ​កសិដ្ឋាន​មួយ​ ដែល​ស្ថិត​ខាង​កើត​នៃ​រដ្ឋ​វ៉ាស៊ីន​តោន រែក​នៅ​អំរែក​យ៉ាង​ធ្ងន់​នេះ ទទួល​ភារកិច្ច​ចិញ្ចឹម​ និង​អប់​រំ​កូនៗ​ទាំង​៦​នាក់​រហូត​ដល់​ធំដឹង​ក្តី​តែ​ម្នាក់​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ។ ចំណែក​ឯ​លោក​ស្រី Dodd គឺ​ជា​កូន​ស្រី​ទី​២​ក្នុង​គ្រួសារ ហើយ​ក៏​ជា​កូន​ស្រី​តែ​ម្នាក់​គត់​ក្នុង​គ្រួសារ​ដែរ។ លោក​ស្រី​ជា​កូន​ស្រី​ដែល​ចេះយក​ទុក​ធុរៈ និង​ដឹង​អំ​ការ​លំបាក​របស់​ឪពុក​ខំ​ធ្វើ​ការ​ដើម្បី​ចិញ្ចឹម​កូន​ៗ ទាំង​នឿយ​ហត់​ពី​ព្រឹក​ដល់​យប់ មក​ដល់​ផ្ទះ​ហើយ​នៅ​ត្រូវ​ធ្វើ​កិច្ច​ផ្ទះ​ និង​ថែរក្សា​កូនៗ​គ្រប់​គ្នា​ទៀត គាត់​ពិត​ជា​អាណិត​និង​ចង់​ជួយ​ឪពុក​គាត់​ណាស់ ។ ក្រោយ​រយៈ​ពេលច្រើន​ឆ្នាំ​ខំ​លំបាក​ចិញ្ចឹម និង​អប់​រំ​កូនៗ​មក ទី​បំផុត​កូនៗ​របស់​គាត់​បាន​ធំ​ដឹង​ក្តី និង​មាន​ការងារ គ្រួសារ ហើយ​លែង​ជា​បន្ទុក​របស់​គាត់​ទៀត​ហើយ។ នា​ពេល​នោះ លោក​ស្រី​ Dodd គាត់​គិត​ថា​ក៏​ជា​ពេល​ដែល​កូន​ៗ​ទាំង​អស់​ ពិសេស​គឺ​រូប​គាត់​ផ្ទាល់ត្រូវ​បំរើ​ និង​ថែ​រក្សា​ឪពុក​របស់​ខ្លួន​វិញ​ម្តង​ហើយ។ ប៉ុន្តែ​ព្រហ្មលិខិត​​ពិត​ជា​ធ្វើ​បាប​មនុស្ស​ណាស់ ស្រប​នឹង​ពេល​នោះ​ដែរ ឪពុក​របស់​លោក​ស្រី​​ដោយ​សារ​ការ​ខំ​ប្រឹង​ប្រែ​ធ្វើ​ការ​មិន​គិត​នឿយ​ហត់​អស់​រយៈ​ពេល​ច្រើន​ឆ្នាំ​ធ្វើ​ឲ្យ​សុខ​ភាព​គាត់​មិន​ល្អ ក៏​ទទួល​មរណភាព​ទៅក្នុង​ឆ្នាំ​១៩០៩។

ក្រោយ​មរណភាព​របស់​ឪពុក​លោក​ស្រី ក្នុង​ឆ្នាំ​ដដែរ​នោះ បន្ទាប់​ពី​បាន​ចូល​រួម​ទិវា​គុណ​មាតាក្នុង​ព្រះ​វិហារ​បាន​១​សប្តាហ៍​មក ធ្វើ​ឲ្យ​លោក​ស្រី​មាន​ការ​នឹក​រលឹក​ជា​ខ្លាំង​ដល់​ឪពុក​របស់​គាត់ គុណ​ឪពុក​ដែល​ខិត​ខំ​ចិញ្ចឹម​ និង​អប់​រំ​កូនៗ​តាំង​ពី​តូច​ដល់​ធំ​ដឹងក្តី​ដោយ​មិន​គិត​ពី​ការ​លំបាក​ និង​សុខ​ទុក្ខ​ខ្លួន​ឯង ហើយ​ក៏​មិន​ចាញ់​មាតា​ក្នុង​លោក​ដែរ។ នៅ​ពេល​នោះ​លោក​ស្រី​ក៏​បាន​រៀប​រាប់​អំពី​ទឹក​ចិត្ត​ និង​ការ​ស្រលាញ់​របស់​លោក​ស្រី​ចំពោះ​ឪពុក​របស់​ខ្លួន​ដែល​បាន​ទទួល​មរណភាព​ហើយ​នោះ ទៅកាន់​លោក​ឪ​នៅ​ព្រះ​វិហារ​នោះ (លោក​ឪ Rev. Rasmus) ហើយ​លោក​ស្រី​សង្ឃឹម​ថា​នឹង​មាន​ថ្ងៃ​ដ៏​ពិសេស​ណា​មួយ​ដើម្បី​រំលឹក​ដល់​គុណ​របស់​ឪពុក​ទាំង​ឡាយ​ក្នុងលោក ដែល​អស្ចារ្យ​ដូច​ឪពុក​​របស់​លោក​ស្រី។ លោក​ឪ Rev. Rasmus ស្តាប់​ហើយ​មាន​ចិត្ត​រំភើប និង​យល់​ស្រប​តាម​គំនិត​របស់​លោក​ស្រី​ដែរ ហើយ​ស្រប​ពេល​នោះ​ក៏​មាន​ការ​គាំ​ទ្រ​ពី​សមាគមន៍​សាសនា​​ជា​ច្រើន​ផង​ដែរ។ បន្ទាប់​មក​លោក​ស្រី​ក៏​បាន​សរសេរ​សារ​លិខិត​មួយ​​ស្នើ​​ទៅ​កាន់​សាលា​ក្រុង Spokane និង​រដ្ឋាភិបាល​រដ្ឋ​វ៉ាស៊ីន​តោន ដើម្បី​បង្ហាញ​ពី​គំនិត​ចង់​ឲ្យ​មាន​ទិវា​គុណ​ឪពុក​នេះ​ឡើង ដោយ​លោក​ស្រី​ជ្រើស​យក​ថ្ងៃ​កំណើត​របស់​ឪពុក​លោក​ស្រី​គឺ​ថ្ងៃ​ទី​៥​ ខែ​មិថុនា​ ជា​ទិវា​គុណ​ឪពុក។ លោក​អភិបាល​ក្រុង និង​រដ្ឋាភិបាល​រដ្ឋ​វ៉ាស៊ីន​តោន ក៏​បាន​យល់​ព្រម​នឹង​គំនិត​របស់​លោក​ស្រី​ កំណត់​ឲ្យ​មាន​ទិវាគុណ​ឪពុក​នេះ​ឡើង ប៉ុន្តែ​ដោយ​កំណត់​យក​ថ្ងៃ​អាទិត្យ​នៃ​សប្តាហ៍​ទី​៣ក្នុង​ខែ​មិថុនា​ ជា​ថ្ងៃ​នៃ​ទិវា​គុណ​ឪពុកវិញ គឺ​ត្រូវ​នឹង​ថ្ងៃ​ទី​១៩ ខែ​មិថុនា ឆ្នាំ​១៩១០ ក៏​ជា​ថ្ងៃ​នៃ​ទិវាគុណ​ឪពុក​លើក​ទី​១​ក្នុង​ពិភព​លោក​ដែរ។ ចាប់​ពី​ពេល​នោះ​មក គ្រប់​ទី​កន្លែង​នៃ​សហរដ្ឋអាមេរិក​គឺ​ប្រារព្ធ​ពិធី​ទិវាគុណ​ឪពុក​នេះ​រហូត​មកទៅ។

នៅ​ឆ្នាំ​១៩២៤ ប្រធានាធិបតី​របស់​សហរដ្ឋ​អាមេរិក​បាន​ប្រកាស​សម្រេច​លើក​ថ្ងៃ​ទិវា​គុណ​ឪពុក​ឲ្យ​ក្លាយ​ជា​សកម្មភាព​ប្រារព្ធ​ធ្វើ​ទូទាំង​ប្រទេស។ មក​ដល់​ឆ្នាំ​១៩៦៦ ប្រធានាធិបតី​អាមេរិក បាន​ចេញ​សារលិខិត​ជា​ផ្លូវ​ការ​ប្រកាស​ទិវាគុណ​ឪពុក ក្នុង​ថ្ងៃ​អាទិត្យ​នៃ​សប្តាហ៍​ទី​៣ ក្នុង​ខែ​មិថុនា​ជា​រៀង​រាល់​ឆ្នាំ​ជា​ទិវា​បុណ្យ​របស់​អាមេរិក។ ហើយ​មក​ទល់​ឆ្នាំ​១៩៧២ ប្រធានា​ធិបតិ​អាមេរិកផ្សេង​ទៀត ក៏​បាន​ចុះ​ហត្ថលេខា និង​ចេញ​សារលិខិត​ប្រកាស​ជា​ផ្លូវការ​ទៀត​ថា​ទិវា​គុណ​ឪពុក​ជា​ទិវា​របស់​សហរដ្ឋ​អាមេរិក​ទាំង​មូល ហើយ​និង​ជា​អមតៈ​ត​រៀង​ទៅ។

ទិវាគុណ​ឪពុក​ក្នុង​បណ្តា​ប្រទេស​ជុំ​វិញ​ពិភព​លោក

ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ជា​រៀង​រាល់​ឆ្នាំ​ នៅ​ប្រទេស​ រ៉ូស្ស៊ី ។

ថ្ងៃ​ទី​១៩ ខែមីនា ជា​រៀង​រាល់​ឆ្នាំ​ នៅ​ប្រទេស​ បែលហ្ស៊ិក អ៊ីតាលី ព័រទុយហ្គាល់ និង​អេស្ប៉ាញ ។

ថ្ងៃ​ទី​៨ ខែឧសភា ជា​រៀង​រាល់​ឆ្នាំ​ នៅ​ប្រទេស​ កូរ៉េ ខាង​ត្បូង (ទិវាគុណ​ឪពុក​ម្តាយ) ។

ថ្ងៃ​ទី​៣១ ខែឧសភា ជា​រៀង​រាល់​ឆ្នាំ​ នៅប្រទេស អាល្លឺម៉ង់ ។

ថ្ងៃ​ទី​៤ ខែមិថុនា ជា​រៀង​រាល់​ឆ្នាំ​ នៅប្រទេស ដាណឺម៉ាក ។

ថ្ងៃ​អាទិត្យ​នៃ​សប្តាហ៍​ទី១ក្នុង​​ខែមិថុនា ជា​រៀង​រាល់​ឆ្នាំ​ នៅប្រទេស លីទុយអានី ។

ថ្ងៃ​អាទិត្យ​នៃ​សប្តាហ៍​ទី២ក្នុង​​ខែមិថុនា ជា​រៀង​រាល់​ឆ្នាំ​ នៅប្រទេស អូទ្រីស និងបែលហ្ស៊ិក។

ថ្ងៃ​អាទិត្យ​នៃ​សប្តាហ៍​ទី៣ក្នុង​​ខែមិថុនា ជា​រៀង​រាល់​ឆ្នាំ​ នៅប្រទេសកម្ពុជា, ចិន, ប្រទេសសឹង្ហបុរី​, ប្រទេសអាហ្សង់ទីន,​ ប្រទេសកាណាដា, ប្រទេសឈីលី, ប្រទេសកូឡុំប៊ី​, ប្រទេសកូស្តារីកា, ប្រទេសគុយបា, ប្រទេសអេក្វាឌ័រ, ប្រទេសបារាំង, ប្រទេសឥណ្ឌា, ប្រទេសអៀរឡង់, ជប៉ុន, ប្រទេសម៉ាឡេស៊ី, ប្រទេសម៉ាល់តា ប្រទេសម៉ិកស៊ិកកូ, ហូល្លង់, ប្រទេសប៉ាគីស្ថាន, ប៉ាណាម៉ា, ប្រទេសប៉េរូហ្វីលីពីន, ស្លូវ៉ាគី, អាហ្រ្វិកខាងត្បូង, ប្រទេសស្វីស,ប្រទេសតួកគី, ចក្រភពអង់គ្លេស, សហរដ្ឋអាមេរិក, វេណេហ្ស៊ុយអេឡា, ហ្ស៊ីមបាវេ ……ជាដើម។

ថ្ងៃ​ទី២០ ​​ខែមិថុនា ជា​រៀង​រាល់​ឆ្នាំ​ នៅប្រទេស ប៊ុលហ្គារី។

ថ្ងៃ​ទី២៣ ​​ខែមិថុនា ជា​រៀង​រាល់​ឆ្នាំ​ នៅប្រទេសនីការ៉ាហ្គ័ និងប្រទេសប៉ូឡូញ។

ថ្ងៃ​អាទិត្យ​នៃ​សប្តាហ៍​ចុងក្រោយក្នុង​ខែ​កក្កដា ជា​រៀង​រាល់​ឆ្នាំ​ នៅសាធារណរដ្ឋដូមីនីក។

ថ្ងៃ​ទី៨ ​​ខែសីហា ជា​រៀង​រាល់​ឆ្នាំ​ នៅចិន​តៃ​វ៉ាន់។

ថ្ងៃ​អាទិត្យ​នៃ​សប្តាហ៍​ទី២ក្នុង​​ខែសីហា ជា​រៀង​រាល់​ឆ្នាំ​ នៅប្រទេសប្រេស៊ីល ។

ថ្ងៃ​អាទិត្យ​នៃ​សប្តាហ៍​ទី១ក្នុង​​ខែកញ្ញា ជា​រៀង​រាល់​ឆ្នាំ​ នៅប្រទេសញូវែលសេឡង់ និងអូស្រ្តាលី។

ថ្ងៃ​អាទិត្យ​នៃ​សប្តាហ៍​ទី២ក្នុង​​ខែវិច្ឆិកា ជា​រៀង​រាល់​ឆ្នាំ​ នៅប្រទេសអេស្តូនី ហ្វាំងឡង់ ន័រវែស និងស៊ុយអ៊ែត ។

ថ្ងៃ​ទី៥ ​​ខែធ្នូ ជា​រៀង​រាល់​ឆ្នាំ​ នៅប្រទេស​ថៃ (ខួប​កំណើត​របស់​ព្រះ​ចៅ​ក្រុង​ថៃ ព្រះមហាក្សត្រ Bhumibol Adulyadej)។

វីដេអូ​ខ្លី​មាន​ន័យ​សម្រាប់​ទិវា​គុណ​ឪពុក

Daddy is the sweetest daddy in the world; Daddy is the most handsome, the smartest; the most clever, the kindest; He is my superman; Daddy wants me to do well at school; Daddy is just great, but he lies…… He lies about having a job; He lies about having money; He lies that he’s not tired; He lies that he’s not hungry; He lies that we have everything; He lies about his happiness; He lies because of me… Everything about LOVE at Mekdeysneha មេឃដីស្នេហា

Leave a comment