បើយើងបានទស្សនាខ្សែភាពយន្តរបស់ជប៉ុន ក្នុងរឿងជាច្រើនដែលបានផលិតនោះ ភាគច្រើនសុទ្ធតែបង្ហាញឲ្យឃើញថា មិនថាទាំងអាណាព្យាបាល និងគ្រូៗនៅតាមសាលាគឺ មិនហាមឃាត់ ប៉ុន្តែថែមទាំងគាំទ្រឲ្យកូនៗ និងសិស្សានុសិស្ស ឆាប់មានស្នេហាទាំងនៅក្នុងខ្លួនទាំងវ័យក្មេងទៅទៀត ដែលមានភាពខុសប្លែកពីសាច់រឿងក្នុងភាពយន្តក្នុងស្រុកខ្មែរយើង។ តើនៅក្នុងតថភាពពិតក្នុងសង្គមរបស់ជប៉ុនវិញ មានស្ថានភាពដូចក្នុងរឿងភាពយន្តដែរឬទេ?
តាមពិតទៅ តាមរយៈសាច់រឿងនៃភាពយន្តគឺពិតណាស់បានឆ្លុះបញ្ចាំងពីតថភាពពិតក្នុងសង្គម ។ នៅប្រទេសជប៉ុនក្រៅពីសាលា និងគ្រូៗដែលទឹងរឹងខ្លះ ដែលមិនគាំទ្រ ប៉ុន្តែតថភាពជាទូទៅមួយរបស់សង្គម គឺអាចទទួលយក និងគាំទ្រឲ្យកូនៗមានស្នេហាទាំងខ្លួននៅវ័យក្មេង។
ខាងក្រោមនេះ គឺជាទស្សនៈមួយចំនួនបង្ហាញពីមូលហេតុដែលគេធ្វើដូច្នេះក្នុងស្ថានភាពសង្គមរបស់ប្រទេសជប៉ុន ហើយមានលក្ខណៈខុសប្លែកគ្នាពីស្រុកខ្មែរយើង។
ចំពោះបុគ្គលម្នាក់ តើមានអ្វីដែលសំខាន់បំផុតសម្រាប់គេ? នៅចំណុចនេះវាមានទស្សនៈតម្លៃខុសពីពួកយើង។ ពួកគាត់(នៅជប៉ុន)យល់ថា ដើម្បីក្លាយទៅជាមនុស្សក្នុងសង្គម ត្រូវរៀនចេះទៅស្រលាញ់អ្នកដទៃជាមុនសិន ហើយរៀនចេះដោះស្រាយពីបញ្ហា និងទំនាក់ទំនងរវាងខ្លួន និងមិត្តភក្តិ ក៏ដូចជានឹងគូស្នេហ៍ផងដែរ ទើបធ្វើឲ្យខ្លួនឯងចាស់ទុំ ចេះគិត និងមានការរីកចម្រើនជាមនុស្សធំរស់នៅក្នុងសង្គមនឹងគេឯង។ ដូច្នេះហើយទើបគេយល់ថា ឆាប់មានស្នេហាដូចនេះ វាចំាបាច់ជាការប្រលងបានពិន្ទុខ្ពស់នៅពេលរៀនសូត្ររាប់ម៉ឺនដងឯងនោះ។
ខាងក្រោមនេះដែរ គឺជាឧទាហរណ៍មួយដែលបានដកស្រង់ពី blog របស់ ameba បានបង្ហាញពីគំនិតរបស់អាណាព្យាបាលចំពោះការមានស្នេហារបស់កូនៗពូកគាត់នៅក្នុងសង្គមជប៉ុន ។ ប្រិយមិត្តអ្នកអានទាំងអស់អាចស្វែងយល់បន្តិចបាន។
“恋を沢山してほしい。
胸焦がれるような恋も、ワクワクする恋も、いっぱいしてほしい。
辛い恋だって、経験もするでしょう。それもありです。
好きな人が出来ると、相手に関心を持ちますね。
そして相手のいいところを沢山探してしまう。
その人のことをもっと知りたくなる。
気づいたら・・・、その人に幸せになってほしいなあと思う自分がいる。
自分、自分と言っていたのが、相手のことを考えられる自分になっている。”
អត្ថន័យរបស់ឃ្លា និងល្បះខានលើនេះ មានអត្ថន័យជាខេមរភាសាទាំងស្រុងថា៖ «ខ្ញុំមានក្តីសង្ឃឹមថាកូនៗរបស់ខ្ញុំអាចទទួលបានស្នេហាជាច្រើន មិនថាស្នេហាទាំងនោះគឺជាស្នេហាឆាបឆេះពុះកញ្ជ្រោល ឬក៏ជាស្នេហាបែកបាក់ក៏ដោយ គឺខ្ញុំនៅតែសង្ឃឹមថា ពួកគាត់នឹងរៀនសូត្រ ហើយទទួលបានបទពិសោធន៍ជាច្រើនពីវា។ បើទោះជាវាមានការឈឺចាប់ក៏ពិតមែន ប៉ុន្តែក៏ជាបទពិសោធន៍មួយនៃជីវិតរបស់យើងរាល់គ្នាដែរ មិនថាចឹងណែ៎? ប្រសិនបើយើងមានមនុស្សដែលខ្លួនស្រលាញ់ នោះយើងនឹងមានភាពយកចិត្តទុកដាក់ចំពោះដៃគូរបស់យើងកាន់តែខ្លាំង ហើយនឹងអាចមើលឃើញពីចំណុចល្អរបស់ដៃគូកាន់តែច្រើនឡើង និងព្យាយាមទៅស្វែងយល់ពីដៃគូរបស់ឲ្យបានកាន់តែច្រើនជាងនេះទៀត ហើយក៏កាន់តែចង់ឲ្យដៃគូរបស់ខ្លួនរស់នៅបានកាន់តែមានសុភមង្គលឡើងផងដែរ។ ម្យ៉ាងមុននឹងយើងចេះគិតដូច្នេះ គឺយើងបានប្រែក្លាយពីមនុស្សម្នាក់ដែលគិតតែពីខ្លួនឯងម្នាក់ទៅជាមនុស្សនៅក្នុងសង្គមម្នាក់ផ្សេងទៀតដែលចេះគិតគូរដល់សុខទុក្ខ អំពីគំនិតរបស់អ្នកដទៃវិញម្តងហើយ។»
បើដូច្នេះមែន យោងទៅតាមទស្សនៈខាងលើនេះ ឪពុកម្តាយ ឬគ្រូដែលយកពាក្យថា «ស្នេហាប៉ះពាល់ដល់ការសិក្សាជាលេស» មករារាំងដល់សេចក្តីស្នេហារបស់យុវវ័យ ដែលកំពុងតែឆាបឆេះឡើងនោះ គឺពិតជាខុសហើយមែនទេ?!
ម្យ៉ាងវិញទៀត កូនៗទាំងឡាយ ត្បិតតែបានចំណាយកម្លាំងកាយចិត្តយ៉ាងខ្លាំងក្នុងការសិក្សារៀនសូត្រដើម្បីឡើងថ្នាក់ពីមួយឆ្នាំទល់មួយឆ្នាំ ទាំងកូនៗ និងឪពុកម្តាយគឺសុទ្ធបានចំណាយកម្លាំង និងពេលវេលាជាច្រើនលើវាក៏ពិតមែន ប៉ុន្តែធាតុពិតទៅការងារទាំងនេះ គឺគ្រាន់តែ នៅតែជាផ្នែកមួយនៃការរស់នៅប៉ុណ្ណោះ មិនមែនជាជីវិតទាំងស្រុងនោះទេ។ កូនៗរៀនសូត្រពុំបានល្អយ៉ាងច្រើនឪពុកម្តាយនិយាយថា៖ «កូនៗពួកគាត់រៀនមិនចេះ ខួរក្បាលមិនសូវល្អ» ប៉ុណ្ណោះ ហើយបើកូនរៀនចេះវិញ ក៏ថាកូនខ្លួនឯងឆ្លាត ប៉ុណ្នឹង។ មិនដូចជាឪពុកម្តាយពួកយើងនៅក្នុងស្រុកនេះទេ ប្រាកដជាបន្ទោសកូន និងបង្ខំកូនឲ្យខំប្រឹងរៀនបន្ថែមជាក់ជាមិនខាន។ ប៉ុន្តែក៏មានដឹងថាគួរបកស្រាយយ៉ាងដូចម្តេចដែរទេ ព្រោះថាសង្គមទាំង២គឺវាខុសគ្នា នៅស្រុកគេ ប្រហែលជាស្រួលជាងយើងឆ្ងាយ ព្រោះថាសង្គមមានអ្នកត្រួសត្រាយផ្លូវឲ្យជាមុនរួចហើយ ក៏មានផ្លូវច្រើនសម្រាប់ឲ្យជ្រើសរើសផងដែរ រៀនសូត្រមិនបានល្អ មិនបានខ្ពស់ក៏មានការងារជាច្រើននៅចាំឲ្យធ្វើដែរ ឲ្យគេយើងខំប្រឹងធ្វើការងារ និងគោរពតួនាទី ធ្វើការងារអ្វីក៏អាចសង្ឃឹមជោគជ័យ ហើយទទួលបានការគោរពពីអ្នកដទៃទៀតផង។
ហើយនៅជប៉ុន ប្រសិនបើអ្នក ឬបុគ្គលគឺជា ឪពុកម្តាយដែលធ្លាប់ឆ្លងកាត់ស្នេហានៅពេលវ័យដ៏ក្មេងនោះ ពួកគាត់នឹងដឺងច្បាស់ពីសេចក្តីស្នេហានាវ័យក្មេងនោះ ថាមានតម្លៃ និងស្រស់ស្អាតយ៉ាងមិនខាន ហើយក៏ពុំសូវមានប្រតិកម្មអ្វីចំពោះការមានស្នេហាក្នុងភាពវ័យក្មេងរបស់កូនៗពួកគាត់នេះដែរ ។ ឪពុកម្តាយពីមួយជំនាន់ទៅមួយជំនាន់ក្នុងស្រុកយើង ពុំធ្លាប់មានស្នេហាពីវ័យក្មេងទេ មិនដូចនៅជប៉ុនឡើង ទាំងឪពុកម្តាយវ័យក្មេង និងចាស់ៗពីមុនភាគច្រើនគឺធ្លាប់បានឆ្លងកាត់រួចមកហើយ ដូច្នេះរឿងបែបនេះពុំមានអ្វីចំលែកសម្រាប់ពួកគាត់ឡើង (ជាមធ្យមគឺចាប់ពី១៦ឆ្នាំទៅ គឺសុទ្ធតែមានស្នេហាលើកដំបូងរួចហើយ)។
បើទោះជាយ៉ាងដូច្នេះក្តី ក៏នៅមានឳពុកម្តាយ និងសាលាមួយចំនួនប្រកាន់នូវវិន័យតឹងរឹងចំពោះរឿងស្នេហាទាំងវ័យក្មេងក្នុងវ័យសិក្សានេះដែរ ។ ប៉ុន្តែនិយាយជារួមទៅ នៅតែមានមនុស្សជាច្រើនយល់ថាការមានស្នេហាបែបនេះ ប្រសើរ ស្រស់ និងមានន័យសម្រាប់ជីវិត។ ចូរមិត្តអ្នកអានពិចារណាមើលដោយខ្លួនឯងចុះ ចំពោះរឿងដែលខ្លួនគួរ ឬពុំគួរសម្រាប់ជីវិតរបស់ខ្លួន ពិសេសក្នុងស្ថានភាពបច្ចុប្បន្នរបស់ខ្លួន និងសង្គមខ្មែរទាំងមូល។