នាយប់មួយនៅក្នុងផ្ទះ កូនប្រុសកំពុងតែតាមដានមើលរឿងភាគទូរទស្សន៍ រីឯម្តាយរបស់គាត់កំពុងតែនិយាយទូរស័ព្ទ ។ មិនធ្វើម៉េចទេម្តាយគាត់និយាយឮខ្លាំងៗតាំងពីដើមមកហើយ ដូច្នេះនៅពេលនិយាយទូរស័ព្ទក៏បានរំខានដល់កូនមើលទូរទស្សន៍ រកតែស្តាប់គេនិយាយសាច់រឿងអ្វីពុំបាន ។ កូនប្រុសក៏ទ្រាំមិនបាន បន្ទាប់ពីម្តាយនិយាយទូរស័ព្ទចប់រអ៊ូប្រាប់គាត់ថា៖ «ម៉ាក់ឯងមិនដឹងជាអីទេ និយាយអីឮៗយ៉ាងនេះរកតែមើលទូរទស្សន៍មិនបាន! ប្រាប់ប៉ុន្មានដងហើយថាកុំនិយាយឮពេក រៀននិយាយតិចៗទៅអត់ទេ!!» ។
ម្តាយ៖ «ម៉ាក់ក៏មិនចង់ដែរកូន មិនធ្វើម៉េចទេបើម៉ាក់កើតមកសំឡេងខ្លាំងៗតែប៉ុណ្ណឹងឯងណា…» ។
កូនប្រុស៖ «ព្យាយាមរៀននិយាយតិចៗទៅណាម៉ាក់!» ។
ម្តាយ៖ «មិនដឹងរៀននិយាយយ៉ាងម៉េចទេកូនបើចឹងស្រាប់ហើយនោះ បើខ្លាំងក៏ប្រាប់ម៉ាក់មកថារៀននិយាយយ៉ាងម៉េច?»
កូនប្រុសក៏ចាប់កាន់ដៃម្តាយទៅកៀនម្ខាងធ្វើដូចលាក់ការសម្ងាត់ណាអញ្ចឹងក៏ប្រាប់ម្តាយថា៖ «មានអីទៅពិបាកទេ ស្រួលសឹងអីហើយម៉ាក់ គ្រាន់តែពេលម៉ាក់ឯងនិយាយគ្នា ធ្វើដូចពេលដែលម៉ាក់ឯង អង្គុយរាប់លុយស្ងាត់ៗនៅក្នុងបន្ទប់ទៅជាការស្រេចបាត់! យ៉ាងម៉េចដែរ??» ៕