រឿង​ ប្រវត្ត​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃ​ណី​ជាតិ​ខ្មែរ

មានតំណាលថា នៅដើមនៃភទ្ទកប្បមាន សេដ្ឋីម្នាក់ មាន​បុត្រ​មួយ ឈ្មោះ​ធម្មបាល​កុមារ ជា​អ្នក​មាន​ចំណេះ​វិជ្ជា​ដ៏​វិសេស បាន​រៀន​ចេះ​ចប់​គម្ពីរ​ត្រីវេទ​តាំង​ពី​អាយុ​បាន ៧ ឆ្នាំ ។ សេដ្ឋី​ជា​បិតាបាន​សាង​ប្រាសាទ​ឲ្យ​ធម្មបាល​កុមារ នៅទៀប​ដើមជ្រៃ​មួយ​ធំ នៅឆ្នេរ​ទន្លេ ដែល​ជា​ទីស្នាក់​អាស្រ័យ នៃ​បក្សី​ទាំង​ឡាយ ។ ធម្មបាល​កុមារ ចេះ​ទាំង​ភាសា​បក្សី ទាំង​ពួង​ផង ព្រម​ទាំង​អាច​ធ្វើ​ជា​អាចារ្យ​សម្ដែង​មង្គល​ផេ្សងៗ ដល់​មនុស្ស​ទាំង​ពួង​ផង។

គ្រា​នោះ មនុស្ស​លោក​រមែង​រាប់​អាន​មហា​ព្រហ្ម និង កបិល​មហា​​ព្រហ្ម ១ អង្គ​ទៀត​ដែល​ជា​អ្នក​​សម្ដែង​​មង្គល​ដល់​មនុស្ស​ទាំង​ពួង ។ ពេល​នោះ កបិលមហាព្រហ្ម បានជ្រាប​ព័ត៌‌មាន​ក៏​ចុះ​មក​សួរ​បញ្ហា នឹង​ធម្មបាល​កុមារ ចំនួន ៣ ប្រស្នា ដោយ​សន្យា​ថា ប្រសិនបើ ធម្មបាល​កុមារ អាច​ដោះ​ប្រស្នា​បាន កបិល​មហាព្រហ្ម នឹង​កាត់​ព្រះសិរសា​ទ្រង់​ដើម្បី បូជា​ចំពោះ​ធម្មបាល​កុមារ ប៉ុន្តែ​ប្រសិន​បើ ធម្មបាល​កុមារ​មិន​អាច​ដោះស្រាយ​ប្រស្នា​នោះ​រួច កបិល​មហា​ព្រហ្ម​នឹង​កាត់​ក្បាល​ធម្មបាល​កុមារ​វិញ ។ ធម្មបាល​កុមារ​សុំ​ឲ្យ​ពន្យា​ពេលចំនួន ៧ ថ្ងៃ​សិន​ដើម្បី​គិត​ប្រស្នា​។

លុះ​កន្លង​ទៅ ៦ ថ្ងៃហើយ​ក៏​ធម្ម​បាល​កុមារ​នៅតែ​គិត​មិន​ឃើញ និង​ដឹង​ខ្លួន​ថា​ព្រឹក​នេះ​នឹង​ត្រូវ​ស្លាប់​ដោយ​អាជ្ញា​កបិលមហា​ព្រហ្ម​ជា​ប្រាកដ ។ ដូច្នេះ គួរ​តែ​រត់ ទៅ​លាក់​ខ្លួន ពួន​អាត្មា​ឲ្យ​ស្លាប់​ដោយ​ខ្លួន​ឯង​ប្រសើរ​ជាង ។ ទើប​ធម្មបាល​កុមារ​ចុះ​ពី​ប្រាសាទ​ទៅ​ដេក​ពួន​នៅ​ក្រោម​ដើម​ត្នោត​មួយ​គូ ។ នៅលើ​ដើម​ត្នោត​នោះ មាន​សត្វ​ឥន្ទ្រី​ញី​ឈ្មោល​ធ្វើ​សំបុក អាស្រ័យ​នៅ ។ វេលា​យប់​ សត្វឥន្ទ្រី​ញី​សួរ​សត្វ​ឥន្ទ្រី​ឈ្មោល​ថា ព្រឹក​នេះ​យើង​បាន​អាហារ​អ្វី​ធ្វើ​ជា​ចំណី? ឥន្ទ្រី​ឈ្មោល​ឆ្លើយ​ថា យើង​នឹង​ស៊ី​សាច់​ធម្មបាល​កុមារ ដែល​ត្រូវ​នឹង​កបិលមហា​ព្រហ្ម​សម្លាប់ ព្រោះ​ធម្មបាល​កុមារ​ដោះ​ប្រស្នា​មិន​រួច ។ ឥន្ទ្រី​ញី​សួរ​ថា ប្រស្នា​នោះ​ដូច​ម្ដេច ? ឥន្ទ្រី​ឈ្មោល​ឆ្លើយ​ថា៖ វេលា​ព្រឹក​សិរី​សួ​ស្ដី​ស្ថិត​នៅ​ត្រង់​ណា ? ត្រូវ​ឆ្លើយ​ថា ​នៅ​លើ​ផ្ទៃ​មុខ ។ ហេតុ​នេះ​ទើប​មនុស្ស​ទាំង​ឡាយ​ត្រូវ​យក​ទឹក​លប់​មុខ ។ ប្រស្នា​ទី ២ ចោទ​ថា ថ្ងៃ​ត្រង់​សិរី​ស្ថិត​នៅ​ត្រង់​ណា ? ត្រូវ​ឆ្លើយ​ថា នៅ​លើ​ទ្រូង ។ ហេតុ​នោះ​ទើប​មនុស្ស​ត្រូវ​យក​ទឹក​លាង​ទ្រូង ។ ប្រស្នា​​ទី ៣ ចោទ​ថា វេលា​ល្ងាច​សិរី​ស្ថិត​នៅត្រង់​ណា ? ត្រូវ​ឆ្លើយ​ថា នៅ​នឹង​ជើង ។ ហេតុ​នោះ ទើប​មនុស្ស​ទាំង​ឡាយ​ត្រូវ​យក​ទឹក​លាង​ជើង ។ ធម្មបាល​កុមារ​បាន​ឮ​ដូច្នេះ ក៏​ត្រឡប់​ទៅ​ប្រាសាទ​វិញ ។

លុះ​ព្រឹក​ឡើង​ កបិល​មហា​ព្រហ្ម ក៏​មក​សួរ​ប្រស្នា ធម្មបាល​កុមារ ។ ធម្មបាល​កុមារ ឆ្លើយ​ដោះ​ស្រាយ តាមដែលបានឮមក ។ កបិលមហាព្រហ្ម ក៏​ទទួល​ថាពិត​​ជា​ត្រឹមត្រូវ, ព្រមចុះ​ចាញ់ និង សុខ​ចិត្ត​ធ្វើតាម​ពាក្យសន្យា​របស់​ខ្លួន ។ កបិលមហាព្រហ្ម ហៅ​ទេព​ធីតា​ទាំង ៧ អង្គ ដែល​ជា បាទ​បរិចាវិកា ព្រះឥន្ទ្រ មក​ប្រាប់​ថា ឥឡូវ​បិតា​ត្រូវកាត់​ព្រះសិរសា​ដើម្បី​បូជា​ចំពោះ​ធម្មបាល​កុមារ តែ​បើ​ដាក់​ក្បាល​នោះ​លើ​ផែន​ដី នោះ​នឹង​កើត​ជាភ្លើង​ឆេះ​ទាំង​លោក​ធាតុ បើ​បោះ​ទៅ​លើអាកាស នឹង​នាំឲ្យ​រាំង​ភ្លៀង បើ​ចោល​ក្នុង​មហា​សមុទ្រ​នោះ​ទឹក​នឹង​រីង​ស្ងួត​ហួត​អស់ ។ ដូច្នេះ​សូម​ឲ្យ​កូន​ទាំង ៧ អង្គ យក​ពាន​មក​ទទួល​ព្រះសិរសា​បិតា ។ ពោល​រួច ព្រះអង្គ​ក៏​កាត់​ព្រះសិរសា​ហុច​ទៅ​ឲ្យព្រះនាង ទុង្ស ជា​កូន​ច្បង ។ ព្រះនាង ទុង្ស ក៏បានយក​ពាន​មកទទួល​ព្រះសិរសាបិតា រួចហែ​ប្រទក្សិណ​ភ្នំ​ព្រះ​សុមេរុ ៦០ នាទី​ទើប​យាង​ទៅ​ប្រតិ​ស្ឋាន​ទុក ក្នុង​មណ្ឌលេះ​នៅក្នុង​គុហាគន្ធមាលី នា​ភ្នំ​កៃលាស និង​បូជា​គ្រឿង​ទិព្វ​ផេ្សងៗ ។ ព្រះវិស្សកម្ម​ទេវបុត្រ ក៏​និមិត្ត​រោង​ទិព្វ​ធ្វើ​ពីកែវ ៧ ប្រការ ឈ្មោះថា «ភគវតី​សភា​សាលា» ឲ្យ​ជាទី​ប្រជុំ​នៃ​ទេវ​តា ។ លុះ​ដល់​គម្រប់ ១​ឆ្នាំ​ជាសង្ក្រាន្តត នាង​ទេព​ធីតា​ទាំង ៧ អង្គ ក៏​ផ្លាស់​វេន​គ្នា មក​អញ្ជើញ ព្រះសិរសា​កបិលមហា​ព្រហ្ម ចេញ​មក​ហែ​ប្រទក្សិណ ភ្នំ​ព្រះសុមេរុ​ជារៀង​រាល់ៗឆ្នាំ រួច​ហើយ​យាង​ត្រឡប់​ទៅ​ស្ថាន​ទេវ​លោក​ដើម្បី​តម្កល់​វិញ។

Leave a comment