បុរសម្នាក់អាយុ៥០ឆ្នាំ បានជួបនឹងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយត្រូវក្បាល បាត់បង់ស្មារតីមិនដឹងខ្លួន ហើយក៏ឆ្លងកាត់ការព្យាបាល និងវះកាត់ជាច្រើនដងដែរ ប៉ុន្តែគ្មានឃើញបានធូរស្បើយអ្វីបន្តិចណាសោះ ក៏បន្តសម្រាកដោយមិនដឹងខ្លួនយ៉ាងនេះក្នុងមន្ទីរពេទ្យ ។ អាការរបស់គាត់ដើម្បីជាមនុស្សរុក្ខជាតិអញ្ចឹង គ្មានការចងចាំ គ្មានវិចារណញ្ញាណ មិនស្គាល់អ្នកផ្ទះ មិនអាចនិយាយស្តីបាន ពេលហូបបាយត្រូវការអ្នកបញ្ចុក សូម្បីតែបត់ដៃបត់ជើងក៏មានការលំបាកដែរ … ។ បុរសម្នាក់នេះ មានម្តាយវ័យចំណាស់អាយុ៨៥ឆ្នាំម្នាក់ និងបងស្រីពីរនាក់ នៅពេលគាត់កើតនូវហេតុភេទធ្ងន់ធ្ងរយ៉ាងនេះ ម្តាយរបស់គ្មានលទ្ធភាពនឹងជួយមើលថែទាំគាត់បានទៀតទេ ព្រោះគាត់មានវ័យចំណាស់ណាស់ហើយ រីឯបងស្រីទាំងពីររបស់គាត់មានជីវភាព និងគ្រួសាររបស់ខ្លួនក៏មានការពិបាកមកមើលរក្សាគាត់ដែរ ។
កាលពីមុន បុរសម្នាក់នេះគាត់ចូលចិត្តលេងល្បែង ចាក់ឆ្នោត មិនដែលបានយកចិត្តទុកដាក់នឹងគ្រួសាររបស់គាត់អ្វីបន្តិចនោះទេ គាត់គិតតែពីការសប្បាយរបស់គាត់នៅខាងក្រៅប៉ុណ្ណោះ ។ ក្រោយរៀបការបាន១៥ឆ្នាំ គ្មានសល់លុយកាក់ម្កាក់ម្សេនជាប់នឹងខ្លួនសោះឡើយ ។ ប្រពន្ធរបស់គាត់តែងតែជួយដាសតឿនគាត់ តែគាត់មិនស្តាប់ ពួកគាត់ក៏មានការឈ្លោះប្រកែកគ្នាទៅ រហូតដល់មានការលះលែងគ្នាទៀតផង ។ នៅឆ្នាំគាត់អាយុ៤៥ឆ្នាំនោះ ពួកគាត់ក៏បានលែងគ្នាតែម្តងទៅ ប៉ុន្តែពួកគាត់មានកូនម្នាក់អាយុ៧ឆ្នាំ ដើម្បីឲ្យកូនរស់ក្នុងបរិយាកាសគ្រួសារមួយក៏ល្អនោះ ត្បិតតែពួកគាត់លះលែងគ្នាក៏ពិតមែន ពួកគាត់ក៏ពុំបានឲ្យកូនដឹងពីរឿងនេះដែរ នៅតែស្នាក់នៅជាមួយគ្នាដូចធម្មតាអញ្ចឹង ។
នារីដែលជាប្រពន្ធបានទទួលដឹងគាត់គ្រោះថ្នាក់ចរាចរណ៍នេះហើយក៏ប្រញាប់មកមន្ទីរពេទ្យមើលគាត់ភ្លាម នៅពេលគ្រូពេទ្យប្រាប់គាត់ពីអាការរបស់បុរសនោះរួចមក គាត់មានអារម្មណ៍តក់ស្លុតខ្លាំងណាស់យំមិនឈប់សោះ ។ ឲ្យតែបុរសនោះនៅរស់ កូនរបស់គាត់គឺនៅតែមានឪពុក គាត់និងបុរសនោះជាប្តីប្រពន្ធគ្នាជាង១០ឆ្នាំទៅហើយ គឺពិតជាមិនដាច់ចិត្តឃើញគាត់នៅដេកស្ដូកស្ដឹង គ្មានវិចារណញ្ញាណដោយមិនមានអារម្មណ៍ប្រតិកម្មដូចជារុក្ខជាតិនៅលើក្រែអ្នកជំងឺយ៉ាងនេះទេ បុរសម្នាក់ដែលធ្លាប់តែរស់រវើក ស្រាប់តែប្រែជានៅស្ងៀមត្រឹមមួយកន្លែងដូច្នោះទេ ។ ដូចនេះគាត់ក៏សម្រេចចិត្តនៅមើលថែរក្សា និងចេញថ្លៃព្យាបាលអតីតស្វាមីរបស់គាត់ម្នាក់នេះហើយ ។
ពេលវេលាពិតជាកន្លងទៅយ៉ាងឆាប់រហ័សមែន តែមួយប្លិចភ្នែកសោះគាត់បានថែទាំបុរសម្នាក់នោះអស់រយៈពេល៣ឆ្នាំជាងទៅហើយ ។ បុរសនោះមានកម្ពស់១ម៉ែត៧០ជាង ទម្ងន់ជាង៨០គ.ឡ. រីឯគាត់វិញកម្ពស់តែ១ម៉ែត៥០ជាង ហើយមានទម្ងន់ក្បែរ៥០គ.ឡ. ប៉ុណ្ណោះ ក្នុងអំឡុងពេលប៉ុន្មានឆ្នាំនេះ គាត់តែងតែធ្វើបាយម្ហូប ហើយបញ្ចុកបុរសនោះឲ្យពិសា ជួយប្រែខ្លួន ងូតទឹកឲ្យ ជួយលើកគាត់ទៅបត់ជើង ព្រមទាំងជូនគាត់នឹងកៅអីរុញទៅដើរលេង មើលគេឯង និងនិយាយលេងជាមួយគាត់ដើម្បីឲ្យឆាប់ជា ប៉ុន្តែហាក់គ្មានប្រយោជន៍ បុរសនោះនៅតែមិនដឹង និងគ្មានការឆ្លើយតបអ្វីបន្តិចសោះឡើយ ។
ថ្ងៃខែកាន់តែកន្លង នារីដែលជាប្រពន្ធរបស់បុរសនោះ ក៏ចាប់ផ្តើមស្រលាញ់បុរសវិញហើយ ។ កាលពីមុន បុរសនោះតែងតែដើរលេងក្រៅមិនសូវដែរបានចូលផ្ទះទេ បើត្រលប់មកដល់ក្នុងផ្ទះលើកណាក៏ឧស្សាហ៍ឈ្លោះប្រកែកគ្នាជាមួយនិងប្រពន្ធដែរ ហើយក៏មិនខ្វល់ពីសុខទុក្ខក្នុងគ្រួសារយ៉ាងម៉េចទៅទៀត ។ មកដល់ឥឡូវនេះ បុរសនោះថ្ងៃណាក៏នៅក្បែរប្រពន្ធគាត់ជានិច្ច បើកភ្នែកធំៗសម្លឹងមើលប្រពន្ធរបស់ខ្លួននិយាយស្ដី ហើយក៏មិនដែរឆ្លើយតប និងតមាត់នឹងប្រពន្ធគាត់ទៀតដែរ គឺបីដូចជាកូនក្មេងដែលស្តាប់បង្គាប់ម្នាក់អញ្ចឹង ។ ជីវិតរបស់បុរសនោះរស់យ៉ាងនេះឯងក្នុងដៃរបស់ប្រពន្ធគាត់ ។ ទោះយ៉ាងក្តី ប្រពន្ធគាត់នៅតែព្យាយាមធ្វើចលនាឲ្យគាត់ បញ្ចុកថ្នាំ ព្យាបាល និងនិយាយជាមួយគាត់ជារៀងរាល់ថ្ងៃមិនដែរអាក់ខានឡើយ ។ ប្រពន្ធគាត់គិតថា បើទោះជាមនុស្សក្នុងពិភពលោកទាំងមូលនេះ គ្មាននរណារវល់ជាមួយគាត់ ក៏មានប្រពន្ធគាត់ម្នាក់នេះ នៅកំដរក្បែរគាត់អស់មួយជីវិតដែរ ។
មានថ្ងៃមួយ បុរសនោះស្រាប់តែបានធូរស្បើយខ្លះៗ អាចនិយាយបានពាក្យ១ម៉ាត់ៗ ដូចជារាប់លេខពី១ដល់១០ជាដើម ។ មិនយូរប៉ុន្មានក៏ចាប់អាចញ៉ាំបាយបានដោយខ្លួនឯងមួយៗ ប៉ុន្តែមានលក្ខណៈដូចជាក្មេងអាយុត្រឹមពីរបីឆ្នាំប៉ុណ្ណោះ ការចងចាំគឺទទេរស្អាត ។ នៅពេលប្រពន្ធគាត់និយាយស្តីទៅរកគាត់ គាត់បានតែសម្លឹង ហើយញញឹមទៅកាន់ប្រពន្ធគាត់ប៉ុណ្ណោះ ។ មានពេលខ្លះពេលប្រពន្ធគាត់រុញគាត់ដើរលេងនៅខាងក្រៅ មានគេនិយាយថា ប្រពន្ធគាត់ទៅចោលគាត់ហើយ លែងត្រូវការគាត់ទៀតហើយ គាត់ខឹងខ្លាំងណាស់ហើយក៏និយាយថា៖ «កុំទៅ…ៗ…» ។
នៅតាមផ្លូវពួកគាត់ធ្វើដំណើរត្រលប់មកផ្ទះវិញដូចរាល់ដង ស្រាប់តែមានបុរសបិទមុខពីរនាក់លេចខ្លួនចេញមក កាន់កូនកាំបិតម្នាក់មួយនៅក្នុងដៃ សម្លុតពួកគាត់ថា៖ «បើចង់រស់ឆាប់ប្រគល់លុយ និងទ្រព្យសម្បីត្តិមានតម្លៃទាំងអស់ឲ្យពួកយើងភ្លាមមក….» ។ ពេលពួកចោរទាំងពីរនាក់នោះដើរសំដៅចូលមកជិតពួកគាត់ ប្រពន្ធគាត់ក៏ស្រែកខ្លាំងៗថាមានចោរប្លន់ ស្រាប់តែបុរសនោះក្រោកស្ទុះឈរពីកៅអីរុញនោះ ឈរពីមុខដើម្បីការពារប្រពន្ធគាត់ បន្ទាប់មកក៏មានមនុស្សឯទៀតសំដៅមក ពួកចោរទាំងពីរនាក់នោះក៏រត់បាត់ទៅ ។ រីឯបុរសនោះឈរមិននឹង ប៉ុន្តែក៏នៅតែព្យាយាមទៅឱបប្រពន្ធគាត់យ៉ាងជាប់ ខ្លាចពួកចោរនោះត្រលប់មកធ្វើបាទប្រពន្ធគាត់ទៀត បើទោះជាគាត់ឈរមិនបានយ៉ាងណាក៏ដោយក៏គាត់ត្រូវតែការពារនារីដែលគាត់ស្រលាញ់ឲ្យបានដែរ ។ ពេលឃើញដូច្នេះប្រពន្ធរបស់គាត់ក៏យំឱបគាត់យ៉ាងណែនវិញដែរ ដោយឃើញបុរសនោះមានការលំបាកយ៉ាងណានៅតែខំការពារគាត់ គឺពិតសប្បាយចិត្តណាស់ ។
មនុស្សប្រុសកើតមកពីកំណើត គឺដើម្បីការពារមនុស្សស្រី ក្នុងគ្រួសាររបស់ខ្លួនចឹងឯង នៅទីបំផុតប្រពន្ធគាត់បានចំណាយអស់រយៈពេល៤ឆ្នាំឲ្យគាត់ក្លាយជាមនុស្សប្រុសដែលមានការទទួលខុសត្រូវចំពោះគ្រួសារ និងក្លាយជាបុរសពិតប្រាកដវិញហើយ បើទោះជាលើកនេះគ្រាន់តែជាការឱបមួយដែលកម្រកើតមានក្នុងអំឡុងពេលជាង១០ឆ្នាំមកនេះក៏ដោយ ប៉ុន្តែអ្វីដែលគាត់ទទួលបាន គឺលើសពីនេះទៅទៀត ដែលគួរឲ្យគាត់រីករាយ និងចងចាំនូវសុភមង្គលទាំងនេះ អស់មួយជីវិតរបស់គាត់តែម្តង ។
«អូនមិនត្រូវការស្នេហាផ្អែមល្ហែមអ្វីនោះទេ គ្រាន់តែចង់រស់នៅក្បែរបងអស់មួយជីវិត…» ៕
ពាក្យក្នុងសាច់រឿង