នៅពេលដែលខ្ញុំបានឃើញនូវរូបភាពមួយនេះ ក៏ធ្វើឲ្យខ្ញុំនឹកស្រមៃឃើញដល់ប្តីប្រពន្ធវ័យចំណាស់១គូ ដែលពួកគាត់អង្គុយទល់ខ្នងគ្នានៅម្ខាងម្នាក់នៃកៅអីវែងមួយតាមទីសាធារណៈ មើលទៅដូចទើបតែឈ្លោះប្រកែកគ្នាពីរឿងអ្វីមួយរួចអញ្ចឹង ហើយកំពុងតែរំសាយកំហឹងរៀងខ្លួន ។ ស្រាប់តែភ្លាមនោះ ភ្លៀងក៏បានធ្លាក់ បុរសចំណាស់ជាប្តីនោះក៏បានយកឆាត់ដែលមាននៅហ្នឹងដៃ លាចេញហើយឈោងទៅខាងស្ត្រីចំណាស់ដែលជាប្រពន្ធរបស់គាត់ ដើម្បីបាំងកុំឲ្យទឹកភ្លៀងទទឹកខ្លួនប្រពន្ធ គាត់នៅតែបែរខ្នងដាក់គ្នា ប៉ុន្តែបុរសចំណាស់នោះនៅតែសុខចិត្តទទឹកភ្លៀងដោយខ្លួនឯងដោយមិនឲ្យប្រពន្ធគាត់ត្រូវទឹកភ្លៀងឡើយ… ។ នេះសបញ្ជាក់ពីសេចក្តីស្នេហាពិតដែលមិនចេះសាបសូន្យរបស់ពួកគាត់ ឈ្លោះប្រកែកគ្នាដល់ចាស់ ខឹងគ្នាដល់ចាស់ ប៉ុន្តែគាត់នៅតែការពារប្រពន្ធគាត់ពីព្យុះភ្លៀងដល់ចាស់ដែរ ។
ទិដ្ឋភាពបែបនេះធ្វើឲ្យខ្ញុំនឹកឃើញរឿងមួយ មានក្មេងប្រុសម្នាក់តែងតែពិបាកចិត្តនៅពេលដែលខ្លួនរំលឹកដល់អាពាហ៍ពិពាហ៍របស់ម្តាយឳពុកគាត់ ព្រោះថាអាពាហ៍ពិពាហ៍នេះពុំមែនកើតឡើងពីមនោសញ្ចេតនាពិតរវាងមនុស្សទាំងពីរនាក់ឡើយ ។ នាជំនាន់មុនៗនោះ ភាគច្រើនអាពាហ៍ពិពាហ៍គឺកើតចេញឡើងពីការផ្សំផ្គុំរបស់ចៅមហាមេបាព្រមព្រាងគ្នានោះទេ ពុំអាចមានស្នេហា ឬស្រលាញ់ដោយសេរីដូចសម័យបច្ចុប្បន្នទេ ។ ចំពោះឪពុកម្តាយរបស់ក្មេងម្នាក់នេះក៏ដូច្នោះ តើសេចក្តីស្នេហារបស់ពួកគាត់មានដែរឬទេ ហើយនឹងយ៉ាងណាដែរ?
នៅពេលក្មេងប្រុសនោះនៅតូច ឪពុកម្តាយរបស់គាត់សឹងតែថាមានការឈ្លោះប្រកែកគ្នារាល់ថ្ងៃ នៅពេលឈ្លោះគ្នាម្តងៗសឹងតែថាអាចនឹងមេឃក្រឡាប់ចាក់តែម្តង ។ ហើយក៏មានច្រើនលើកដែរដែលក្មេងនោះបានឃើញឪពុកម្តាយរបស់ខ្លួនឈ្លោះគ្នាខ្លាំងមែនទែនតែម្តង ធ្វើឲ្យគាត់មានការភ័យខ្លាច យប់ឡើងដេកមិនលក់សោះ ព្រោះខ្លាចពេលក្រោកឡើងនៅព្រឹកស្អែកខ្លួនមិនដឹងថាត្រូវធ្វើយ៉ាងណានៅពេលដែលឪពុកម្តាយរបស់គាត់លះលែងគ្នានោះ ។ នៅសម័យកាលនោះ រឿងលែងគ្នាគឺពិតជារឿងធំបំផុតណាស់ មិនដូចសម័យឥឡូវអាចចាត់ទុកថាធម្មតានោះទេ ។ បើពិតជាលែងគ្នាមែន កូននោះពិតជាខ្លាចណាស់ ខ្លាចថាខ្លួនអាចនឹងត្រូវពួកគាត់បោះបង់ចោលក៏ថាបាន ប៉ុន្តែមកដល់ថ្ងៃបន្ទាប់ ក្មេងនោះពុំដឹងថានោះប្រឈមនឹងទិដ្ឋភាពបែបនោះយ៉ាងដូចម្តេចផង ក៏ស្រាប់តែម្តាយរបស់គាត់និយាយយ៉ាងទន់ភ្លន់ទៅកាន់ឳពុកគាត់ថា៖ «ប៉ាវាបបរឆ្អិនហើយ ឆាប់មកហូបមកណា អូនក្រោកពីព្រលឹមមកធ្វើជាពិសេសសម្រាប់បងព្រឹកនេះ…» ។ ចំណែកខាងឪពុកវិញក៏ធ្វើដូចជាគ្មានរឿងអ្វីបានកើតឡើងអញ្ចឹងតបទៅម្តាយគាត់តាមសម្រួលថា៖ «កុំភ្លេចយកពងទាប្រៃ និងចាខ្វៃមកឲ្យបងផង ញ៉ាំជាមួយបបរឆ្ងាញ់ណាស់!» ។ ពីម្សិលមិញ និងថ្ងៃនេះបីដូចជាមនុស្សផ្សេងគ្នាទាំងសុទ្ធតែម្តង ធ្វើឲ្យកូនគាត់រកនឹងអ្វីស្មានតែពុំត្រូវសោះ ។
ទិដ្ឋភាពទាំងនេះ គឺតាមជាប់ខ្លួនគាត់តាំងពីតូចរហូតដល់ធំដឹងក្តីតែម្តង ម្តងណាក៏យ៉ាងដូច្នោះដែរ ក៏ធ្វើឲ្យគាត់សម្របនឹងបរិយាកាសបែបនេះទៅហើយ ។ ពេលឪពុកម្តាយឈ្លោះគ្នាម្តងៗ កូនៗមានតែឈរឱបដៃមើលប៉ុណ្ណោះមិនអាចនឹងធ្វើអ្វីបានឡើយក្រៅពីចាំមើលខ្លាចពីប្រខាំគ្នាដោយស្ងៀមស្ងាត់ចឹងឯង ។ ដល់កូនក្មេងនោះចាប់ផ្តើមធំដល់វ័យជំទង់ ចូលរៀនអនុវិទ្យាល័យទៅហើយ នៅតែឈ្លោះខ្លាំងទៀត ក៏មិនដឹងថាមានរឿងអ្វីដែរ ឈ្លោះគ្នាដល់លើកតុក្រឡាប់បោកឆ្នាំងបោកចានចោលយ៉ាងនេះដែរ ។ ក្នុងពេលនោះក្មេងនោះក៏ស្ថិតក្នុងវ័យមួយដែលមានការប្រឆាំងនឹងឪពុកម្តាយដែរ ស្រាប់តែឃើញនូវទិដ្ឋភាពបែបនេះទៀត ក្នុងចិត្តពិតជាពិបាកខ្លាំងមិនដឹងធ្វើយ៉ាងក៏ស្រែកឲ្យពួកគាត់ខ្លាំងៗថា៖ «ឈ្លោះគ្នាទៅ ឈ្លោះឲ្យបែកផ្ទះតែម្តងទៅ ឈ្លោះគ្នាយ៉ាងនេះខ្ញុំរៀនម៉េចចូល … » ពេលនោះកូននោះក៏មានចិត្តបំភ័យពួកគាត់ម្តងក៏ថា៖ «តែយ៉ាងៗហ្នឹងមិនដឹងថានៅផ្ទះនេះម៉េចទៀតទេខ្ញុំ ចេញពីផ្ទះឲ្យបាត់ៗទៅទើបប្រសើរ…» ក៏រត់ចេញពីផ្ទះបាត់ទេ ។ ពិតណាស់ក្មេងម្នាក់អាចរត់ទៅឆ្ងាយបានដល់ត្រឹមណាទៅ កូននោះគ្រាន់រត់ទៅផ្ទះមិត្តភក្តិផ្តុំជិតៗនោះប៉ុណ្ណោះ ហើយក៏ឆ្លៀតលួចទៅលេងជាមួយគេផង ព្រោះពេលខ្លះក៏ខ្ជិលរៀនដែរ ទំរាំមានឱកាសម្តងនេះអាចលួចខ្ជិលបានក៏លួចខ្ជិលសិនទៅ…. ។ ល្ងាចមិនទាន់ផងម្តាយគាត់ក៏រកកូនឃើញទៅហើយ នៅពេលតាមម្តាយត្រលប់ទៅផ្ទះវិញក៏ឆ្លៀតសួរថា៖ «ម៉ាក់! ម៉ាក់ហើយនិងប៉ាឧស្សាហ៍ឈ្លោះប្រកែកគ្នាខ្លាំងៗចឹង ម៉េចក៏មិនលែងគ្នាតែម្តងទៅ?» ។ ម្តាយរបស់កូននោះក៏មានទឹកមុខភ្ញាក់ផ្អើលថា៖ «លែងគ្នា? កូនឯងដឹងមកពីណាថាប៉ាម៉ាក់ចង់លែងគ្នានោះ កុំចេះតែនិយាយតែផ្តាសចឹងអត់ល្អទេកូន….» ។
កូននោះធ្លាប់គិតថាប្រហែលជាក្រោយការឈ្លោះដ៏ខ្លាំងក្លា និងការរករឿងរបស់គាត់លើកនេះហើយពិតជានឹងធ្វើឲ្យពួកគាត់រៀងចាល មិនសូវឈ្លោះទៀតហើយ ប៉ុន្តែផ្ទុយស្រលះ នៅតែឈ្លោះគ្នាដូចដើមដដែលជាដដែល ។ នៅពេលកូននោះធំពេញវ័យទៅក៏ចាប់ផ្តើមមានអារម្មណ៍ដឹង និងយល់បណ្តើរៗហើយថា ការឈ្លោះប្រកែកគ្នារបស់ពួកគាត់នេះ ក៏ជាវិធី ឬជាមធ្យោបាយទំនាក់ទំនងគ្នាប្រចាំថ្ងៃរបស់ពួកគាត់ក៏ថាបាន បើមិនឈ្លោះពិតជាដេកពុំលក់មិនខាន ព្រោះមិនដែរឃើញពួកគាត់ថាលែងគ្នាដោយសារការឈ្លោះគ្នាទាំងនោះដែរ ។ មិនមែនដូចប្តីប្រពន្ធសម័យបច្ចុប្បន្ន ដល់ពេលឈ្លោះគ្នាម្តងៗរកតែលះលែងគ្នា មើលទៅបើចិត្តខ្លាំងរៀងខ្លួនយ៉ាងនេះមុខជាត្រូវបែកបាក់គ្រួសារដោយសារតែការខុសទាស់សម្ដីគ្នាបន្តិចបន្តួចយ៉ាងដូច្នេះពុំខាន ។
ពួកគាត់ឈ្លោះគ្នារហូតដល់ចាស់ព្រឹទ្ធចាស់ព្រេងរៀងខ្លួន ប្តីមានជម្ងឺខ្សោយបេះដូងទើបប្រពន្ធអន់ឈ្លោះ ចាប់ពីពេលនោះទៅក៏លែងឃើញពួកគាត់ឈ្លោះអីទៀតដែរ ។ បើទោះជាប្តីគាត់ថាឲ្យគាត់យ៉ាងណាក៏គាត់អាចទ្រាំបានដែរ ពិតជាខុសពីមុនខ្លាំងណាស់ ដូច្នេះហើយពិតជាទះដៃម្ខាងមិនឮពិតមែន នៅពេលប្រពន្ធឈប់ឈ្លោះព្យាយាមសម្របតាមប្តីខ្លាចប្តីអាចខ្សោយបេះដូង និងមានបញ្ហានោះ ប្តីរករឿងតែខ្លួនឯងរាល់ថ្ងៃ យូរៗទៅក៏លែងរកទៀតដែរ រវាងពួកគាត់ទាំងពីរពិតជាគួរឲ្យមានន័យមែន ។
មានថ្ងៃមួយ នៅពេលប្តីនោះដឹងថាប្រពន្ធខ្លួនក្រពះមិនស្រួល គាត់ក៏ទៅផ្សាររកអង្ករដែលល្អជាងគេមកធ្វើបបរឲ្យប្រពន្ធគាត់ហូប ប៉ុន្តែគាត់ត្រូវជិះកង់ទៅឆ្ងាយណាស់ទើបអាចរកទិញបាន នៅពេលប្រពន្ធគាត់ដឹងហើយក៏ស្តីបន្ទោសគាត់យ៉ាងខ្លាំងថា៖ «តាកញ្ចាស់! តាឯខ្សោយបេះដូងផងខំធ្វើដំណើរទៅឆ្ងាយអីដូចគេក្មេងចឹងមិនខ្លាចងាប់ទេអី? …» ។ ប្តីក៏ញញឹមហើយតបទៅប្រពន្ធថា៖ «មិនអីទេពេទ្យប្រាប់ថាជាជម្ងឺកម្រិតស្រាលទេ ហាត់ប្រាណបន្តិចបន្តួចប៉ុណ្ណោះមិនជាបញ្ហាៗ…» ។
ទីបំផុតកូនរបស់ពួកគាត់ក៏យល់អំពីមនោសញ្ចេតនា និងសេចក្តីស្នេហារបស់គាត់ទាំងពីរ គឺពិតជាជ្រាលជ្រៅណាស់ ត្បិតតែឧស្សាហ៍ឈ្លោះគ្នានៅវ៍យក្មេង ប៉ុន្តែដល់ចាស់រៀងខ្លួនបែរជាអាចនៅកំដរគ្នា និងមានមនោសញ្ចេតនាស្នេហាជ្រាលជ្រៅយ៉ាងនេះ ។ វ័យពួកគាត់ជរាទៅៗក៏ពិតមែន ប៉ុន្តែជំរៅស្នេហ៍របស់គាត់ទាំងពីរគឺមិនសាបសូន្យឡើយ គឺពិតជាគ្រប់គ្រាន់ហើយសម្រាប់ជីវិតអាពាហ៍ពិពាហ៍ដ៏មានសុភមង្គលរបសពួកគាត់ ។ ប្រសិនបើវាជាស្នេហ៍ពិតមែននោះ មិនថាមានការឆ្លងកាត់យ៉ាងណា ចុងក្រោយនៅតែមិនចេះសាបសូន្យជានិច្ច ៕