ថ្ងៃគ្រូអត់រៀនខ្ញុំអាចចេញទៅផ្ទះមុនម៉ោងបាន ដូចនេះខ្ញុំក៏ទូរស័ព្ទហៅគាត់មកទទួលខ្ញុំ។
«អូឡូ…. ថ្ងៃនេះខ្ញុំអត់រៀនទេ តើអាចមកទទួលខ្ញុំបានទេ?»
«បានតើ ចាំបន្តិច! ៥នាទីទៀតខ្ញុំនឹងទៅដល់ហើយ!»
«៥នាទី? អីក៏យូរម្លេះ? ផ្ទះនៅជិតនេះសោះហ្នឹ៎ងអា៎!»
«អេ៎….ម៉េចគ្រាន់តែតែងខ្លួនបន្តិចផងក៏មិនបានដែរឬ?»
«អូខេ! ចឹងក៏បានដែរ ប្រញាប់បន្តិចមកណា!»
រសៀលម៉ោង២ថ្មើរនេះ មេឃក្តៅចង់ឆេះទៅហើយ បើទោះជាឈរក្រោមម្លប់យកដៃបក់ក៏មិនដឹងថាវាត្រជាក់យ៉ាងដូចម្តេចទៅកើតដែរ តែក៏ប្រសើរជាអត់ដែរ ។ ហឺយ… ៥នាទីបានកន្លងផុតទៅហើយ គេនៅតែមិនទាន់មកទៀត ខ្ញុំចាប់ផ្តើមមិនសប្បាយចិត្តហើយនៅពេលនេះ ខ្ញុំមើលទៅម៉ោងម្តងទៀត ១០នាទីក៏ហួសទៅទៀតហើយ គេនៅតែមិនទាន់មកទៀត… វាមិនដែលថាមានរឿងអ្វីកើតឡើងទេដឹង? យី៎! ភើយៗៗៗៗ… មាត់ចង្រៃមែន គ្មានរឿងអ្វីកើតឡើងទេ! ១៥នាទីហើយពេលនេះ អូ៎! មកដល់ហើយតើ ។
«ម៉េចក៏យឺតម្លេះខ្លួន?»
«អឺ… អត់ម៉េចទេ គ្រាន់តែមើលទូរទស្សន៍បញ្ចប់សាច់រឿងមួយភ្លែតប៉ុណ្ណោះ!» គេនិយាយធ្វើដូចជាគ្មានអ្វីកើតឡើងសោះអញ្ចឹង មើលទៅគួរឲ្យខឹងមែន ។
«ហា៎! ថាម៉េច? មើលទូរទស្សន៍អីថ្មើរហ្នឹង? មិនព្រមចាំដេកមួយស្របក់ ងូតទឹក ហើយហូបបាយអីម៉ាចប់ម៉ុងទៅចាំមក(មួយចប់តែម្តងទៅចាំមក)?» ខ្ញុំឈរនៅស្ងៀមសម្លឹងមើលគេ មិននិយាយស្តីអ្វីទាំងខឹងមួយសន្ទុះ ទើបព្រមឡើងជិតម៉ូតូជាមួយនិងគេ ។
«សុំទោស!» នេះគឺជាលើកដំបូងហើយដែលគេនិយាយពាក្យថាសុំទោសដូច្នេះដាក់ខ្ញុំ គេគឺជាមនុស្សប្រុសបែបបុរសនិយមម្នាក់ ហើយស្រលាញ់មុខមាត់ខ្លាំងណាស់ដែរ ពីដើមមកគឺមិនដែលឱនក្បាលសុំទោសដាក់នារីណាម្នាក់នោះទេ ។ ខ្ញុំមើលទៅកាន់គេ «អូខេ! … » មើលទៅគេដូចជាដឹងខ្លួនថាខុសពិតមែន ណាស់ហើយលើកលែងឲ្យគេម្តងចុះ ។
គេហ្នឹងតាងតែពីដើមមកតែងតែចឹង មិនដែលចេះនិយាយបកស្រាយអ្វីច្រើននោះទេ មិនចេះឈ្លោះប្រកែក ក៏រឹតតែមិនធ្លាប់ឈ្លោះនឹងខ្ញុំដែរ គឺគ្រាន់តែចេះនិយាយថាសុំទោស១ពាក្យនេះប៉ុណ្ណោះ ។ ប៉ុន្តែមានរឿងខ្លះពុំមែននិយាយសុំទោសប៉ុណ្ណឹងរួចគ្នានោះទេ ទោះជាយ៉ាងណាបានជាគេសុំទោសខ្ញុំហើយឲ្យវាហើយទៅចុះ គេក៏ថាខ្ញុំគឺជានារីម្នាក់ដំបូងដែលគេនិយាយពាក្យសុំទោសនេះដែរ ។ គេក្លាហានណាស់ដែលហ៊ានទទួលស្គាល់កំហុសរបស់ខ្លួន តែមិនចេះកែកំហុសនេះម៉េចទេ ហើយតែងតែនិយាយសុំទោសដូច្នេះមកបញ្ចប់នូវសម្ដីរបស់ខ្ញុំដែលសួរដេញដោលទៅវិញ ។
ខ្ញុំបានចាំថាពាក្យសុំទោសលើកទី៥៩របស់គេបានធ្វើឲ្យខ្ញុំស្រក់ទឹកភ្លែក «ឈប់សុំទោសខ្ញុំទៀតទៅ បើមិនអាចកែកំហុសទាំងនោះបានទេ គឺកុំមកឲ្យខ្ញុំអត់ទ្រាំម្តងជាពីរដងទៀតអី…» ។ គេក៏ចាប់កាន់ដៃខ្ញុំថ្នមៗ ហើយក៏បាននិយាយពាក្យសុំទោសជាលើកទី៦០ ។ ថ្វីបើយ៉ាងដូច្នេះក៏ពិតមែន គេនៅតែមិនមានការកែប្រែទាល់តែសោះ ហើយក៏មិនបានបកស្រាយអ្វីច្រើនដែរ ជាហេតុធ្វើឲ្យខ្ញុំចាប់ផ្តើមមានការមន្ទិលក្នុងចិត្តសង្ស័យថាគេមុកជាមានអ្វីលាក់កំបាំងនឹងខ្ញុំមិនខាន ។
«តើថ្មីៗនេះ មានរឿងអ្វីកើតឡើងចំពោះបងទៅ?» ។
«អត់មានអីផង!» ។
«បើចឹងម៉េចក៏អូនមានអារម្មណ៍ថាមិនល្អសោះ?» ។
«វាគ្រាន់តែជាអារម្មណ៍របស់អូនប៉ុណ្ណោះ តែបងគ្មានអីឯណា? ថាមិនអីគឺមិនអីហើយណាអូន!» ។
«ម៉េចក៏ថាអត់អី? ក្រៅពីប្រាប់ខ្ញុំថាអត់អី តើបងអាចនិយាយអ្វីផ្សេងសំខាន់ប្រាប់ខ្ញុំបានទេ? មើលមិនដឹងថាខ្ញុំយកចិត្តទុកដាក់ និងព្រួយបារម្ភណាស់ទេអី? ពិតជាយ៉ាងមែនមានទុកខ្ញុំជាមិត្តស្រីឬអត់ហ្នឹង?» ។
«សុំទោស» ។
«ខ្ញុំមិនចង់ស្តាប់ពាក្យនេះទៀតទេ! » ។
ក្នុងពេលនោះ ខ្ញុំក៏បិទទូរស័ព្ទតែម្តង ហើយក៏មិនឃើញគេទូរស័ព្ទមកដែរ មើលទៅគេលែងរវល់នឹងខ្ញុំទៀតហើយ ក៏ប្រហែលនឹងអាចចែកផ្លូវគ្នាទៀតក៏មិនដឹង… ។
… នេះហើយគឺជាពាក្យ «សុំទោស» លើកទី៩៩…
ចាប់ពីថ្ងៃនោះមកខ្ញុំមិនដែលទៅរកគេ ហើយគេក៏មិនបានទាក់ទងមកខ្ញុំទៀតដែរ នៅពេលខ្លះទទួលបានខ្ញុំទូរស័ព្ទមិនមានសំឡេងនិយាយអ្វី គ្រាន់តែខ្ញុំនិយាយអាឡូៗៗ… ប៉ុន្មានម៉ាត់ក៏ដាច់ទៅ ប៉ុន្តែចេះតែមានអារម្មណ៍ថាជាគេ ចុះហេតុអ្វីមិននិយាយស្តី? ១ខែក្រោយមកខ្ញុំទប់ចិត្តខ្លួនឯងពុំបានក៏ទៅរកគេដល់ថ្នាក់ ខ្ញុំមើលចុះមើលឡើងគ្រប់ទិសទៅហើយ នៅតែរកគេមិនឃើញ ក៏សាកសួរមិត្តរួមថ្នាក់គេមើល ។
«អូ៎! ណែ! សូមសួរបន្តិច តើមង្គលថ្ងៃនេះបាត់ទៅណាហើយ?» ។
«គេឈប់រៀនជិត១ខែទៅហើយ…» ។
«ហា៎! ថាម៉េច? ឈប់រៀនទាំងចឹង?» ។
«ខ្ញុំក៏មិនដឹងដែរ បើចង់ដឹងទៅរកគេនៅឯផ្ទះទៅ!» ។
«អូ៎…ចឹង… អរគុណ!» ។ ម៉េចក៏ចឹង អត់មករៀនជិត១ខែហើយ?
ស្រាប់តែនៅពេលនេះខ្ញុំមានអារម្មណ៍ដូចជាមិនស្រួលក្នុងចិត្តសោះ ខ្ញុំក៏បានទូរស័ព្ទទៅគេ «លេខទូរស័ព្ទដែលលោកអ្នកហៅនៅពេលនេះពុំមានការឆ្លើយតបអ្វីនោះទេៗៗ….» ខ្ញុំក៏សម្រេចចិត្តទៅរកគេដល់ផ្ទះតែម្តង ។ ខ្ញុំបានឈរនៅពីក្រៅផ្ទះគេស្រែកហៅឡើងចង់បែកបំពង់កទៅហើយពុំឃើញមាននរណាម្នាក់ចេញមកបើកទ្វារសោះ ឬមួយថានាំគ្នារត់ចោលស្រុកទាំងគ្រួសារទៅហើយ?? មើលទៅដូចជារលាយសាបសូន្យផុតបាត់ពីលោកនេះចឹង ហើយក៏ពុំមានបន្សល់ទុកនូវដានអ្វី ។ មិនមែនថាគេការចោលខ្ញុំបាត់ទេដឹង? នៅពេលនេះចិត្តខ្ញុំចេះតែចាប់ផ្តើមគិតហើយគិតទៀត ក្នុងខួរក្បាលសុទ្ធតែមានរឿងផ្តេសផ្ដាសជាច្រើនផុសឡើងមកហើយ ។ ស្រាប់តែ «& e a X e &» អូ៎! នោះគឺជាមិត្តភក្តិរបស់គេតើ?
«សួស្តី! … ឥឡូវនៅណា?» ។
«ហា៎! អីគេ?» ។
«មង្គលនៅក្នុងមន្ទីរពេទ្យហើយដឹងអត់?!» ។
«មែនក៏អី? ម៉េចបានចឹង??»
«គ្មានពេលបកស្រាយទេឆាប់ឡើង នៅមន្ទីរពេទ្យថ្ងៃមុនយើងទៅណាដឹងនៅ?»
«អូ៎!…ចា៎!….ខ្ញុំប្រញាប់ទៅឥឡូវនេះ!!» ។
ខ្ញុំក៏បានប្រញាប់ធ្វើដំណើរទៅដលើមន្ទីរពេទ្យ ឃើញបងប្អូនអ្នកផ្ទះរបស់គេនៅជុំគ្នាច្រើនណាស់ ក្រោយពីសាកសួរដំណឹងទើបដឹងថាគេនៅបន្ទប់ណាហើយខ្ញុំក៏ចូលទៅមើលគេ ។ ខ្ញុំឃើញគេគេងយ៉ាងកម្សត់នៅលើគ្រែ ភ្នែកសម្លឹងមើលមកខ្ញុំអត់មាត់១ម៉ាត់ ហើយក៏អត់ក្រោកឡើងកម្រើកបន្តិចណាសោះ ។
«ម៉េចក៏ចឹង ហេតុអ្វីបានជាមិនប្រាប់ខ្ញុំសោះ?» ។
គេមិនបានឆ្លើយតបទេ គ្រាន់តែប្រើកែវភ្នែករបស់គេសម្លឹងខ្ញុំប៉ុណ្ណោះ ។
«ម៉េចក៏មិននិយាយស្ដីអីសោះចឹងហា៎? ឆាប់ឆ្លើយនឹងខ្ញុំភ្លាមមក!!» ។
ស្រាប់តែខ្ញុំឃើញទឹកភ្នែករបស់គេស្រក់ចេញពីចុងម្ខាងរបស់គេ រាងកាយទាំងមូលក៏ដូចជាប្រឹងកម្លាំងអស់ពីខ្លួនទៅហើយ ក៏ហាមាត់ប្រឹងនិយាយថា៖ «សុំ…ទោស…!» និយាយចប់ក៏បិទភ្នែកបាត់ទៅ «ឆាប់ក្រោកឡើងមក ឈប់ធ្វើពុតបែបនេះទៀតទៅ ម៉េចក៏ចាំបាច់សុំទោស មិនចង់បានចឹងទេ ក្រោកឡើងឆ្លើយនឹងសំណួរខ្ញុំភ្លាមមក!!» ។ ពេលនោះខ្ញុំក៏យំដួលក្បែរគ្រែរបស់គេ ទាញដៃអាវគេហើយនិយាយទាំងទឹកភ្នែក «ហេតុម៉េចក៏ចាំបាច់សុំទោស សូម្បីតែមូលហេតុមួយដ៏សមស្របសម្រាប់ខ្ញុំក៏គ្មានដែរ អូនមិនអាចអត់បងបានទេ ក្រោកមក បើទោះជាសុំទោសយ៉ាងណាក៏គ្មានបានការអ្វីទាំងអស់ បើនៅតែមិនក្រោកទៀតក្នុងមួយជីវិតនេះកុំសង្ឃឹមថាអូនលើកលែងទោសឲ្យបងនោះ … អូនសុំអង្វរឆាប់បើកភ្នែកឡើង…និយាយឆ្លើយតបជាមួយបងមក!» ។
នេះគឺជាពាក្យសុំទោសលើកទី១០០របស់គាត់ហើយ… ក្នុងខួរក្បាលរបស់ខ្ញុំពេលនេះគឺទទេស្អាត ក្នែកក៏ចាប់ផ្តើមមានតែភាពងងឹត… ។ ពេលខ្ញុំដឹងខ្លួនឡើងវិញអ្វីៗគ្រប់យ៉ាងហាក់ដូចនៅដដែល ខ្ញុំក៏សង្ឃឹមដូច្នេះដែរ តែមើលមិនឃើញរូបគេទៅហើយ ទេគេមិនបានចាកឆ្ងាយពីលោកនេះទេ គឺនៅក្បែរខ្លួនខ្ញុំជានិច្ច គ្រាន់តែខ្ញុំលែងមានឱកាសអាចប៉ះគេបានប៉ុណ្ណោះឯង ។ យ៉ាងណាពេលខ្លះអាចជួបគេក្នុងសុបិន ហើយគេប្រាប់ខ្ញុំពីសុខទុក្ខរបស់គេយ៉ាងណា…គេគឺនៅកំដរខ្ញុំជានិច្ច ។ ហើយអ្វីៗគ្រប់យ៉ាងគឺនៅដដែល គេនៅតែញញឹមដាក់ខ្ញុំហៅឈ្មោះខ្ញុំ ក៏លែងមានពាក្យសុំទោសនេះទៀតដែរ ។
ប៉ុន្មានខែក្រោយមក ម្តាយរបស់គេបានមករកខ្ញុំហើយយកប្រអប់មួយមកឲ្យខ្ញុំ ក្នុងនោះមានរូបថត១០០សន្លឹក រាល់សន្លឹកនិមួយៗសុទ្ធតែសរសេរពីរឿងរ៉ាវដែលគេធ្វើឲ្យខ្ញុំខឹងទាំងអស់នៅខាងក្រោយរូបថតនោះ ។
«បងសុំទោសអូនជាលើកដំបូងណាអូនសម្លាញ់៖ ម៉ែវាអើយថ្ងៃនេះបងពុំមានចេតនាមកយឺតទេ តែបងមិនដាច់ចិត្តប្រាប់អូនខ្លាចអូនបារម្ភ តាមពិតនៅពេលដែលបងរៀបនឹងចេញទៅរកអូនបេះដូងបងចាប់ផ្តើមធ្វើទុក្ខខ្លាំងណាស់ ប៉ុន្តែបងបានប្រញាប់ទៅរកអូនហើយដែរ អត់ទោសឲ្យបងផងណាបានទេ? បងសុំទោស…» ។
«នេះគឺជាលើកទី២ហើយដែលបងសុំទោសអូន អូនសម្លាញ់ ម៉ែវាអើយបង… » ។
«នេះគឺជាលើកទី២ហើយដែលបងសុំទោសអូន អូនសម្លាញ់ ម៉ែវាអើយបង… » ។
……
……
……
នេះគឺជាពាក្យសុំទោសលើកទី១០០ ដែលបងសុំទោសអូន អូនសម្លាញ់ ម៉ែវាអើយបងមិនដាច់ចិត្តទុកអូនចោលឲ្យនៅម្នាក់ឯងទេ គ្រាន់តែព្រហ្មលិខិតមិនប្រណីបងប៉ុណ្ណោះ មិនផ្តល់ឱកាសឲ្យបងបានស្រលាញ់ និងថែរក្សាអូនអស់មួយជីវិត អូនគឺជានារីបំបូងបង្អស់ហើយដែលបងនិយាយពាក្យថាសុំទោសនេះ ក៏ជានារីដែលបងចង់រស់នៅជាមួយអស់មួយជីវិតដែរ អភ័យទោសឲ្យបងផង ដែលបងមិនបានផ្តល់ក្តីស្រលាញ់ និងសុភមង្គលពេញលេញមួយដល់អូន មិនបាននៅថែរក្សាអូន ការពារអូន និងឃើញអូនមានសុភមង្គល ។ យល់ព្រមនឹងបងមកថាឈប់យំទៀតទៅ បងមិនចង់ឃើញអូនដើម្បីបងស្រក់ទឹកភ្នែកទៀតទេ រឹតតែមិនចង់ឃើញរូបរាងអូនយំ និងពិបាកចិត្តយ៉ាងនេះទៀតទេ… ។ លាហើយពីបង មង្គល ។
រឿងអីមិនយំបើធ្វើតែយ៉ាងហ្នឹងនោះ រូបថតចុងក្រោយរបស់គេគឺថតនៅក្នុងមន្ទីរពេទ្យទេ រូបគេក្នុងរូបថតនេះ គឺសើចបានស្អាតល្អណាស់ ប៉ុន្តែស្គមជាមុនច្រើន ហើយទឹកមុខក៏ស្លេកស្លាំងទៀត នៅតែពោរពេញដោយស្នាមញញឹមដដែល… រូបថតទី១០០នេះ គឺពេលដែលគេឈឺធ្ងន់បំផុត បែរជាគ្មានរួបខ្ញុំនៅក្បែរគេទៅវិញ ។ សុំទោស! ខ្ញុំឱបរូបថតទាំងនោះទាំងទឹកភ្នែកហូរឥតឈប់សោះពេញមួយថ្ងៃនោះ… ៕