រឿង ឪ​ក្មេក រើស​កូន​ប្រសា

(ដក​ស្រង់​ពីច្បាប់​សរសេរ​ដៃ​នៅ​បណ្ណាល័យ​ពុទ្ធសាសនបណ្ឌិត្យ លេខ G 20 B របស់​លោក E. Aymnier ទំព័រ ៤១ ខាង​ភាសា​ខ្មែរ​និង​កម្ពុជ​សុរិយា​លេខ ១- ២ – ៣ ឆ្នាំ ១៩៣៩ ទំព័រ ១២៧ គ្មាន​ឈ្មោះ​អ្នក​រៀបរៀង​ទេ ។)

និយាយ​យប់ ផ្ទប់​ព្រៃ និយាយ​ថ្ងៃ ព្រៃ​មាន​ត្រចៀក

សុភាសិតខ្មែរ

កាល​ពីព្រេងនាយ មាន​តា​ចាស់​ម្នាក់ និង​ដូន​ចាស់​ម្នាក់ នៅ​ស្រុក​មួយ ។ តា​ចាស់​យាយ​ចាស់​នោះ មាន​កូន​ក្រមុំ​ម្នាក់ រូប​ល្អ​ណាស់ អ្នក​ណា​ទៅ​ដណ្ដឹង​ក៏​គាត់​មិន​ព្រម​ឲ្យ​គាត់​ថា « អ្នក​ណា​តម​មិន​ជេរ​ម្ដាយ​គេ​បាន ទើប​គាត់​ឲ្យ​កូន​ជា​ប្រពន្ធ​អ្នក​នោះ » ។

ជួន​ជា​ថ្ងៃ​មួយ​នោះ មាន​កំលោះ​ម្នាក់​រូបរាង​ស្អាត​បាត ចូល​ទៅ​ដណ្ដឹង​កូន​គាត់ ៗ ថា «អើ​អញ​ឲ្យ​ឯងៗ កុំ​ព្រួយ​ចិត្ត ប៉ុន្តែ​ឯង​ត្រូវ​តម​ជេរ​ម្ដាយ​គេ ហើយ​ទទួល​បម្រើ​អញ​តាម​ពាក្យ​អញ ទើប​បាន​អញ​ឲ្យ​ឯង បើ​តម​មិន​បាន​អញ​ផ្ដាច់​មិន​ឲ្យ​ឯង​ទេ អញ​ប្រាប់​ឯង​ឲ្យ​ដឹង​ជា​មុន, លុះ​ក្រោយ​ទៅ ឯង​កុំ​ថា​អញ​កាច​ណា» ។ កំលោះ​នោះ​ថា «ខ្ញុំ​បាទ​តម​ជេរ​ម្ដាយ​គេ​បាន ហើយ​ធ្វើ​ការ​អ្វីៗ ក៏​បាន​ទាំងអស់ ខ្ញុំ​បាទ​ទទួល​សព្វ​គ្រប់​ប្រការ តាម​ប្រសាសន៍​លោក​ឪពុក » ។ តា​នោះ​ថា « អើ​បើ​ឯង​តម​ជេរ​ម្ដាយ​គេ​បាន​មែន ឯង​ទៅ​សិន​ចុះ ព្រឹក​ត្រូវ​ឯង​មក​វិញ​ពី​ព្រលឹម »កំលោះ​នោះ​ ក៏​លា​វិល​ទៅ​ផ្ទះ​វិញ ។ ព្រឹក​ឡើង កំលោះ​នោះ​មក​វិញ ចូល​ទៅ​បម្រើ​ឪពុក​ម្ដាយ​ក្មេក ៗ​នោះ ប្រើ​កូន​ក្រមុំ​គាត់​ឲ្យ​រៀប​បាយ​ទឹក ឲ្យ​អ្នក​កំលោះ​នោះ​ស៊ី ៗ រួច​ហើយ​តា​នោះ ក៏​ប្រាប់​ទៅ​កូន​ប្រសា​ថា « នែ​កូន ! ចូរ​កូន​ទៅ​ចាប់​ក្របី​ទៅ​ភ្ជួរ​ស្រែ, កូន​ឯង​ភ្ជួរ​ដរាប​ដល់​ថ្ម​នៅ​ឯ​ស្រែ​នោះ​យំ​តេវៗ ហើយ​សឹម​ឯង​ដោះ​ក្របី» ។ អ្នក​កំលោះ​ទៅ​ចាប់​ក្របី​មក​ទឹម ហើយ​ទៅ​ភ្ជួរ​ស្រែ​តាំង​ពី​ព្រលឹម​ដល់​ថ្ងៃ​ត្រង់​ក៏​ថ្ម​ពុំ​យំ, ក្របី​ដើរ​ពុំ​រួច​ក៏​ថ្ម​ចេះ​តែ​ឈឹង​ពុំ​យំ​សោះ ។ អ្នក​កំលោះ​ឃ្លាន​បាយ​ណាស់​ទ្រាំ​ពុំ​បាន​ជេរ​ម្ដាយ​ថា «ម្ដាយ​អា​ថ្ម​នេះ​កាល​ណា​នឹង​យំ​ឡើង» ។ កំលោះ​នោះ​ជេរ​តែ​ប៉ុណ្ណោះ​តា​នោះ​ក៏​ស្ទុះ​ចេញ​ពី​ក្រោយ​ថ្ម​មក​ថា «ណ្ហើយ​ចុះ ! ឯង​ដោះ​ក្របី​លែង ហើយ​ទៅ​ផ្ទះ​ឯង​ចុះ អញ​ផ្ដាច់​កូន​ហើយ ត្បិត​ឯង​តម​ជេរ​ម្ដាយ​មិន​បាន » ។ កំលោះ​នោះ​ក៏​ដោះ​ក្របី​លែង ហើយ​ទៅ​ផ្ទះ​វិញ ។ ថ្ងៃ​ក្រោយ​មក មាន​កំលោះ​ម្នាក់​ចូល​ទៅ​ដណ្ដឹង​កូន​តា​នោះ​ទៀត គាត់​ក៏​បង្គាប់​ដូច​កំលោះ​មុន, តែ​អ្នក​កំលោះ​ក្រោយ​គេ​មាន​ប្រាជ្ញា គេ​ទៅ​ភ្ជួរ​ស្រែ​វេច​បាយ​ទៅ​ស៊ី​ផង លុះ​ភ្ជួរ​ដល់​ថ្ងៃ​ខ្ពស់​ឃ្លាន​បាយ ក៏​បញ្ឈប់​ក្របី​ស៊ី​បាយ, រួច​ហើយ​ក៏​ភ្ជួរ​ទៀត​ទល់​ថ្ងៃ​ជ្រេ​ពី​ត្រង់​ក៏​ថ្ម​ពុំ​យំ ក្របី​ក៏​អស់​ជើង​ដើរ​ពុំ​រួច ។

កាល​បើ​អ្នក​កំលោះ​បរ​ក្របី​ទៅ​ដល់​ជិត​ថ្ម​នោះ​អ្នក​ធ្វើ​ជា​ស្ដី​ថា « ! លោក​ថ្ម​អើយ យំ​ឡើង, ក្របី​ដើរ​ពុំ​រួច​ទេ អាណិត​ក្របី​ផង​ទៅ, ខ្លួន​ខ្ញុំ​ឥត​បើ​អី​ទេ ខ្ញុំ​មាន​បាយ​ស៊ី​ហើយ ភ្ជួរ​ដល់​យប់​ក៏​បាន​ដែរ, បើ​មិន​អាណិត​ខ្ញុំ​អាណិត​តែ​ក្របី​ចុះ​ ត្បិត​វា​ជា​សត្វ» ។ កំលោះ​នោះ​អង្វរ​ដូច​ម្ដេច​ក៏​ថ្ម​ពុំ​យំ, អ្នក​កំលោះ​នោះ​ក៏​ពុំ​ជេរ​ត្បិត​វា​ដឹង​ថា​តា​នោះ​ទៅ​ពួន​ក្រោយ​ថ្ម លុះ​និយាយ​យូរ ៗ ទៅ​តា​នោះ​មើល​មក​ឃើញ​ក្របី​ដើរ​ពុំ​រួច​មែន គាត់​នឹក​អាណិត​ក្របី​គាត់ ក៏​យំ​ក្រោយ​ថ្ម​នោះ​ឮ​តែ​តេវ​ៗ, អ្នក​កំលោះ​នោះ​ក៏​ដោះ​ក្របី​ឲ្យ​ស៊ី​ស្មៅ ហើយ​មក​ផ្ទះ​ឪពុក​ក្មេក​វិញ ។ តា​នោះ​ក៏​ឲ្យ​កូន​គាត់​លើក​បាយ​មក​ឲ្យ​អ្នក​កំលោះ​នោះ​ស៊ី ។ លុះ​ល្ងាច​តា​នោះ​ប្រាប់​ថា « កូន​អើយ ! ទៅ​ផ្ទះ​ឯង​ចុះ, ព្រឹក​សឹម​ឯង​មក​វិញ » ។ កំលោះ​នោះ​ក៏​លា​ទៅ​ផ្ទះ លុះ​យប់​មក​លប​ចាំ​ស្ដាប់​យក​ការណ៍ នៅ​ក្រោម​ដំណេក​តា​នោះ ព្រោះ​គាត់​និយាយ​គិត​គូរ​នឹង​ប្រពន្ធ​គាត់​ទាល់​តែ​ដេក​លក់ ។ វេលា​យប់​តា​ចាស់​ចូល​ដេក ក៏​និយាយ​នឹង​យាយ​ថា « ដូន ! អា​នេះ​វា​តម​ជេរ​ម្ដាយ​បាន ប៉ុន្តែ​រូប​រាង​វា​អាក្រក់ មិន​សម​នឹង​កូន​យើង​ដូច្នេះ យើង​រក​ឧបាយ​យ៉ាង​ណា​ឲ្យ​វា​ខឹង​ជេរ​ម្ដាយ ហើយ​យើង​នឹង​ផ្ដាច់​វា​ទៅ ? »។ ដូន​ឆ្លើយ​ថា «ងាយ​ទេ, បើ​ដូច្នេះ​ចូរ​តា​ឯង​ចូល​ក្នុង​ការុង​មួយ ការុង​មួយ​ទៀត​ដាក់​អង្ករ, ព្រឹក​ឡើង​វា​មក​ខ្ញុំ​ប្រាប់​វា​ថា តា​ទៅ​កាប់​ឧស​លើ​ភ្នំ​មុន ហើយ​ខ្ញុំ​ឲ្យ​វា​រែក​តា​ឯង​និង​អង្ករ​ទៅ​លើ​ភ្នំ, បើ​វា​ធ្ងន់ វា​ខឹង​វា​ជេរ​នោះ តា​ឯង​នៅ​ក្នុង​ការុង​ស្រាប់​នឹង​ឮ ហើយ​មក​វិញ​ផ្ដាច់​វា​បាន​ដោយ​ងាយ » ។ តា​យាយ​គិត​គ្នា​ដូច្នោះ​ហើយ ក៏​ដេក​ទៅ ។ ឯ​អ្នក​កំលោះ​លប​ស្ដាប់​ក្រោម​ផ្ទះ​ឮ​ដឹង​ការណ៍​ហើយ ក៏​វិល​ទៅ​ដេក​ឯ​ផ្ទះ ។ ព្រឹក​ឡើង​អ្នក​កំលោះ នោះ​ទៅ​បម្រើ​ម្ដាយ​ក្មេក​ឪពុក​ក្មេក ក៏​ស្រាប់​តែ​ឃើញ​យាយ​ចាស់​បង្ហាញ​អម្រែក​ហើយ​ប្រាប់​ថា « កូន​អើយ ! ឪ​ឯង​ទៅ​កាប់​ឧស​លើ​ភ្នំ​ហើយ គាត់​ផ្ដាំ​ថា​ឲ្យ​កូន​ឯង​រែក​អង្ករ​នេះ ឡើង​ទៅ​តាម​ឲ្យ​ឆាប់ ត្បិត​គាត់​ទៅ​តាំង​តែ​ពី​ព្រឹក មិន​ទាន់​ទាំង​ហូប​បាយ​ផង មាន​តែ​កូន​ឯង​រែក​ទៅ​ឲ្យ​ឆាប់ និង​អាល​ដណ្ដាំ​បាយ​ឲ្យ​ឪ​ឯង​ហូប» ។ កំលោះ​នោះ​ទទួល​អម្រែក​ហើយ ក៏​រែក​ទៅ​តាម​ជើង​ភ្នំ, ដល់​រែក​ឡើង​បន្តិច​ទៅ​ធ្ងន់​ណាស់ ក៏​រែក​ចុះ​មក​វិញ ហើយ​ស្ដី​ថា ឱ ! ឪ​អើយ, ខ្ញុំ​ឃ្លាន​បាយ​ណាស់ ខ្ញុំ​រែក​ឡើង​ទៅ​ឲ្យ​ឆាប់​មិន​បាន​ទេ បើ​វា​ធ្ងន់​ម្ល៉េះ​នរណា​នឹង​រែក​ឡើង​ទៅ​វិញ​រួច បើ​ឪ​មិន​អាណិត​គាត់​ជេរ​បន្ទោស​ដូចម្ដេច​ក៏​ទទួល » ។ និយាយ​ហើយ​រែក​ចុះ​មក​វាល​វិញ, លុះ​រែក​ទៅ​ដល់​កន្លែង​មួយ​ឃើញ​ស្បូវ​ស្ងួត​ល្អ ក៏​រែក​ទៅ​ដាក់​ឈប់​កណ្ដាល​ស្បូវ​នោះ ហើយ​ដើរ​ទៅ​បាត់​មួយ​ស្របក់ ទើប​ដើរ​ត្រឡប់​មក​វិញ​ យក​ភ្លើង​ដុត​អម្រែក, លុះ​ភ្លើង​ឆេះ​ស្បូវ​ជុំវិញ ហើយ​ក្ដៅ​ដល់​តា​ចាស់​ដែល​នៅ​ក្នុង​អម្រែក​នោះ គាត់​ក៏​បម្រះ​ញ័រ​រង្គើ​ទាំង​ការុង ភ័យ​ក្រែង​ភ្លើង​ឆេះ​ស្លាប់ ប៉ុន្តែ​ចេញ​មិន​រួច ។ អ្នក​កំលោះ​ធ្វើ​ជា​រត់​មក​ពី​ណា​ស្រែក​ថា «ជើ ! នរណា​ដុត​ភ្លើង​ឆេះ​អម្រែក​អញ​អស់ ធ្វើ​ដូចម្ដេច​អញ​នឹង​ចូល​ទៅ​បាន បើ​ភ្លើង​ឆេះ​ជុំវិញ​ដូច្នេះ ចូល​មិន​ចុះ​ទេ » ថា​ហើយ​ឈរ​ស្រែក​នៅ​ក្រៅ, លុះ​ភ្លើង​ឆេះ​ដល់​ការុង​ដឹង​ថា តា​ចាស់​ក្ដៅ​ណាស់​ហើយ ទើប​ស្ទុះ​ចូល​ទៅ​អូស​អម្រែក​ចេញ​ពី​ភ្លើង រួច​ហើយ​ភ្លើង​ក៏​ឆេះ​ដាច់​ខ្សែ​ការុង លោក​តា​ចាស់​បម្រះ​ញ័រ ៗ ទើប​អ្នក​កំលោះ​ស្រាយ​ការុង​ចេញ ឃើញ​តា​ឪពុក​ក្មេក​រលាក​ភ្លើង ឆេះ​ទាំង​សក់​ក្បាល​ក៏​ជម្រាប​ថា « ជើ លោក​ឪ ! ម្ដេច​ក៏​មិន​ប្រាប់​កូន កុំ​អី​ភ្លើង​ឆេះ​ស្លាប់​ចោល​ម៉ែ​ឲ្យ​នៅ​មេម៉ាយ » ។ តា​ចាស់​ខឹង​ណាស់​តែ​ពុំ​ដឹង​ជា​ធ្វើ​ដូចម្ដេច ឡើង​ដើរ​តយង៉យ​មក​ផ្ទះ​វិញ ទ្រម​ខ្លួន​មួយ​ថ្ងៃ ណា​មួយ​ដោយ​វា​អូស​ចេញ​ពី​ភ្លើង ណា​មួយ​ដោយ​រលាក​ភ្លើង ។

មក​ដល់​ផ្ទះ​វិញ​គ្មាន​ស្ដី​មួយ​ម៉ាត់, ដល់​ផ្ទះ​ហើយ​ប្រាប់​កូន​ប្រសា​ថា «ទៅ​ផ្ទះ​ចុះ, ព្រឹក​សឹម​មក» ។ ឯ​កូន​ប្រសា​លា​ទៅ​ផ្ទះ, ដល់​យប់​ក៏​មក​ពួន​ក្រោម​ផ្ទះ​លប​ចាំ​ស្ដាប់​ទៀត ។ លុះ​យប់​ តា​ចាស់​ដូន​ចាស់ ចូល​ដេក ក៏​និយាយ​គិត​គ្នា​ទៀត ។ តា​ថា​គិត​ដូចម្ដេច​នឹង​ផ្ដាច់​វា​បាន ? អា​នេះ​មាន​ប្រាជ្ញា​ណាស់ តែ​បើ​ឲ្យ​កូន​យើង​ទៅ​វា វា​មិន​សម​នឹង​កូន​យើង, ពី​ថ្ងៃ​មិញ​វា​ដឹង​ថា​ឯង​នៅ​ក្នុង​ការុង វា​រែក​ទៅ​ដល់​កណ្ដាល​ផ្លូវ​វា​ថា​ធ្ងន់​ណាស់ តែ​វា​មិន​ជេរ​ម្ដាយ​ទេ វា​រក​ទី​ណា​មាន​ស្បូវ​ស្ងួត វា​រែក​អម្រែក​ទៅ​ដាក់​កណ្ដាល​ស្បូវ ហើយ​វា​ដើរ​ទៅ​រក​ភ្លើង​មក​ដុត​ជុំវិញ, លុះ​ដល់​ភ្លើង​ឆេះ​វា​ធ្វើ​ជា​ស្រែក​ថា «នរណា​ដុត​ភ្លើង​នេះ​ឆេះ​អម្រែក​វា​អស់» ។ ហើយ​វា​ឈរ​ស្រែក​មិន​ចូល​យក​ទុក​ទាល់​តែ​ភ្លើង​ឆេះ​ដល់​ក្ដៅ​រលាក​ឯង ទៅ​ហើយ​ទើប​បាន​វា​រត់​ចូល​ទៅ​អូស​ចេញ​មក, អញ​ភ័យ​ណាស់ ប៉ុន្តែ​ចេញ​មិន​រួច​ព្រោះ​វា​ចង​មាត់​ការុង​ជាប់ អញ​រលាក​អស់​ទាំង​ខ្លួន, ឥឡូវ​នេះ​យើង​គិត​ដូចម្ដេច​នឹង​ផ្ដាច់​វា​បាន ? ។ យាយ​ថា «ឥឡូវ​នេះ យើង​គិត​ថា តា​ឯង​ធ្វើ​ម្ចាស់ ឲ្យ​វា​ធ្វើ​ឆ្កែ​នាំ​ទៅ​បណ្ដើរ​រក​អណ្ដើក​ឲ្យ​វា​វារ​ដូច​ឆ្កែ, បើ​វា​រក​អណ្ដើក​មិន​បាន ឬ​វា​បោល​មិន​ទាន់​ទេ នោះ​យើង​ផ្ដាច់​វា​បាន » ។ តា​ចាស់​ថា «អើ ! ដូន​គិត​ដូច្នេះ​ត្រូវ, ព្រឹក​អញ​ធ្វើ​ដូច​ជា​ឯង​ថា » ។ តា​យាយ​គិត​គ្នា​ហើយ ដេក​ទៅ ។ ឯ​អ្នក​កំលោះ​នោះ ស្ដាប់​ដឹង​ការណ៍​អស់​ហើយ វិល​ទៅ​ដេក​ឯ​ផ្ទះ​វិញ , ដល់​មាន់​រងាវ​ទើប​ពុន​អណ្ដើក​យក​ទៅ​ចង​ទុក​ក្នុង​គុម្ពោត​ស្មៅ​វាល ឯ​នេះ ឯ​នោះ ពាស​ពេញ​តែ​វាល ដែល​តា​ចាស់​គាត់​គិត​ទៅ​រក​អណ្ដើក​នោះ ហើយ​វិល​មក​ផ្ទះ ដេក​ធ្វើ​ព្រងើយ​ទៀត ។ លុះ​ព្រឹក​ព្រហាម​ឡើង ចៅ​នោះ​ទៅ​ដល់​ផ្ទះ​ឪពុក​ក្មេក​ម្ដាយ​ក្មេក ៗ ក៏​ឲ្យ​កូន​ក្រមុំ​គាត់​រៀប​បាយ​លើក​យក​មក​ឲ្យ​ស៊ី ៗ រួច​ហើយ​ក៏​ប្រាប់​ថា «កូន ! ឥឡូវ​នេះ យើង​ទៅ​បណ្ដើរ​អណ្ដើក ប៉ុន្តែ​យើង​គ្មាន​ឆ្កែ កូន​ឯង​ធ្វើ​ឆ្កែ ឪ​ធ្វើ​ម្ចាស់ យើង​ទៅ​រក​ក្រែង​បាន​មួយ​ពីរ​យក​មក​ស៊ី » ។ ចៅ​នោះ​ឆ្លើយ​បាទ ! ហើយ​តា​ចាស់​ពុន​បាយ​សំណុំ ទឹក​បំពង់ ដើរ​ចេញ​ពី​ផ្ទះ​ទៅ ។ ចៅ​នោះ​ក៏​បោល​ជើង ៤ តាម​ក្រោយ​ ទៅ​ដល់​វាល​កន្លែង​វា​ចង​អណ្ដើក​នោះ​ វា​ក៏​បោល​ទៅ​មុខ​ចូល​គុម្ពោត​ស្មៅ​មួយ ធ្វើ​ជា​កោះ​ង៉ុងៗ ។ តា​ចាស់​រត់​ទៅ​ដល់​វា​ខាំ​បាន​អណ្ដើក​មួយ ហើយ​ទៅ​ទៀត ខាំ​បាន​អណ្ដើក​ប្រាំមួយ​ប្រាំពីរ, ដល់​ថ្ងៃ​ត្រង់​តា​ចាស់​ឃ្លាន​ពេក​ណាស់ ក៏​អង្គុយ​គិត​នឹង​ស្រាយ​បាយ​ស៊ី ។ ឆ្កែ​មើល​ទៅ​ខាង​ឃើញ​ក្របី​មួយ​ហ្វូង ក៏​បោល​ទៅ​ដេញ​ខាំ​ក្របី ៗ បោល​ចូល​ស៊ី​ស្រូវ​ស្រែ​អ្នក​ស្រុក ។ តា​ចាស់​ឃើញ​ហើយ រត់​ទៅ​ដេញ​ក្របី​ចេញ​ពី​ស្រែ, ឆ្កែ​បោល​មក​ស៊ី​បាយ​អស់ ហើយ​បោល​ទៅ​បាត់ ។ ឯ​ឪពុក​ក្មេក​ជា​ម្ចាស់​ឆ្កែ​វិល​មក​វិញ​ រក​បាយ​ស៊ី​គ្មាន ព្រោះ​ឆ្កែ​ស៊ី​អស់​ខឹង​ណាស់ ដេញ​វាយ​វា​ពុំ​ទាន់ ណា​អស់​កម្លាំង​ឃ្លាន​បាយ ណា​ផ្លូវ​ឆ្ងាយ ក៏​ខំ​ដើរ​មក​ផ្ទះ​វិញ​ទាំង​អត់​បាយ ដើរ​ពុំ​ចង់​រួច បន្ទោស​ឆ្កែ​មិន​បាន ត្បិត​វា​ចំណាំ​អីចឹង ។ ដល់​ផ្ទះ​ស៊ី​បាយ​រួច​ហើយ ប្រាប់​កូន​ប្រសា​ថា «ទៅ​ផ្ទះ​ចុះ​ព្រឹក​សឹម​មក​វិញ» ដល់​យប់​កូន​ប្រសា​មក​ស្ដាប់​តា​យាយ​គិត​គ្នា​ទៀត ។ លុះ​ដល់​យប់ តា​យាយ​ចូល​ដេក, តា​ប្រាប់​យាយ​ពី​រឿង​ដែល​កូន​ប្រសា​នោះ​ធ្វើ​សព្វគ្រប់ ហើយ​តា​ឲ្យ​យាយ​ជួយ​គិត​ទៀត ។ ដូន​ចាស់​ប្រាប់​ថា « ពី​មុន​វា​ធ្វើ​ឆ្កែ តា​ឯង​ធ្វើ​ម្ចាស់ បាន​ជា​វា​ធ្វើ​បាប​តា​ឯង​បាន ដូច្នោះ​ព្រឹក​នេះ តា​ឯង​ឲ្យ​វា​ធ្វើ​ម្ចាស់​ម្ដង ឯ​តា​ឯង​ធ្វើ​ឆ្កែ​វិញ » ។ តា​យាយ​គិត​គ្នា ហើយ​ដេក​ទៅ ។ ចៅ​នោះ​លប​ស្ដាប់​បាន​ការណ៍​ហើយ ក៏​ទៅ​ដេក​ឯ​ផ្ទះ​វា​ហី ។

ព្រឹក​ឡើង​ចៅ​នោះ ទៅ​បម្រើ​ឪពុក​ក្មេក​ម្ដាយ​ក្មេក​ទៀត ។ តា​យាយ​ឲ្យ​កូន​ក្រមុំ​លើក​បាយ​មក​ឲ្យ​វា​ស៊ី ។ រួច​ហើយ​តា​ក៏​ប្រាប់​ថា « កូន​អើយ ! ពី​ម្សិល​មិញ​ឯង​ធ្វើ​ឆ្កែ, ថ្ងៃ​នេះ​ឯង​ធ្វើ​ម្ចាស់​អញ​ម្ដង​ អញ​ធ្វើ​ឆ្កែ​វិញ » ។ ចៅ​នោះ​ឆ្លើយ​បាទ ! ហើយ​ពុន​បាយ​និង​ទឹក​ទៅ ឯ​តា​វារ​ធ្វើ​ជា​ឆ្កែ​បោល​តាម​ក្រោយ ។ លុះ​ហួស​ពី​ផ្ទះ​បន្តិច​ទៅ វា​ខំ​ដើរ​យ៉ាង​លឿន​កុំ​ឲ្យ​ឪពុក​ក្មេក​វា​បោល​ទាន់ ។ តា​បោល​ពុំ​ទាន់ ត្បិត​ខ្លួន​ចាស់ ដើរ​ត្រុកៗ​តាម​ក្រោយ​វា, ឯ​វា​ក៏​បែរ​មក​ថា «ឆ្កែ​អី​ស៊ី​តែ​បាយ​បង្អស់ ទៅ​មុខ​មិន​ទៅ ដើរ​តែ​ក្រោយ​ម្ចាស់ រក​អណ្ដើក​ម្ដេច​បាន ? ថា​ហើយ​វាយ​ឆ្កែ​ឲ្យ​បោល​ទៅ​មុខ ។ តា​បោល​ក្នុង​ស្មៅ​មិន​រួច​ចេះ​តែ​ដើរ​តាម​ក្រោយ រក​អណ្ដើក​ក៏​មិន​បាន, កូន​ប្រសា​វាយ​ស្ទើរ​ស្លាប់ ហត់​ស្ទើរ​ដាច់​ខ្យល់ តែ​ពុំ​ហាន​ស្ដី ព្រោះ​ខ្មាស​កូន​ប្រសា ។ លុះ​ទៅ​ឆ្ងាយ​ដល់​ថ្ងៃ​ត្រង់ វា​ស្រាយ​បាយ​ស៊ី​ហើយ​វា​ថា «ឆ្កែ​អី​រក​អណ្ដើក​មិន​បាន​ដើរ តែ​ក្រោយ​មនុស្ស ស៊ី​តែ​បាយ​បង្អស់» ហើយ​វា​បង្អត់​មិន​ឲ្យ​បាយ​ស៊ី វា​ឲ្យ​តែ​ឆ្អឹងឆ្អែង, ឆ្កែ​ចាស់​អង្កៀម​ក៏​មិន​បែក ត្បិត​គ្មាន​ធ្មេញ ឃ្លាន​ណាស់​អង្គុយ​មើល​តែ​មុខ​វា ទាល់​តែ​វា​ស៊ី​ហើយ​វា​វាយ​មួយ​ព្រនង់​ទៀត​វា​ថា «ណ្ហើយ ! ទៅ​ផ្ទះ​ចុះ បើ​មិន​ផេះ​ទេ ឆ្កែ​អី​ឆ្នែង​យ៉ាង​ហ្នឹង » ហើយ​វា​ឡើង​ដើរ​វិល​ទៅ​ផ្ទះ​វិញ ។ តា​ចាស់​ហត់​ណាស់ វារ​មិន​រួច​​ឡើង​ដើរ​ទៅ​តាម​ក្រោយ​កូន​ប្រសា ធ្វើ​មុខ​ស្រមេះ ។ លុះ​ទៅ​ដល់​ចៅ​កំលោះ​ប្រាប់​ម្ដាយ​ក្មេក​ថា « ម៉ែ ! រក​អណ្ដើក​មិន​បាន​ទេ ព្រោះ​ឆ្កែ​មិន​ស្វាក់ » ។ តា​ចាស់​ខឹង​ណាស់ ប្រាប់​កូន​ប្រសា​ថា « ឯង​ទៅ​ផ្ទះ​ចុះ ព្រឹក​សឹម​មក​វិញ » ។ ចៅ​នោះ​ក៏​លា​ទៅ, ដល់​យប់​មក​ពួន​លប​ស្ដាប់​ក្រោម​ផ្ទះ​ទៀត ។ លុះ​ដល់​យប់ តា​យាយ​ចូល​ដេក, តា​និយាយ​ប្រាប់​យាយ​ពី​រឿង​កូន​ប្រសា​បាប ហើយ​បង្អត់​ទាំង​បាយ​ផង ។ ដូន​ថា « ណ្ហើយ ! ឲ្យ​កូន​ទៅ​វា​ទៅ ផ្ដាច់​វា​មិន​បាន​ទេ, អា​នេះ​មាន​ប្រាជ្ញា​ណាស់ ឯង​គិត​អី​ក៏​វា​ដឹង​មុន​ទាំងអស់, វា​ធ្វើ​បាប​ស្ទើរ​តែ​ស្លាប់ ម្ដេច​ក៏​មិន​រាង » ។ តា​ចាស់​ឆ្លើយ​ថា « នឹង​ឲ្យ​វា​ទៅ​មើល​ទៅ​រូបរាង​វា មិន​សម​នឹង​កូន​យើង​សោះ, ប៉ុន្តែ​យើង​ធ្វើ​កល​ឲ្យ​វា​ខឹង ឲ្យ​វា​ជេរ​ម្ដាយ វា​មិន​ជេរ ដូច្នេះ​ដូន​ជួយ​គិត​អញ​ម្ដង​ទៀត បើ​វា​ធ្វើ​តាម​មិន​បាន​សឹម​ផ្ដាច់​វា » ។ ដូន​ចាស់​ថា « អើ ! ឥឡូវ​នេះ​ មាន​តែ​ដល់​ពេល​មាន់​រងាវ តា​ឯង​លុប​មុខ ស៊ី​ស្លា ហូប​បាយ ចូល​ទៅ​ក្នុង​ការុង​មួយ ការុង​មួយ​ទៀត​ច្រក​អង្ករ បើ​ព្រឹក​ឡើង​វា​មក​ខ្ញុំ​នឹង​ប្រាប់​វា​ថា តា​ឯង​ទៅ​ផ្សារ​ទិញ​អីវ៉ាន់, ហើយ​ខ្ញុំ​ប្រាប់​ឲ្យ​វា​រែក​ទៅ​តាម​ឲ្យ​ទាន់ នៅ​វេលា​ស៊ី​បាយ​ព្រឹក ត្បិត​ផ្លូវ​ផ្សារ ក៏​ឆ្ងាយ​ដែរ, បើ​វា​រែក​ទៅ​មិន​ទាន់​ទេ​នោះ លុះ​មក​វិញ​នឹង​ផ្ដាច់​កូន​ពី​វា​បាន​ងាយ មួយ​ទៀត​តែ​ទៅ​ដល់​ពាក់​កណ្ដាល​ផ្លូវ​វា​មុខ​ជា​ធ្ងន់ វា​ប្រហែល​ជា​វា​គិត​ឃើញ​ថា​ស្ងាត់​ហើយ វា​ជេរ​មិន​ខាន » ។ តា​ចាស់​និង​យាយ​គិត​គ្នា​ហើយ ក៏​ដេក​ទៅ ។ ឯ​កូន​ប្រសា​លប​ស្ដាប់​នៅ​ក្រោម​ផ្ទះ​ដឹង​ការណ៍​ហើយ ក៏​ទៅ​ដេក​ផ្ទះ ។

លុះ​ព្រឹក​ឡើង ចៅ​នោះ​រៀប​ខ្លួន ដើរ​ចេញ​ទៅ​បម្រើ​ឪពុក​ក្មេក​ទៀត, ដល់​ហើយ​ម្ដាយ​ក្មេក​ឲ្យ​កូន​ក្រមុំ​លើក​បាយ យក​មក​ឲ្យ​ចៅ​នោះ​ស៊ី​ទៀត, ស៊ី​ហើយ​ក៏​ប្រគល់​អម្រែក​ឲ្យ​កូន​ប្រសា រែក​ទៅ​តាម​ឪពុក​ក្មេក​ឯ​ផ្សារ ដូច​គិត​គ្នា​ពី​ល្ងាច​នោះ ។ ចៅ​នោះ​រែក​ដើរ​ទៅ​ហើយ​គិត​ថា «ម្ដង​នេះ​អញ​ធ្វើ​ឲ្យ​ឪពុក​ក្មេក​អញ​នេះ ឲ្យ​កូន​មក​អញ កុំ​ឲ្យ​គាត់​រក​កល​ធ្វើ​បញ្ឆោត​អញ​ក្រោយ​ទៀត» ។ ហើយ​គិត​តែ​រែក​ដើរ​ទៅ​ដល់​កណ្ដាល​ផ្លូវ ដាក់​អម្រែក​ចុះ ហើយ​ថា ការុង​នេះ​ចង​មាត់​មិន​ជាប់ ។ វា​យក​ខ្សែ​ចង​ថែម​ទៀត, លុះ​រែក​ទៅ​ដល់​កន្លែង​មាន​ព្រែក មាន​ស្ពាន ក៏​ដាក់​អម្រែក​លើ​ស្ពាន ឲ្យ​ប្របេះ​ត្រង់​ចុង​ក្ដារ នៅ​តែ​បន្តិច​នឹង​ធ្លាក់​ពី​ស្ពាន ហើយ​ថា «អញ​អើយ ថ្ងៃ​ណាស់​ហើយ ម្ល៉េះ​សម​ឪ​អញ​ជេរ​មិន​ខាន អម្រែក​ធ្ងន់ រែក​ម្ដេច​ឲ្យ​ទាន់ ! ណ្ហើយ ឪ​ជេរ​ក៏​ជេរ​ចុះ អញ​ដាក់​នៅ​នេះ ទៅ​វាល​សិន​រួច​សឹម​ទៅ​ទៀត » ។ និយាយ​បណ្ដើរ​ដើរ​បណ្ដើរ ។ មួយ​ស្របក់​ក៏​កាន់​ឈើ​មួយ​ធំ​ដើរ​មក​ពី​នាយ បុក​ក្ដារ​ស្ពាន​ឮ​គ្រាំៗ ធ្វើ​ហាក់​ដូច​ជា​ដំរី​ឆ្លង​ស្ពាន ហើយ​ស្រែក​ថា « នរណា​ដាក់​អម្រែក​នៅ​លើ​ស្ពាន ដំរី​អញ​វា​ជាន់​ខូច​អស់​ហើយ យក​ចេញ​ឲ្យ​ឆាប់ ស្រែក​ហើយ​បុក​ក្ដារ​គ្រាំងៗ​ដើរ​ចូល​មក ។ ឯ​តា​ចាស់​នៅ​ក្នុង​ការុង​គិត​ស្មាន​ថា​ដំរី​មែន ភ័យ​ក្រែង​ជាន់​ស្លាប់ ក៏​ខំ​បម្រះ​ជៀស​ផ្លូវ​ដំរី ហួស​ពី​ក្ដារ​ធ្លាក់​ទៅ​ក្នុង​ទឹក ៗ ចូល​ការុង​គាត់​ឈ្លក់​ទឹក​ត្រដរ​ញ័រ​ទាំង​ការុង ស្ទើរ​តែ​នឹង​ស្លាប់ ។ ឯ​កូន​ប្រសា​ឃើញ​ដូច្នោះ ក៏​ទុក​ឲ្យ​ផឹក​ទឹក​បន្តិច ឲ្យ​អស់​ខូច​ទៀត ហើយ​ធ្វើ​ជា​ដើរ​មក​ពី​វាល​ស្រែក​ថា «នរណា​ហ៊ាន​បរ​ដំរី​ឆាយ​អម្រែក​អញ ឲ្យ​ធ្លាក់​ក្នុង​ទឹក ទទឹក​អង្ករ​អញ​អស់ ! ឱ​អញ​អើយ ! ឱ​ជេរ​ថែម​ទៀត​ហើយ ថ្ងៃ​ក៏​កាន់​តែ​ខ្ពស់​ហើយ អង្ករ​ទទឹក​ថែម​ទៀត» ។ អ្នក​កំលោះ​ឃើញ​ឪពុក​ក្មេក​បម្រះ​ញ័រ​ក្នុង​ការុង ក៏​ថា «ឱ ! មាន​ត្រី​មក​ប្របេះ​ផង, ណ្ហើយ ! អញ​ចុះ​ទៅ​ស្រង់​មក​មើល » ថា​ហើយ​ក៏​លោត​ទៅ​ស្រង់​ឡើង​មក​មើល ហើយ​ថា «អើយ ! បើ​វា​ទទឹក​នឹង​ស្រាយ​ហាល​ថ្ងៃ ហើយ​រែក​យក​ទៅ​ឲ្យ​ម៉ែ​ធ្វើ​នំ​បញ្ចុក​ទុក​ឲ្យ​ឪ» ។ ថា​ហើយ​ស្រាយ​មើល ឃើញ​តា​នៅ​ក្នុង​ការុង​ក៏​ថា ឪ​អើយ ! ម្ដេច​មិន​ស្រែក​ប្រាប់​ខ្ញុំ​ កុំ​អី​ស្លាប់​ទៅ​ហើយ គេ​បរ​ដំរី​មក​ពី​ណា​មិន​ដឹង គេ​ឲ្យ​ដំរី​ឆាយ​ធ្លាក់​ទៅ​ក្នុង​ទឹក» ។ តា​ឮ​ហើយ​ឡើង​ឈរ ដើរ​វិល​មក​ផ្ទះ​វិញ​មិន​មាន​ស្ដី​មួយ​ម៉ាត់ ដល់​ទៅ​ផ្ទះ​អស់​ចំណេះ ពុំ​ហាន​គិត​ទៀត ក៏​រៀប​ការ​កូន​ក្រមុំ​ឲ្យ​ទៅ​អ្នក​កំលោះ​នោះ​ទៅ ។

Leave a comment