«ការឃ្លាតចាកឆ្ងាយរបស់ស្លឹកឈើគឺព្រោះតែការបក់បោករបស់ខ្យល់ ឬព្រោះតែដើមឈើគ្មានចិត្តប្រណី?»
ប្រិយមិត្តធ្លាប់បានអានរួចមកហើយ នៅរឿង ស្លឹកឈើ «ការឃ្លាតចាកឆ្ងាយរបស់ស្លឹកឈើគឺព្រោះតែការបក់បោករបស់ខ្យល់ ឬព្រោះតែដើមឈើគ្មានចិត្តប្រណី?» នៅរឿងមុនរួចមកហើយ តើរឿងនេះវានឹងមានអត្តន័យយ៉ាងណា ប្រសិនបើជាយើងប្រៀបធៀបនឹងស្នេហារបស់មនុស្សវិញនោះ?
មានរឿងស្នេហាមួយដែលគេបានតំនាលតៗគ្នា ដោយមិនដឹង ពីប្រភព ឬអ្នកនិពន្ធណានោះទ្យើយ។ ប៉ុន្តែក្នុងនោះមានពាក្យមួយ ឃ្លាពោលថាៈ “ការឃ្លាតចាកឆ្ងាយរបស់ស្លឹកឈើ គឺព្រោះតែការ បោកបក់របស់ខ្យល់ ឬក៏ព្រោះតែដើមឈើមិនប្រណី”។ ប្រសិនបើអ្នកបានដាក់ចិត្តស្រលាញ់មនុស្សម្នាក់ហើយ ដាច់ខាតកុំធ្វើព្រងើយកន្តើយមិនដឹងអីចំពោះគេឲ្យសោះ តែខកហើយគឺអស់ហើយ។ ស្នេហា គឺលេងមិនឈ្នះចិត្តសាស្រ្តទេ…
ដើមឈើ៖ «តើអូនឃ្លាតឆ្ងាយពីបងព្រោះអ្នកណា?»
ពេលនៅរៀនវិទ្យាល័យ ខ្ញុំធ្លាប់មានមិត្តស្រី៥នាក់ ប៉ុន្តែខ្ញុំស្រលាញ់នារីម្នាក់ខ្លាំងជាងគេ តែយូរណាស់ហើយខ្ញុំមិនដែលហ៑ាន តាមស្រលាញ់នាងសោះ នាងមានរូបរាងមិនស្អាត មិនស្វែល រឹតតែគ្មានអ្វីដែលជាភាពគួរឲ្យទាក់ទាញ នាងជាក្មេងស្រីដែលធម្មតាហើយសាមញ្ញបំផុត។ ប៉ុន្តែខ្ញុំបែរជាចូលចិត្តនាងខ្លាំងណាស់ គឺចូល ចិត្តភាពសាមញ្ញរបស់នាង ភាពស្មោះត្រង់ ភាពគួរឲ្យស្រលាញ់ និងភាពទន់ខ្សោយរបស់នាង។ មូលហេតុដែលខ្ញុំមិនតាមស្រលាញ់នាង នោះប្រហែលជាក្នុងគំនិតរបស់ខ្ញុំធ្វើឲ្យខ្ញុំមានអារម្មណ៍ថា នារីសាមញ្ញដូចនាងមិនសាកសមនឹងខ្ញុំ ហើយក៏ប្រហែលជាព្រោះតែថា ខ្ញុំខ្លាចក្រោយពេលដែលនៅជាមួយគ្នាហើយធ្វើឲ្យអារម្មណ៍ល្អបែបនេះបាត់បង់ទៅ។ ឬក៏ប្រហែលជាខ្ញុំខ្លាចការថាអញ្ចេះខ្លាចថាអញ្ចុះ ដែលធ្វើឲ្យប៉ះពាល់ដល់នាង។ ក៏ប្រហែលជាមានអារម្មណ៍មួយថានាងគឺគង់តែជារបស់ខ្ញុំ ចាំបាច់អីត្រូវរហន់ទៅលះបង់អ្វីៗដើម្បីនាងនោះ។ ដោយមូលហេតុទាំងនេះហើយបានធ្វើឲ្យនាងកំដរខ្ញុំអស់ពេល៣ឆ្នាំ ធ្វើឲ្យនាងមើលខ្ញុំនៅជាមួយស្រីផ្សេងអស់៣ឆ្នាំ ក៏ធ្វើឲ្យនាងឈឺចាប់អស់រយៈពេល៣ឆ្នាំដែរ។
នាងមានបំណងចង់ធ្វើជាតារាសំដែងដ៏ល្អមួយរូប តែខ្ញុំបែរហាក់ដូចជាអ្នកដឹកនាំរឿងដ៏តឹងរឹងម្នាក់។ ខ្ញុំនៅចាំបានថាមានថ្ងៃមួយនោះ ខ្ញុំនិងមិត្តស្រីទីពីររបស់ខ្ញុំកំពុងថើបគ្នានៅមុខបន្ទប់ទឹក ជាចៃដន្យនាងបានដើរមកឃើញ តែនាងធ្វើដូចទំនងដែរគឺគ្រាន់តែ សើចញឹមៗហើយនិយាយថាៈ “Go on!” រួចក៏រត់ចេញបាត់ទៅ។ រហូតដល់ថ្ងៃបន្ទាប់ នៅពេលដែលខ្ញុំបានជួបរូបនាង ស្រាប់តែខ្ញុំចាប់អារម្មណ៍ឃើញថាភ្នែកទាំងគូររបស់នាងក្រហម ហើយហើមដូចគ្រាប់មៀនយ៉ាងអញ្ចឹង។ ខ្ញុំធ្វើជាមិនចង់គិតថា តើនរណាធ្វើឲ្យនាងយំទ្បើងក្លាយជាយ៉ាងដូច្នេះទេ តែបែរជាសើចចំអកបញ្ឈឺនាងអស់មួយព្រឹកធំទៅវិញ។ ក្រោយមក ក្រោយពេលដែលគេចេញ ទៅផ្ទះអស់នាងនៅក្នុងថ្នាក់យំយ៉ាងខ្លាំងតែម្នាក់ឯងដោយមិនដឹងថាខ្ញុំត្រលប់មកថ្នាក់វិញយកឥវ៉ាន់ដែលបានភ្លេចនោះទេ។ គឺយ៉ាងដូចនេះហើយខ្ញុំអង្គុយមើលនាងយំអស់មួយម៉ោងគត់។
មកដល់មិត្តស្រីទី៤របស់ខ្ញុំម្តង មិត្តទី៤ខ្ញុំនេះគឺពីដើមអើយមកមិនចូលចិត្តនាងទៅហើយ។ ចាំបានមានពេលមួយនោះពួកនាងឈ្លោះគ្នា។ ខ្ញុំដឹងច្បាស់ណាស់បើតាមចរិតរបស់នាងគឺមិនចេះរករឿងគេមុនទេ ប៉ុន្តែខ្ញុំនៅតែកាន់ជើងមិត្តស្រីរបស់ខ្ញុំដដែល ហើយនាងក៏ត្រូវបានខ្ញុំស្រែកគំហគឲ្យយ៉ាងខ្លាំង ដោយនាងឈរភាំងស្ងៀមហើយទឹកភ្នែកក៏រលីងរលូងស្រក់តក់ចុះមកដែរ ខ្ញុំមិនមើលទឹកភ្នែកនាងយ៉ាងម៉េចនោះទេក៏នាំមិត្តស្រីខ្ញុំចេញពីក្នុងថ្នាក់ទៅ។ ថ្ងៃបន្ទាប់ នាងនៅតែលេងសើចយ៉ាងសប្បាយរីករាយជាមួយខ្ញុំដដែលដូចគ្មានអ្វីបានកើតទ្បើងអញ្ចឹង ប៉ុន្តែខ្ញុំដឹង ដឹងថាក្នុងចិត្តរបស់នាងគឺឈឺចិត្តខ្លាំងណាស់ តែទោះយ៉ាងណានាងក៏មិនដឹងថាចិត្តខ្ញុំនាពេលនោះក៏មិនសូវស្រួលជាងនាងប៉ុន្មានដែរ។ ហើយក៏យ៉ាងនេះរហូតតទៅ រហូតដល់ខ្ញុំបែកផ្លូវគ្នាជាមួយនឹងមិត្តស្រីទី៤ របស់ខ្ញុំ ខ្ញុំក៏ណាត់នាងមកក្រៅលេង គឺដើរលេងអស់ពេលពេញមួយថ្ងៃ ទីបំផុតខ្ញុំក៏ប្រាបើនាងថាៈ “ខ្ញុំមានរឿងមួយចង់និយាយប្រាប់នាង”។
នាងតបៈ “ចៃដន្យមែនខ្ញុំក៏មានរឿងមួយចង់និយាយដែរ”។
“ពួកខ្ញុំបែកគ្នាហើយ”។
“ខ្ញុំនិងគេនៅជាមួយគ្នាហើយ”។
ខ្ញុំក៏ដឹងថាគេម្នាក់នោះជានរណាដែរ គេក៏តាមស្រលាញ់នាងអស់មួយរយៈពេលទៅហើយដែរ ក៏គឺជាប្រុសម្នាក់ដែលល្អគួរឲ្យស្រលាញ់ រូសរាយរាក់ទាក់ ពោរពេញទៅដោយមនោសញ្ចេតនាដ៏ជ្រាលជ្រៅ ក៏គួរឲ្យចាប់អារម្មណ៍ណាស់ដែរ។ គេតាមស្រលាញ់នាងទ្បើងគក្រើកគេឯងផងទៅហើយ។ ខ្ញុំមិនអាចសារភាពថាក្នុងចិត្តខ្ញុំកើតមានសេចក្តីឈឺចាប់យ៉ាងខ្លាំងនោះទេ ក៏មានតែញញឹមហើយជូនពរនាងតែប៉ុណ្ណោះ។ ប៉ុន្តែពេលមកដល់ផ្ទះវិញក្តីឈឺចាប់ក្នុងចិត្តខ្ញុំ គឺបានកើនទ្បើងទ្វេដងទៅហើយ ធ្វើឲ្យខ្លួនខ្ញុំពិបាកនឹងទទួលយកណាស់ ក៏ដូចជាមានកាំបិតរាប់ពាន់រាប់សែនលានដើមមកចាក់ដោតចំកណ្តាលដើមទ្រូងខ្ញុំអញ្ចឹង ហើយរុកម្តងបន្តិចៗ អូយ៎! សែនថបដង្ហើមណាស់ ខ្ញុំចង់ស្រែកមួយទំហឹងឲ្យខ្លាំង តែបែរជាគ្មានមធ្យោបាយស្រែកចេញមកបាន ឯទឹកភ្នែកវិញបែរស្រក់ហូរតក់ៗមួយតំណក់ៗពេញលើផ្ទៃមុខទៅហើយ គឺយំយ៉ាងដូច្នេះប៉ុន្មានដងហើយ ដូចដែលខ្ញុំបានឃើញនាងយំព្រោះតែខ្ញុំ។ នៅថ្ងៃដែលខ្ញុំជប់លៀងបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិជាមួយមិត្តភក្តិក៏ស្រាប់តែឃើញទូរស័ព្ទខ្ញុំមានសារមួយមិនទាន់បានអាន នោះគឺនាងបានផ្ញើមកឲ្យខ្ញុំកាលតាំងពី១០ថ្ងៃមុនមកម្ល៉េះ គឺក្នុងពេលដែលខ្ញុំពិបាកចិត្តហើយតែងតែយំដោយមិនបានខ្វល់ពីទូរស័ព្ទទ្បើយ។ ក្នុងសារនោះក៏បានសរសេរថា៖ “ការឃ្លាតចាកឆ្ងាយរបស់ស្លឹកឈើ គឺព្រោះតែការបោកបក់របស់ខ្យល់ ឫក៏ព្រោះតែដើមឈើគ្មានចិត្តប្រណី”។
ស្លឹកឈើ៖ «ព្រោះបង ឬព្រោះគេ?»
ពេលខ្ញុំរៀននៅវិទ្យាល័យ ខ្ញុំចូលចិត្តដើរប្រមូលស្លឹកឈើណាស់ ព្រោះអ្វីទៅ? គឺព្រោះថាខ្ញុំមានអារម្មណ៍ម្យ៉ាងថាស្លឹកឈើមួយសន្លឹកនៅពេលដែលវាសំរេចចិត្តថាចាកចេញពីដើមឈើ ដែលវាពឹងផ្អែកអស់រយៈពេលយ៉ាងយូរនោះ គឺក្លាហានហើយនិងអស្ចារ្យខ្លាំងណាស់ ។
កាលនោះ ខ្ញុំនិងប្រុសម្នាក់គឺល្អនឹងគ្នាណាស់ តែមិនមែនជាលក្ខណៈសង្សានឹងគ្នានោះទេ គឺមានលក្ខណៈជាមិត្តល្អទៅវិញ ប៉ុន្តែនៅពេលដែលគេមានមិត្តស្រីទី១ ខ្ញុំបែរជារៀនចេះនៅអារម្មណ៍ម្យ៉ាង នោះគឺការប្រច័ណ្ឌ ហើយមានអារម្មណ៍ទើសទាល់ក្នុងចិត្តជាខ្លាំង គឺជូរទ្បើងដូចផឹកទឹកខ្មេះទាំងដបៗអញ្ចឹង រាល់ថ្ងៃយ៉ាងហោចណាស់ក៏ទទួលយកនូវរសជាតិនេះ ដោយដូចបានផឹកទឹកក្រូចឆ្មារម្តង១០០គ្រាប់ទៅហើយ ជូរដល់តែថាទ្រាំលែងចង់បាន។ តែពួកគេនៅជាមួយគ្នាបានត្រឹមតែ២ខែប៉ុណ្ណោះក៏បែកផ្លូវគ្នាទៅ ហើយខ្ញុំក៏លួចសប្បាយចិត្តបានបន្តិចដែរ។ ស្រាប់តែមួយខែក្រោយមក គេមានមិត្តស្រីម្នាក់ផ្សេងទៀត។ ហឺយ… ខ្ញុំចូលចិត្តគាត់ហើយក៏ដឹងថាគាត់ស្រលាញ់ខ្ញុំដែរ ប៉ុន្តែមានមូលហេតុអ្វីបានជាគាត់មិនតាមស្រលាញ់ខ្ញុំនោះ? ជាក់ស្តែងណាស់គឺមនុស្សពីរនាក់ស្រលាញ់គ្នា តែហេតុអ្វីមិនឃើញមានសកម្មភាពអ្វីសោះអញ្ចឹង? នៅគ្រប់ពេលដែលគាត់តាមស្រលាញ់មិត្តស្រីគាត់ គឺបេះដូងរបស់ខ្ញុំត្រូវកាំបិតចាក់ត្រូវ គឺចាក់ដោតម្តងហើយម្តងទៀតឥតឈប់ឈរបន្តិចណាសោះ ដែលជាហេតុធ្វើឲ្យខ្ញុំគិតថា… ឬមួយក៏ខ្ញុំស្រលាញ់គាត់តែម្នាក់ឯងទេ? មិនស្រលាញ់ហេតុអ្វីក៏ធ្វើល្អនឹងខ្ញុំម្ល៉េះ? យកចិត្តទុកដាក់នឹងខ្ញុំម្ល៉េះ? ការដែលគាត់ធ្វើល្អដាក់ខ្ញុំទាំងនោះ វាគឺហួសពីអ្វីដែលជាមិត្តធម្មតាឬមិត្តល្អទៅហើយ។ ស្រលាញ់មនុស្សម្នាក់គឺមិនល្អទ្រាំនោះទេ ខ្ញុំដឹងនូវអ្វីគ្រប់យ៉ាងដែលគាត់ចូលចិត្ត រួមទាំងទំលាប់របស់គាត់និងអារម្មណ៍តែមួយគត់ដែលគាត់មានចំពោះខ្ញុំ ខ្ញុំពិតជាគ្មានវិធីអ្វីគិតឲ្យយល់មែន ឬក៏ចាំបាច់ពិតមែនឲ្យខ្ញុំដែលជានារីភេទនេះទៅហារមាត់ប្រាប់បុរសម្នាក់នោះថាខ្លួនស្រលាញ់គេមុន មែនក៏អី? បើទោះជាយ៉ាងដូចនោះក្តី ខ្ញុំនៅតែចង់នៅក្បែរខ្លួនគាត់ កំដរគាត់ ថែទាំគាត់ និងស្រលាញ់គាត់ ហើយវាក៏ជាមធ្យោបាយមួយសំរាប់រងចាំដែរ ខ្ញុំដឹងថាបើទោះជាគាត់ជាប់រវល់យ៉ាងណាក៏ចំណាយពេលមកទូរស័ព្ទឲ្យខ្ញុំដែរ។ ហឺយ… គឺការរង់ចាំដោយបែបនេះហើយ ខ្ញុំបានកំដរគាត់អស់រយៈពេល៣ឆ្នាំត្រឹម ការរង់ចាំដោយបែបនេះ គឺមានការលំបាកណាស់ តើអ្នកគិតដូចខ្ញុំទេ? ពេលខ្លះក៏ធ្វើឲ្យខ្ញុំគិតថាបោះបង់វាចោលណាស់ដែរ ប៉ុន្តែដើម្បីចាំឲ្យដល់ថ្ងៃនោះ ស្អែកទ្បើងនៅតែធ្វើឲ្យខ្ញុំបន្តការចាំនេះតទៅទៀត។ គឺលំបាកដូចនេះឯង ឈឺចាប់យ៉ាងនេះឯង មានសុភមង្គលយ៉ាងនេះឯង មានភាពចម្រូងចម្រាសយ៉ាងនេះឯង ធ្វើឲ្យខ្ញុំកំដរគាត់អស់ពេល៣ឆ្នាំត្រឹម។ រហូតដល់ចុងពាក់កណ្តាលឆមាសថ្នាក់ទី១២ មានសិស្សថ្មីម្នាក់បានចាប់ចិត្តស្រលាញ់ខ្ញុំ រាល់ថ្ងៃគេតែងតែតាមស្រលាញ់ខ្ញុំរហូត គឺចាប់ផ្តើមយ៉ាងនេះឯង តាំងពីខ្ញុំបដិសេធដ៏ពីដំបូងរហូតដល់ខ្ញុំចាប់ផ្តើមផ្តល់កន្លែងខ្លះសំរាប់រូបគេ។ គេម្នាក់នោះ គឺបីដូចជាខ្យល់ដែលស្រទន់ហើយមានភាពឋិតថេរទៀតផង បានបក់បន្តិចម្តងៗរហូតដល់បក់ផ្តាច់ស្លឹកខ្ញុំនេះ ឲ្យធ្លាក់ចុះមករសាត់ស្របទៅតាមទិសនៃខ្យល់នោះ មកដល់ចុងក្រោយស្រាប់តែចាប់អារម្មណ៍ឃើញថា កន្លែងរបស់ខ្យល់នេះក្នុងចិត្តខ្ញុំ គឺបក់ជិតសព្វអស់ហើយ ហើយក៏មានអារម្មណ៍ដឹងថា ខ្យល់នេះនឹងនាំយកស្លឹកឈើដែលខ្សត់ខ្សោយ និងស្ទើរស្វិតស្រពោនខ្ញុំនេះទៅកាន់កន្លែងមួយដែលស្រស់បំព្រងទ្បើងវិញ ហើយនឹងមានសុភមង្គលជាងនេះដែរ។
ចុងបញ្ចប់ខ្ញុំបានឃ្លាតឆ្ងាយពីដើមឈើហើយ តែដើមឈើបានត្រឹមញញឹម ហើយឥតអាល័យអីបន្តិចសោះ។