ដើម​កំណើតនៃ​រន្ទះ

កាល​ពី​ព្រេងនាយ មាន​បិសាច​មួយ ឈ្មោះ​រាមា​សូរ និង​នាង​អារក្ខ​ទេវី​មួយ ឈ្មោះ​មេខលា ។ អ្នក​ទាំង​ពីរ​បាន​នៅ​បម្រើ​មហាឫសី​ដ៏​មាន​ឫទ្ធិ​ម្នាក់ ដើម្បី​នឹង​រៀន​វិជ្ជា​មន្តអាគម​គាថា ។ បិសាច​នឹង​នាង​អារក្ខ​ទេវី​បាន​ខំ​រៀន​ប្រណាំងប្រជែង​គ្នា ដើម្បី​បំពេញ​ចិត្ត​គ្រូ​រៀងខ្លួន ហើយ​អ្នក​ទាំង​ពីរ​ប្រកប​ដោយ​បញ្ញា​វៃ ក្រៃ​លែង​ដូចគ្នា ។ តាបស​ក៏​ស្រឡាញ់​អ្នក​ទាំង​ពីរ​នោះ​ស្មើគ្នា ។ កាល​បើ​តាបស​បាន​បង្រៀន​សិស្ស​លោក​ចប់​គ្រប់​មុខ​វិជ្ជា​ហើយ លោក​ក៏​ចង់​ល្បង​វិជ្ជា​សិស្ស​មើលថា តើ​នរណា​ប៉ិនប្រសប់​ជាង​គ្នា ។ ទើប​លោក​និយាយ​ទៅកាន់​សិស្ស​ថា “​បើ​អ្នកណា​មួយ​យក​កែវ​មួយ​មាន​ទឹក សន្សើម​ពេញ​មក​ឱ្យ​ខ្ញុំ​បាន នោះ​ខ្ញុំ​នឹង​ធ្វើ​ទឹក​នោះ​ឱ្យ​ក្លាយទៅជា​កែវ​មនោហ​រា ហើយដោយ​គុណភាព​នៃ​រតនវត្ថុ​នោះ អ្នក​ម្ចាស់​កែវ​អាច​ប្រាថ្នា​ធ្វើ​អ្វី​ឬ​ចង់បាន​អ្វី ចេះ​តែ​បាន​សម្រេច​ទាំងអស់ ” ។​ ​

​រាមា​សូរ​ក៏​យក​កែវ​មួយ​ទៅ​ត្រង់​ទឹកសន្សើម​ដែល​ទើរ​នៅ​ស្លឹកឈើ​និង​ស្មៅ​ផ្សេង ៗ វា​បាន​ខំ​ព្យាយាម​ធ្វើ​ដូច្នេះ​ជា​ច្រើន​ព្រឹក ប៉ុន្តែ​ឥត​បាន​លទ្ធផល​ល្អ​សោះ ។ ​​

​​ចំណែក​ឯ​នាង​មេខលា ដែល​ជា​ស្រី​ចេះ​គិត​វែងឆ្ងាយ​ក៏​រើស​យក​បណ្ដូលឈើ​មួយ​យ៉ាង​ទន់​ស្តោ​ក ៗ ហើយ​យកទៅ​ដាក់​ផ្តិល​លើ​ទឹកសន្សើម​ដែល​ដក់​នៅលើ​ស្លឹកឈើ នឹង​នៅ​លើ​ស្មៅ ទាល់តែ​ដុំ​ឈើ​នោះ​ជក់ទឹក​នៅ​ពេញ​ទាំងអស់ ។ បន្ទាប់មក​នាង​អារក្ខ​ទេវី បាន​យក​ដុំ​ឈើ​នោះ​ទៅ​ច្របាច់​ទឹក​ដាក់​ទៅ​ក្នុង​កែវ ។ អាស្រ័យ​ដោយ​ហេតុ​ដូច្នេះ នាង​រក​ទឹកសន្សើម​ដាក់​កែវ​បាន​ពេញ ហើយ​ក៏​យក​កែវ​នោះ​ទៅជូន​មហា​តា​បស ។ ហេតុ​ដូច្នេះ​បាន​ជា​នាង​អារក្ខ​ទេវី​ត្រូវ​តាបស​សំគាល់ថា ប៉ិនប្រសប់​ជាង​បិសាច ។​ ​​

​​​តាបស​ជប់​ទឹកសន្សើម​នោះ​កើត​ទៅជា​កែវ ហើយ​ប្រគល់​ទៅ​ឱ្យ​នាង​មេខ​លា ដោយ​ប្រាប់ថា ” កែវ​នេះ​មាន​គុណភាព​ខ្លាំង​ពូកែ​ណាស់ បើ​អ្នក​មាន​បំណង​អ្វីមួយ គ្រាន់តែ​លើក​កែវ​នេះ​គ្រវី​ឡើង​នោះ​មួយ​រំពេច សេចក្ដីប្រាថ្នា​របស់​អ្នកនឹង​បានសម្រេច​ភ្លាម មួយទៀត​ដោយ​គុណភាព​នៃ​កែវ​នេះ អ្នក​អាច​ហោះ​កាត់​អាកាស​ពពក ជ្រក​អាចម៍​ជន្លេន ទៅកាន់​កន្លែង​ណា​ក៏​បាន​ទាំងអស់ ” ។​ ​​

​នាង​អារក្ខ​ទេវី​ក៏​ទទួលយក​កែវ​នោះមក លើក​គ្រវី​ឡើង​លើ ស្រាប់តែ​ហោះ​វឹង​ទៅលើ​មេឃ​តម្រង់​ទៅ​មហាសាគរ ។​ ​ ​

​ចំណែកឯ​អា​មា​សូរ អាស្រ័យ​ដោយ​ការព្យាយាម​ដ៏​យូរ ក៏​រក​ទឹកសន្សើម​ដាក់​បាន​ពេញ​កែវ ហើយ​យក​ទៅ​ថ្វាយ​មហាឫសី ៗ ពោលថា “​ចៅ​ឯង យក​របស់​នេះ មក​យឺត​យូរពេក​ហួសពេល​តា​ត្រូវការ ឥឡូវ​តា​បាន​ឱ្យ​រតនវត្ថុ​នោះ​ទៅ​នាង​មេខលា​ទៅហើយ មន្ត​អាគម​គាថា​របស់​តា​អាច​ជប់​វត្ថុ​បែប​នេះ​កើត បាន​តែ​មួយ​ដង​គត់​ទេ ” ។​ ​ ​

​កាល​បើ​បានឮ​មហា​តាបស​ថា​ដូច្នេះ រាមា​សូរ​ក៏​កើត​សេចក្ដី​ទោមនស្ស​ពន់ពេក​ប្រមាណ ហើយ​ក៏​ស្រែក​យំអណ្ដឺតអណ្ដក​យ៉ាងខ្លាំង ។ ​ ​
​​​ដើម្បី​លួង​ចិត្ត​បិសាច​តាបស​ក៏​ប្រាប់ថា “​ចូរ​ចៅ​កុំ​កើតទុក្ខ​ខ្លាំងពេក ចាំ​តា​ឱ្យ​ពូថៅ​មួយ ពូថៅ​នេះ​អ្នក​អាច​យក​ទៅ​ឈ្លោះ​ដណ្ដើម​យក​កែវ​ពី​នាង​អារក្ខ​ទេវី​មេខលា​បាន នាង​មេខលា​នេះ ចូលចិត្ត​ហោះហើរ​លេង​នៅលើ​អាកាស​ដើម្បី​មុជ​ទឹកភ្លៀង នៅពេលដែល​មាន​ភ្លៀង​ម្ដង ៗ ចូរ​អ្នក​ចោល​ពូថៅ​នោះ​ទៅ​លើ​វា​នឹង បោះចោល​កែវ​ដ៏​មាន​តម្លៃ​នោះ ប៉ុន្តែ​បើ​នៅពេល​ប្រយុទ្ធ​គ្នា​នោះ ចៅ​ឯង​ឃើញ​វា​លើក​កែវ​ឡើង​គ្រវី ចូរ​ចៅ​ឯង​បិទ​ភ្នែក​ភ្លាម​មុន​នឹង​ចោល​ពូថៅ​ទៅលើ​វា ” ។​ ​ ​​​

​កាល​បើ​រាមា​សូរ​បាន​ពូថៅ​មក​កាន់​នៅ​នឹង​ដៃ​ហើយ វា​ក៏​ហោះ​ស្វែងរក​នាង​មេខ​លា ដើម្បី​ដណ្ដើមយក​កែវ​មនោហ​រា ប៉ុន្តែ​បើ​បាន​ឃើញ​នាង​កាលណា នាង​ក៏​យល់​ឃើញ​ភ្លាម​ថា បិសាច​នេះ​ប្រាកដ​ជា​មក​មាន​បំណង​ធ្វើ​អាក្រក់​មកលើ​នាង​ពុំ​ខាន ទើប​នាង​លើក​កែវ​គ្រវី​ឡើង ហោះ​ទៅលើ​អាកាស​វេហា​ខ្ពស់​ក្រៃលែង​ខ្ពស់ ។​ ​ ​​​

​កាល​បើ​ក្រឡេកឃើញ​ពន្លឺ​ចាំង​នៃ​កែវ​មាន​សិល្ប​ភ្លាម បិសាច​ក៏​បិទ​ភ្នែក​ជិត​រួច គ្រវែង​អាវុធ​វា​ទៅ អាវុធ​នោះ​ក៏​ហោះ​យ៉ាង​លឿន​ឮសូរ​សម្បើម​ក្រៃលែង ប៉ុន្តែ​ឥត​ត្រូវ​នាង​អារក្ខ​ទេវី ។​ ​ ​
​​

​ចាប់តាំងពី​ពេលនោះ​មក ទើប​នៅ​ពេល​មាន​ភ្លៀង​ផ្គរ គេ​ឃើញ​ចាំង​ពន្លឺ​កែវ​ហើយ​ឮ​សូរ​សំឡេង​យ៉ាងខ្លាំង​នៃ​អាវុធ​នោះ ។​ ​ ​

​​អាស្រ័យ​ហេតុនេះ​ហើយ បាន​ជា​ក្នុង​ភាសា​ខ្មែរ​ឱ្យ​ឈ្មោះ​ដុំ​ថ្ម​ទាំងឡាយ ណា​ដែល​មាន​រាង​ដូច​ផ្លែ​ពូថៅ ឬ​ចបកាប់​ក្បាល​ស្រួច ឬ​ដូច​កាំបិត​ថា ” កាំ​រន្ទះ ” ហើយ​សន្មត​របស់​ទាំង​នេះ​ថា ជា​ព្រួញ​របស់​យក្ស​បាញ់ នៅ​លើ​មេឃ​ធ្លាក់​មក​ដី ។​

Leave a comment