មានសុភមង្គល មានគ្រួសារគឺជាសេចក្តីប្រាថ្នារបស់មនុស្សគ្រប់រូប ។ តាមរូបសម្បត្តិ សមត្ថភាព និងជីវភាពគ្រួសាររបស់ខ្ញុំ ខ្ញុំអាចជ្រើសរើសនារីស្អាតមកធ្វើជាភរិយាបានយ៉ាងងាយ ប៉ុន្តែខ្ញុំបែរជាបោះបង់ភាពជាយុវវ័យ បោះបង់ចោលនូវឱកាសសាងគ្រួសារដោយមិនដឹងខ្លួន អស់រយៈពេលជាង២០ឆ្នាំហើយ។ នេះមិនមែនមកពីខ្ញុំវក់នឹងការងារ ឬការសប្បាយនោះទេ គឺខ្ញុំកំពុងតែរង់ចាំនារីម្នាក់ ដែលខ្ញុំមិនធ្លាប់គិតថាស្រឡាញ់ ហើយខ្ញុំក៏មិនដឹងខ្លួនថាខ្ញុំមានចិត្តស្រលាញ់នាង ឬក៏អត់នោះដែរ។ ខ្ញុំតែងតែប្រាប់ខ្លួនឯងថា ខ្ញុំខឹងនឹងនាងណាស់ ហេតុអ្វីនាងមិនមកជួបខ្ញុំតាមការណាត់ បើនាងចង់ទៅចោលខ្ញុំហេតុអ្វីមិនប្រាប់ឲ្យខ្ញុំដឹង ជាង២០ឆ្នាំហើយថ្ងៃណាក៏ខ្ញុំនៅចាំនាង នៅមុខមន្ទីរពេទ្យកាល់ម៉ែតដែរ។ ពីព្រោះវាជាកន្លែងដែលនាងណាត់ជួបខ្ញុំលើកចុងក្រោយ ប៉ុន្តែនាងបែរជាមិនបានមក នាងទុកឲ្យខ្ញុំរង់ចាំ ចាំហើយចាំទៀត មួយថ្ងៃ មួយខែ មួយឆ្នាំ រហូតអស់រយៈពេលជាង២០ឆ្នាំ។ នាងខឹងនឹងខ្ញុំដែលបោកប្រាស់នាងមែនឬទេ? នាងចង់សងសឹកនឹងខ្ញុំមែនឬទេ? ទេខ្ញុំជឿជាក់លើចិត្តស្រលាញ់របស់នាងចំពោះរូបខ្ញុំ ទោះស្នេហានេះមានរយៈពេលខ្លី ក៏ពិតមែន។ ខ្ញុំចេះតែមានអារម្មណ៍មួយថានាងកំពុងតែរង់ចាំខ្ញុំនៅទីនោះដែរ។
ខ្ញុំចាំថាកាលពី២០ឆ្នាំមុន ខ្ញុំឋិតក្នុងវ័យ២២ឆ្នាំ ជានិស្សិតមហាវិទ្យាល័យ ខ្ញុំមានរូបរាងសង្ហា ជាកូនអ្នកមានទ្រព្យសម្បត្តិ មានប្រាក់ចាយមិនចេះខ្វះ ខ្ញុំអាចទាក់ទងស្រីស្អាតបានជាច្រើន ប៉ុន្តែស្នេហាសម្រាប់ខ្ញុំបីដូចជាខ្ញុំញ៉ាំអំពៅអញ្ចឹង គឺពេលដែលអស់រស់ជាតិហើយ ខ្ញុំនឹងខ្ជាក់វាចោលដោយគ្មានស្រណោះ។ ព្រហ្មលិខិតបានតំរូវឲ្យខ្ញុំស្គាល់នារីម្នាក់ ឈ្មោះនីតា ដែលនាងទើបតែផ្លាស់មកពីខេត្ត ចូលមករៀនថ្នាក់ជាមួយខ្ញុំ មើលទៅនាងក៏ស្អាតណាស់ដែរ ប៉ុន្តែសម្រស់របស់នាងត្រូវបិទបាំងដោយទឹកមុខស្លេកៗ មើលទៅដូចជាអ្នកជំងឺ បើឲ្យខ្ញុំស្រលាញ់នោះ ប្រហែលជាទៅមិនរួចទេ តែបើមើលលេងៗទៅអាចខ្លះ។
នៅថ្ងៃដំបូងដែលនាងបានបង្ហាញខ្លួនក្នុងថ្នាក់របស់ខ្ញុំ កែវភ្នែកទាំងគូរបស់នាងតែងតែលួចសម្លឹងមកខ្ញុំ ដែលអាចបញ្ជាក់ឲ្យឃើញថា នាងកំពុងតែចាប់អារម្មណ៍មកលើរូបខ្ញុំ វារឹតតែធ្វើឲ្យខ្ញុំបានចិត្ត និងមើលស្រាលចំពោះនាង។ ជារៀងរាល់ថ្ងៃ សង្កេតមើលនាងយូរទៅ នាងហាក់បីដូចជាមនុស្សចំឡែក មើលទៅរាងកាយនាងដូចជាទន់ខ្សោយ តែចិត្តរបស់នាងរឹងមាំណាស់ នាងជាមនុស្សរួសរាយ រាក់ទាក់ នាងធ្វើខ្លួនហាក់បីដូចជាស្រលាញ់ពិភពលោកនេះណាស់ មិត្តរួមថ្នាក់របស់ខ្ញុំអ្នកណាៗក៏ស្រលាញ់ចូលចិត្តនាងដែរ តែសម្រាប់រូបខ្ញុំវិញ នាងដូចជាគ្មានអ្វីអស្ចារ្យនោះទេ ពីព្រោះខ្ញុំយល់ថា នាងក៏ដូចជាស្រីៗដទៃទៀតអញ្ចឹង គឺលង់ស្នេហ៍កំលោះសង្ហាដូចជារូបខ្ញុំ។ នាថ្ងៃមួយខ្ញុំបានភ្នាល់ជាមួយមិត្តខ្ញុំថា ខ្ញុំនឹងធ្វើឲ្យនាងស្រលាញ់ចូលចិត្តក្នុងរយៈពេលបីខែ ហើយនាងនឹងយំអង្វរខ្ញុំ នៅពេលដែលខ្ញុំបោះបង់នាងចោល។
«ពួកឯងជឿទេថាគ្នាអាចធ្វើឲ្យនារីមុខស្លេកម្នាក់នេះ លង់ស្នេហ៍គ្នាបាន?» ខ្ញុំនិយាយដោយភាពជឿជាក់បំផុត។
«វាមិនអីទេ គ្នាចេះលៃលកហើយកុំព្រួយចាំតែចេញលុយទៅ!!»
បន្ទាប់មក ខ្ញុំបានចាប់ផ្តើមទាក់ទងនាងតាមរបស់មិត្តរបស់នាង ដើម្បីយកលេខទូរស័ព្ទ។ ថ្ងៃដំបូងដែលខ្ញុំបានទូរស័ព្ទទៅនាង ខ្ញុំបានសួរនាំនាងទៅតាមវិធីរបស់ខ្ញុំ មើលទៅនាងដូចជាសប្បាយចិត្តណាស់ ពេលបាននិយាយជាមួយខ្ញុំ ការពិតទៅនាងដូចជាចិត្តងាយណាស់ដែរ បែបនេះដូចជាមិនសូវល្អលេងសោះ ប៉ុន្តែចាត់ទុកថាជាការលេងកម្សាន្តកែអផ្សុកទៅចុះ។
ថ្ងៃទី៣នៃល្បែងរបស់ខ្ញុំ…
ពេលនិយាយចប់នាងក៏សុំបិទទូរស័ព្ទ ទុកឲ្យរូបខ្ញុំនៅភាំងតែម្នាក់ឯង នេះជាលើកដំបូងហើយដែលមនុស្សស្រីធ្វើឲ្យខ្ញុំស្លុងអារម្មណ៍រកតែរាយរាប់ពុំបាននឹងស្នេហាពិតនេះ បើទោះជានាងមិនមែនជានារីទីមួយឡើយ ដែលនិយាយថាស្រលាញ់ខ្ញុំពិតនោះ តែមិនដឹងថាហេតុអ្វីបានជាបេះដូងរបស់ខ្ញុំលោតញាប់យ៉ាងនេះ នៅពេលដែលបានឮពាក្យស្រលាញ់ចេញពីផ្ទាល់មាត់នាង ដែលខ្ញុំបានចាត់ទុកវាថាជាល្បែងភ្នាល់គ្នាលេងនោះ។ «ទេ! មិនអាចទេ ខ្ញុំមិនអាចធ្វើឲ្យអារម្មណ៍របស់ខ្ញុំក្លាយទៅជាយ៉ាងនេះទេ! នីតានាងគ្មានសំណាងបានក្លាយជានារីដែលខ្ញុំស្រលាញ់ពិតប្រាកដបានឡើយ នាងអាចបាននៅក្បែរខ្ញុំត្រឹមតែរយៈពេល៣ខែប៉ុណ្ណោះឯង» ។
ខ្ញុំបានបំពេញនូវកិច្ចការដ៏គួរឲ្យធុញទ្រាន់មួយ គឺធ្វើទន់ភ្លន់ ផ្អែមល្ហែម យកចិត្តមនុស្សស្រីម្នាក់ដែលខ្ញុំគិតថាត្រឹមយកមិនលេងសើចប៉ុណ្ណោះ។ មើលទៅនាងដូចជាស្រលាញ់ខ្ញុំខ្លាំងណាស់ ប៉ុន្តែអ្វីដែលចំឡែកនោះ គឺត្រឹមតែខែដំបូងនៃការចាប់ផ្តើមល្បែងដ៏ឆ្កួតលីលារបស់ខ្ញុំនេះ នាងបានធ្វើឲ្យចិត្តរបស់ខ្ញុំផ្លាស់ប្តូរដោយមិនដឹងខ្លួនចំពោះសេចក្តីស្នេហាមួយ នាងបានផ្តល់នូវអារម្មណ៍ចំឡែកជាច្រើនដែលខ្ញុំពុំបានធ្លាប់ជួបជាមួយនារីផ្សេងពីមុនមកសោះនោះ។ ពេលវេលាបានផ្លាស់ប្តូរពីមួយទៅមួយថ្ងៃ នាងកាន់តែមានស្នេហាជ្រាលជ្រៅចំពោះខ្ញុំហើយ នាងបានផ្តល់ឱកាសឲ្យខ្ញុំស្និទ្ធស្នាលជាមួយនិងនាងជាច្រើន នាងបានផ្តល់ភាពសំខាន់ឲ្យខ្ញុំ នាងថែមទាំងធ្វើឲ្យខ្ញុំភ្លេចខ្លួនថា ខ្ញុំកំពុងតែស្ថិតក្នុងការលេងល្បែកនេះទៅហើយ ។ ពាក្យធុញទ្រាន់ដែលខ្ញុំធ្លាប់បាននិយាយតាំងពីដំបូងនោះក៏បានរលាយបាត់ទៅដែរ។ នាងតែងតែរៀបរាប់រឿងរ៉ាវរបស់នាងឲ្យខ្ញុំស្តាប់ ដូចជារឿងគ្រួសារជាដើម ពេលដែលស្ថាប់ទៅធ្វើឲ្យខ្ញុំរីករាយខ្លាំងណាស់។ ស្រាប់តែធ្វើឲ្យខ្ញុំមានអារម្មណ៍ថាអាណិតនាងខ្លាំងណាស់ នោះជានាងតែងតែសើចសប្បាយរីករាយ និងផ្តល់ស្នាមញញឹមនៅចំពោះមុខខ្ញុំជារៀងរាល់ថ្ងៃក៏ដោយ។
ល្ខោនស្នេហារបស់ខ្ញុំបានចាប់ផ្តើមដំណើរការទៅយ៉ាងល្អ ប៉ុន្តែនៅជិតនាងកាន់តែច្រើនកាន់តែយល់ថានាងចំឡែក តែភាពចំឡែករបស់ពិតជាទាក់ទាញណាស់។ អស់រយៈពេលពីរខែកន្លងផុតទៅហើយ សម្រាប់ល្បែងមួយនេះ ខ្ញុំស្ទើរតែភ្លេចបាត់ទៅហើយថា វាគ្រាន់តែជាល្ខោនពេលខ្លីមួយ ខ្ញុំហាក់ដូចជាមិនដាច់ចិត្តសោះ ក្នុងការបំផ្លាញបេះដូងនារីដ៏បរិសុទ្ធម្នាក់នេះ ខ្ញុំបានព្យាយាមដាស់ខ្លួនឯងជានិច្ច ដើម្បីកុំឲ្យលង់លក់ក្នុងល្បែងនេះ។ ពិតមែនហើយ នាងមិនមែនជានារីដែលខ្ញុំប្រាថ្នានោះទេ នាងមិនសក្តិសមនឹងរូបខ្ញុំឡើយ មានស្រីស្អាតៗជាច្រើនកំពុងតែរងចាំខ្ញុំ ខ្ញុំមិនអាចបោះបង់ចោលព្រៃមួយទាំងមូលដោយសារតែដើមឈើមួយដើមនេះឡើយ។ ពេលនេះជាពេលដែលខ្ញុំត្រូវបញ្ចេញភាពប្រងាយកន្តើយដាក់នាងហើយ នៅពេលខ្លះខ្ញុំធ្វើជាទាក់ទងស្រីផ្សេងនៅចំពោះមុខនាង ហើយនាងក៏តែងតែបញ្ចេញនូវអាការៈប្រចណ្ឌចំពោះខ្ញុំនៅមុខមិត្តភក្តិរបស់ខ្ញុំដែរ។ ប៉ុន្តែក្រោយពីនៅផុតពីមុខគេឯង ហើយនៅតែពីរនាក់ខ្ញុំនិងនាងនោះ នាងបែរជាធ្វើហាក់បីដូចជាគ្មានរឿងអ្វីកើតឡើងទាំងអស់អញ្ចឹងដែរ។ វាពិតជាធ្វើឲ្យខ្ញុំមានការងើងឆ្ងល់ចំពោះទង្វើរបស់នាងបែបនេះណាស់ ថាតើនាងកំពុងតែគិតអ្វីទៅ? ខ្ញុំឧស្សាហ៍រករឿងនាងណាស់ ប៉ុន្តែនាងនៅតែខំកែប្រែនូវអ្វីដែលខ្ញុំមិនពេញចិត្ត ហើយសម្របតាមខ្ញុំទៀតផង រហូតដល់ខ្ញុំមិនដឹងថាគួររកអ្វីមកចាប់កំហុសនាងបាន។
សេចក្តីស្នេហាពិត និងឆាកល្ខោន តើមួយណាជាខ្ញុំ?
ទីបំផុតថ្ងៃជប់លៀងក៏បានមកដល់ តែអារម្មណ៍ដូចជាមិនល្អសោះ ខ្ញុំសារភាពថាខ្ញុំពិតជានឹកដល់នាងមែន នឹកដល់អនុស្សាវរីយ៍ទាំងឡាយរវាងខ្ញុំនិងនាង។
យើងទាំងពីរដើរបណ្តើរគ្នា ដោយមិននិយាយមួយម៉ាត់សោះ រហូតដល់កន្លែងនោះ នាងក៏ឈប់ដើរទៅមុខទៀត ខ្ញុំសម្លឹងមើលមុខនាង បេះដូចរបស់ខ្ញុំចាប់ផ្តើមឈឺនៅពេលដែលខ្ញុំបានឃើញតំណក់ទឹកភ្នែករបស់នារីម្នាក់នេះបានស្រក់ចុះ នេះគឺជាលើកទីមួយហើយ ដែលនាងយំ នាងបែរមកអោបខ្ញុំយ៉ាងណែន ទឹកភ្នែករបស់នាងបានជ្រាបចូលទៅដល់បេះដូងរបស់ខ្ញុំទៅហើយ។
ខ្ញុំហាក់បីដូចជានិយាយអ្វីមិនចេញសោះ នាងកំពុងធ្វើអ្វីហ្នឹង? រាត្រីដ៏អ៊ូអរ តន្ត្រីលាន់រំពង គ្រប់គ្នាពិតជារីករាយ ប៉ុន្តែសម្រាប់រូបខ្ញុំ ខ្ញុំទទួលអារម្មណ៍មួយថាវាពិតជាស្ងាត់ខ្លាំងណាស់ ខ្ញុំមើលមិនឃើញភាពសប្បាយសម្បីតែបន្តិច ខ្ញុំបែរជាខ្លាច ខ្លាចរង្វង់ដៃដែលកំពុងអោបខ្ញុំនេះត្រូវរបូតចេញទៅ… ។
ក្រែងនេះគឺជាលទ្ធផលដែលខ្ញុំចង់បានឬ? ប៉ុន្តែខ្ញុំមិនបាននិយាយអ្វីជាមួយនាងផង ហេតុអ្វីនៅសុខៗនាងធ្វើបែបនេះ? មិត្តភក្តិរបស់ខ្ញុំយល់ថាខ្ញុំឈ្នះហើយ ពួកយើងនាំគ្នាទៅច្រៀងខារ៉ាអូខេយ៉ាងសប្បាយ តែការពិតចិត្តរបស់ខ្ញុំ នៅតែគិតដល់នាងជានិច្ច នឹកគិតដល់ទឹកភ្នែករបស់នាង មិនបានទេខ្ញុំត្រូវតែ «ផឹក ផឹក ផឹក» ឲ្យភ្លេចអ្វីៗគ្រប់ដែលបានកើតឡើងនេះ ។
ថ្ងៃនេះមិនដូចកាលពីម្សិលមិញនោះទេ ខ្ញុំបានតាំងចិត្តបំភ្លេចនាងហើយ ខ្ញុំនឹងបំភ្លេចអ្វីៗទាំងអស់ ដែលធ្លាប់មានជាមួយនាង ខ្ញុំត្រូវការសេរីភាពនៃយុវវ័យរបស់ខ្ញុំមកវិញ ខ្ញុំមិនចង់គិតដល់ចិត្តអ្នកណា ពេលដែលខ្ញុំត្រូវការសប្បាយនោះទេ សុំទោសណា៎នារីដ៏គួរឲ្យអាណិត ។
នៅទីបញ្ចប់គឺនៅសល់តែខ្ញុំម្នាក់ជាអ្នករង់ចាំ…
បីថ្ងៃក្រោយនាងបានទូរស័ព្ទមកខ្ញុំ នាងធ្វើហាក់បីដូចជាគ្មានអ្វីកើតឡើង មែនហើយការពិតទៅយប់នោះ ខ្ញុំមិនទាន់បាននិយាយអ្វីជាមួយនាងផង…
១០នាទីនៃការរងចាំរបស់ខ្ញុំនៅមុខមន្ទីរពេទ្យកាល់ម៉ែត្រត្រូវបានកន្លងផុតទៅ រហូតដល់មួយម៉ោង ២ម៉ោង ការអត់ធ្មត់របស់ខ្ញុំក៏រលាយអស់ ខ្ញុំខឹងនាងខ្លាំងណាស់ នាងហ៊ានកុហកខ្ញុំផង ខ្ញុំទូរស័ព្ទទៅក៏មិនចូល ទូរស័ព្ទទៅកាន់មិត្តភកិ្តរបស់នាងក៏គ្មាននរណាម្នាក់ដឹងដែរ។ យ៉ាងម៉េចហ្នឹងនីតា នាងហ៊ានលេងសើចបែបនេះនឹងខ្ញុំផង? ខ្ញុំក៏ឈប់ខ្វល់ ហើយនាងគ្មានតម្លៃអ្វីសម្រាប់ខ្ញុំទៀតទេ ខ្ញុំក៏មិនចង់ចំណាយពេលវេលារបស់ខ្ញុំមកឥតប្រយោជន៍បែបនេះទៀតដែរ ទៅចាំស្រីឆ្កួតម្នាក់នោះចឹងហ្ន៎! ប៉ុន្តែខ្ញុំឆ្ងល់ដែរ នាងមិនដែលធ្វើបែបនេះដាក់ខ្ញុំទេ ខ្ញុំនៅតែជឿជាក់លើកទឹកចិត្តរបស់នាងចំពោះខ្ញុំ។
ខ្ញុំកាន់តែមិនអស់ចិត្តឡើងៗ ខ្ញុំក៏បានទៅរកនាងរហូតដល់ផ្ទះជួលរបស់នាង គេថានាងរើចេញពីទីនោះហើយ ក្នុងចិត្តរបស់ខ្ញុំពេលនេះ គឺបើបានជួបនាងខ្ញុំនឹងសម្លាប់នាងចោលមិនខាន។ ខ្ញុំស្អប់ខ្លាំងណាស់មកលេងសើចអីដាក់ខ្ញុំបែបនេះនោះ ខ្ញុំមិនដែលរងចាំស្រីណាម្នាក់ឡើយ ហើយក៏គ្មានអ្នកណាហ៊ានធ្វើបែបនេះដាក់ខ្ញុំដែរ។ យប់នេះខ្ញុំគេងមិនលក់សោះ ខ្ញុំព្យាយាមឈប់គិត តែខួរក្បាលចំគួតរបស់ខ្ញុំនៅតែនឹកឃើញជានិច្ច…។
នីតាហេតុអ្វីបានជាធ្វើបែបនេះ តែក៏ល្អដែរ នាងទៅបាត់ ខ្ញុំមិនចាំបាច់បកស្រាយអ្វីច្រើន ក៏មិនបាច់ក្លាយជាជនបោកស្នេហ៍គេដែរ ហើយឈប់ខ្វល់ហើយ។ ពិតជាមិនដូចការគិតរបស់ខ្ញុំសោះ គ្មាននាងខ្ញុំមានអារម្មណ៍ថា ហាក់បីដូចជាបាត់អ្វីម្យ៉ាងក្នុងជីវិតសព្វថ្ងៃនេះ ខ្ញុំបានទាក់ទងស្រីស្អាតៗជាច្រើន គួរឲ្យអស់សំណើចណាស់ គ្មានអ្នកណាអាចលុបឲ្យរូបនីតាចេញពីបេះដូងខ្ញុំសោះ។ ខ្ញុំនៅតែគិតថាខ្ញុំគ្មានចិត្តលើស្រីម្នាក់នោះទេ តែមិនដឹងហេតុអ្វីថ្ងៃណាក៏ខ្ញុំបើកឡានទៅឈប់នៅមុខមន្ទីរពេទ្យកាល់ម៉ែត្រដែរ ការពិតខ្ញុំចង់ជួបនាងខ្លាំងណាស់ ខ្ញុំហាក់បីដូចជាមានពាក្យជាច្រើនចង់និយាយប្រាប់នាង។ ក្នុងមួយថ្ងៃៗកិច្ចការទីមួយដែលខ្ញុំនឹកឃើញមុនគេនោះគឺ «រង់ចាំនាង» ។
ពេលវេលាពិតជាកន្លងផុតទៅយ៉ាងឆាប់រហ័សមែន ក្រោយពីបញ្ចប់ការសិក្សា ខ្ញុំមានការងារល្អធ្វើ ប៉ាម៉ាក់របស់ខ្ញុំបានស្តីដណ្តឹងកូនស្រីអ្នកមានឲ្យខ្ញុំ តែខ្ញុំបដិសេធ អស់ពីមួយទៅមួយរហូតដល់ពួកគាត់ឈប់ខ្វល់ពីរឿងខ្ញុំតែម្តង។ ខ្ញុំដឹងថាទាំងក្រុមគ្រួសារខ្ញុំ និងមិត្តភកិ្តរបស់ខ្ញុំនាំគ្នាឆ្ងល់ហ្នឹងខ្ញុំ… មែនខ្ញុំគឺបានផ្លាស់ច្រើនណាស់ ខ្ញុំឈប់ចង់សប្បាយ ខ្ញុំឈប់មើលងាយសេចក្តីស្នេហាដូចមុនទៀតហើយ។ ខ្ញុំហាក់បីដូចជាកំពុងតែរស់នៅក្នុងពិភពលោកនេះតែម្នាក់ឯងយ៉ាងឯកោជាមួយការទន្ទឹងរង់ចាំ ខ្ញុំមិនសោកស្តាយនឹងភាពយុវវ័យដែលកន្លងផុតទៅទេ តែខ្ញុំស្តាយដែលមិនបានជួបនិយាយជាមួយនាង ខ្ញុំស្តាយបើបាត់បង់អ្វីៗដែលនាងធ្លាប់ឲ្យខ្ញុំ នីតាពេលនេះតើអូននៅទីណា? អូនកំពុងតែធ្វើអ្វីទៅ?
ថ្ងៃមួយខ្ញុំមានជម្ងឺត្រូវចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យកាល់ម៉ែត្រ ពេលនោះខ្ញុំបានជួបវេជ្ជបណ្ឌិតស្រីម្នាក់ ដែលមានវ័យស្របាលនឹងខ្ញុំ ប្រហែលជាបងខ្ញុំតែ២ ឬ៣ឆ្នាំប៉ុណ្ណោះ។ គាត់មានការយកចិត្តទុកដាក់នឹងខ្ញុំណាស់ ហាក់បីដូចជាធ្លាប់ស្គាល់ខ្ញុំយូរណាស់ហើយអញ្ចឹង។ នៅថ្ងៃចុងក្រោយដែលខ្ញុំស្នាក់នៅមន្ទីរពេទ្យគាត់បាននិយាយជាមួយខ្ញុំ។
អ្នកគ្រូពេទ្យគាត់សម្លឹងខ្ញុំដោយខ្សែភ្លែកស្រងូតស្រងាត់ និងនិយាយមករាកខ្ញុំយ៉ាងទន់ភ្លន់…
គាត់ដើរទៅជិតមាត់បង្អួចសម្លឹងចេញទៅក្រៅ រួចនិយាយដោយមិនបែរមកខ្ញុំ…
និយាយចប់គាត់ក៏បានដើរចេញទៅដោយទុកឲ្យខ្ញុំនៅតែម្នាក់ឯងជាមួយនិងរឿងនិទានរបស់គាត់នោះ ខ្ញុំដឹងច្បាស់ណាស់ថាគាត់និទានរឿងរ៉ាវរបស់អ្នកណា។
ក្រោយមកគាត់បាននាំខ្ញុំទៅគោរពចេតិយរបស់នាងនៅឯងវត្ថ ខ្ញុំបាននៅឈរមុខចេតិយរបស់នាងអស់រយៈពេលយ៉ាងយូរ….។ ពេលត្រឡាប់មកផ្ទះវិញ ខ្ញុំបានប្រមូលវត្ថុអនុស្សាវរីយ៍ទាំងអស់ ដែលនាងបានជូនមកខ្ញុំរួមទាំងរូបថតរបស់ពួកយើងទៅដុតចោលទាំងអស់ ខ្ញុំដឹងខ្លួនច្បាស់ណាស់ថាខ្ញុំកំពុងធ្វើអ្វី វាគ្មានរបស់អ្វីគួរឲ្យស្តាយស្រណោះទៀតនោះទេ ព្រោះថារបស់ដែលខ្ញុំខំរង់ចាំជាយូរមកហើយនោះ របស់ដែលខ្ញុំស្តាយបំផុតក្នុងជីវិតរបស់ខ្ញុំនោះវាបានបាត់បង់ទៅហើយ វាគ្មានថ្ងៃនឹងត្រលប់ឡើយ អ្វីដែលជារបស់នាងគួរតែទៅតាមនាងចុះ។
ថ្ងៃមួយនៅចំពោះមុខចេតិយរបស់នាង ខ្ញុំបានគិតដល់រឿងរ៉ាវទាំងឡាយរវាងខ្ញុំ និងនាង ខ្ញុំលើកស្រាមួយដបផឹកដើម្បីអបអរសាទរដែលខ្ញុំឈប់រង់ចាំនាង។ «នីតា តើនាងចង់ដឹងចិត្តរបស់ខ្ញុំចំពោះនាងទេ? បន្តិចទៀតខ្ញុំនឹងទៅជួបនាង ហើយនាងនឹងឈប់ឯកា…» កុំឆ្ងល់អីថាហេតុអ្វីបានជាខ្ញុំធ្វើបែបនេះ ចាត់ទុកថាខ្ញុំល្ងង់ ឬក៏ឆ្កួតទៅចុះ ពីព្រោះខ្ញុំឆ្កួតទៅលេងជាមួយនាង ឆ្កួតទៅរង់ចាំនាងពេលនេះ ខ្ញុំឆ្កួតជាលើកចុងក្រោយដើម្បីបញ្ចប់ភាពឈឺចាប់។