(រឿងនេះដកស្រង់ចេញពីទស្សនាវដ្តីកម្ពុជសុរិយា ឆ្នាំ ១៩៣៥ លេខ ២-៣ ទំព័រ៦៧)
កាលពីព្រេងនាយ មានចាបស្រុក និងចាបព្រៃដើររកស៊ីដោយពួកជារៀងរាល់ថ្ងៃ។ ខាងចាបស្រុកមានមេបាប្រដៅថា៖ «បើរកចំណីស៊ី កុំជជែកឈ្លោះគ្នា ឲ្យឮមាត់គឹកកងឡើយ ឲ្យប្រយ័ត្នខ្លួនបើព្រានវាវាយលប់ត្រូវឲ្យបបួលគ្នាខំហើរទូលលប់ឲ្យរបើកដើម្បីនឹងឲ្យរួចរស់ជីវិត» ។ ពួកចាបស្រុកក៏ធ្វើតាមដំបូន្មានមេបាប្រដៅ តែងដើររកស៊ីមិនសូវហ៊ានមាត់ឲ្យឮជាគឹកកងទេ ជួនកាលបើព្រានវាយលប់ត្រូវ ក៏បបួលគ្នាខំហើរទូលលប់ព្រាន ក៏បានរួចជីវតតរៀងៗមក។
មានកាលថ្ងៃមួយ ពួកចាបស្រុក និងចាបព្រៃហើរចេញទៅរកស៊ី ជួបប្រទះហ្វូងគ្នានៅតែដើមត្រែងមួយគុម្ព។ ពួកចាបព្រៃទំនៅខាងក្រោម រីឯពួកចាបស្រុកទំនៅខាងលើ ក៏បាក់មែកត្រែងពីលើមកត្រូវក្បាលពួកចាបព្រៃ។ ចាបព្រៃក៏និយាយប្រកាន់ទៅកាន់ចាបស្រុកថា៖ «ហេតុអីក៏កាច់មែកត្រែងទម្លាក់មកឲ្យត្រូវក្បាលពួកយើង?» ចាបស្រុកក៏បានប្រាប់ទៅចាបព្រៃវិញថា៖ «យើងមិនបានកាត់មែកត្រែងឲ្យបាក់ត្រូវអ្នកឯងទេ គឺមែកត្រែងវាបាក់ឯងធ្លាក់មកទេតើ» ។ ពួកចាបព្រៃគឺជាពួកឥតកាន់ដំបូន្មាន មិនពិចារណាឲ្យឃើញខុសត្រូវក៏បបួលគ្នាបង្កហេតុ បង្កើតជាជម្លោះនឹងពួកចាបស្រុក ហើយឮមាត់គឹកកងរំពងឡើង។
ពួកព្រានឮមាត់ចាបនៅគុម្ពត្រែងនោះច្រើន ក៏យកលប់ទៅវាយត្រូវទាំងអស់គ្នា។ ចាបទាំងពីរពួកនេះបានត្រូវលប់ហើយ ក៏នៅតែជាប់ឈ្លោះគ្នាទៀត។ ចាបស្រុកក៏ពោលទៅចាបព្រៃថា៖ «បើពួកឯងគ្រាន់បើ ហេតុម្តេចក៏មិនបម្រះឲ្យរួចពីលប់ទៅ» ។ ចាបព្រៃក៏ពោលមកចាបស្រុកវិញថា៖ «បើពួកឯងគ្រាន់បើ ហេតុម្តេចក៏មិនបម្រះឲ្យរួចពីលប់ទៅ» ទាំងពួកចាបស្រុក និងពួកចាបព្រៃបានត្រឹមតែពាក្យបញ្ចូនគ្នាទៅវិញទៅមក មិនគិតបម្រះឲ្យរួចជីវិតសោះ។ កំពុងតែឈ្លោះគ្នា ស្រាប់តែព្រានក្រសោបឡើងចាប់បានចាបទាំងអស់ ក៏ពិឃាដក្ស័យអស់តែម្តងទៅ។
នេះហើយពួកចាបស្រុក ដែលជាពួកចាបល្អ តែបានមកខកខ្លួនរកស៊ីជួបនឹងហ្វូងចាបព្រៃ ជាពួកចាបប្រព្រឹត្តអាក្រក់ ក៏មានរឿងឈ្លោះគ្នាទាល់តែព្រានវាយលប់ត្រូវស្លាប់ទាំងអស់គ្នា។