កាលពីព្រេងនាយ មានបុរសម្នាក់និងកូនប្រុសជំទង់របស់គាត់ម្នាក់ទៀត រស់នៅក្នុងតំបន់ដាច់ស្រយ៉ាល់មួយយ៉ាងស្ងាត់ជ្រងំ ដែលពុំងាយនឹងមានមនុស្សណាម្នាក់អាចទៅដល់បានឡើយ។ ពួកគាត់ពុំមានជីវិភាពធូរធារនោះទេ គឺរកមួយថ្ងៃសម្រាប់តែមួយថ្ងៃប៉ុណ្ណោះ។ ឪពុកកូនទាំងពីរនាក់ជារៀងរាល់ថ្ងៃចិញ្ចឹមជីវិត ដោយការបរបាញ់សត្វ និងចូលព្រៃរកបន្លែ បោចវល្លិ ព្រមទាំងដងទឹកបន្តិចបន្ទួចសម្រាប់បរិភោគជាប្រចាំថ្ងៃ។ នៅផ្ទះរបស់ខ្លួន បុរសទាំងពីរនាក់បានចិញ្ចឹមសត្វលាមួយក្បាលនៅខាងក្រោមខ្ទមដ៏ចាស់ទ្រុឌទ្រម ស្ទើរតែរលំរបស់គាត់អស់រយៈពេលយ៉ាងយូរ។
នៅថ្ងៃមួយ ឪពុកបាននិយាយទៅកាន់កូនរបស់គាត់ «កូន…! លារបស់យើងនេះ ឥឡូវធំល្មមគ្រប់គ្រាន់នឹងយកទៅលក់នៅឯផ្សារហើយ។ តែពុកនៅតែពិបាកចិត្ត ដោយសារថានៅម្តុំយើងនេះ ពុំមាននរណាឲ្យតម្លៃខ្ពស់នោះទេ ។ ទាល់តែយើងយកវាទៅលក់នៅឯផ្សារឆ្ងាយៗទើបគេឲ្យតម្លៃខ្ពស់។ ប៉ុន្តែកូនសាកគិតមើលទៅមើល កាលណាយើងធ្វើដំណើរទៅឆ្ងាយវានឹងស្រកទំងន់ នោះយើងនឹងលក់បានតម្លៃទាបវិញជាក់ជាមិនខាន។ តើកូនគិតយ៉ាងណាដែរកូន? »
គិតចុះគិតឡើង ឪពុកកូនទាំងពីរក៏បានផុតគំនិតមួយឡើង ។ ក្រោយពីរៀបចំសម្លៀកបំពាក់ ស្បៀងអាហារ ទឹក និងប្រដាប់ប្រដាចាំបាច់នានាគ្រប់គ្រានសព្វអស់ហើយ គាត់ទាំងពីរក៏ដឹកលាចេញពីទ្រងចាប់ចងជើងទាំងពីរហើយក៏សែងវាដើរកាត់កន្លែងជាច្រើន ពីវាលចូលភូមិ កាត់ទឹកកាត់ស្រែ ហើយពីភូមិចូលវាលវិញ…។
១ លុះមកដល់ភូមិមួយ ពួកគាត់ក៏បានដើរកាត់ហ្វូងមនុស្សមួយក្រុម។ លុះដើរមកដល់ជិតបន្តិច សំណើចយ៉ាងខ្លាំងមួយក៏បានផ្ទុះឡើងពីក្រុមមនុស្សទាំងនោះ ។ បុរសម្នាក់សក់អង្គាសដី មុខមាំ ថ្គាមខ្លា សម្បុររាងខ្មៅបន្តិច មានមាឌមាំបាននិយាយយ៉ាងអំនួត និងដៀមដាមទៅគាត់ទាំងពីរនាក់ថា៖ «ណែវ៉ើយ! មើលអាពីរនាក់នោះ … ហេតុអីក៏ល្ងង់ម្លេះណ៎! ចេះទៅសែងលាកាត់វាលកាត់ភូមិទៅកើត!» ។ បុរសម្នាក់ទៀតក៏ដើរទៅកាន់អ្នកទាំងពីររួចថា៖ «អ្នកទាំងពីរកុំធ្វើយ៉ាងនេះអី … គេមិនដែលសែងលា សេះ ដំរី ជ្រូក គោដូចនេះទេណា៎… គេមានតែជិះវាទើបត្រូវ» ។
ដោយឮយ៉ាងដូច្នេះ ឪពុកក៏និយាយទៅកាន់កូនរបស់គាត់ «កូន…! កូនឡើងជិះវាចុះ… លាយើងនៅក្មេង យើងមិនអាចឡើងជិះវាទាំងពីរនាក់នើទេ ទុកឲ្យពុកដើរចុះណា៎!» កូនក៏ធ្វើតាមសម្តីរបស់ឪពុកខ្លួន ។ ធ្វើដំណើរបានបន្តិចមកពួកគាត់ក៏បានមកដល់ភូមិមួយទៀត ។ មិនខុសពីមុនប៉ុន្មាននោះទេ អ្នកភូមិម្នក់បានដើរមករកអ្នកទាំងពីរ ហើយក៏សួរទៅកាន់ក្មេងជំទង់ដែលជាកូននោះថា៖ «តើឯងជិះសត្វលានេះទៅណាដែរ?» កូនប្រុសនោះក៏ឆ្លើយតបទៅវិញថា៖ «ខ្ញុំជិះវាទៅកាន់ភូមិកំពុង» ។ បុរសនោះក៏សួរទៅក្មេងនោះបន្ថែមទៀតថា៖ «ចុះបុរសចំណាស់ម្នាក់នោះជានរណាដែរ?» ក្មេងនោះក៏ឆ្លើយថា៖ «គាត់គឺជាឪពុករបស់ខ្ញុំ» ។ នៅពេលដែលអ្នកភូមិទាំងអស់បានឮសម្តីរបស់ក្មេងប្រុសនោះនិយាយដូច្នេះ ពូកគាត់ក៏ប្រែជាខឹងយ៉ាងខ្លាំង ហើយប្រើសម្តីស្តីបន្ទោសក្មេងនោះថា៖ «កូនអីក៏អកតញ្ញូម្លេះ?! ទុកឲ្យឪពុករបស់ខ្លួនដើរ ហើយខ្លួនឯងបែរជាមកជិះសត្វលាធ្វើមិនដឹងយកស្រួលតែឯង … យី! ឆាប់ចុះពីខ្នងលាភ្លាម ហើយឲ្យឪពុករបស់ឯងជិះវិញបានត្រូវ! ព្រោះនៅក្មេងហើយមាំជាងគាត់ … ល្ងង់មែនកូននេះ!» ។ ឮសម្ដីបែបនេះ ក្មេងប្រុសនោះក៏ចុះពីលើសត្វលា ហើយក៏ឲ្យឪពុករបស់ខ្លួនឡើងជិះវិញម្តង បន្ទាប់មកក៏បន្តដំណើរទៅមុខទៀត។
ដោយធ្វើដំណើរអស់រយៈពេលយូរមកហើយ ក៏បានមកដល់បឹងមួយ នៅទីនោះមាននារីក្មេងៗ ស្អាតៗជាច្រើនកំពុងងូតទឹកនៅលើកំពង់ទឹកក្នុងបឹងនោះ។ លុះបានឃើញគាត់ទាំងពីរធ្វើដំណើរមកដល់ មាននារីម្នាក់បានផ្តើមនិយាយថា៖ «ណែ… យើងនាំគ្នាមើលនោះណ៎ … មានប្រុសស្អាតកំពុងតែដើរមករកពួកយើងហើយ» ។ ហើយក៏មាននារីម្នាក់ទៀតបាននិយាយថា៖ «ប្រុសស្អាតយ៉ាងនេះ បែរជាត្រូវបានឪពុកធ្វើបាបឲ្យដើរកាត់វាលទាំងថ្ងៃក្តៅចែះបែបនេះ។ តាចាស់នោះក៏ល្ងង់ដល់ចិត្តកូន ថាកូនគ្នាហត់នឿយអីអត់ទេ…អង្គុយហួចលើខ្នងលាធ្វើមិនដឹង។ លាស្អាតអញ្ចឹងគួរតែប្រុសស្អាតជិះវិញទើបស៊ីគ្នា!»
ដោយឮដូច្នេះ ពួកគាត់ក៏ចាប់ផ្តើមពិភាក្សាគ្នាម្តងទៀត ដោយសំរាកនៅក្រោមម្លប់ឈើមួយក្បែរនោះ ។ កូនចាប់ផ្តើមនិយាយ៖ «ពុក!…គេនាំគ្នាថាឲ្យយើងរហូត តាំងពីដំបូងគេថាយើងមានលាមិនជិះ ឲ្យយើងជិះលា បន្ទាប់មកក៏ថាយើងធ្វើបាបសត្វ ក្រោយមកឲ្យកូនជិះលា រួចមកទៀតក៏ឲ្យពុកជិះម្តង មកទល់ឥឡូវនេះ នាងៗទាំងនោះបែរជាថាឲ្យកូនជិះទៅវិញ…» ពួកគាត់ក៏បែបខ្នងអង្គុយសំរាកលើរឹសឈើដ៏ធំមួយ។
ឪពុកក៏និយាយប្រាប់កូនវិញម្តង៖ «កូន!… នេះជាបទពិសោធន៍របស់យើងទាំងពីរនាក់ក្នុងដំណើរលើកនេះហើយ កូនត្រូវចាំណា … គ្មាននរណាអាចផ្គាប់ចិត្តមនុស្សបានទាំងអស់នោះទេ។ អ្នកខ្លះចូលចិត្តអ្វីដែលយើងធ្វើ អ្នកខ្លះទៀតមិនចូលចិត្ត អ្នកខ្លះទៀតគិតចាំតែរិះគុណយើង រីឯអ្នកខ្លះទៀតចេះតែចង់ឲ្យយើងធ្វើអញ្ចេះអញ្ចុះតាមគេប៉ុណ្ណោះ» ។ បន្ទាប់ពីការសន្ទនាគ្នាចប់ ពួកគាត់ក៏ចាប់ផ្តើមធ្វើដំណើរទៅមុខបន្តទៀត ដោយមិនគិតពីការតិះទានរបស់នរណាម្នាក់ទៀតឡើយ។
នៅទីបំផុត ឪពុក និងកូនទាំងពីរក៏បានធ្វើដំណើរទៅដល់ភូមិកំពុង ហើយលក់លាមួយក្បាលនោះបានក្នុងតម្លៃយ៉ាងខ្ពស់ រួចពួកគាត់ទាំងពីរក៏បានត្រលប់មកផ្ទះវិញយ៉ាងសប្បាយចិត្តបំផុត ។