មេអំបៅកញ្ចក់

មានកញ្ចក់ពណ៌ស្វាយមួយត្រូវបានគេកែច្នៃឲ្យ​ក្លាយ​ជា​វត្ថុ​សិល្បះ​អនុស្សាវរីយ៍​មួយ​បែប មាន​​រូប​​ជា​​មេ​អំបៅ​​​ដែល​មើល​​ទៅ​​ស្អាត​​គួរ​​ឲ្យ​ចង់​​គយ​​គន់។ វត្ថុ​នេះ​កើត​ចេញ​មក​ពី​ស្នាដៃ​ដ៏​ប្រណិត​របស់​សិល្បករ​ដ៏​ឆ្នើម​។ ក៏​​ប៉ុន្តែ​​កញ្ចក់​​នោះ​មិន​ចូលចិត្ត​ក្លាយ​ខ្លួន​ជា​រូប​រាង​បែប​នេះ​សោះ ហើយ​រឹត​តែ​ស្អប់​​គេ​​ហៅ​​គាត់​​ថា មេអំបៅ​កញ្ចក់​ចរណៃ​ទៅ​ទៀត ព្រោះថាគាត់គ្រាន់តែ​ជា​កញ្ចក់​មួយ​ប៉ុណ្ណោះ។ បើ​អាច​គាត់​សុខ​ចិត្ត​ឲ្យ​គេ​ហៅ​គាត់​ថា​កញ្ចក់​វិញ​ប្រសើរ​ជាង ព្រោះ​នោះ​ទើប​ជា​ខ្លួន​គាត់​ពិត​ប្រាកដ។

មានថ្ងៃមួយ ក្មេងស្រីម្នាក់បានទិញកញ្ចក់ អូ៎ទេ! គឺមេអំបៅចរណៃនោះពីហាងលក់វត្ថុអនុស្សាវរីយ៍ ដោយ​សារ​តែ​មេអំបៅ​នេះ​ស្អាត​ជាង​គេ​មែន​។ ទៅ​ដល់​ផ្ទះ​វិញ ក្មេង​ស្រី​ក៏​ដាក់​មេអំបៅ​កញ្ចក់​នោះ​តាំង​នៅ​មាត់​បង្អួច​បន្ទប់​គេង​របស់​នាង​។ នៅ​ក្រោម​រស្មី​នៃ​ពន្លឺ​ព្រះ​សូរិយា​ធ្វើ​ឲ្យ​មេអំបៅ​កញ្ចក់​កាន់​តែ​ស្រស់​ស្អាត​ថែម​មួយ​កំរិត​ទៀត។

ហ៊ើយ! ថាក្មេងគឺពិតជាក្មេងមែន ក្មេងស្រីនោះលេងមេអំបៅកញ្ចក់មិនបានយូរប៉ុន្មានផង ក៏ទុក​គាត់​ចោល​នៅ​មាត់​បង្អួច​លែង​រវល់​ទៅ​ហើយ ធ្វើ​ឲ្យ​គាត់​កណ្តោច​កណ្តែងតែម្នាក់ឯង។ នៅពេលនោះក៏មានមេអំបៅពណ៌មួយបាន​ហើរ​ចូល​មក​បន្ទប់​គេង​របស់​ក្មេង​ស្រី ស្រាប់​តែជាប់ចិត្តលើមេអំបៅកញ្ចក់នោះតែម្តង។ នាងមេអំបៅនោះក៏​សួរ​មេអំបៅ​កញ្ចក់​ថា ” តើ​អ្នក​សំកុក​តែ​ឯង​នៅទីនេះធ្វើអ្វី? ម៉េចមិនព្រមទៅផ្ទះវិញ រឺក៏អ្នកឯងគ្មានផ្ទះទេ?” កញ្ចក់​មិន​បាន​តប​ទៅ​នឹង​​មេ​អំបៅ​​ពណ៌​​វិញ​​ទេ គឺ​គាត់​មិន​អាច​ឆ្លើយ​បាន។ មេអំបៅ​ពណ៌​ក៏​សួរ​បន្ត​ទៀត “ឯង​ប្រហែល​ជា​ឯកា​ណាស់​ហើយ​មើល​ទៅ ចាប់ពីពេលនេះទៅទុកឲ្យខ្ញុំនៅកំដរឯងចុះល្អទេ? ពួក​យើង​ធ្វើជា​មិត្ត​នឹង​គ្នា​ណា យល់ព្រមទេ? ឯង​មិន​និយាយ​ស្តី​គឺ​បាន​ន័យ​ថា​យល់​ព្រម​ហើយ​។” កញ្ចក់នៅតែមិនមានវាចារ ប៉ុន្តែគាត់សប្បាយចិត្តណាស់ ព្រោះ​ថា​គាត់​មាន​មិត្ត​ភក្រ័្ត​នឹង​គេ​ហើយ។ ចាប់តាំងពីពេលនោះមកមេអំបៅពណ៌តែងតែមកកំដរកញ្ចក់និយាយគ្នា បើ​ទោះ​ជា​គាត់​មិនហាស្តីត​ប​វិញ​ក៏​ដោយ វេលា​ចេះ​តែ​កន្លង​ទៅ មេអំបៅ​ពណ៌​ក៏​បាន​លង់​ស្នេហ៍​នឹង​កញ្ចក់​នោះ ហើយ​ស្រលាញ់​គាត់​ខ្លាំង​ទៀត​ផង បើ​​ទោះ​​ជា​​នាង​​ដឹង​ថា​គាត់​គ្រាន់​តែ​ជា​កញ្ចក់​មួយ​ប៉ុណ្ណោះ មិនមែនជា​មេអំបៅ​ពិត​ក៏​ដោ​យ។ ប៉ុន្តែ​មាន​រឿង​ម្យ៉ាង​ទៀត​ដែលនាងមិនដឹង គឺ​ថា​នៅ​ក្នុង​ចិត្ត​របស់​កញ្ចក់​ក៏​ស្រលាញ់​នាង​យ៉ាង​ជ្រាល​ជ្រៅ​ណាស់​ដែរ។ លុះ​ដល់​ថ្ងៃ​មួយមេ​អំបៅ​ពណ៌​​ទ្រាំ​​លែង​បាន ក៏​សួរ​ទៅ​កញ្ចក់​ថា “តើ​បង​ស្រលាញ់​អូន​ឬ​ទេ? បើ​បង​អាច​ហារ​មាត់​និយាយ​តែ​មួយ​ម៉ាត់​ក៏​បាន​ដែរ រឺ​ក៏​ថា​បង​មិន​ស្រលាញ់​អូន​ក៏​បាន សូមប្រាប់ឲ្យអូនបានដឹងផង ” កញ្ចក់នៅស្ងៀមមិនស្តី។ មេអំបៅបន្ត “បើ​បង​នៅ​តែ​មិ​ននិយាយ​ទៀត​មាន​ន័យថាបងមិនស្រលាញ់អូនទេ អញ្ចឹង​អូន​​ពិត​​ជា​ត្រូវ​ទៅ​មែន​ហើយ​ណា, បង​នឹង​លែង​បាន​ឈើញ​មុខ​អូន​ជា​រៀង​រហូត​ហើយ​។ អូន​ត្រូវ​ការ​ជា​មួយ​មេ​អំបៅ​ខ្មៅ​ហើយ​ដឹង​ទេ? តើ​បង​ដឹង​ទេ?” មេ​អំបៅ​ពណ៌​ខំ​និយាយ​យ៉ាង​ណា​ក៏​ដោយ ក៏​កញ្ចក់​មិន​ហា​ស្តី​សូម្បី​តែ​កន្លះ​ម៉ាត់។ ទី​បំផុត​មេអំបៅ​ពណ៌​មាន​តែ​ហើរ​ចេញ​ទាំង​ទឹក​ភ្នែក​។

មិនយូរប៉ុន្មានក្មេងស្រីនោះក៏ត្រូវរើផ្ទះ ហើយក៏មិនបានយកមេអំបៅកញ្ចក់នោះទៅ​ជា​មួយ​ទេ​។ មេ​អំបៅ​នោះ​គឺ​នៅ​តែ​សំ​កុក​តែ​ឯងនៅ​មាត់បង្អួចនោះជានិច្ចរង់ចាំមេអំបៅពណ៌របស់គាត់។ ប៉ុន្តែមេអំបៅពណ៌មិនបានដឹងទេថាបើ​កញ្ចក់​ហារ​មាត់​និយាយ​គាត់​នឹង​ត្រូវ​លះ​បង់​តម្លៃ​មួយ​យ៉ាង​ធំ​នោះ​ឡើយ​។ ចំនែកពេល​នេះ​មេអំបៅ​ពណ៌​គឺ​ត្រូវ​រៀប​ការ​ហើយ ប៉ុន្តែ​នាង​នៅ​មិន​អស់​ចិត្ត​ចង់​មក​មើល​កញ្ចក់​ជា​លើក​ចុង​ក្រោយ​ម្តង​ទៀត ហើយ​សង្ឃឹម​ថា​កញ្ចក់​នឹង​ហារ​មាត់​និយាយ​ប្រាប់​នាង​ថា​ស្រលាញ់​នាង​។ ឲ្យ​តែ​កញ្ចក់​និយាយ​យ៉ាង​ដូចនេះ មេ​អំបៅ​ពណ៌​មិន​គិត​ពី​អ្វី​ទាំង​អស់ នឹង​នៅ​ទី​នេះ​ជា​មួយ​កញ្ចក់​ជា​រៀង​រហូត​។

កញ្ចក់បើកភ្នែកសំលឹងមើលទៅលើវេហាដ៏សែនឆ្ងាយ ទន្ទឹងមើលការវិលត្រលប់របស់មេអំបៅពណ៌ នៅ​ទី​បំផុត​គាត់​នៅ​ចាំ​ដល់​ការ​ត្រលប់​របស់​មេអំបៅ​ពណ៌​ជា​ទី​ស្រលាញ់​របស់​គាត់​មក​ហើយ តែគាត់ឃើញនោះ​ជា​មេ​អំបៅ​ពណ៌​ដែល​ជោក​ជាំ​ទៅ​ដោយ​ទឹក​ភ្នែក និង​ភាព​ក្រៀម​ក្រំ​ទុក្ខ​ព្រួយ​រាប់​មិន​អស់។ មេអំបៅ​ពណ៌​ហើរ​មក​ហើយ​ក៏​នៅ​តែ​សួរ​ទៅ​កាន់​មេ​អំ​បៅ​កញ្ចក់​ទៀតថា “បងអាចហាមាត់ថាស្រលាញ់​អូន​បានទេ? ឲ្យតែបង​ព្រម​ហារស្តី​ស្រីនឹងមិន​ចាកឆ្ងាយ​ពីរៀមរ៉ា​ជា​រៀង​រហូត យើងនឹងរួមរស់​ជា​មួ​យគ្នាជានិរន្តិ៍ តើ​ល្អទេ​បង​សំលាញ់​?” មេអំបៅ​ពណ៌​ដឹង​ច្បាស់​ថា​កញ្ចក់​ពិត​ជា​​មិន​ហារ​ស្តីទៀត​ជា​មិន​ខាន តែនាងមិនដឹងថានោះមកពីហេតុអ្វីទេ ឬមួយថាស្នេហ៍មិនបាច់ស្រដី? ចំនែក​កញ្ចក់​វិញ​គិត​ថា បើ​​គាត់​នៅ​ស្ងៀម​តទៅ​ទៀតគាត់​ពិតជាលែងបានឃើញមេអំបៅពណ៌ទៀតមិនខាន ដោយ​មិន​ចង់​បាត់​បង់​រូប​នាង ហើយ​គាត់​ក៏ដឹងថា​គាត់​នឹង​ទទួល​លទ្ឋផលយ៉ាងណាដែរបើគាត់ហ៊ាននិយាយ ប៉ុន្តែ​ដល់​ដំណាក់​កាលនេះ​ហើយ​កញ្ចក់​លែង​គិត​អ្វី​ទាំង​អស់ ក៏និយាយថា “បងស្រលាញ់អូន់” គាត់​ក៏​ត្រូវ​ប្រេះ​បែក​ជាកំទេចតែម្តង ខ្លួនគាត់ក៏​ក្លាយ​ទៅ​ជា​កំណាត់ៗ ទៅហើយ។ មិនស្មានថាពេលដែលកញ្ចក់ហារមាត់និយាយ រាល់​សំដី​របស់​គាត់​ក្លាយ​ជា​បណ្តាំ​មុន​ពេល​ស្លាប់​ទៅ​វិញ​សោះ។

តើអ្នកគិតថាមេអបៅពណ៌នឹងក្លាយជាយ៉ាងណា? តើនាងសុខចិត្តស្លាប់ទៅ​ជា​មួយ​កញ្ចក់នេះ​តែ​ម្តង​ឬ? តើ​នាង​នឹង​នៅ​មុខ​កំណាត់​កញ្ចក់​ទាំង​ថ្ងៃទាំង​យប់​រហូតដល់ស្លាប់ខ្លួន រឺ​ទៅ​បន្ត​អាពាហ៍​ពិពាហ៍​ជា​មួយ​មេ​អំបៅ​ខ្មៅ?

Leave a comment