ការវាស់ស្ទង់ចិត្តមនុស្សម្នាក់ៗគឺជាការពិបាកស្មានបំផុត ប៉ុន្ដែ ចង់ដឹងពីមនុស្សចិត្តទូលាយប៉ុណ្ណា ឬ ចង្អៀតប៉ុណ្ណា ក៏អាចមានវិធីក្នុងការស្វែងយល់ និងអង្កេតមើលមនុស្សម្នាក់នោះ ដោយចំណាយពេលវេលាយូរបន្ដិត និងត្រូវការប្រាស្រ័យទាក់ទងគ្នាឱ្យបានច្រើន ។ ជាពិសេសសម្រាប់យុវវ័យ ដែលទើបពេញវ័យ និងចាប់ផ្ដើមចេះឆ្ងល់ ចឹងដឹង ចឹងឮ ចង់សាកល្បងក្នុងសេចក្ដីស្នេហានោះ ហើយក៏ទទួលរងនូវការឈឺចាប់ពីហ្នឹងមកវិញមិនតិចផងដែរ។ ដូចនេះ ត្រូវការឱ្យខ្លួនយើងម្នាក់ៗ ពិសេសក្មេងៗយុវវ័យ ត្រូវចេះគិតគូរពិចារណាឱ្យបានវែងឆ្ងាយ និងព្យាយាមចំណាយពេលវេលាប្រាស្រ័យទាក់ទងគ្នា ស្វែងយល់ពីគ្នាឱ្យបានច្រើន។
ថ្វីត្បិត ក្នុងវិថីនៃសេចក្ដីស្នេហានេះ យើងនឹងអាចមានការលំបាកទៅដឹងពីចិត្តរបស់ដៃគូម្ខាងទៀតក៏ពិតមែន ប៉ុន្ដែ តាមរយៈការធ្វើតេស្ដចិត្តសាស្រ្ដសាកល្បង អាចជួយឱ្យយើងទទួលបានសមត្ថកម្ម សម្រាប់ជាមូលដ្នានក្នុងការស្វែងយល់ និងយកមកគិតពិចារណាបាន។ ដោយឡែក សូមកុំព្យាយាមយកការតេស្ដនេះ ជាការពិតពេកប្រសិនបើពុំបានឆ្លងការការគិតពិចារណាឱ្យបានល្អិតល្អន់នោះ គ្រប់យ៉ាងនឹងបង្កជាទង្វើ ដែលយើងនឹកស្មានពុំដល់ មិនត្រឹមធ្វើបាបខ្លួនឯង ក៏បង្កការលំបាកដល់អ្នកដទៃថែមទៀត។
តើអ្នកជាមានចិត្តទូលាយកម្រិតណាក្នុងទំនាក់ទំនងស្នេហា? មិនថា ចង់ដឹងពីខ្លួនឯង ឬដៃគូរបស់យើងជាមនុស្សមានចិត្តទូលាយប៉ុណ្ណានោះទេ អាចសាកល្បងធ្វើតេស្ដ និងជ្រើសរើសសំណួរដូចខាងក្រោមនេះ។
សំណួរ៖ នៅពេលអ្នកដើរចូលទៅក្នុងព្រៃ តើអ្នកនឹងមានអារម្មណ៍រំពឹងថានឹងបានជួបអ្វីដែរ?
ក. មនុស្សធម្មតា
ខ. សត្វ
គ. មនុស្សព្រៃ
ឃ. ទេពអប្សរ
សេចក្ដីសន្និដ្ឋានចម្លើយ
ក. មនុស្សធម្មតា
អ្នកគឺជាមនុស្សមានវិន័យទឹងរឹង មិនងាយធ្វើនូវទង្វើអ្វីដែលខុសច្បាប់ ឬខុសក្រមសលីធម៌នោះទេ ពិសេសក្នុងទំនាក់ទំនងស្នេហាកាន់មិនអាចស្រឡាញ់គ្នា ឬមានស្នេហាដែលប្រាកចាកពីក្រមសលីធម៌ឡើយ។ ម្យ៉ាងអ្នកក៏នឹងទាញទារឱ្យដៃគូរបស់អ្នកស្រឡាញ់ស្មោះស្ម័ត្រចំពោះតែអ្នកម្នាក់ផងដែរ ដូចនេះ ក្នុងទំនាក់ទំនងស្នេហា អ្នកជាមនុស្សដែលមានចិត្តចង្អៀតបំផុតគ្មានគេប្រៀប។ ប្រសិនបើការពិតរបស់អ្នកដូច្នេះមែននោះ អ្នកអាចធ្វើការពិចារណាឡើងវិញបាន ដោយយកចិត្តគេដាក់ចូលចិត្តខ្លួនឯងខ្លះ ថាតើអារម្មណ៍ដែលដៃគូ ឬអ្នកដទៃធ្លាប់ទទួលនោះយ៉ាងណាដែរ ក្នុងករណីជាអ្នកវិញថា អាចទទួលយកបានដែរឬទេ?
ខ. សត្វ
អ្នកជាមនុស្សមិនចូលចិត្តបញ្ចេញអារម្មណ៍តែផ្ដេសផ្ដស់នោះទេ និងងាយចុះសម្រុងជាមួយអ្នកដទៃ។ ក្នុងទំនាក់ទំនងស្នេហា អ្នកជាបុគ្គលចូលចិត្តស្នេហាដែលឆ្លងកាត់ការបណ្ដុះបណ្ដាលមនោសញ្ចេតនារួមគ្នាមួយរយៈពេលយូរ ហើយក្ដីស្រឡាញ់រវាងអ្នកទាំងពីរ គឺនឹងចាប់ផ្ដើមបណ្ដុះ បន្ដិចម្ដងៗរីកចម្រើនស្របនឹងពេលវេលាទៅមុខផងដែរ។ អ្នកមានចិត្តស្រដោះប្រណីខ្លាំងចំពោះដៃគូគ្រប់បែបយ៉ាង ពុំថាគេមានកំហុកយ៉ាងណានោះទេ ក៏អ្នកពុំដែររករឿង និងឈ្លោះប្រកែកនឹងគ្នាឡើយ ប៉ុន្ដែអ្នកអាចជាអ្នកទទួលលេបយកកំហឹង និងទុក្ខព្រួយម្នាក់ឯងដោយស្ងាត់ៗ។ ប្រសិនបើការពិតរបស់អ្នកជាមនុស្សបែបនេះមែន ចូរគិតគូរពិចារណា មើលថាគួរធ្វើបែបណាទើបអាចឱ្យខ្លួនឯងរស់នៅបានដោយប្រសើរ និងកុំចេះតែទទួលរងដោយលេបយកកំហឹង និងទុក្ខព្រួយម្នាក់ឯង ក៏ប៉ុន្ដែអ្វីដែលសំខាន់គឺខ្លួនយើងសប្បាយចិត្ត ហើយនិងនៅជាមួយគ្នាដោយក្ដីសុខសុភមង្គល។
គ. មនុស្សព្រៃ
អ្នកជាមនុស្សពូកែទំនាក់ទំនងគ្នា ពិសេសក្នុងសេចក្ដីស្នេហា ដែលជាចំណុចធ្វើឱ្យគេចាប់អារម្មណ៍លើអ្នកខ្លាំង នេះក៏ជាឥទ្ធិពលមួយធ្វើឱ្យអ្នកជាមនុស្សដែលគ្រប់គ្នាឆាប់ចាប់ចិត្តស្រឡាញ់។ ចំពោះបទពិសោធន៍ស្នេហាក៏មានមិនចេះតិចផងដែរ អ្នកក៏មានចិត្តទូលាយ មិនចេះប្រកាន់ច្រើនចំពោះដៃគូស្នេហាឡើយ។ ប៉ុន្ដែ ការដែលមានគេឯងចាប់អារម្មណ៍នឹងស្រឡាញ់ច្រើននេះ ក៏អាចជំរុញឱ្យអ្នកមានទំនុកចិត្តលើខ្លួនឯងជ្រុល ពិសេសក្នុងសេចក្ដីស្នេហា ពេលខ្លះអ្នកអាចនឹងហ៊ានសាកល្បងបង្កើតបទពិសោធន៍ក្នុងទំនាក់ទំងស្នេហាជាច្រើនជាមនុស្សមានចរិតខុសៗគ្នា ដោយអ្នកគិតថា វាជាមោទនភាពដែលខ្លួនមាន ការបណ្ដាលឱ្យក្លាយជាដូចនេះ អាចបង្ករឿងរ៉ាវមិនល្អច្រើនដល់ដំណើរនៃស្នេហារបស់អ្នក ជួនកាលមិនត្រឹមតែខកបំណងខ្លួនឯងនោះទេ ថែមទាំងធ្វើបាបដៃគូ ឬអ្នកដទៃទៀតផង។ ដូចនេះ សូមប្រុងប្រ័យត្នឱ្យមែនទែន ប្រសិនបើអ្នកជាមនុស្សបែបនេះ ឬទំនងជានឹងក្លាយក្នុងស្ថានភាពដូចនេះ ដើម្បីអ្នកដែលខ្លួនស្រឡាញ់ផង ក៏ដើម្បីខ្លួនឯងដែរ។
ឃ. ទេពអប្សរ
អ្នកជាមនុស្សល្អគ្រប់ដប់ ហើយក៏ប្រហែលជាកំពុងលិចលង់ក្នុងភាពល្អប្រសើររបស់ខ្លួនខ្លាំងដែរ ប៉ុន្ដែភាពល្អប្រសើរដែលអ្នកមាននោះ ពិតជាចំណុចទាក់ទាញរបស់អ្នក ដែលអ្នកបានចាប់អារម្មណ៍ដឹងខ្លួនឯងដែរ។ ជាធម្មតាភាពប្រសើរ ឬចំណុចខ្លាំងរបស់ខ្លួន នឹងអាចជំរុញឱ្យខ្លួនមានភាពអំណួត ដែលជាមូលហេតុធ្វើឱ្យអ្នកពុំអាចមានភាពចុះសម្រុង ឬស្រឡាញ់អ្នកមានចរិតខុសពីអ្នកបានឡើយ ហើយនឹងបណ្ដាលឱ្យអ្នកមានភាពទឹងរឹងចំពោះដៃគូរបស់ខ្លួន និងមានការទាមទារខ្ពស់បំផុត គ្មានរឿងមួយណាដែលអ្នកនឹងឱ្យទៅដោយធូរស្រួលសោះឡើយ។ ប្រសិនបើការពិតរបស់អ្នក ដូចនេះពិតមែន អ្នកគួរសាកល្បងបន្ធូរបន្ថយទៅតាមស្ថានការជាក់ស្ដែង កុំត្បិតរឹតបន្ដឹងខ្លាំងពេក ដោយសារសេចក្ដីស្នេហានេះ សំខាន់គឺលើមនោសញ្ចេតនានៃមនុស្សពីរនាក់ ពុំមែនគ្រប់យ៉ាងស្ថិតមនុស្សម្ខាងណានោះទេ ដោយបង្ខំតាមចិត្តខាងណាម្នាក់ពេកអាចធ្វើឱ្យគ្រប់នឹងត្រូវបាត់បង់មិនខាន។
បញ្ជាក់៖ នេះគ្រាន់តែជាការធ្វើតេស្ដចិត្តសាស្រ្ដលេងកម្សន្ដប៉ុណ្ណោះ ពុំមែនជាការពិត១០០%នោះទេ ប៉ុន្ដែទាំងនេះ ប្រហែលអាចជាគំនិតយោបល់ជួយដល់ការគិចរបស់អ្នកឱ្យស៊ីជម្រៅជាងនេះ។ មានតែខ្លួនយើងទេ ជាអ្នកជួយខ្លួនឯង ពុំមានអ្នកណាម្ចាស់អាចមកកំណត់ផ្លូរជីវិតរបស់យើងបានឡើយ។