ឥរិយាបថ​បុរស​ពេល​មាន​ទំនាក់​ទំនង​ស្នេហានឹង​នារី

ក្នុង​ទំនាក់​ទំនង​ស្នេហា រវាង​បុរស​និង​នារី ភាគី​ទាំង​ពីរ​មិន​ថា​ នៅ​មុន​ពេល​ ឬ​បន្ទាប់​ពីចាប់​ស្រឡាញ់​គ្នានោះ​ទេ រមែង​ព្យាយាមចង់​ស្វែង​យល់​អំពី​ដៃ​គូ​របស់​ខ្លួន​ថា​យ៉ាង​ណា។​ មិនថា​ចង់​ដឹង​ពី​ដៃ​គូ​របស់​ខ្លួន​ ដើម្បី​យក​ចិត្ត​ សម្រប​តាម ឬ​ងាយ​រៀប​យុទ្ធសាស្រ្ដ​ស្នេហា និង​ក្នុង​គោលបំណង​ណា​មួយ​នោះ​ឡើយ ទាំង​នេះ​សុទ្ធតែ​ជា​អ្វី​ដែល​ស្ថិត​ក្នុង​ចិត្ត​របស់​​អ្នក​មាន​ស្នេហា​គ្រប់​គ្នា។ ក្នុង​អត្ថបទ​នេះ ខ្ញុំ​នឹង​លើក​យក​តេស្ដ​ចិត្ត​មួយ ដែល​អាច​ស្មាន​ដឹង​ពី​ឥរិយាបថ​របស់​បុរសៗ​ពេល​មាន​ទំនាក់​ទំនង ឬ​ឈាន​ដល់​សេចក្ដី​ស្នេហានឹង​នារីៗ ។

ដូចនេះ ចំពោះសុភាព​នារីៗ​ទាំងអស់​ ប្រសិន​បើ​អ្នក​ចង់​ដឹង​ថា​ អ្នក​ដែល​កំពុង​លួច​ស្រឡាញ់​អ្នក (ឬបុរស​ដែល​អ្នក​កំពុង​លួច​ស្នេហា) មិត្ត​ភក្ដិ​ (ភេទ​ប្រុស) ឬ​ជ្រើស​រើស​បុរសណា​ម្នាក់​ដើម្បី​សេពគប់​នោះ អាច​សាក​ល្បង​យក​តេស្ដ​នេះ​សួរ​ឱ្យ​គាត់​ជ្រើស​រើស​ចម្លើយ​លមើល ថា​តើ​គាត់​នឹង​ជាបុរស​ប្រភេទ​ណាក្នុង​ទំនាក់​ទំនង​ស្នេហា​នោះ។ ចំពោះ​បុរស​ៗ​វិញ ប្រសិន​បើ​អ្នក​ចង់​ស្វែង​យល់​ឱ្យ​កាន់​តែ​ច្បាស់​ពី​ខ្លួន​ឯង​ទៀត​នោះ​ ក៏​អាច​សាក​ល្បង​ឆ្លើយ​នឹង​សំណួរ​ខាង​ក្រោម​នេះ និង​អាន​នូវ​សេក្ដី​សន្និដ្ឋាន​លើ​ចម្លើយ​នីមួយៗ​ដូច​តទៅនេះ។

សំណួរ៖ ចាត់​ទុក​ថា​ ក្នុង​ដៃ​របស់​អ្នក​មាន​កាន់​ក្រដាស​មួយ​សន្លឹក ហើយ​អ្នក​នឹង​ចោល​ក្រដាសនោះ តើ​អ្នក​នឹង​ចោល​ក្រដាសនោះ​បែបណា​ដែរ? ចូរ​ជ្រើស​រើស​ចម្លើយ​មួយ​ និង​អាន​សេចក្ដី​សន្និដ្ឋាន​នៃ​ចម្លើយ​ដូច​ខាង​ក្រោម។

ក. ចោល​ក្រដាស​នោះ​ទាំង​សន្លឹក​
ខ. បត់​ជា​ពីរ​រួច​ទើប​ចោល
គ.​ ក្ដាប់​ហើយ​ចោល
ឃ. ក្ដាប់​ចូល​គ្នា​ជាដុំ​មូល​ទើប​ចោល
ង. ហែក​ជា​សន្លឹក​តូច​ទើប​ចោល

បន្ទាប់​ពី​ជ្រើស​រើស​នូវ​ចម្លើយ​រួច​ ចូរ​អាន​សេចក្ដី​អធិប្បាយ​​សន្និដ្នាន​នៃ​ចម្លើយ​នីមួយៗ​ដូច​ខាងក្រោម៖

ក. ចោល​ក្រដាស​នោះ​ទាំង​សន្លឹក

ជា​បុរសមាន​ការ​​គោរពជា​ខ្លាំង​ចំពោះស្រ្ដី​ភេទ ក៏​មាន​ថា​គាត់​មាន​ស្មារតីយក​ចិត្ត​ទុកដាក់ និងឱ្យ​តម្លៃ​ចំពោះសមភាពយេនដឺខ្ពស់ ផ្ដល់​សមតុល្យ​សិទ្ធិ​ស្មើ​គ្នា​រវាង​បុរស​​​នារី។ ជា​បុរស​​ ដែល​គោរព​លើ​ការ​សម្រេច​ចិត្ត​ ឬ​ភាព​ម្ចាស់​ការ​របស់​ដៃគូ​ ឬ​ភាគីទាំង​សង​ខាង ហើយ​ខ្នាក់​ខ្នែង​ខ្លាំង​បែប​សេរីភាពស្នេហា​ និង​ជា​អ្នក​ស្រឡាញ់ការ​ថែទាំ​រាង​កាយ ដូចនេះ​ ទើប​ឥរិយាបថ​ក្នុង​ការ​ចោល​ក្រដាស​របស់គាត់​ចោល​ទាំង​សន្លឹក​នៅ​ល្អ​នោះ។

ខ. បត់​ជា​ពីរ​រួច​ទើប​ចោល

មិន​ត្រឹម​តែ​ជា​បុរស​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ម៉ត់​ចត់​ចំពោះ​មនុស្ស​ស្រី ហើយ​ក៏ជា​បុរស​មាន​ការ​​ជឿជាក់​ និង​ការ​ទុក​ចិត្ត​ខ្ពស់​ចំពោះ​នារី​ដែល​ខ្លួន​ស្រឡាញ់​ទៀត​ផង ។ ដោយ​ឥរិយា​បថ​ ដែល​គាត់​បត់​ក្រដាស​ជា​ពីរ​សិន​ទើប​ចោល​នេះ​ បាន​បង្ហាញ​ថា​ គាត់​មនុស្ស​ប្រុស​មាន​ការ​ស្វែង​យល់ និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អារម្មណ៍ ក៏​ដូច​ជា​ចិត្ត​គំនិត​របស់​នារីៗ​ ពេល​មាន​ទំនាក់​ទំនង​ស្នេហានេះ​ណាស់ ប៉ុន្ដែ នេះ​ក៏​ជា​ហេតុ​ធ្វើ​ឱ្យ​គាត់​ខាត​បង់ ពេល​ជួប​នារីៗ ដែល​មាន​ចិត្ត​ចង់​លេង​សើចនឹង​គាត់ ចង់​ធ្វើ​បាប​គាត់ គ្រាន់​តែ​ពង្វក់​គាត់ ដោយ​មិន​មែន​ជា​សេចក្ដី​ស្រឡាញ់ពិត​នោះ ព្រោះ​គាត់​តែង​តែ​គិត​ពី​អារម្មណ៍​របស់​ដៃ​គូ​ស្នេហា​ពេក ធ្វើ​ឱ្យ​ខ្លួន​កាន់​តែ​ឈឺចាប់​ពេល​ត្រូវ​បាន​ដៃ​គូ​បោះ​បង់​ចោល​នោះ។

គ.​ ក្ដាប់​ហើយ​ចោល

លើ​ឥរិយាបថ​នេះ បង្ហាញ​ថា​ជា​បុរស​ដែល​រមែង​ខកចិត្ត​រវល់​ពេល​មាន​ទំនាក់​ទំនង​ស្នេហា ហើយ​ក៏​តែង​តែ​ឆាប់​មាន​អារម្មណ៍​ស្នេហា ឬ​ស្រឡាញ់​នារីៗ​ដែល​មាន​អាយុ​ច្រើន​ជាង​ខ្លួន និង​ឧស្សាហ៍​មាន​ការ​ប្រាស្រ័យ​ទាក់​ទង​គ្នា រស់​នៅ​ជាមួយ​គ្នា​នឹង​មនុស្ស​ស្រី​មាន​អាយុ​ច្រើន​ជាង​ខ្លួននោះ ។ រាល់​ពេល​​ពុំ​ទទួល​បាន​ការ​យល់​ស្រប​ក្នុង​មនោសញ្ចេតនា​ពី​ដៃ​គូ ឬ​ត្រូវ​បាន​គេ​បដិសេធ និង​ការ​បែក​បាក់​គ្នា​ជា​ដើម​នោះ គាត់​នឹង​អាច​ប្រើ​ការ​បង្ខំ​ទៅ​លើ​ដៃ​គូ​ ដោយ​ហិង្សា ឬ​កម្លាំង​បាយ​ទៀត​ផង។​

ឃ. ក្ដាប់​ចូល​គ្នា​ជាដុំ​មូល​ទើប​ចោល​

ក្នុង​ឥរិយាបថ​បែប​នេះ ការ​ក្ដាប់​ក្រដាស់​ចូល​គ្នា​ ប្រៀប​ដូច​ការ​ក្ដាប់​បញ្ចូល​ទុក​ក្នុង​តែ​កណ្ដាល​បាត​ដៃ​របស់​ខ្លួន ក៏​មាន​ន័​យ​ថា​ជា​បុរស​ដែល​យក​ចិត្ត​ខ្លួន​ឯង​ជា​ធំ អ្វី​គ្រប់​យ៉ាង​ត្រូវ​ស្ដាប់ និង​គោរព​ការ​សម្រេច​ចិត្ត​របស់​ខ្លួន​ឯង ពិសេស​ចង់​ឱ្យ​ដៃ​គូ​ស្ដាប់ និង​ធ្វើ​តាម​អ្វី​ដែល​​ខ្លួនចង់​បាន។ នៅ​ពេល​មាន​ទំនាក់​ទំនង​ស្នេហា​នឹង​មនុស្ស​ស្រី​វិញ​ក៏​ដូច្នោះ​ផង​ដែរ គឺ​គាត់​ពុំ​ care ពី​ចិត្ត​របស់​ដៃ​គូ​សោះ​ឡើយ ជា​ប្រភេទ​បុរស​​អត្តនោម័តិ​ជានិយម​ពេញ​លេញ​១០០%​តែ​ម្ដង។

ង. ហែក​ជា​សន្លឹក​តូច​ទើប​ចោល

ចំពោះ​ឥរិយាបថ​បែប​នេះ អាច​ចាត់​ចូល​ជា​ប្រភេទ​បុរស​នឹង​មាន​ទង្វើ​នៃ​ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា​ខ្ពស់ ឬ​មួយ​ក៏​គាត់​ជា​បុរស​ដែល​ធ្លាប់ និង​តែង​តែ​ត្រូវ​បាន​នារីៗ​ធ្វើ​បាប​ ឬ​ក្បត់​ចិត្ត​ជា​ដើម ហើយ​ក៏​បណ្ដាល​ឱ្យ​គាត់​ចាប់​ផ្ដើម​មាន​អារម្មណ៍​គុំ​កួន​នឹង​មនុស្ស​ស្រី រមែង​គិត​ថា​​ស្អប់​ និង​ចង់​សងសឹក។ មិន​ថា​ក្នុង​ការ​រស់​នៅ​ធម្មតា ឬ​ក្នុង​ទំនាក់​ទំនង​ស្នេហា​នោះ​ទេ បុរស​បែប​នេះ អាច​ចាត់​ទុក​ថា​ជា​មនុស្ស​បែប​គួរ​ឱ្យ​ខ្លាច និង​ជា​បុគ្គល​គ្រោះ​ថ្នាក់ខ្លាំង​ពេល​សេពគប់​ជាមួយ ដូចនេះ​ មិត្ត​នារីៗ​គួរ​ប្រុង​ប្រយ័ត្ន ។

បញ្ជាក់៖ នេះគ្រាន់តែជាការធ្វើតេស្ដចិត្តសាស្រ្ដលេងកម្សន្ដប៉ុណ្ណោះ ពុំមែនជាការពិត១០០%នោះទេ ប៉ុន្ដែទាំងនេះ ប្រហែលអាចជាគំនិត​យោបល់​ជួយ​ដល់ការគិចរបស់អ្នកឱ្យស៊ីជម្រៅជាងនេះ។ មានតែខ្លួនយើងទេ ជាអ្នកជួយខ្លួនឯង ពុំមានអ្នកណាម្ចាស់អាចមកកំណត់ផ្លូរជីវិតរបស់យើងបានឡើយ។ 

Leave a comment