សន្និដ្ឋាន​ចិត្ត​សាស្រ្ត​មនុស្ស​ប្រុស​ពេល​​កំពុង​មាន​ស្នេហា

នារីៗ​យើង​នៅ​ពេល​ដែល​កំពុង​មាន​សេចក្តី​ស្នេហា​ជា​មួយ​និង​មិត្ត​ប្រុស​របស់​ខ្លួន បើ​យើង​មើល​មិន​ដឹង​អំពី​ចិត្ត​សាស្រ្តរបស់​មិត្ត​ប្រុស​នោះ​ទេ វា​អាច​នឹង​ធ្វើ​ឲ្យ​យើង​មាន​ការ​យល់​ច្រលំ​និង​គ្នា​មិន​ខាន។ តើ​ធ្វើ​ដូច​ម្តេច​ទៅ​ទើប​យើង​អាច​សន្និដ្ឋាន ឬ​ស្មាន​ដឹង​ថា​មាន​អ្វី​ដែល​លាក់​កំបាំង​ក្នុង​ចិត្ត​របស់​មិត្ត​ប្រុស​យើង​នោះ? ត​ទៅ​នេះ​គឺ​ជា​លក្ខណៈ​ចិត្ត​សាស្រ្ត​មួយ​ចំនួន​របស់​នៅ​ពេល​​តាម​ស្រលាញ់​មនុស្ស ប្រសិន​បើ​មាន​លក្ខណៈ​ណា​មួយ​ដូច​ខាង​ក្រោម​នេះ​ នោះ​នឹង​បង្ហាញ​ថា​មាន​អ្វី​នៅ​ក្នុង​ចិត្ត​មិន​ខាន។

គិត​ពី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន

បុរស​ប្រភេទ​នេះ នៅ​ពេល​ដែល​តាម​ស្រលាញ់​ស្រី​ គឺ​តែង​តែ​គិត​អំពី​ប្រយោជន៍​របស់​ខ្លួន​ជា​ធំ ថាតើ​មាន​ផល​ប្រយោជន៍​អ្វី​ចំពោះ​ខ្លួន​ឯង​ទៅ​ថ្ងៃ​អនាគត​ឬ​អត់ ដោយ​យោង​តាម​លក្ខខណ្ឌ​បែប​នេះ​ឯង​មាន​សម្រេច​ថា​តើ​គួរ​តាម​ស្រលាញ់​នារី​ម្នាក់​ណា ឬ​មិន​តាម​ម្នាក់​ណា​នោះ។ ដូច្នេះ​ហើយ នៅ​ពេល​ដែល​មិត្ត​ស្រី​របស់​គេ​នៅ​តែ​មាន​ប្រយោជន៍​សម្រាប់​គេ គឺ​គេ​នៅ​តែ​ស្រលាញ់​អញ្ចឹង​គ្មាន​ថ្ងៃ​ប្រែ​ប្រួល​ឡើយ ក៏​ប៉ុន្តែ​បើ​ថ្ងៃ​ណា​មួយ​លក្ខខណ្ឌ​អត្ថិភាព​នេះ​បាត់​បង់​ទៅ​ហើយ​នោះ ឬក៏​នាង​មិន​បាន​ផ្តល់​ផល​ ឬ​ធ្វើ​ឲ្យ​គេ​មិន​បាន​សម្រេច​នូវ​បំណង​ដែល​ប៉ង​ជា​យូរ​មក​ហើយ​នោះ មុខ​ជា​គេ​កើត​ក្តី​ក្តៅ​ក្រហាយ​ខឹង​សម្បា គិត​ថា​នាង​មិន​ល្អ​ចំពោះ​ខ្លួន​មិន​ខាន។

ការ​ស្រមើ​ស្រ​មៃ​ខុស​ពី​តក្កភាព

បុរស​ប្រភេទ​នេះ ជា​ទូទៅ​គឺ​ពោរ​ពេញ​​ទៅ​ដោយ​ភាព​ស្រមើ​ស្រមៃ និង​មាន​ចិត្ត​សង្ស័យ​ច្រើន។ បុរស​ប្រភេទ​នេះ ភាគ​ច្រើន​សង្កត់​ធ្ងន់ចំពោះ​សេចក្តី​ស្នេហា ហើយ​យក​ស្នេហា​ជា​ធំ​ក៏​ពិត​មែន ប៉ុន្តែ​ការ​យល់​ដឹង​អំពី​សេចក្តី​ស្នេហា​របស់​ខ្លួន​ គឺ​នៅ​មាន​កម្រិតនៅ​ឡើយ​ទេ ពិសេស​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​បំផុត​ចំពោះ​សកម្មភាព​​មិត្ត​ស្រី​របស់​ខ្លួន​។ ឲ្យ​តែ​នៅ​ខណៈ​ណា​ដែល​មិត្ត​ស្រី​របស់​ខ្លួន​មាន​សកម្ម​ភាព​ណា​មិន​ប្រក្រតី ឬ​ធ្វើ​នូវ​អ្វី​ដែល​ខ្លួន​មិន​យល់ មិន​សប្បាយ​ចិត្ត​ ឬ​មិន​អាច​ទទួល​ស្គាល់​បាន​ នោះ​គេ​នឹង​កើត​ការ​ស្រមើស្រមៃ មាន​ការ​សង្ស័យ​ចំពោះ​នាង​ភ្លាម​តែ​ម្តង គឺ​ស្ថិត​ក្នុង​ភាព​ដាច់​ខាត​តែ​ម្តង​ក្នុង​ការ​តាម​សួរ ឬ​រក​ការ​ពិត​ពី​នាង​ឲ្យ​ឃើញ​ច្បាស់​ថា​តើ គេ​ហើយ​និង​នាង​មាន​ចំណុច​ណា​ដែល​មិន​ត្រូវ​គ្នា ហើយ​បង្ក​ឲ្យ​មាន​បញ្ហា​ដូច​នេះ​កើត​ឡើង​នោះ។

គ្មាន​មនោសញ្ចេតនា​ក្នុង​ចិត្ត​

បុរស​ប្រភេទ​នេះ​ជា​ទូទៅ​គឺ​វាយ​តម្លៃ​ និង​ពិចារណា​លើ​ហេតុ​ផល​ចំពោះ​មិត្ត​ស្រី​របស់​ខ្លួន នៅ​ពេល​ប្រឈម​មុខ​ចំពោះ​មិត្ត​ស្រី​ខ្លួន​ គឺ​គ្មាន​មនោសញ្ចេតនា ឬ​ក្តី​អាណិត​នោះ​ទេ គឺ​មាន​តែ​ការ​ពិចារណា​លើ​ហេតុ​ហើយ​និង​ផល​ប៉ុណ្ណោះ​ឯង។ ពិសេស​គឺ​នៅ​ពេល​ដែល​មិត្ត​ត្រូវ​ការ​ក្តី​ស្រលាញ់ លួង​លោម​ ក្តី​អាណិត និង​មនោសញ្ចេតនា​ពី​គេ​នោះ គឺ​ពុំ​ដែល​ទទួល​បាន​ឡើយ គឺ​មាន​តែ​ទុក​គ្នា​ចោល​ឲ្យ​នៅ​សោក​សៅ​តែ​ម្នាក់​ឯង​ប៉ុណ្ណោះ​។ គឺ​ជា​ប្រភេទ​បុរស​ ដែល​នៅ​សប្បាយ​រីករាយ​ជា​មួយ​និង​មិត្ត​ស្រី តែ​មិន​នៅ​គាំ​ទ្រ​មិត្ត​ស្រី​ពេល​គ្រា​លំបាក​ទេ ពោល​គឺ​រួម​តែ​សុខ​និង​គ្នា​ប៉ុន្តែ​មិន​រួម​ទុក​និង​មិត្ត​ស្រី​ឡើយ។

កំហុក​បញ្ច្រាស​ទិសក្នុង​ចិត្ត

បុរស​ប្រភេទ​នេះ ជា​ទូទៅ​ចូល​ចិត្ត​យក​ចំណុច​ខ្លាំង​របស់​ខ្លួន​ឯង​ទៅ​ប្រៀប​ធៀប​ជា​មួយ​និង​ចំណុច​ខ្សោយ​របស់​មិត្ត​ស្រី ឬ​ក៏​យក​ចំណុច​មិន​ល្អ​របស់​មិត្ត​ស្រី​មក​ប្រៀប​ធៀប​ជា​មួយ​និង​ចំណុច​ល្អ​របស់​ខ្លួន។ បុរស​ប្រភេទ​នេះ នៅ​ពេល​ដែល​ចាប់​ផ្តើម​សេពគប់​ជាមួយ​និង​មិត្ត​ស្រី​ភ្លាម​គឺ​ឆាប់​ចាប់​បាន​ចំណុច​ល្អៗ​របស់​មិត្ត​ស្រី​ ហើយ​សរសើរ​និង​ពេញ​ចិត្ត​នូវ​ចំណុច​ល្អ​របស់​មិត្ត​ស្រី​ខ្លួន​ខ្លាំង​ណាស់ ដែល​ធ្វើ​ឲ្យ​សេចក្តីស្នេហា​របស់​ពួក​គេ​កាន់​តែ​ឡើង​កំដៅ​ឡើងៗ។ ហើយ​នៅ​ពេល​ដែល​គេ​ចាប់​ផ្តើម​សង្កេត​ឃើញ​ថា​នាង​មាន​ចំណុច​ណា​មួយ​មិន​ដល់​គេ​ភ្លាម​នោះ គឺ​ភាព​សោះ​កក្រោះ​​របស់​គេ​ចំពោះ​នាង​នឹង​កើត​មាន​ឡើង​ភ្លាម​តែ​ម្តង។ ហើយ​ដែល​ភាព​សោះ​កក្រោះ​របស់​គេ​ចំពោះ​នាង​នេះ​ឯង​ ធ្វើ​ឲ្យ​នាង​កាន់​តែ​មាន​ភាព​ច្របូក​ច្របល់​រក​​ស្មាន​ចិត្ត​គេ​មិន​ត្រូវ ហើយ​ធ្វើ​ឲ្យ​នាង​កាន់​តែ​មិន​ច្បាស់​ពី​គេ និង​ធ្វើ​ឲ្យ​នាង​កាន់​តែ​គិត​ថា​គេ​កាន់​តែ​មាន​ភាព​អាថ៌​កំបាំង​ទៅ​ហើយ។

ចិត្ត​ប្រតិកម្ម​ត្រលប់

បុរស​ប្រភេទ​នេះ​ជា​ទូទៅ​ចូល​ចិត្ត​ភាព​ទាន់​សម័យ និង​មាន​អារម្មណ៍​ប្រតិកម្ម​ឆាប់​រហ័ស រហ័ស​រហួន ប៉ុន្តែ​ខ្វះ​ខាតនូវ​ចិត្ត​ម្ចាស់​ការ និង​ជំនឿ​ជាក់​ចំពោះ​ខ្លួន​ឯង។ ទាំង​ចិត្ត​គំនិត​ គឺ​ឆាប់​ទទួល​ឥទ្ធិពល​ពីការ​ប្រែ​ប្រួល​តាម​សម័យ​នៃ​​មជ្ឈដ្ឋាន​ខាង​ក្រៅ នឹង​ធ្វើ​ការ​ផ្លាស់​ប្តូរ​ទៅ​តាម​មជ្ឈដ្ឋាន​នោះ ពិសេស​គឺ​ចូល​ចិត្ត​ និង​ស្រលាញ់​នារី​ដែល​ទាន់​សម័យ​។ បុរស​ប្រភេទ​នេះ គឺ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​រូប​រាង​ខាង​ក្រៅ​របស់​មិត្ត​ស្រី​ខ្លួន​ ទាំង​រូប​សម្បត្តិ ការ​តុប​តែង​ខ្លួន សំលៀក​បំពាក់​ទាន់​សម័យ ម៉ូត​សក់ ខោអាវ​ជាដើម។ ហើយ​ចំពោះ​រឿង​ទាំង​នេះ គឺ​គេ​ពេញ​ចិត្ត​ និង​គាំ​ទ្រ​ទាំង​ស្រុង​ឲ្យ​មិត្ត​ស្រី​របស់​ខ្លួន​តែង​ខ្លួន​ដូច្នេះ​ណាស់។ ប៉ុន្តែ​នៅ​ពេល​ដែល​គេ​ប្រទះ​ឃើញ​ថា មិត្ត​ស្រី​របស់​ខ្លួន​មាន​លក្ខណសម្បត្តិ​ខុស​ពី​អ្វី​ដែល​ខ្លួន​រំពឹង​ប្រាថ្នា​ចង់​បាន​នោះ គេ​ពិត​ជា​មាន​ភាព​ខក​ចិត្ត​ជា​ខ្លាំង​មិន​ខាន។

តើ​មិត្ត​នារីៗ​យើង​គួរ​ធ្វើ​ដូច​ម្តេច​នៅ​ពេល​ដែល​ជួប​ប្រទះ​និង​លក្ខណៈ​មិត្ត​ប្រុស​របស់​ខ្លួន​ដូច​ខាន​លើ​នោះ? សូម​កុំ​​ទាន់​អាល​មាន​ការ​ភិតភ័យ​អ្វី​ទាំង​អស់ ចំពោះ​ប្រភេទ​លក្ខណៈ​ទាំង​ឡាយ​ខាង​លើ​នេះ​ឲ្យ​សោះ។ ប្រសិន​បើ មិត្ត​នារីៗ​យើង​ជួប​ប្រទះ​នូវ​បញ្ហា​ដូច​ខាង​លើ​នេះ ប្រាកដ​ណាស់​មិនថា​តិច​ឬ​ច្រើន​គង់​តែ​នឹង​អាច​មាន​មិនខាន​ ​ប៉ុន្តែ​ក៏​មិន​មែន​ព្រោះ​តែ​បែប​នេះ​ ក៏​ប្រញាប់​សុំ​បែង​ចែក​ផ្លូវ​គ្នា​ឲ្យ​ដាច់​នោះ​ដែរ បើ​យើង​ធ្វើ​ដូច្នេះ​មែន​ មុខ​ជា​គ្មាន​ថ្ងៃ​រក​បាន​បុរស​ជា​ទី​គាប់​ចិត្ត​សម្រាប់​យើង​ឡើយ។​ ក៏​ប៉ុន្តែ​មុន​នឹង​​ចាត់​វិធាន​ការ​នឹង​បញ្ហា​ទាំង​នេះ ចំពោះ​មិត្ត​នារីៗ​យើង​ត្រូវ​ប្រាកដ​ឲ្យ​ច្បាស់​សិន​ថា​ខ្លួន​ពិត​ជា​ស្រលាញ់​គេ​មែន​ជា​អត់? បើ​យើង​ពិត​ជា​ស្រលាញ់​គេ​ពិត​មែន មិន​ខ្លាន​អ្វី​នឹង​ហា​មាត់​និយាយ​ជាមួយ​និង​គេ​តាម​ត្រង់​នោះ​ទេ ថា​យើង​បាន​ប្រទះ​ឃើញ​នូវ​ចិត្ត​លាក់​កំបាំង​របស់​គេ​មួយ​នេះ ហើយ​មក​រក​វិធាន​ការ​ជាមួយ​គ្នា ដើម្បី​ឲ្យ​គេ​ដឹង​ច្បាស់​ពី​ចិត្ត​របស់​គេ​ខ្លួន​ឯង​ផង (ជួន​កាល​គេ​មិន​ដឹង​ពី​ចិត្ត​របស់​ខ្លួន​ឯង​ច្បាស់​ផង) និង​ចៀស​វាង​ការ​ភាន់​ច្រលំ​ណា​មួយ​កើត​ឡើង។ បើ​ទោះ​ជា​យើង​ទើប​តែ​ចាប់​ផ្តើម​ស្រលាញ់​គ្នា មនោសញ្ចេតនា​មិន​ទាន់​ជ្រាល​ជ្រៅ​ក៏​ដោយ ក៏​អាច​និយាយ​ដោយ​ចំហរ​ពី​ចិត្ត​របស់​ខ្លួន​បាន​ដែរ។ ប៉ុន្តែ​បើ​យើង​គិត​ថា​វា​មិន​ចាំ​បាច់​នោះ​ទេ ហើយ​មិន​អាច​ទ្រាំ​រស់​នៅ​ជា​មួយ​គ្នា​ទាំង​បែប​នេះ​នោះ ក៏​អាច​ពិចារណា​បែក​គ្នា​ឲ្យ​បាន​ឆាប់​ទាន់​មុន​អ្វីៗ​ (មនោសញ្ចេតនា​ និង​ស្នេហា) បាន​កើត​ឡើង​ជ្រុល​នោះ។ មិន​ថា​យើង​ជ្រើស​រើស​យក​មធ្យោបាយ​បែប​ណា​មក​ដោះ​ស្រាយ​ទេ ចូរ​ចាំ​ថា​ត្រូវ​មាន​ការ​ជឿ​ជាក់​បន្តិច និង​មាន​ការ​សន្និដ្នានឲ្យ​ប្រាកដ​ថា​វា​ជា​ការ​ពិត​ទាំង​ស្រុង​ឬ​ទេ? ពុំ​ដូច្នោះ​ទេ ក្រែ​ង​តែ​យើង​គិត​ស្មាន​តែ​ខ្លួន​ឯង​ដោយ​គ្មានមូលដ្ឋាន​​បញ្ជាក់​បាន​ត្រឹម​ត្រូវ និង​ច្បាស់​លាស់​នោះ វា​នឹង​ធ្វើ​ឲ្យ​យើង​ស្តាយ​ក្រោយ​មិន​ខាន​នៅ​ពេល​ខាង​មុខ។​

Leave a comment