ហេតុ​អ្វី​បាន​ជា​មនុស្ស​ប្រុស​ចូល​ចិត្ត​និយាយ​​រឿង​សំណើចអាសអាភាស?

មាន​មនុស្ស​ស្រី​ជា​ច្រើន​បាន​ឆ្ងល់​ដូច​នេះ​ថា៖ «​មាត់​មនុស្ស​ប្រុស​នេះ​ចូល​ចិត្ត​និយាយ​សម្តី​អាសអាភាស​លេង​សើច​យ៉ាង​ចឹង?​»

បើ​យើង​សន្និដ្ឋាន​ទាំង​ស្រុង​ថា​ មនុស្ស​ប្រុស​គឺមាន​សារជាតិ​អាក្រក់​បែប​នេះ​ពី​កំណើត​នោះ វាពិត​ជា​​អស់អី​នឹង​និយាយ​ហើយ។ ក៏​ប៉ុន្តែ​យើង​អាច​នាំ​គ្នា​សាក​ល្បង​ពិចារណាអំពី​ចិត្ត​សាស្ត្រ​របស់​មនុស្ស​ប្រុស ដែល​ចូល​ចិត្ត​និយាយ​សម្តី​អាស​អាភាស​នេះ​ទៅមើល​ថា​តើ​វា​យ៉ាង​ណា​ទៅ​វិញ។

ចំណុច​ដំបូង​នេះ គឺ​មាន​បុរស​មួយ​ចំនួន​ដោយ​សារ​ទំនេរ​គ្មាន​អ្វី​ធ្វើ​ក៏​ចេះ​តែ​ហា​មាត់​និយាយគ្នា​តែ​ផ្តេស​ផ្តាស​អញ្ចឹង​ទៅ​ ដើម្បី​កំដរ​ពេល​វេលា​លេង​ទុក​ជា​ការ​កម្សាន្ត​ប៉ុណ្ណោះ​ឯង។ ប្រសិន​បើ​មនុស្ស​ប្រុស​ៗ​ជួប​គ្នា​និយាយ​លេង​សើច​ដោយ​សម្តី​អាស​អាភាស​ស្ថិត​ក្នុង​ស្ថានភាព​មួយ​ដែល​គ្មាន​គោល​បំណងអ្វី​មួយ​នោះ គឺ​បង្ហាញ​យ៉ាង​ច្បាស់​ថា​មនុស្ស​ប្រុស​ទាំង​នោះ​ចែក​ដាច់​គ្នា​រវាង​រឿង​អាស​អាភាស និង​ការ​ងារ​បាន​ច្បាស់​លាស់ណាស់។ រឿង​អាស​អាភាសគឺ​រឿង​អាស​អាភាស ហើយ​រឿង​ការ​ងារ​គឺ​ជា​រឿង​ការងារ​មិន​អាច​យក​មក​លាយ​ឡំ​ចូល​គ្នា​បាន​ឡើយ។ ហើយ​អាច​និយាយ​បាន​ថា ដោយ​សារ​ការ​ងារ​ធ្វើ​ឲ្យ​មនុស្ស​ប្រុស​មាន​ភាព​សោះ​កក្រោះ​ពេក គ្មាន​ឱជារស មាន​ភាព​នឿយ​ហត់​ខ្លាំង និង​មាន​ទំនាក់​ទំនង​តានតឹងខ្លាំង​ជា​ដើម ដើម្បី​កាត់​បន្ថយ​ភាព​តាន​តឹង​ និង​បង្ក​បរិយាកាស​ឲ្យ​មាន​ភាព​ធូរ​ស្រាល​សម្រាប់​លួង​លោម​ចិត្ត​ខ្លួន​ឯង​ ទើប​ធូរ​ដង្ហើម​បាន​បន្តិត។

ចំណុច​ទី២ គឺ​នៅ​ពេល​កម្មពិធី​ជួប​ជុំ​ ​ជប់​លៀង ឬ​ផឹក​ស៊ី ការ​និយាយ​កំប្លែង​បែប​អាស​អាភាស​ដូច​នេះ ដើម្បី​ចូល​រួម​បង្ក​បរិយាកាស​ឲ្យ​កាន់​តែ​មាន​ភាពសប្បាយ​​រីក​រាយទៅ​ទៀត។ ពេល​ពុំ​ទាន់​បាន​ផឹក​គឺ​មាន​ឥរិយាបទ​ជា​សុភាព​បុរស ប៉ុន្តែ​ក្រោយ​ពេល​ស្រា​ចូល​ពោះ​បាន​ពីរ​បី​កែវ​បន្ទាប់​មក​ហើយ​នោះ គឺ​សម្ពី​កំប្លែង​ៗ​បែប​អាស​អាភាស​ចាប់​ផ្តើម​ចេញ​មក​ជា​បន្ត​បន្ទាប់​គ្នា​​មិន​ខាន។ នៅ​ពេល​ដែល​មនុស្ស​ប្រុស​ជប់​លៀង​ផឹក​ស៊ី​បែប​នេះ បើ​គេ​នាំ​គ្នា​និយាយ​រឿង​ត្រឹម​ត្រូវ​ទាំង​អស់​នោះ គឺ​ពិត​ជា​រឿង​មួយ​ដ៏​ចំឡែក​មិន​ខាន ហើយ​ក៏​មិន​អាច​បន្ត​កម្មវិធី​បាន​យូរ​នោះ​ដែរ។ បើ​ដូច្នេះ​មែន​ តើ​មនុស្ស​ប្រុស​អាច​និយាយ​លេង​រឿង​អ្វី​បាន​ខ្លះ​ទៅ ដើម្បី​ឲ្យ​សប្បាយ​ និង​ធ្វើ​ឲ្យ​គេ​ទាំង​អស់​គ្នា​ចាប់​អារម្មណ៍​ ហើយ​បន្ត​ផឹក​ជា​មួយ​គ្នា​បាន​កាន់​តែ​យូរ​ទៀត​នោះ? នោះ​គឺ​គ្មាន​អ្វី​ក្រៅ​អំពី​រឿង​កំប្លែង ឬ​សម្តី​អាស​អាភាស​ ដែល​មនុស្ស​ស្រី​មិន​ចង់​ស្តាប់​នោះ​ទេ។

និយាយ​ឲ្យ​ចំ​ទៅ​ទំនាក់​ទំនង​សង្គម​របស់​មនុស្ស​ប្រុស​​ភាគ​ច្រើន​ដែល​ពាក់​ព័ន្ធ​ក្នុង​ការ​និយាយ​កំប្លែង​ ឬ​រឿង​បែប​នេះ គឺ​ពិត​ជា​ក្នុង​នោះ​អាច​មាន​ការ​សន្និដ្ឋាន​ពីរ។ ទី​មួយ​ គឺអាច​ជា​មនុស្ស​ប្រុស​ដែល​មាន​បទពិសោធន៍​ច្រើន​ក្នុង​រឿង​ហ្នឹង គេ​និយាយ​ចេញ​មក​ក្នុង​គោល​បំណង​ពីរ មួយគឺ​បង្ហាញ​ថា​ខ្លួន​ឯង​ខ្លាំង ជើង​ចាស់​ក្នុង​រឿង​​ហ្នឹង ឲ្យ​អ្នក​​ផ្សេង​ទៀត​សរសើរ​ថា​ខ្លួន​អស្ចារ្យ មួយ​ទៀត​គឺ​និយាយ​ដើម្បី​រំលឹក​ពេល​វេលាដែល​​ខ្លួន​សប្បាយៗ​ពី​មុន​មក​នោះ។ តាម​ពិត​ទៅ​រឿង​បែប​ៗ​នេះ មនុស្ស​ប្រុស​គួរ​តែ​ដឹង​ក្នុង​ចិត្ត​ទៅ​បាន​ហើយ មិន​ចាំ​បាច់​និយាយ​ចេញ​មក​ឲ្យ​គេ​ផ្សេង​ដឹង​ធ្វើ​អ្វី​ទេ ប៉ុន្តែ​នៅ​តែ​និយាយ​ទៅ​បាន នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ស្រី​​ពិបាក​នឹង​យល់​នោះ។ ប៉ុន្តែ​នៅ​ក្នុង​ពិភព​របស់​មនុស្ស​ប្រុស រវាង​មនុស្ស​ប្រុង​ និង​មនុស្ស​ប្រុស​គ្នា​ឯង មិន​ថា​រឿង​អាសអាភាស ឬ​រឿង​អ្វី​មួយ​នោះ​ឡើយ ឲ្យ​តែ​ខ្លួន​បាន​ដឹង​ច្រើន​ជាង​គេ មាន​បទ​ពិសោកធន៍​ច្រើន​ជាង​គេ គឺ​ងាយ​នឹង​ចែក​រំលែក​ឲ្យ​អ្នក​ដទៃ​បាន​ដឹង​ខ្លាំង​ណាស់ ហើយ​ក៏​មាន​ការ​ទទួល​ស្គាល់​ពី​មនុស្ស​ប្រុស​ដូច​គ្នា​ទៀត​ផង។ ទី​ពីរ​នោះ​គឺ ចំពោះ​អ្នក​ដែល​គ្មាន​បទពិសោធន៍​ក្នុង​រឿង​បែប​ហ្នឹង​ទេ ប៉ុន្តែ​ខ្លាច​ខ្មាស់គេ មិន​ចង់​ឲ្យ​គេ​ថា​ជា​ «​មាន់​ថ្មី​» ក៏​និយាយ​បន្លំ​គេ​ឲ្យ​ដូច​មែន​ទែន​ទៅ ដើម្បី​បង្ហាញ​គេ​ថា​ខ្លួន​ក៏​មិន​អន​ដែរ។ តាម​ពិត​ទៅ​បើ​យើង​មិន​ធ្លាប់ ឬ​មិន​ដឹង​ទេ អាច​នៅ​ឲ្យ​ស្ងៀម​ចាំ​តែ​ស្តាប់​ពី​គេ​ទៅ​អត់​ទេ គឺ​ចេះ​តែ​និយាយ​ចូល​ទៅ​ដល់​សាច់​រឿង​គេ​ដែរ ហើយប្រឌិត​រឿង​បំភ្លើស​គេ​ទៀត​ផង​ក៏​មាន ដើម្បី​តែ​ចូល​រួម​ការ​អ៊ូ​អរ​ប៉ុណ្ណោះ។

ប្រសិន​បើមនុស្ស​ប្រុស​នៅ​ជំវិញ​អ្នក មិត្ត​ភិក្ត ឬ​មិន​រួម​ការងារ​មាន​មនុស្ស​ប្រុស​​ដែល​ចូល​ចិត្ត​និយាយ​បែប​នេះ​នោះ ក៏​កុំ​ទាន់​អាល​សន្និដ្ឋាន​គេ​ទាំង​ស្រុង​ថា​អាក្រក់​ថោក​ទាបអី។ នៅ​ពេល​ខ្លះ​សម្តី​ទាំង​នោះ​អាស​អាភាស​បន្តិច​បន្តួច ប៉ុន្តែ​មាន​ភាព​កំប្លែង​ខ្លាំង​ ក៏​អាច​លួង​ឲ្យ​មនុស្ស​ស្រី​សប្បាយ​រីក​រាយ​ផង​ដែរ ពេល​នោះឯង​មនុស្ស​ស្រី​ប្រហែល​ជា​មិន​ប្រកាន់​ លើក​លែង​ឲ្យ​អ្នក​ម្តង​ចុះ​មើល​ទៅ។ ក៏​មាន​មនុស្ស​ប្រុស​ខ្លះ​ទៀត​ក្បាល​ខូច នៅ​ពេល​ឃើញ​មាន​មនុស្ស​ស្រី​មក​ដល់ ស្រាប់​តែ​មាន​ចេតនានិយាយ​សម្តី​អាសអាភាស​ឲ្យ​គេ​ឮ ធ្វើ​ឲ្យ​មនុស្ស​ស្រី​មិន​ស្រួល​ត្រចៀត​សោះ ការ​ដែល​គេ​ធ្វើ​ដូច្នេះ គឺ​គ្មាន​អ្វី​ក្រៅ​ពី​ចង់​លចិត្ត​របស់​មនុស្ស​ស្រី​មើល​នោះ​ឡើយ ថា​តើ​នាង​នឹង​មាន​ប្រតិកម្ម​យ៉ាង​ណា​ដែល​ក្រោយ​បាន​ស្តាប់ឮ​រឿង​បែប​នេះ។ ហើយ​ចំពោះ​មនុស្ស​ប្រុស​ ដែល​ស្ថិត​ក្នុង​ស្ថាន​ភាព​បែប​នេះ គឺ​ច្រើន​តែ​ចង់​ឲ្យ​មនុស្ស​ស្រី​ចាប់​អារម្មណ៍​និង​ខ្លួន​ប៉ុណ្ណោះ ព្រោះ​គេ​មិន​ហ៊ាន​តាម​ទាក់​ទង​គេ​ដោយ​ចំហ ឬ​យល់​ថា​ខ្លួន​គ្មាន​ការ​ជឿជាក់​ទាំង​ស្រុង ក៏​ជ្រើស​រើស​យក​មធ្យោបាយ​នេះ​ក្នុង​ការ​ទាក់​ទង។ ដូច​នេះ នៅ​ពេល​ដែល​មនុស្ស​ស្រី​ប្រតិកម្ម​តប​វិញ​នោះ ក៏​មាន​ន័យ​ថា​អាច​​ងាយ​នឹង​ចូល​ក្នុង​អន្ទាក់​របស់​គេ​មិន​ខាន។ បើ​មនុស្ស​ស្រី​ពិត​ជា​មាន​ប្រតិកម្ម​អិម​អៀន ហើយ​​បន្ត​នៅ​ស្ងៀម​ស្តាប់​គេ​បន្ត​ទៀត​ទាំង​ខ្មាស​អៀន​នោះ គឺ​ពិត​ជា​​នឹង​ត្រូវ​ចាញ់​ល្បិច​ប្រុស​ៗ​ទាំង​នោះ​មិនខាន ។

តើ​មិត្ត​នារីៗ​យើង​គួរ​ធ្វើ​ដូច​ម្តេច​ទៅ​នៅ​ពេល​ជួប​ប្រទះ​នឹង​បញ្ហា ឬ​ស្ថាន​ភាព​ដូច​នេះ? វា​ពិត​ជា​ការ​ងាយ​ស្រួល​ណាស់​សម្រាប់​មនុស្សស្រី​ឆ្លាតៗ​ទាំង​អស់​គ្នា គឺ​ធ្វើ​ដូច​ជា​មិន​អើពើនឹង​សម្តី​ដ៏​អាស​អាភាស​របស់​ពួក​ប្រុស​ដែល​បាន​និយាយ​នោះ​ទៅ​វា​ជា​ការ​ស្រេច​ទៅ​ហើយ។ បើ​យើង​ថា​ធ្វើ​ដូច្នេះ និយាយ​ទៅ​វា​ងាយ​ស្រួល​នោះ​ទេ​ ប៉ុន្តែ​ធ្វើ​ទៅ​មាន​ការ​ពិបាក​ណាស់ ចំពោះ​ក្មេង​ស្រីនារីៗ​យើង​ឲ្យ​ទៅ​ធ្វើ​មិន​ដឹង​មិន​ឭ​នឹង​សម្តី​អាសអាភាស​ ដែល​គេ​និយាយ​មាន​ចេតនា​ដាក់​យើង​ម៉េច​នឹង​ងាយ​ស្រួល​យ៉ាង​នេះ​នោះ។ យើង​អាច​សាក​វិធី​ម្យ៉ាង​ទៀត​ក៏​បាន​ដោយ​សាក​ល្បង​និយាយ​ទៅ​កាន់​ពួក​គេ​ថា៖ «ណែ៎! ​លោក​ម្នាក់​នេះ ឬ​​ម្នាក់​នេះ មើល​ទៅ​ការងារ ឬ​ការ​សិក្សា​គ្រាន់​បើ​នឹង​គេ​ឯង​ដែរ ម៉េច​ក៏​សម្តី​ចេញ​មក​ទាំង​អាចន៍​ (ឬ​អាសអាភាស​) យ៉ាង​នេះ ពិត​ជា​ធ្វើ​ឲ្យ​ខូច​រូប​រាង​គេ​ឯង​ក្នុង​សង្គម (ឬ​ខូច​ពូជ​គេ​អ្នក​ជា​អស់ហើយ)​ ​មែន។ »

នៅ​ពេល​ដែល​យើង​និយាយ​សម្តី​យ៉ាង​នេះ​ទៅ​កាន់​គេ​វិញ ធ្វើ​ឲ្យ​អ្នក​និយាយ​សម្តី​អាស​អាភាស​ទាំង​នេះ ពិត​ជា​ទទួល​បាន​ការ​ប្រមាន និង​រាង​ចាល​មិនខាន។ យ៉ាង​ហោច​ណាស់​ក៏​ធ្វើ​ឲ្យ​គេ​ឆ្អែត​ចិត្ត​លើក​ក្រោយ​លែង​ហ៊ាន​មាន​​បំណង​អាក្រក់​ប៉ុន​ប៉ង​អ្វី​មក​លើ​យើង​ទៀត​ហើយ។

Leave a comment