ពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រខែ

«ពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រខែ» ដែលយើងគ្រប់គ្នាតែងតែហៅកាត់ថា «បុណ្យអុំទូក» គឺពិធីបុណ្យជាតិដ៏ធំមួយរបស់ខ្មែរ ក្នុងចំណោមពិធីបុណ្យជាតិធំៗជាច្រើនទៀត។ ពិធីបុណ្យអុំទូក​ តែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ និងនៅទូទាំងប្រទេស ដោយកម្មវិធីធំរយៈពេល៣ថ្ងៃនេះ គឺប្រព្រឹត្តិទៅនៅលើដងទន្លេ ទល់មុខព្រះបរមរាជវាំង ក្នុងរាជធនីភ្នំពេញ ដោយប្រារព្ធឡើង​ស្ថិតក្រោមអធិបតីភាពព្រះមហាក្សក្រខ្មែរ និងមាន​មន្ត្រីរាជការ អ្នកមុខអ្នកការធំៗចូលរួម​ក្នុង​កម្មវិធីប្រណាំងទូកងរយៈពេល៣ថ្ងៃនេះ។ 

ប្រវត្តិ​នៃពិធីបុណ្យអុំទូក

តាម​កំណត់ត្រា ឬ​តំណាលប្រវតិ្ត​សាស្រ្ដកម្ពុជា ពិធីបុណ្យអុំទូកត្រូវបានគេជឿថា មានការប្រារព្ធ​ធ្វើ​តាំង​ពី​សម័យ​កាលបុរាណ​មក​ម្លេះ​ ប្រហែល​ជាក្នុងអំឡុងឆ្នាំ១១៨១ ​នៃ​​គសករាជ ដែល​ស្ថិតក្នុងរជ្ជកាល​ព្រះបាទ ជ័យវរ្ម័នទី៧។ ប៉ុន្ដែដោយ​យោងតាមឯកសារខ្លះៗរបស់បារាំង ប្រវត្តិ​នៃ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប អកអំបុក និង សំពះព្រះខែ កើតមានដំបូងក្នុងរាជព្រះបាទ ស៊ីសុវត្ថ ក្នុងឆ្នាំ១៩១៤។ ដោយឡែក ពិធីបុណ្យ​នេះចាប់មានភាពល្បីល្បាញខ្លាំង​នៅ​ក្នុង​ឆ្នាំ ១៩៤៥ នៃរាជ​ព្រះបាទ នរោត្តម សីហនុ។

មិនថាការ​ប្រារព្ធពិធីនេះ ចាប់តាំងពីសម័យកាលណានោះទេ​ មកទល់សព្វថ្ងៃ ពិធីបុណ្យនេះជាពិធីបុណ្យដ៏ធំមួយរបស់ខ្មែរ។ ប្រជាជន​​ទូទាំង​​ប្រទេស​​កម្ពុជា​យើង តែងតែប្រារព្ធធ្វើពិធីបុណ្យនេះឡើងជារៀងរាល់ឆ្នាំ អំឡុងខែវិច្ឆិកា ដែលជាខែចេញវស្សា នៃរដូវរកត្រី ហើយ​ក៏បាន​​ក្លាយជា​ពិធីបុណ្យ​ប្រពៃណីជាតិដ៏ធំ​មួយ​ផង​ដែរ។ ពិសេស​ពាក់​ព័ន្ធនឹង​ប្រភព មូល​ហេតុ ឬជំនឿ និង​អត្ថន័យនៃពិធីបុណ្យនេះ គឺមាន​ប្រវត្តិ​ក្នុង​ពេល​វេលា​​ខុសៗ​គ្នា ដោយ​ដូច​តាមលំដាប់​ការ​ហៅថា​ពិធីបុណ្យនេះ​អញ្ចឹង ដូច​ជា​អុំទូកប្រណាំង ការ​បណ្ដែត​ប្រទីប ពិធីអកអំបុក និង​សំពះ​ព្រះខែ​ជា​ដើម។ 

ពិធី​ប្រណាំង​ទូក​ង

ដូចនេះ ដោយ​​យោង​តាម​ឯកសារ​ប្រវត្តិ​ព្រះបាទជ័យ​វរ្ម័នទី៧​ជាគោល ពិធីអុំទូក​ត្រូវបាន​ប្រារព្ធ​ឡើង​ដើម្បីរំលឹក​ដល់គំរូវីរភាព​របស់​ព្រះអង្គ​ក្នុង​ការ​ដឹកនាំ​ទ័ព​ជើង​ទឹក​យក​ឈ្នះ​លើអាណាចក្រ​ចម្ប៉ា និង​បាន​បណ្ដេញ​​សត្រូវ​ឈ្លាន​ពានទាំងនោះ​ ​ដោយទទួល​បាន​ជោគជ័យ​ក្នុង​រាជការ​របស់​ព្រះអង្គនា​សម័យ​នោះ។

ដោយ​ជ័យ​ជំនះ​នេះ ទើប​មាន​ការ​រៀប​ចំ​ការ​ប្រណាំង​ទូក​ង ទៅតាមវីរភាព​ទ័ព​ជើង​ទឹក​របស់​ព្រះ​អង្គ​នា​សម័យ​នោះ ពិធី​បុណ្យ​អុំទូក ក៏​ចាប់មាន​​ឡើង​ការ​ប្រណាំង​ទូក​លើផ្ទៃ​ទន្លេ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា និង​មាន​ការ​ចូលរួម​ពី​ក្រុម​ទូក​ពី​គ្រប់​បណ្ដាល​រាជធានី​ខេត្ត​ទាំងអស់។ ចំពោះ​ការ​រចនា​ទូក មាន​ទាំង​ក្បាលទូក និង​រចនាបទ​ទូក​ទាំងមូល ដោយ​ក្បាលទូកមាន​ការ​រចនា​ម៉ូតប្លែកៗ និង​ផ្សេងៗគ្នា​ដូចជា ម៉ូត​រចនា​ក្បាលទូក​សត្វ​មករ គ្រុឌ នាគ នាគ​ក្បាល​៥ រាជ​ហង្ស ហនុមា​ជិះយក្ស ក្បាលដំរី ក្រពើ និង​សុវណ្ណមច្ឆា​ជា​ដើម។ ហើយ​រូប​រចនា​ម៉ូត​ក្បាលទូក​ទាំង​នេះ គឺ​យក​តាម​រចនា​បទ​ចម្លាក់​ប្រាសាទ ដែល​ស្ថាបត្យករ​ខ្មែរ​បុណ្យ​បាន​ប្រើ​ប្រាស់​លើ​ចម្លាក់​ផ្ទាំង​សិលានៃ​ប្រាសាទ​បន្ទាយ​ឆ្មា និង​ប្រាសាទ​បាយ័ន​ជាដើម។ 

បណ្ដែត​ប្រទីប

បន្ទាប់​មក ដោយ​តាម​ប្រពៃ​ណី​វប្បធម៌​ខ្មែរ​តាំង​ពី​បុរាណកាល​មក និង​មាន​ឥទ្ធពល​ពី​ឥណ្ឌា​ផង​នោះ ការ​គោរព​បូជា​ទៅ​លើ​វត្ថុ​សក្តិសិទ្ធិ​ និង​មាន​​ជំនឿ​ថា​ លើ​ផ្ទៃ និង​ក្នុងដែលទឹក​ក៏មាន​វត្ថុ​សក្ដិ​សិទ្ធិ​នៅ​ចាំ​ថែរក្សា ហើយ​ចំពោះ​ដែន​ទឹក​ (ពុំ​មែន​ជា​សមុទ្រ) ដូចជាទន្លេ​ ស្ទឹង​ ព្រែក​ បឹង ដែល​​​​ជា​ប្រភព​ទឹក​សម្រាប់​មនុស្ស​សត្វ​ទាំង​ពួង​រស់​នៅ ​មាន​ព្រះ​ម៉ែគង្គារ ជា​អ្នក​ស្ថិត​​នៅ​ថែ​រក្សា ដោយ​នាំនូវដីល្បាប់សម្រាប់​ដំណាំ និង​ភោគ​ផល​ត្រី​ជាដើម។ ដូចនេះ ក៏មាន​ការ​បណ្តែត​ប្រទីប ជាមួយនឹង​​ជំនឿតៗគ្នា​ថា ដើម្បី​បួងសួង​សុំ​សេចក្ដី​សុខពី​ព្រះម៉ែគង្គារ ។ នៅពេល​​ព្រះអាទិត្យ​​បាន​​​អស់​សុន្តគតទៅ​ប្រហែល​នៅ​ម៉ោង៦ល្ងាច ប្រទីបធំៗ​​ក៏​បាន​ចាប់ផ្តើមពន្លយចេញនៅតាមដងទន្លេចតុមុខ​។ 

ក្រោយ​មក ប្រហែលជានៅក្នុងរជ្ជកាលព្រះបាទចន្ទរាជក្នុង​អំឡុងឆ្នាំ១៥២៩នៃគសករាជ​ ប្រពៃណីនៃការបណ្តែតប្រទីប ត្រូវបាន​ប្រជាជនខ្មែរនិយម​ចាប់ផ្តើម​ប្រារព្ធ​ឡើង ​​ក្នុង​ពិធី​បុណ្យ​អុំទូក នា​​ពេល​​ព្រះអាទិត្យបាន​អស់សុន្តគត និង​បន្ទាប់ពី​ការ​ប្រណាំង​ទូក​ង​នៅ​ពេល​ថ្ងៃនោះ។ ក្រៅពីការបណ្តែតប្រទីតធំៗ ប្រជាជនខ្មែរនិយមធ្វើនូវកូនប្រទីបតូចៗ ជាការអប​អរ​ដល់​ជ័យជំនះ និង​ដឹងគុណដល់​ព្រះម៉ែគង្គារផង ហើយ​ដើម្បីជាការបួងសួងសុំសេចក្តី​សុខ​​សប្បាយ​​សម្បូរ​ភោគ​ផល​ក្នុង​​ការ​​នេសាទត្រី ដែលជារបរ​ចិញ្ចឹម​ជីវិត​ប្រចាំ​ថ្ងៃផង។ ហើយ​ក៏​​បង្ហាញ​ពីការស្រលាញ់ និង គោរពនូវធម្មជាតិ ជាមាតា និងថែរក្សា មាតាខ្លួន ប្រកបដោយ ការដឹងគុណ និង ខមាលទោស។ (ព្រះម៉ែគង្គារត្រូវបានគេ​ជឿថា មាន​ព្រះហស្ថ​កាន់ផ្កាឈូក និង​ក្អមទឹក មានយាន្តជំនិះ ជាសត្វទឹក មកករ ត្រីរាជ ក្រពើ អណ្តើកជាដើម។) 

អកអំបុក និង​សំពះព្រះខែ

ចំណែកឯរឿងរ៉ាវដែលទាក់ទងទៅនឹងប្រវត្តិនៃការអកអំបុក សំពះព្រះខែវិញ ត្រូវបានឯកសារប្រវត្តិសាស្រ្តមួយរបស់អ្នកស្រីសាស្រ្តាចារ្យ ឡាយ ហ៊ុនគី ក្រោម​ចំណង​ជើងថា «ប្រវត្តិនិទាននៃពិធី អកអំបុក និងសំពះព្រះខែ» បានធ្វើសេចក្តីអធិប្បាយថា ប្រវត្តិពិធី អកអំបុក និងសំពះព្រះខែ ត្រូវបានគេជឿថា បង្កើតឡើងនៅក្នុងរាជព្រះបាទ បរមរាជា ក្នុងឆ្នាំ (១៥៦៨ នៃ គ.ស)។ 

រឿងនេះកើតចេញពី ព្រះសុបិន របស់ព្រះអង្គ ដែលព្រះអង្គសុបិនឃើញខ្លួនឯងជាបុរសព្រាហ្មណ៍ព្រៃ មាន​ន័យ​ថាអ្នក​បរបាញ់​ ក្នុង​សុបិននោះទ្រង់​មិន​បរបាញ់​សត្វព្​រៃនោះ​ទេ ព្រោះទ្រង់​គោរព​នូវ​ពុទ្ធ​សាសនា ទ្រង់បានបង្កាត់ភ្លើងកម្ដៅខ្លួននិងសុខចិត្តអត់អាហារដោយការទ្រាំ។ 

គ្រានោះមានទន្សាយមួយបានសម្ដៅមកទ្រង់ហើយពោលថាបើឃ្លានអ្នកអាចបរិភោគសាច់ខ្ញុំបាន ពោលចប់ទន្សាយក៏ហក់ចូលភ្លើងដែលបង្កាត់នោះភ្លាម ពេលនោះទ្រង់បានយកដៃទៅទ្រទន្សាយនោះហើយពោលថា យើងមិនចង់ស៊ីឯងនោះទេ ហើយក៏ព្រលែងទន្សាយនោះទៅវិញ។ ដោយក្ដីរំជួល​ចិត្តរបស់ព្រះឥន្ទ្រដែលមកសាកល្បងចិត្តបុណ្យជាមួយនិងព្រះបាទ បរមរាជ រំពេចនោះ ទន្សាយនោះក៏ហក់ចូលភ្លើងម្ដងទៀត។ ដើម្បីបានជាអាហារដល់ព្រាហ្មណ៍នោះ ដោយក្ដីអាណិតទៅលើសត្វទន្សាយទ្រង់បួងសួងដល់ព្រះម៉ែគង្ហីង ព្រះធរណី សុំឲរូបទន្សាយមាន ឌិតជាប់នៅលើដួងព្រះចន្ទ ក្នុងសុបិននោះ ព្រះ​ម៉ែគង្ហីង​ព្រះធរណី បាន​យក​ថ្មស​ចង្កូម​កែវ ដែលយើងហៅថាម្នាងសិលា គូររូបទន្សាយលើ​ដួងព្រះចន្ទ ហើយប្រាប់ថា​ទន្សាយ​នោះគឺ ព្រះឥន្ទ្រចង់មកសាកល្បងចិត្តបុណ្យរបស់ព្រះអង្គបន្ទូលប្រាប់ចប់ ព្រះបរមរាជាក៏ភ្ញាក់ដឹងព្រះកាយ។ 

ក្រោយភ្ញាក់ពីសុបិន ទ្រង់បាននាំមហេសីទ្រង់ទៅមើលព្រះចន្ទពេញវង្សដែលមានរាង្គជារូបទន្សាយក្នុងនោះពិតមែនទើបទ្រង់បង្កើតឲ្យមានពិធីសែនព្រេនដល់ព្រះឥន្ទ្រដែលនិមិត្តកាយជាសត្វទន្សាយក្នុងដួងព្រះចន្ទនោះ ដែលរណ្ដាប់ទាំងអស់ជា​ដង្វាយដែលសត្វទន្សាយចូលចិត្ត ហើយទ្រង់បានបញ្ជារឲ្យនាម៉ឺនសេនាសាងសង់វត្តមួយដើម្បីបូជាដល់ព្រះឥន្ទ្រ ដែលមានឈ្មោះថា (វត្តព្រះឥន្ទ្រ) ក្នុងខេត្តកំពង់ឆ្នាំង ហើយក្រោយមកបានប្ដូរឈ្មោះមក វត្តព្រះឥន្ទ្រទេពវិញ ដោយការសាងរូបបដិមាព្រះពុទ្ធដែលមាននៅក្នុងខេត្តកំពង់ឆ្នាំងសព្វថ្ងៃនេះ ។ រីឯរបៀបនៃការប្រារព្ធនូវពិធីទាំង២នេះវិញគឺ ដំបូងគេត្រូវ​អុជធូប​សែន​ព្រេន​ជា​មុនសិន ដែលនៅក្នុងនោះមានដូចជា អំបុក ទឹកដូង និង ចេកអំបូងជាដើម។ នាពេល​ដែល​គៀក​ម៉ោង​អក​អំបុក គេ​យក​ដៃក្ដាប់អំបុក​អក​ងើយ​មើល​ព្រះខែ ហើយបើកាលណាអ្នកអកអំបុកម្នាក់ឯងទៅឈ្លក់អ្នកនិង មានវិបត្តផ្លូវចិត្តនាដើមឆ្នាំ នៃឆ្នាំបន្ទាប់ នេះ​គឺជា​ជំនឿ​មួយ​ពីបុរាណកាល ដែល​អ្នកមួយ​ចំនួន​សឹង​តែមិន​បានដឹង ។ នៅក្នុង​ពិធី​អក​អំបុក​គេអាច​លេង​ល្បែងជាក្រុម ដែលឲ្យសមាជិកងើយអកអំបុកហើយប្រើពិធីចំ​អក​ឡក​លើយ​ធ្វើយ៉ាង​ណា​ឱ្យ​សមាជិក អករហូតដល់ឈ្លក់សើចទើបសម្រេចថាឲ្យចាញ់ ហើយគេឲ្យអ្នកចាញ់ហូបអំបុកជាមួយចេករហូតដល់អួរ។ 

សរុប​សេច​ក្ដី​មក​វិញ មក​ទល់​សព្វថ្ងៃ​នេះ ពិធីបុណ្យទាំង​អស់នេះ ត្រូវបាន​រាប់​ដាក់បញ្ចូល​គ្នា និង​មាន​ឈ្មោះជារួមមួយថា «ពិធីបុណ្យ​អុំទូក បណ្តែត​ប្រទីប អកអំបុក សំពះព្រះខែ» នឹង​ត្រូវបានរាជរដ្ឋាភិបាល​សម្រេចឱ្យ​យមានការប្រារព្ធជា​ពិធីបុណ្យ​ថ្នាក់​ជាតិ និងមាន​ការ​ឈប់​សម្រាក​ពី​ការងារ​រយៈពេល៣ថ្ងៃ ដោយមានការប្រារព្ធ​ពិធី​ប្រណាំងទូករយៈ​ពេល​៣ថ្ងៃជាប់គ្នា ដោយ​​ចាប់​ផ្ដើម​​​នា​​វេលា​ប្រហែលជា​ម៉ោង​១០​ព្រឹក មាន​ការ​ចូល​រួម​ពី​ក្រុម​​ទូក​ង​​មក​ពី​គ្រប់​ខេត្ត​ក្រុង ហើយមានការបណ្តែតប្រទីប​នៅពេលល្ងាចម៉ោង៦ ចំណែកឯការអកអំបុកសំពះព្រះខែវិញ ប្រជាជនខ្មែរនិយមធ្វើតាមផ្ទះស្រុកភូមិរៀងៗខ្លួននៅអធ្រាតថ្ងៃទីបីនៃពិធីបុណ្យនេះ​ ។ 

ក្នុង​ឆ្នាំ​នេះ​ ត្បិត​តែ​ពិធី​ធំ​ប្រណាំង​ទូក​ង និង​បណ្ដែត​ប្រទីប​នៅ​មុខ​ព្រះ​បរមរាជវាំង ត្រូវ​បាន​ផ្អាក​​ដោយ​សារ​ជំងឺ​កូវីដ​១៩ ក៏ពិត​មែន ក៏​ការ​ឈប់​សម្រាក​រយៈ​ពេល​៣​ថ្ងៃ​នៅ​តែ​មាន ហើយ​​ប្រជាពលរដ្ឋ​ខ្មែ​រ​ទាំង​អស់​ ក៏​នៅ​តែ​អាច​ធ្វើ​ពិធី​បួង​សួង អកអំបុក និង​សំពះ​ព្រះ​ខែ​ជុំ​គ្នា​នៅ​​ឯ​ផ្ទះ​រៀងៗ​​ខ្លួន​​តាម​​ធម្មតា ដូចនេះ​​ ខ្ញុំ​សូម​ជូនពរ​​ដល់​ប្រិយ​មិត្ត​​អ្នក​អាន​​ទាំងអស់ ជួប​​តែ​សុភមង្គល សុខ​​សប្បាយ និង​​រីករាយ​​ក្នុង​ថ្ងៃ​​បុណ្យ​អុំ​ទូក​​ក្នុ​ង​ឆ្នាំនេះ​​ផង​​ដែរ សូម​អរគុណ ៕

Leave a comment