ការរៀនចេះដាក់ខ្លួន ទទួលយកគំនិត និងរៀនសូត្រពីអ្នកដទៃ គឺជាផ្នត់គំនិត ដែលយើងគួរគិតពិចារណាឡើងវិញ «មិនព្រមខំរៀនសូត្រពីគេ ចេះតែគិតថាខ្លួនត្រូវជានិច្ច ហើយមិនចេះរក្សាចិត្តគំនិតដោយចាប់ផ្តើមពីសូន្យទៅសោះ»។
តាមពិតទៅមនុស្សហើយនិងសត្វមានលក្ខណៈស្រដៀងគ្នាទេ គឺសុទ្ធតែចេះការពារ និងរក្សាខ្លួនទាំងអស់ដូចគ្នា ប៉ុន្តែមានចំណុចមួយដែលខុសគ្នាខ្លាំងនោះគឺ មនុស្សចេះរៀនសូត្រ និងចេះគិតគូពិចារណា។ ព្រោះមនុស្សលោកយើងគឺត្រូវតែរៀនមិនចេះឈប់ ទើបមិនធ្វើឲ្យទេពកុសលរបស់យើងមិនកប់ចោលដោយឥតប្រយោជន៍។ ត្រូវតែព្យាយាមរៀនសូត្រជានិច្ច ដោយតាំងខ្លួនថាមិនចេះទើបទៅរៀនកុំគិតថាខ្លួនចេះជាងគេនោះ «ចេះឯងឲ្យក្រែងចេះគេ» ផងណា។
ចុះបើយើងចង់រៀនមែននោះ តើត្រូវរៀនពីអ្នកណាទៅបើយើងបញ្ចប់ការសិក្សាទៅហើយនោះ ជាការងាយណាស់ យើងអាចរៀនពីការងារ រៀនពីមនុស្សនៅជុំវិញខ្លួន រៀនពីរឿងរ៉ាវដែលធ្លាប់កើតមាន និងពិសេសនោះគឺរៀនពីបុគ្គលដែលជោគជ័យ។ ហើយយើងត្រូវរៀនអំពីអ្វីដែលវិជ្ជមាន និងល្អៗ ត្រូវបោះបង់អ្វីដែលអាក្រក់ និងមានភាពអវិជ្ជមាន ព្រោះថានៅពេលដែលយើងក្រេបជញ្ជក់នូវគំនិតដែលមានជាតិពុលនោះ វាអាចនឹងស៊ីអស់នូវចិត្តគំនិតរបស់យើង រួចធ្វើឲ្យជីវិតយើងបរាជ័យគ្រប់ពេល។
សរុបមកវិញ នាសម័យសេដ្ឋកិច្ចដែលមានព័ត៌មានសម្បូរបែបដូចពេលបច្ចុប្បន្ននេះ ចំណេះដឹង និងការរៀនសូត្រគឺជា Passport សម្រាប់យើងឆ្លងទៅអនាគត ដូចនេះយើងត្រូវខំរៀនគ្រប់ពេលទាំងអស់ ទើបមិនងាយត្រូវសម័យកាលបោះបង់យើងចោល មិនថាយើងចេះដល់កំពូលកម្រិតណា ក៏ត្រូវតែចេះដាក់ខ្លួន ចេះស្ដាប់ទទួលយោបល់អ្នកដទៃ ពិសេសការតាំងចិត្តរៀនសូត្រពីចំណុចសូន្យឡើងវិញ។