៣មិន និង​៣ត្រូវ ដើម្បីគ្រប់គ្រងឥទ្ធិពលមិនល្អពីអារម្មណ៍

តើអ្នកជាបុគ្គល ដែលតែងតែទទួលឥទ្ធិពលពីអារម្មណ៍របស់អ្នក​មែនទេ? មិនថាល្អ​ ឬមិនល្អីក្ដី ការឆាប់ទទួលឥទ្ធិពលពីអារម្មណ៍អាចផ្ដល់​ផល​​អវិជ្ជមាន ឬផលប៉ះពាល់ដល់ការឈានទៅរកភាពជោគជ័យក្នុងជីវិត។ ដូចគ្នាទៅនឹងការ​វាយតម្លៃចំពោះបុគ្គលជោគជ័យ ដោយផ្អែក​លើ​កត្តាមួយ​ចំនួន ក៏ជាការសន្និដ្ឋានថាតើ មនុស្សម្នាក់ជាបុគ្គលមានភាពជោគជ័យ ឬគ្មានត្រូវពិនិត្យលើចំណុចទាំងប្រាំនេះ៖​ (១). ចេះគ្រប់គ្រង​អារម្មណ៍​ខ្លួនឯងឬអត់? (២). មានសុខភាពមាំមួនឬទេ? (៣). មានទំនាក់ទំនងល្អជាមួយអ្នកដទៃឬទេ? (៤). ចេះគ្រប់គ្រងពេលវេលាបានល្អឬអត់?​ (៥). ចេះចាត់ចែងលុយកាក់បានល្អឬទេ?

ហេតុអ្វីបានជាអារម្មណ៍ជាកត្តាដំបូងគេក្នុងភាពជោគជ័យនេះ ព្រោះមនុស្សដែលមាន​​សុខភាព​ល្អ មាំមួន​យ៉ាង​ណា​ក្តី នៅ​ពេល​ដែលគាត់មាន​​អារម្មណ៍​មិន​ល្អ​ក៏​អាច​ជះឥទ្ធិពលខ្លាំងដល់សុខភាពដែរ។ មក​ទល់សម័យបច្ចុប្បន្ន​កត្តា​ដែល​ជំរុញ​ឲ្យ​មនុស្ស​​ជោគ​​ជ័យ​​គឺ​​​២០%​​​ពឹង​​ផ្អែក​លើ​​ប្រាជ្ញា រីឯ​៨០%​ភាគ​ទៀត​ទទួល​ឥទ្ធិ​ពល​ពី​អារម្មណ៍ ដូច្នេះបើ​យើង​គ្រប់គ្រង​អារម្មណ៍​ខ្លួន​ឯង​បានល្អ វា​អាច​ជួយ​ផ្តល់​កម្លាំង និង​​ថាម​ពល​ដល់​យើង​បាន​ច្រើន ហើយយើងមិន​គួរណា​ព្រោះ​តែ​រឿង​​បន្តិច​​បន្តួច​​នៅ​​ក្នុង​​ការ​​រស់​នៅ​ក៏​ឆោឡោ​នៅ​មិន​សុខ​ក្នុង​ខ្លួន​ទេ ដែល​នាំ​​តែ​​មាន​​ការ​លំបាក​​ដល់​ខ្លួន​ឯង​តែ​ប៉ុណ្ណោះ។

ដូចពាក្យចាស់លោកថា ខឹងខុស ខឹងខាត ខឹងនាំប្រមាទ ខឹងបាត់ពិចារណា ខឹងប្រឹងកម្លាំងបាយ ខឹងខ្ជាយស្មារតី …

ដូច្នេះយើងគួរតែប្រកាន់ភ្ជាប់នូវចិត្តគំនិត «៣មិន» និង«៣ត្រូវ» នោះគឺ (១) មិនចេះតែរិះគន់អ្នកដទៃ (២) មិន​ចេះ​តែ​ត្អូញ​ត្អែរ​ដាក់​អ្នក​ដទៃ និង​ (៣) មិន​ចេះ​តែ​បន្ទោស​កំហុក​ដល់​អ្នកដទៃ ហើយ (១) ត្រូវចេះលើកទឹកចិត្តខ្លួនឯង និងអ្នក​ដទៃ​ឲ្យ​បាន​ច្រើន (២) ទទួល​ស្គាល់​គេ​ឯង​​ឲ្យ​បាន​​ច្រើន និង (៣) ត្រូវលើកសរសើរគេឯងឲ្យបានច្រើន។ ធ្វើដូចនេះ​យើង​នឹង​ក្លាយ​ជាមនុស្ស​ដែល​មាន​ទំនាក់ទំនងល្អក្នុងសង្គម និង​អ្នកនៅជុំវិញខ្លួនយើង។ ហើយ​បើ​យើង​គិត​ចង់ឲ្យអ្នក​ដែល​នៅ​ជុំវិញ​ខ្លួន​យើង​ក្លាយ​ជាមនុស្ស​កាន់​តែប្រសើរ​នោះ យើងត្រូវតែ​សរសើរ​នៅ​​ចំណុច​ល្អ និង​លើក​ទឹកចិត្ត​គ្នា​ឲ្យ​បាន​ច្រើន។

ប៉ុន្តែ​ប្រសិនបើម្នាក់នោះពិតជាមានចំណុចខ្វះខាតពិតមែនតើយើងត្រូវធ្វើយ៉ាងទៅ? ជាការ​ពិត​ណាស់ ​មនុស្ស​យើង​គ្រប់រូប​គឺ​មិន​សុទ្ធ​តែ​គ្រប់​ដប់ទាំង​អស់​នោះ​ទេ យើង​ត្រូវ​យល់​អំពី​រឿងនេះជាមុនសិន ហើយ​ត្រូវ​ធ្វើ​ឲ្យ​អ្នក​ដទៃ​យល់​ផង​ដែរ​។ ហើយ​ក៏មាន​អ្នកខ្លះ​នៅ​ពេល​ដែល​ផ្តល់​គំនិត​យោបល់​ដល់​យើង យើង​រីករាយ​នឹង​ទទួល​យក​វា តែ​លុះ​ដល់​យើង​ឲ្យ​យោបល់​ទៅ​គេ​វិញ​គេ​ក៏​ចាប់​ផ្តើម​ខឹង​នឹង​យើង​ភ្លាម​តែ​ម្តង​ក៏​អាច​កើត​មាន​ដែរ។

ម្លោះហើយ​យើង​មាន​វិធីសាស្រ្ត​ឲ្យល្អ​ក្នុង​កា​រផ្តល់​គំនិត​យោបល់​ដល់​គេ ដូច​ជា​យើង​អាច​ធ្វើយ៉ាង​ដូចនេះ​បាន​ដោយ​ជាដំបូងយើងសរសើរ​គេ​ជាមុន​សិន​រួច​ចាំ​រិះ​គន់ និង​ផ្តល់​យោបល់​ដើម្បី​ស្ថាបនា ហើយ​សរសើរ​គេទៀត… ធ្វើ​ដូច​នេះ​ទើប​មាន​ភាព​ប្រសើរ​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា។ បើយើងគិតសព្វៗទៅ នៅពេល​ដែលយើង​គិត​តែ​ពី​សរសើរ​អ្នកដទៃ​ជាច្រើនៗ​ក្នុង​មួយថ្ងៃៗ ប្រហែល​មាន​មនុស្ស​មួយ​ចំនួន​អាច​នឹង​គិតថា​យើង​វៃអែប​ស៊ីអប​ក៏ថា​បាន។

ប៉ុន្តែការសរសើរ និងការ​វៃអែប​ស៊ីអប​វាជារឿង​ពីរ​ផ្សេង​គ្នា។ ការ​សរសើរ​របស់​យើង​ចំពោះ​អ្នកដទៃ​ពិតប្រាកដ​នោះ​គឺ (១).ដោយស្មោះស (២).ផុស​ចេញពី​ចិត្ត​ពិត (៣).ហើយ​មាន​ការ​ទទួល​ស្គាល់​ពីមហាជន និង (៤).មិនគិត​ពី​ផល​ប្រយោជន៍​ផ្ទាល់ខ្លួន។ ផ្ទុយមកវិញ បើយើង​សរសើរ​គេដោយ​មានគោល​បំណង​អ្វីមួយ​ខ្លាំង​ក្លា​នោះ គេហៅថា​វៃអែប​ស៊ីអប​មែន​ហើយ។ ដូចនេះ​នៅពេល​ដែលអ្នក​សរសើរ​អ្នកដទៃ​ត្រូវលើក​សរសើរ​នៅ​ចំពោះ​មុខ​ឲ្យ​ខ្លាំងៗ ហើយបើ​ចង់រិះគន់​គេ​ត្រូវចេះ​ខាំមាត់​អប់អណ្តាត​កុំ​ក្រលាស់​តែ​ផ្តាស់​ឲ្យ​សោះ​ទើប​ជា​ការ​ប្រសើរ​ចំពោះ​ខ្លួន​យើង និង​អ្នក​ដែល​នៅ​ជុំវិញ​ខ្លួន​យើង​។

បន្ទាប់ពីអានអត្ថបទរបស់ខ្ញុំនេះហើយ ខ្ញុំសង្ឃឹមថា មិត្តអ្នកអានទាំងអស់​នឹងយល់កាន់តែច្បាស់ពីការគ្រប់គ្រងអារម្មណ៍របស់ខ្លួន ហើយអាចអនុវត្តទៅតាមវិធាន ៣មិន និង​៣ត្រូវ ដើម្បីគ្រប់គ្រងឥទ្ធិពលមិនល្អពីអារម្មណ៍ ដែលជាឧបសគ្គរារាំងដល់ការរីកចម្រើន និង​ភាពជោគជ័យរបស់អ្នកទាំងអស់បានការតែប្រសើរជាងនេះ។ ប្រសិនបើមានមតិយោបល់ ឬសំណូមពរបន្ថែមអាចទាក់ទងផ្ដល់មតិមកកាន់ខ្ញុំផ្ទាល់​ ឬធ្វើការ​ខមិននៅខាងក្រោមអត្ថបទនេះក៏បាន។ 

Leave a comment