ប្រហែលជាអ្នកអាចមើលរំលងរឿងមួយថា៖ «ដើមរដូវសាបព្រោះ ចាំដល់ចុងរដូវទើបអាចប្រមូលផលបាន។»
សុភាសិតបុណ្យ
អាចមានមនុស្សជាច្រើនធ្វើការងារ ឬរឿងអ្វីមួយមានចិត្តតក់ក្រហល់ ទើបចាប់ផ្តើមមិនទាន់បានប៉ុន្មានផង ក៏ប្រញ៉ាប់ចង់បានលទ្ធផលតបស្នងទៅហើយ។ វាដូចជាយើងរៀនលេងភ្លេង រៀនភាសា ឬក៏រៀនអ្វីមួយក៏ដោយ ទើបតែចាប់ផ្តើមសោះក៏មានអារម្មណ៍ថាលំបាករៀនគិតថាខ្លួនរៀនមិនចេះ ក៏ឈប់រៀនបោះបង់វាចោលហើយទៅរករៀនអ្វីផ្សេងទៅវិញ។ វាក៏ដូចជាមនុស្សមួយចំនួនរកស៊ី ទើបតែចាប់ផ្តើមមិនឃើញបានផលចំណេញអី្វក៏ចាប់ផ្តើមរុញរាលចង់បោះបង់ទៅហើយ មានអ្នកខ្លះបានរយៈពេល១ខែ អ្នកខ្លះ៣ខែ អ្នកខ្លះបានកន្លះឆ្នាំ ហើយមានអ្នកខ្លះទៀតបានត្រឹមមួយឆ្នាំក៏បោះបង់ចោល។
ពេលខ្លះយើងអាចគិតមិនយល់ថាហេតុអ្វីបានជាជួបឧបសគ្គបន្តិចបន្តួចប៉ុណ្ណឹងអីក៏ឆាប់បោះបង់ចោលយ៉ាងនេះទៅហើយ? ប៉ុន្តែតាមរយៈនេះយើងអាចសង្កេតឃើញថាការឆាប់បោះបង់ ដូច្នេះអាចក្លាយជាទំលាប់មួយ ហើយជាទំលាប់អាក្រក់មួយរបស់អ្នកបរាជ័យទៀតផង។ ដូចនេះបានថាយើងត្រូវមានចក្ខុវិស័យឲ្យបានវែងឆ្ងាយ សម្លឹងមើលឲ្យកាន់តែឆ្ងាយជាងនេះទៅទៀត ដោយប្រើចក្ខុរបស់យើងសម្លឹងឲ្យឃើញអនាគតរបស់ខ្លួន។ ចំពោះបុគ្គលដែលតែងតែទំលាប់ខ្លួនបោះបង់នូវឆន្ទៈ ឬគ្មានការតស៊ូនោះ យើងអាចប្រើពាក្យមួយមកដាស់តឿនខ្លួនឯងថា៖ «បុគ្គលជោគជ័យគឺកើតចេញពីការតស៊ូព្យាយាម រីឯបុគ្គលដែលគ្មានការតស៊ូព្យាយាម និងតែងតែបោះបង់គឺតែងតែទទួលនូវបរាជ័យជានិច្ច»។
តើហេតុអ្វីបានជាបុគ្គលភាគច្រើនងាយនឹងបោះបង់ការតស៊ូព្យាយាមនោះ? តាមលោក ណាប៉ូឡេអុងហៀល បាននិយាយថា៖ «មនុស្សដែលក្រមានទស្សនៈមិនល្អពីរនោះគឺ៖ (១). តែងតែបដិសេធចំពោះឱកាស ហើយនិង (២). តែងតែគិតចង់មានបានតែក្នុងមួយយប់គឺក្លាយជាអ្នកមានតែម្តង»។ បើទោះជាក្នុងពេលនេះយើងផ្តល់នូវឱកាសឲ្យគាត់ ក៏គាត់នៅតែបដិសេធដែរ ឧទាហរណ៍ តើយើងធ្លាប់ជួបប្រទះរឿងដូចនេះដែរឬទេ នៅពេលយើងទទួលបានជោគជ័យក្នុងមុខរបរអ្វីមួយហើយ យើងទៅប្រាប់អ្នកដែលនៅជុំវិញខ្លួនយើងដូចជាមិត្តភក្តិ និងសាច់ញាតបងប្អូនជាដើមអំពីបទពិសោធន៍ដ៏ជោគជ័យទាំងអស់របស់យើង ហើយឲ្យពួកគាត់ប្រកបរបររកស៊ីនោះតាម តើយើងអាចធានាចំពោះពួកគាត់បានទេថាពិតជាជោគជ័យដូចយើងមែននោះ? តើអាចមានអ្នកធ្វើតាមយើងឬអត់? ប្រហែលជាពួកគាត់ភាគច្រើននឹងប្រាប់យើងថា យើងអាចធ្វើបានប៉ុន្តែបើប្តូរជាពួកគាត់វិញ គឺពិតជាមិនបានជាដាច់ខាត។ ទាំងនេះហើយ គឺជាទស្សនៈរបស់អ្នកក្រ។
ហើយចំពោះចំណុចថាតែងតែគិតចង់បានតែក្នុងមួយយប់គឺក្លាយជាអ្នកមានតែម្តងនោះ គឺនៅពេលដែលយើងពន្យល់ប្រាប់ពួកគាត់ឲ្យទៅប្រកបរបររកស៊ីអ្វីមួយនោះ ពួកគាត់នឹងសួរថាតើអាចចំណេញលុយបានឬទេមុខរបរនេះ? យើងក៏តបថាអាចរកលុយបាន។ ពួកគាត់មុខជាសួរទៀតហើយថាងាយស្រួលប្រកបឬទេ? បើយើងឆ្លើយថាគឺវាងាយណាស់។ សំណួរទី៣នឹងកើតឡើងទៀតហើយថាឆាប់ចំណេញឬទេ? នៅពេលដែលយើងឆ្លើយថាឆាប់ នោះពួកគាត់នឹងយល់ព្រមធ្វើវាមិនខាន។ បើយើងគិតមកវិញថាបើពិតជាមានមុខរបរងាយស្រួលរកស៊ី និងឆាប់ចំណេញលុយយ៉ាងនេះតើអាចនឹងដល់វេនយើងទៅប្រកបឬទេ? ជាការពិតណាស់នឹងមានមនុស្សជាច្រើនដណ្តើមគ្នាទៅធ្វើវាមុនយើងមិនខាន។
ដូចនេះហើយបានថា យើងត្រូវតែរៀនចេះលះបង់ ហើយហេតុអ្វីបានត្រូវលះបង់? ព្រោះថាយើងលះបង់ដើម្បីក្តីស្រមៃរបស់យើង មានអ្នកខ្លះគាត់គិតតែចង់មានចង់បាន ប៉ុន្តែគាត់មិនដែលចេញដើម ឬលះបង់ដើម្បីទទួលនូវភាពមានបានដែលពួកគាត់ស្រមៃចង់បាននោះទេ។ មនុស្សគឺរស់ដោយក្តីសង្ឃឹម និងបំណងប្រាថ្នារបស់ខ្លួន ហើយបើយើងរស់ឲ្យបានតែរស់នោះជីវិតពិតជាគ្មានន័យខ្លឹមសារអ្វីទាំងអស់។
ក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗ បើយើងចង់ទទួលបាននូវអ្វីមួយ នោះយើងត្រូវតែរៀនលះបង់វាជាមុនសិន បើយើងចង់បានពេលវេលាយើងត្រូវចេះលះបង់ពេលជាមុន បើយើងចង់បានចំណេញលុយឲ្យច្រើនយើងត្រូវចេះលះបង់លុយដែរ នោះគឺមានន័យថាយើងត្រូវចេះយកលុយទៅវិនិយោគ ចំណាយ ឬប្រើប្រាស់ដើម្បីចំណេញលុយមកវិញ។ ហើយបានយើងចង់នៅជាមួយគ្រួសាររបស់យើងបានច្រើនយើងក៏ត្រូវរៀនលះបង់ពេលមួយចំនួនពីគ្រូសារយើងដែរ។
ពិតប្រាកដណាស់ប្រសិនបើយើងផ្តល់ការលះបង់ទៅលើអ្វីមួយហើយយើងនឹងអាចទទួលបាននូវអ្វីៗជាច្រើនពីការលះបង់នោះបានកាន់តែច្រើន បីដូចជាយើងសាបព្រោះដើម្បីដាំដំណាំអញ្ចឹង យើងលះបង់គ្រាប់ពូជក្នុងការដាំវា ហើយចំណាយពេលនិងកំលាំងពលកម្ម ថែទាំ ស្រោចទឹក ជំរះស្មៅ សម្លាប់សត្វល្អិត ហើយនៅចុងក្រោយយើងនឹងទទួលបានភោគផលពីការលះបង់ទាំងនេះវិញមិនខានដោយផលបានពីការខំប្រឹងដំាដុះរបស់យើង។
ដូច្នេះនៅក្នុងជីវភាពប្រចាំថ្ងៃរបស់យើង យើងម្នាក់ៗត្រូវចេះលះបង់ គឺចំណាយកំលាំង ឬលុយកាក់ ឬអ្វីផ្សេងៗ ហើយមិនត្រូវតក់ក្រហល់ឆាប់ចង់ទទួលផលពេកទេ ព្រោះក្នុងលោកនេះគ្មានអ្វីដែលបានមកដោយទទេនោះទេ ហើយក៏គ្មានភាពជោគជ័យណាដែលបានមកដោយគ្មានការខំប្រឹងប្រែងរបស់យើងទេ។