ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ១៩៥៣

ពិធីបុណ្យឯករាជ្យជាតិ ត្រូវបាន​ប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នៅទីតាំងវិមានឯករាជ្យក្នុងរាជធានីភ្នំពេញ។ ដោយមាន​ការរួមពីប្រជាជនទូទាំងប្រទេស មានទាំងលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស​ អ្នកមុខអ្នកការ មន្រ្ដីរាជការធំៗរហូតដល់ព្រះមហាក្សត្រ។ ពិធីនេះប្រារព្ធឡើងចាប់តាំងពីឆ្នាំ១៩៥៣ មកម្លេះ ដើម្បីអបអរសាទរ និងរំលឹកចំពោះការទទួលបាន​ឯករាជ្យពេញលេញពីប្រទេសបារាំង ក្រោមវីរភាពរបស់ព្រះបរមកោដ ព្រះបាននរោត្តម សីហនុ ក្នុង​ការធ្វើបូជនកិច្ច​ទាមទារ អធិបតេយ្យភាព និង​ឯករាជ្យជាតិទាំងស្រុងពីនឹមអាណានិគមនិយមបារាំង ដោយកំណត់យកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ជាទិវាបុណ្យឯករាជ្យ។ 

ប្រវត្តិនៃការទាមទារឯករាជ្យ និងការដាក់អាណានិគមន៍

តាមពិតទៅ ចលនានៃការធ្វើការទាមទារឯករាជ្យ មានច្រើន និង​រយៈយូរ មុនវត្តមានមកដល់របស់ព្រះបរមកោដ ព្រះបាទនរោត្តម សីហនុ ទៅទៀត។ ក្រោយប្រជាជនកម្ពុជានាសម័យនោះ ទទួលរងការកៀបសង្កត់ពីសំណាក់រដ្ឋបាលអាណនិគមនៅកម្ពុជា គឺមុន និងក្រោយទេសាភិបាលបារាំងម្នាក់ត្រូវបានសម្លាប់។ 

ដែលកាលនោះ ចលនាជាច្រើនទាំងនោះ សុទ្ធតែត្រូវបានចាត់ទុកថាជាក្រៅផ្លូវការ និងជាចលនាប៉ះបោល ព្រោះអាចមានជនឆ្លៀតឱកាស និង​ពុំមានការគាំទ្រ បង្រួបបង្រួមទាំងស្រុងទូទាំងប្រទេស (ឬនិយាយបានថា ស្របច្បាប់)។ ហើយទិដ្ឋភាពនាសម័យនោះ លោក ឌឹក គាម និង​លោក ឌឿក អំ បានធ្វើការ​ស្រាវជ្រាវ និងនិពន្ធ​រៀបរាប់យ៉ាងក្បោះក្បាយក្នុងសៀវភៅរឿងប្រលោមលោកបែបប្រវត្តិសាស្ដ្រមួយរបស់ពួកគាត់ គឺរឿង «ភូមិតិរច្ឆាន»។ (ប្រសិនបើមិត្តអ្នកអាន មានចាប់អារម្មណ៍ អាចស្វែងរកសៀវភៅរឿងអក្សរសិល្ប៍ខេមរនិយមនេះអានបន្ថែមបាន។) 

រហូតដល់មាន​វត្តមានរបស់​ព្រះបរមកោដ ព្រះបាទនរោត្ត សីហនុ និង​បូជនកិច្ចបង្រួបបង្រួមជាតិដើម្បីទាមទារឯករាជ្យរបស់ព្រះអង្គ ដោយលើកទី១ ទទួលពុំទាន់ពេញលេញនៅឡើងក្នុង​ឆ្នាំ១៩៤៩។ លុះដល់ឆ្នាំ១៩៥៣ ទើបទទួលបាន​ឯករាជ្យភាពជាតិ អធិបតេយ្យភាពជាពេញលេញ និងបរិបូរណ៍។

ការប្រារព្ធពិធីក្នុងទិវាបុណ្យឯករាជ្យ

ការប្រារព្ធពិធីក្នុងទិវាថ្ងៃបុណ្យឯករាជ្យនេះ គឺប្រកបទៅដោយអត្ថន័យយ៉ាងជ្រាលជ្រៅបំផុតរបស់ប្រជាជនខ្មែរយើង ចំពោះឯករាជ្យភាពជាតិ ​បូរណភាពទឹកដី​ និងជាតំណាងឱ្យការតស៊ូយកឈ្នះលើនឹមអាណានិគមរបស់បរទេសលើប្រទេសកម្ពុជាទាំងមូល។

នៅថ្ងៃប្រារព្ធនោះ ថ្នាក់ដឹកនាំនិងតំណាងអង្គការរដ្ឋនិងមន្ទីរសាធារណៈការទាំងអស់គឺតម្រូវឱ្យចូលរួមនិងប្រារព្ធពិធីផ្លូវការនៅអំឡុងពេលព្រឹក ដើម្បីប្រារព្ធពិធីអុចបំភ្លឺភ្លើងជ័យ ដែលតំណាងឱ្យជ័យជំនះនៃការតស៊ូយកឈ្នះលើនឹមអាណានិគមនិយមបារាំង។ ហើយភ្លើងជ័យនៅក្នុងកណ្ដាលវិមានឯករាជ្យនេះ នឹងទុករយៈពេល៣ថ្ងៃ រហូតដល់ថ្ងៃទី៣ ទើបមានការពន្លត់ភ្លើងជ័យនេះ ដោយនៅថ្ងៃទី៣នេះ ពុំមានពិធីអ្វីធំដុំដូចថ្ងៃទី១នោះទេ។ 

ជាធម្មតា ផ្លូវនៅជុំវិញនិងក្បែរវិមានឯករាជ្យត្រូវបានបិទដើម្បីផ្តល់កន្លែងទំនេរសម្រាប់ដំណើរការពិធី។ ពិធីទាំងមូលត្រូវបានចាក់ផ្សាយតាមទូរទស្សន៍ជាតិនិងវិទ្យុ។ ចំណែកឯបណ្តាញទូរទស្សន៍ផ្សេងៗក៏តម្រូវឱ្យចាក់ផ្សាយពិធីនេះដូចទូរទស្សន៍ជាតិផងដែរដើម្បីឱ្យប្រជាពលរដ្ឋខ្មែរមានភាពងាយស្រួលក្នុងការទស្សនា។

អត្ថន័យនៃទិវាបុណ្យឯករាជ្យ

ដូចនេះហើយ ទើបទិវាបុណ្យឯករាជ្យជាតិ នៃព្រះរាជាណាចក្រកម្ពុជាយើង មានអត្ថន័យយ៉ាងសំខាន់សម្រាប់ប្រជាជាតិកម្ពុជាទាំងមូល ពិសេសគឺប្រវត្តិនៃការឆ្លងកាត់ក្រោមការដាក់អាណានិគមបរទេស និងការតស៊ូទាមទារមកវិញនៃឯករាជ្យភាពជាតិ អធិបតេយ្យភាពជាពេញលេញ និងបរិបូរណ៍ពីបារាំងសែសនាសម័យនោះ។ ពិសេសជាស្នាព្រហស្ថ ព្រះបរមកោដ ព្រះបាទនរោត្តម សីហនុ ក៏ដោយសារសាមិទ្ធិកម្មដ៏អស្ចារ្យនេះ ប្រជារាស្ត្រខ្មែរគ្រប់រូបបានចាត់ទុកព្រះអង្គថាជា​ «ព្រះបិតាឯករាជ្យជាតិខ្មែរ» និងជា «ព្រះមហាវីរបុរសជាតិ»។ ក្រោមការដឹកនាំរបស់ព្រះអង្គក្រោយឯករាជ្យ ប្រទេសកម្ពុជាបានឆ្លងកាត់ការអភិវឌ្ឍន៍ស្ទើរតែគ្រប់វិស័យ។

Leave a comment