តើ​កូនៗ​ចង់​បាន​អ្វី​ពី​ឪពុក​ម្តាយ​របស់​ខ្លួន?

តើ​កូនៗ​ចង់​បាន​អ្វី​ពី​ឪពុក​ម្តាយ​របស់​ខ្លួន?

នា​យប់​មួយ​បុរស​ម្នាក់​បាន​មក​ដល់​ផ្ទះ​វិញ​យ៉ាង​យប់ ទាំង​ភាព​នឿយ​ហត់​នឹង​ការ​ងារផង​អារម្មណ៍​មួម៉ៅ​ផង ។ ស្រាប់​តែ​នៅ​ពេល​នោះ គាត់​បាន​ឃើញ​កូន​ប្រុស​អាយុ​៥​ឆ្នាំ​របស់​គាត់​កំពុង​ឈរ​ចាំ​គាត់​នៅ​ឯមាត់​ទ្ធារ។

កូនប្រុស​តូច​នោះ​បាន​សួរ​ទៅ​កាន់​ឪពុក​របស់​ខ្លួន​ថា៖ «ប៉ា​ប៉ា! កូន​អាច​សុំ​សួរ​សំណួរ​ប៉ា​ប៉ា​មួយ​បាន​ដែរ​ឬ​ទេ?»

បុរស​នោះ​ក៏​ឆ្លើយ​តប​វិញ​ថា៖​ «បាន​តើ​កូន មាន​រឿង​អ្វី​ដែរ​ទៅ?»

កូន៖ «តើ​ប៉ា​ប៉ា​រក​ធ្វើ​ការ​បាន​លុយ​ប៉ុន្មាន​ក្នុង​១​ម៉ៅ​ដែរ?»

បុរស​នោះ​អារម្មណ៍​មិន​សូវ​ល្អ​ផង​ក៏​ឆ្លើយ​ទៅ​កាន់​កូន​ទាំង​ដូច​ខឹងថា៖ »បាន​ប៉ុន្មាន​គ្មាន​អី​ទាក់​ទង​នឹង​កូន​ទេ​! ម៉េច​មក​សួរ​ប៉ា​ចឹង​កូន?»

កូននៅ​តែព្យាយាម​សួរ​ទៅ​កាន់​ឪពុក​របស់​ខ្លួន៖ «កូន​គ្រាន់​តែ​ចង់​ដឹង​ណា​ប៉ាប៉ា … ប៉ាប៉ា សូម​អង្វរ​ណា ប្រាប់​កូន​បន្តិច​មក​ណា ប៉ាប៉ា…»

បុរស​នោះ​មិន​ដឹង​ថា​ធ្វើ​យ៉ាង​ម៉េច​ក៏​ប្រាប់​កូន​ទៅ៖ «ណ្ហើយ​ចុះ! បើ​កូន​ចង់​ដឹង​ប៉ា​ប្រាប់​ចុះ​ណា​ ប្រហែល​ជា​១០០០០​រៀល​ក្នុង​មួយ​ម៉ោង​ណា​កូន!!»

កូន​តូច​នោះ​ស្តាប់​ហើយ​ក៏ «អូ!» ដោយ​​ឱន​ក្បាល​ចុះ​ក្រោម បន្តិច​មក​ក៏​ងើយ​ឡើយ​លើ​វិញ​ហើយ​បន្ត​ថា៖ «ចឹង​ប៉ា​ប៉ា អាច​ឲ្យ​កូន​៥០០០រៀល​បាន​អត់​ឥឡូវ​នេះ?»

ឪពុក​មាន​អារម្មណ៍​ខឹង​ខ្លាំង​ណាស់​ក៏​ស្តី​ឲ្យ​កូនថា៖ «ម៉េច​កូន​ឯង​នៅ​នឹង​ចេះ​តែ​ចាំ​សុំ​លុយ​ទិញ​នំ​ញ៉ាំ និង​ទិញ​របស់​លេង​ចឹង​ទេ​! កូន​ដឹង​ថា​ប៉ា​មួយ​ថ្ងៃ​ខំ​ធ្វើ​ការ​ទាំង​នឿយ​ហត់​ដល់​យប់​ព្រលប់​ដើម្បី​គ្រួសារ​និង​កូន​លំបាក​យ៉ាង​ណា​ទេ! បាន​តើ​រក​រឿង​សុំ​លុយ​ឥត​ប្រយោជន៍​ចឹង!​ ទៅ​ឆាប់​ទៅ​ដេក​ទៅ លឿន!! រក​តែ​ឲ្យ​ប៉ា​មក​ផ្ទះ​វិញ​ទាំង​សប្បាយ​ចិត្ត​តិច​មិន​បាន!!»

កូន​តូច​នោះ​ក៏​ត្រលប់​ទៅ​គេង​ទាំង​អស់​សង្ឃឹម។ បុរស​នោះ​ក៏​អង្គុយ​ចុះ​ទាំង​ខឹង​ខ្លាំង «ចឹង​បាន​នៅ​សុខៗ​មក​សួរ​ចឹង តាម​ពិត​ចង់​សុំ​លុយ​សោះ យ៉ាប់​តែ​ម្តង​កូននេះ!»។ មួយ​សម្ទុះ​ក្រោយ​មក​គាត់​ក៏​គិត​ឡើង​វិញ គាត់​គិត​ថា​កូន​ប្រហែល​ជា​ចង់​បាន​លុយ​ទៅ​ទិញ​អ្វី​មួយ​ខ្លាំង​ហើយ​បាន​លើក​នេះ​ដាច់​ចិត្ត​ចាំ​ដល់​យប់​សុំ​លុយ​គាត់​អញ្ចឹង។ បន្ទាប់​មក​បុរស​នោះ​ក៏​សម្រេច​ចិត្ត​យក​លុយ​៥០០០រៀល​ទៅ​ឲ្យ​កូន​គាត់។

បុរស​នោះ​ក៏​ចូល​ទៅ​ដល់​បន្ទប់​រួច​ហៅ​កូន​របស់​គាត់៖ «កូន​អើយ​កូន!​ កូន​គេង​នៅ​ហ្នឹង?»

កូនគាត់​ក៏​តប៖ «ប៉ា​ប៉ា កូន​មិន​ទាន់​គេង​ទេ..»

បុរស៖ «កូន​!​ ឲ្យ​ប៉ាប៉ា​សុំ​ទោស​ផង​ណា​កូន មក​ពី​ប៉ា​ធ្វើ​ការ​ងារ​ពេញ​១​ថ្ងៃ​ហើយ​ ហត់​ណាស់​អារម្មណ៍​ក៏​មិន​សូវ​ល្អ ស្តី​ឲ្យ​កូន ឲ្យ​ប៉ា​ប៉ា​សុំទោស​ផង! នេះ៥០០០រៀល​យក​ទៅ​ទិញ​នំ និង​របស់​លេង​ទៅ​ណា!!»

កូនតូច​នោះ​ពេល​ដែល​បាន​ឮ​ដូច្នោះ ក៏​ក្រោក​ឡើង​យ៉ាង​លឿន​ និង​ទាំង​សប្បាយ​រីករាយ​ថា៖ «ជយោ!! អរគុណ​ប៉ាប៉ា!!» រួច​មក​កូន​នោះ​ក៏​ទៅ​យក​លុយ​ដែល​ខ្លួន​សន្សំ​ទុក​មក មើល​ទៅ​មាន​ក្រដាស​រាយ​ជា​ច្រើន​ហើយ​ឡើង​រួញ​ៗ​អស់​ហើយ។ បុរស​នោះ​ឃើញ​កូន​មាន​លុយ​ច្រើន​ហើយ​នៅ​តែ​សុំ​ទៀត​នោះ ក៏​ចាប់​ផ្តើម​ចង់​ខឹងនឹង​កូន​នោះ​ទៀត​ហើយ! កូន​តូច​នោះ​រាប់​លុយ​ទាំង​អស់​ដែល​មាន​ក្នុង​​ដៃ រួច​មើល​ទៅ​កាន់​ឪពុក​របស់​ខ្លួន​ទាំង​ស្នាម​ញញឹម។

បុរស​នោះ​ក៏​សួរ​ទៅ​កូន​គាត់​ថា៖ «កូន​ឯង​មាន​លុយ​ច្រើន​ហើយ​ នៅ​សុំ​ប៉ា​ធ្វើ​អីទៀត​កូន?»

កូន​ក៏​ឆ្លើយ៖ «ព្រោះ​ថា​លុយ​កូន​មិន​ទាន់​គ្រប់​នឹង​ណា​ប៉ា!»

បុរសនោះក៏​បន្ត​សួរ​ទៀត៖ «ចឹង​ឥឡូវ​គ្រប់​ហើយ កូនចង់​ទៅ​ទិញ​អី​ដែរ?»

កូន​ក៏​ឆ្លើយ៖ «ប៉ាប៉ា! នេះ​លុយ​១០០០០​រៀល​ឲ្យ​ប៉ាណា កូន​ចង់​ទិញ​ពេល​វេលា​របស់​ប៉ាប៉ា​១​ម៉ោង​ណា​! ចឹង​ថ្ងៃ​ស្អែក​កុំ​ភ្លេច​ចេញ​ពី​ធ្វើ​ការ​ល្ងាច​ឡើង​ឆាប់​ត្រលប់​មក​ផ្ទះ​ញ៉ាំ​បាយ​ជា​មួយ​កូន​ណា​ប៉ាប៉ា!!»

Leave a comment