និយាយយ៉ាងខ្លីទៅគឺ វាមានដើមកំណើតបន្សល់មកពីផ្ទះខ្ទមតៀមកាហ្វេនៅឯប្រទេសអ៊ីតាលី រឿងនេះត្រូវចាប់និយាយពី លោក Howard D. Schultz សព្វថ្ងៃជានាយកប្រតិបត្តិរបស់ Starbucks ។ ប៉ុន្តែកាលពីឆ្នាំ១៩៨៣ គាត់នៅជាប្រធានចាត់ចែងការងារផ្នែកលក់ និងគ្រប់គ្រងទីផ្សារនៅឡើយនោះ ត្រូវបានក្រុមហ៊ុនបញ្ចូនគាត់ទៅចូលរួមកម្មវិធីពិព័ណពាណិជ្ជកម្មមួយពាក់ព័ន្ធនិងការតាំងបង្ហាញផលិតផលបរិក្ខាប្រើប្រាស់ក្នុងផ្ទះ។ នេះគឺជាលើកដំបូងសម្រាប់គាត់ហើយដែលបានមកកាន់ប្រទេសនេះ ហើយនៅពេលនោះគាត់ក៏ត្រូវបានហាងតៀមកាហ្វេជាច្រើននៅលើវិថីមួយ ហៅថា Milan ទាក់ទាញជាខ្លាំង។ ទាំងនេះគឺនិងអ្វីដែលគាត់បានឃើញនៅសហរដ្ឋអាមេរិកមានភាពខុសប្លែកគ្នាទាំងស្រុង នៅពេលនោះក្រុមហ៊ុន Starbucks នៅជាក្រុមហ៊ុនមួយលក់តែគ្រាប់កាហ្វេ ម៉ាស៊ីនកាហ្វេ និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះមួយចំនួនប៉ុណ្ណោះ។ ហើយនៅពេលនោះក៏គាត់នឹកស្មានមិនដល់ថា តៀមកាហ្វេអាចរៀបចំឲ្យក្លាយដូចជាហាងបាបារាំង តុបតែងលម្អបែបគេហដ្ឋានដូចនៅផ្ទះអញ្ចឹងនោះឡើយ។ ប៉ុន្តែហាងកាហ្វេប្រភេទនោះ គឺកំពុងជាទីពេញនិយមខ្លាំងណាស់ក្នុងប្រទេសអ៊ីតាលីសម័យនោះ។
នៅពេលដែលគាត់ត្រលប់ទៅសហរដ្ឋអាមេរិកវិញ Schultz តែងតែប្រកាន់ជាប់នៅគំនិតមួយចង់ធ្វើយ៉ាងណាឲ្យ ហាងកាហ្វេបែបអ៊ីតាលីនោះប្រែក្លាយជាទីពេញនិយមជាបែបអាមេរិកវិញ។ នោះគឺជាបញ្ហាមួយ ដែលគាត់នឹកគិតមិនឈប់ក្រោយត្រលប់មកវិញ ថាតើធ្វើយ៉ាងណាឲ្យវាអាចដំណើរការបាននៅសហរដ្ឋអាមេរិក។ ដូន្នេះហើយ រាល់សកម្មភាពទីផ្សាររបស់ Starbucks គាត់ព្យាយាមបញ្ចូននូវគំនិតទាំងនេះចូលទៅ រហូតដល់គាត់សាកល្បងបង្កើតបញ្ជរកាហ្វេមួយរបស់ Starbucks ជាហាងកាហ្វេទុកជាគំរូសម្រាប់ម៉ូដែលអាជីវកម្មបែបនេះបានសម្រេច ហើយក៏ទទួលបានការស្វាគមន៍យ៉ាងច្រើនពីអតិថិជនរបស់ Starbucks ដែរ។ ប៉ុន្តែម្ចាក់ស្ថាបនិកទាំងពីរនាក់របស់ Starbucks នៅពេលនោះ ក៏នៅតែមិនពេញចិត្តនិងសកម្មភាពបែបនោះដដែរ ហើយក៏នៅតែប្រឆាំងនិងគំនិតរបស់លោក Schultz ទៅទៀត។ រហូតធ្វើឲ្យលោក Schultz សុំលាឈប់ពីការងារទៅបង្កើតក្រុមហ៊ុនកាហ្វេដោយខ្លួនឯង ដោយប្រកាន់នូវគំនិតដើមរបស់គាត់។ ក្នុងពេលនោះគាត់បានតៀមខ្លួនយ៉ាងគ្រប់គ្រាន់សម្រាប់អនុវត្តគំនិតរបស់គាត់ឲ្យចេញជាផ្លែផ្កា ហើយគាត់ក៏បានចំណាយនូវពេលវេលាជាច្រើនទៅអ៊ីតាលី ដើម្បីសិក្សាឲ្យកាន់តែច្បាស់ពីស្ថានភាព និងម៉ូដែលនៃអាជីវកម្មនោះកាន់តែលម្អិតថែមទៀត។ តាំងពីការតុបតែ និងការរៀបចំម៉ូតរបស់ហាង ការរៀបចំបញ្ជីមុខម្ហូប សកម្មភាព ទំលាប់ និងទំនូលរបស់អតិថិជនក្នុងការពិសាកាហ្វេជាដើម ជាការស្រាវជ្រាវដ៏ខ្លាំងសម្រាប់បង្កើតនូវអាជីវកម្មរបស់គាត់ឲ្យបានជោគជ័យ។
នៅពេលដែលហាងកាហ្វេបែបថ្មី ដោយបូកបញ្ចូលបែបបទរបស់អ៊ីតាលី និងចូលឲ្យស្របតាមសហរដ្ឋអាមេរិកបានបើកសម្ពោធជាផ្លូវការហើយនោះ។ គាត់បានប្រើប្រាស់នូវពាក្យពេចន៍ បទចំរៀង និងអ្វីជាច្រើនបែបអ៊ីតាលី មកតុបតែងក្នុងហាងរបស់គាត់នោះ។ ថ្វីបើអតិថិជននៅសហរដ្ឋអាមេរិកនាពេលនោះ មើលមិនយល់អក្សរអ្វី ស្តាប់មិនដឹងថាបទចំរៀងបែបណា ប៉ុន្តែ នៅតែមានការទទួលស្គាល់ ពេញនិយម និងគាំទ្រពីអតិថិជនជាច្រើនទៀត។ បន្ទាប់មកគាត់ព្យាយាមកែប្រែចំណុចមួយចំនួនដែលខ្វះខាត និងមិនស្របនឹងស្ថានភាពនោះ។ ក្រោយមកអាជីវកម្មរបស់គាត់កាន់តែកើនឡើង ហើយបន្ទាប់មកទៀត Starbucks ក៏បានរួមបញ្ចូលគ្នាជាមួយនឹងក្រុមហ៊ុនគាត់ដល់សព្វថ្ងៃ ហើយកែវកាហ្វេដ៏ស្រស់ស្អាតរបស់ Starbucks នោះក៏ចាប់ផ្តើមមានតាំងពីពេលនោះមកដែរ។