ទំនៀមពិធីចូលឆ្នាំប្រព្រឹត្តទៅចំនួន ៣ ថ្ងៃ ។ ថ្ងៃដំបូងជាថ្ងៃមហាសង្ក្រាន្ត, ថ្ងៃទី២ ជាថ្ងៃ វនបត, ថ្ងៃទី៣ ជាថ្ងៃឡើងស័ក ។ រីឯការកំណត់ខែ ថ្ងៃ ម៉ោង នាទីដែលឆ្នាំចាស់ត្រូវផុតកំណត់ ហើយទេព្តាឆ្នាំថ្មីត្រូវចុះមកទទួលតំណែងពីទេព្តាឆ្នាំចាស់នោះ គេអាចដឹងបានដោយប្រើក្បួនហោរាសាស្ត្របុរាណ គឺក្បួនមហាសសង្ក្រាន្តត ។
តើថ្ងៃចូលឆ្នាំថ្មីរបស់ខ្មែរត្រូវលើខែណា ? ថ្ងៃណា ? ចាប់ពីសម័យក្រុងនគរធំមក ប្រទេសខ្មែរប្រើវិធីគិតរាប់ថ្ងៃខែឆ្នាំតាមក្បួន ចន្ទគតិ (lunar calendar) (វិធីដើរនៃព្រះចន្ទ) ទើបខ្មែរកំណត់យកខែ មិគសិរ ជាខែចូលឆ្នាំ ហើយជាខែទី ១ ខែកក្តិក ជាខែទី ១២ ។ សម័យក្រោយមក ប្រទេសខ្មែរប្តូរទៅប្រើវិធីគិតរាប់ថ្ងៃខែឆ្នាំតាមក្បួន សុរិយគតិ (solar calendar) (វិធីដើរនៃព្រះអាទិត្យ) ។ ពេលនោះហើយដែលខ្មែរកំណត់ចូលឆ្នាំក្នុងខែ ចេត្រ (ខែទី ៥) ព្រោះក្នុងខែនេះ ព្រះអាទិត្យធ្វើដំណើរចេញពី មីនរាសី ចូលកាន់ មេសរាសី ។ ថ្ងៃចូលឆ្នាំរមែងត្រូវលើថ្ងៃទី ១៣ នៃខែ មេសា (ចេត្រ) រៀងរាល់ឆ្នាំ ប៉ុន្តែយូរៗទៅមានភ្លាត់ម្តងៗ ចូលឆ្នាំក្នុងថ្ងៃទី ១៤ ក៏មានខ្លះដែរ ។ មហាសសង្ក្រាន្តត ដែលប្រើរបៀបគន់គូរតាម សុរិយគតិ មានឈ្មោះថា “សាមញ្ញសសង្ក្រាន្តត” (ព្រះអាទិត្យដើរត្រង់ពីលើក្បាលជា សង្ក្រាន្តត) ។ មហាសង្ក្រាន្តត ដែលប្រើរបៀបគន់គូរតាម ចន្ទគតិ ហៅថា “អាយន្តសង្ក្រាន្តត” (ពេលដែល ព្រះអាទិត្យ ដើរបញ្ឈៀង មិនត្រង់ពីលើ) ។ គេនៅប្រើ ចន្ទគតិ ដោយយោងទៅ សុរិយគតិ ព្រោះ ចន្ទគតិ មានទំនាក់ទំនងនឹង ពុទ្ធប្បញ្ញត្តិ ច្រើន ។ ចំណែកឯ ថ្ងៃចូលឆ្នាំតាម ចន្ទគតិ មិនទៀងទាត់ ជួនកាលចូលឆ្នាំក្នុងវេលាខ្នើត ជួនកាលក្នុងវេលារនោច ។ ប៉ុន្តែ នៅក្នុងរវាង ១ ខែ គឺមិនមុនថ្ងៃ ៤កើត ខែ ចេត្រ និង មិនហួសថ្ងៃ ៤ កើត ខែ ពិសាខ ទេ ។ ដូចនេះ សង្ក្រាន្តត ខ្លះធ្លាក់ទៅក្នុងខែ ពិសាខ ។
ពិធីផ្សេងៗ ដែលប្រជាជនខ្មែររៀបចំតាមប្រពៃណី មានដូចតទៅ ៖ ពេលមុនចូលឆ្នាំ គេនាំគ្នាប្រុងប្រៀប រកស្បៀងអាហារ, សំអាតផ្ទះសម្បែង, រែកទឹកដាក់ពាង, រកអុសទុក, និង កាត់សំលៀកបំពាក់ថ្មីៗ ជាដើម ។ ថ្ងៃចូលឆ្នាំមកដល់ គេរៀបគ្រឿងសក្ការៈបូជា សំរាប់ទទួលទេវតាថ្មីមាន ៖ បាយសី ១គូ, ស្លាធម៌ ១គូ, ធូប ៥, ទៀន ៥, ទឹកអប់ ១គូ, ផ្កាភ្ញី, លាជ, ទឹក ១ ផ្តិល និង ភេសជ្ជៈ, នំនែក, ផ្លែឈើគ្រប់មុខ ។ ចំណែកផ្ទះសម្បែង គេតុបតែងរំលេចដោយអំពូល អគ្គិសនីខ្សែតូចៗ ចម្រុះពណ៌ ឬចង្កៀងគោម គ្រប់ពណ៌ សំរាប់ទទួលទេព្តាថ្មី ។ លុះដល់វេលាកំណត់ ទេព្តាថ្មីយាងមក គេនាំកូនចៅអង្គុយជុំគ្នា នៅជិតកន្លែងរៀបគ្រឿងសក្ការៈនោះ ហើយអុជទៀន ធូបបាញ់ទឹកអប់ បន់ស្រន់ សុំសេចក្តីសុខចម្រើន គ្រប់ប្រការ ពីទេព្តាថ្មី ។ ចំពោះគ្រឿងសក្ការៈ និង ក្រយាស្ងើយ ដាក់ថ្វាយទេព្តោនាះ គេនិយមតម្រូវតាមចិត្តទេវតាដែលនឹងចុះក្នុងឆ្នាំនីមួយៗ ។ ឧទាហរណ៍ ៖ បើទេវតាដែលត្រូវចុះមកនោះសោយល្ង សណ្តែក គេដាក់សណ្តែក ល្ង ថ្វាយ ថ្វាយ ។
ការធ្វើពិធីបុណ្យចូលឆ្នាំខ្មែរ
បុណ្យចូលឆ្នាំខ្មែរ ជាបុណ្យប្រពៃណីជាតិ ដែលប្រជាជននៅក្នុងប្រទេសកម្ពុជាតែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ។ នៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ មានការរៀបចំដូចតទៅ ៖ ពិធីបុណ្យចូលឆ្នាំ ប្រព្រឹត្ដទៅ ៣ ថ្ងៃ គឺនៅថ្ងៃទី ១៣, ១៤, ឬ ១៥ ខែ មេសា ព្រោះជារដូវកាលដែលប្រជាជនខ្មែរមានពេលទំនេរពីការប្រមូលផលស្រូវ និង ដំណាំកសិកម្មផ្សេងៗ ។ មុនពេលប្រារព្ធ ពិធីបុណ្យចូលឆ្នាំ ១ ឬ ២ ថ្ងៃ ប្រជាជនខ្មែរតែងតែនាំគ្នា សំអាត តុបតែងផ្ទះសម្បែង និង រៀបចំគ្រឿងសម្ភារៈផ្សេងៗ ដើម្បីត្រៀមទទួលទេវតាឆ្នាំថ្មី ។
ថ្ងៃទី ១ ៖ ថ្ងៃមហាសង្ក្រាន្ត
នៅពេលចូលដល់ថ្ងៃទី ១ នៃថ្ងៃបុណ្យចូល ឆ្នាំខ្មែរ ដែលក្នុងប្រពៃណីខ្មែរតែងហៅថ្ងៃនោះថាជា ថ្ងៃមហាសង្រ្កាន្ត (sankranti) ។ នៅពេលនោះប្រជាពលរដ្ឋខ្មែរដែលកាន់ជំនឿតាមព្រះពុទ្ធសាសនា បានរៀបចំកន្លែងទទួលទេវតាឆ្នាំថ្មី ដែលមានគ្រឿងរណ្ដាប់ផ្សេងៗ និង មានតុបតែងលម្អដោយភ្លើងចម្រុះពណ៌តាមផ្ទះរបស់ពួកគេ ។ គ្រឿងរណ្ដាប់ មានដូចជា ៖ ទឹកផ្ដិលអប់ដោយផ្កា, ទៀន ៥, ធូប ៥, ផ្កាភ្ញី, ភេសជ្ជៈ, និង នំចំណី, ផ្លែឈើជាច្រើន ។ល ។ បន្ទាប់មក ពួកគេនឹងធ្វើការសែនព្រេន ដោយមានអុជធូប និង ទៀន តាមគេហដ្ឋានរបស់ខ្លួន ។ នៅពេលដល់កំណត់ថាទេវតាឆ្នាំថ្មី យាងចុះមកប្រសិទ្ធិពរជ័យ សិរីសួស្ដី ដើម្បីឲ្យពួកគេទទួលបានសេចក្ដីសុខពេញមួយឆ្នាំ ។
ក្នុងថ្ងៃនេះដែរ គេក៏យកចង្ហាន់ទៅប្រគេនភិក្ខុទាំងឡាយនៅតាមវត្តអារាម ។ ពេលល្ងាចគេនាំគ្នាជញ្ជូនខ្សាច់សាង វាលុកចេតិយ នៅជុំវិញព្រះវិហារ ឬនៅជុំវិញដើមពោធិណាមួយនៅក្នុងវត្តនោះ ។ នៅពេលព្រលប់ គេប្រគេនភេសជ្ជៈដល់ភិក្ខុទាំងឡាយ និមន្តភិក្ខុសូត្រចម្រើនព្រះបរិត្ត និង សំដែងធម្មទេសនា ។
ថ្ងៃទី ២ ៖ ថ្ងៃ វនបត
នៅពេលចូលថ្ងៃទី ២ នៃបុណ្យចូលឆ្នាំខ្មែរ គេហៅថ្ងៃនោះ ថាជា វារៈវ៍នបត ប្រជាជននាំគ្នាទៅវត្ដអារាមដើម្បីយក ចង្ហាន់ នំចំណី ផ្លែឈើ ទៅប្រគេនព្រះសង្ឃ ។ លើសពីនេះទៅទៀត ក៏មានការរៀបចំលេងល្បែងប្រជាប្រិយ ដូចជា៖ ចោលឈូង បោះអង្គញ់ លាក់កន្សែង និងមានការច្រៀងរាំបទចម្រៀងប្រពៃណី ផងដែរ នៅតាមវត្ដអារាម និង តាមបណ្ដាតំបន់នានានៅក្នុងប្រទេសកម្ពុជា ។
ក្នុងថ្ងៃនេះដែរ កូនចៅជូនសំលៀកបំពាក់ នំចំណី លុយកាក់ ដល់អ្នកមានគុណ មានឪពុកម្តាយ ជីដូនជីតា ជាដើម ។ ជួនកាលគេធ្វើទាន ដល់មនុស្សបម្រើ ឬអ្នកក្រីក្រទៀតផង ។ ពេលរសៀល គេនាំគ្នាទៅពូនភ្នំខ្សាច់ទៀត ហើយសូត្រធម៌អធិដ្ឋានភ្នំខ្សាច់ដែលគេសន្មត់ទុកដូចចូឡាមនីចេតិយ ហើយនិមន្តភិក្ខុទាំងឡាយបង្សុកូលចេតិយបញ្ជូនមគ្គផលដល់វិញ្ញាណក្ខន្ធបងប្អូន ដែលបានស្លាប់ទៅ ។
ថ្ងៃទី ៣ ៖ ថ្ងៃឡើងស័ក
នៅពេលចូលថ្ងៃទី ៣ ជាថ្ងៃបញ្ចប់ពិធីបុណ្យចូលឆ្នាំ គេហៅថា វារៈឡើងស័ក ឬ ថ្ងៃឆ្លង ។ នៅថ្ងៃនោះ គេតែងប្រារព្ធធ្វើពិធី ស្រង់ទឹករូបបដិមារបស់ព្រះពុទ្ធ នៅតាមវត្ដអារាម ដើម្បីសុំសេចក្ដីសុខ ហើយក៏ជាថ្ងៃបញ្ចប់នៃការប្រារព្ធធ្វើពីធីបុណ្យចូលឆ្នាំខ្មែរដែរ ។
ក្នុងថ្ងៃនេះដែរ ពេលព្រឹកនិមន្តភិក្ខុទាំងឡាយសូត្រឆ្លងភ្នំខ្សាច់ ។ ពេលល្ងាច និមន្តភិក្ខុស្រង់ទឹក និងស្រង់ព្រះពុទ្ធរូប (តាមការនិយមនៃស្រុកខ្លះ) ។ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ គេនាំគ្នាលេងល្បែងប្រជាប្រិយកំសាន្ដសប្បាយជាច្រើន ដូចជាលេង បោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ លាក់កន្សែង ចាប់កូនខ្លែងជាដើម និង មានរបាំត្រុដិ (ច្រើនមាននៅខេត្តបាត់ដំបង សៀមរាប) ជាពិសេសទៀតគឺរាំវង់ តែអាស្រ័យទៅតាមការនិយមចូលចិត្តរបស់មនុស្សម្នាក់ៗ ។ អ្នកខ្លះនិយមនាំគ្នាដើរកំសាន្ដបន្ត អ្នកខ្លះនិយមធ្វើបុណ្យទានតាមវត្តអារាម ។