«លាហើយម្ភៃម្ភៃ និងសួស្ដីម្ភៃម្ភៃមួយ»
Mister Sivann
វិធីសាស្រ្ដងាយៗ ដើម្បីនិយាយថា៖ «លាហើយម្ភៃម្ភៃ និងសួស្ដីម្ភៃម្ភៃមួយ»
មកដល់ថ្ងៃនេះ សល់តែប៉ុន្មានថ្ងៃទៀតទេ នឹងឈានចូលដល់ឆ្នាំ២០២១ហើយ។ តើអ្នកបានត្រៀមខ្លួននិយាយ «លាហើយឆ្នាំ២០២០ និងសួស្ដីដល់ឆ្នាំថ្មី២០២១ហើយឬនៅ?
ជាការពិត អ្នកខ្លះបានជួបប្រទះរឿងលំបាកខ្លាំង ដែលនឹងនឹកស្មានមិនដល់ក្នុងមួយឆ្នាំពេញនេះ អ្នកខ្លះក៏នៅតែរីករាយ អ្នកខ្លះគិតថាវាតានតឹង អ្នកខ្លះក៏មិនដឹងថាគួរធ្វើដូចម្ដេចបន្ដ បើទោះជាមានភាពមិនស្ថិតស្ថេរយ៉ាងដូចម្ដេចក្ដី ក៏ទីបញ្ចប់នៃឆ្នាំនេះ គង់តែត្រូវកន្លងផុតទៅ។ ខាងក្រោមនេះជាគនឹ្លះ ក៏ដូចជាចំណុចខ្លីៗមួយចំនួន ដែលយើងរាល់គ្នាអាចយកមករៀបចំ និងត្រៀមខ្លួនក្នុងអំឡុងពេលចុងឆ្នាំនេះ ដើម្បីឲ្យជីវិតឆ្នាំក្រោយកាន់តែប្រសើរ ដូចអ្វីដែលយើងចង់បាន។
១. ពិចារណាបកក្រោយនូវអ្វីដែលបានកើតឡើង (Look Back)
ពេលខ្លះត្បិតតែថាត្រូវបំភ្លេចនូវរឿងអតីតកាល សន្សំកម្លាំងសម្រាប់ឆ្ពោះទៅកាន់អនាគត (ជូតទឹកភ្នែកហើយ ដើរទៅមុខបន្តទៀត) ក៏ពិតមែន ប៉ុន្ដែមេរៀន និងការរៀនសូត្រពីសកម្មភាពកន្លងមករបស់យើងគឺសំខាន់បំផុតដល់ការរៀបចំខ្លួននាបច្ចុប្បន្នភាពនេះ ដើម្បីទទួលបានជោគជ័យនាថ្ងៃអនាគត។
ដើម្បីត្រៀមខ្លួនសម្រាប់គោលដៅឆ្នាំថ្មីនេះឲ្យបានល្អប្រសើរ ការពិចារណាក្រោយនូវអ្វីដែលបានកើតឡើងក្នុងមួយឆ្នាំកន្លងមកនេះគឺសំខាន់បំផុត ពិសេសគឺការស្វែងយល់នូវអ្វីដែលល្អ និងអ្វីដែលអាក្រក់ បានកើតឡើងចំពោះយើងពេញ១ឆ្នាំនេះ។ ការធ្វើដូចនេះគឺដើម្បីស្វែងរកឲ្យឃើញនូវចំណុចគន្លឹះមួយចំនួន ដូចជាកំហុសឆ្គង និងអ្វីដែលយើងចង់បានបំផុត ក្នុងការរៀបចំខ្លួនឲ្យត្រូវតាមអ្វីដែលជាគោលដៅពិតប្រាកដសម្រាប់ជីវិតយើងដូចខាងក្រោម៖
- ការរស់នៅ និងគ្រួសារ
- ការងារ (ជាអាជីព ឬមុខរបរ)
- ការសិក្សារៀនសូត្រ
- ចំណង់ចំណូលចិត្ត
- គុណតម្លៃនៃជីវិត
- ឬ អ្វីផ្សេងទៀតដែលយើងគិតថាវិសេសវិសាលសម្រាប់ខ្លួនយើង
២. ធ្វើឲ្យមានប្រាកដភាព (Get Clarity)
ប្រាកដណាស់ អ្វីដែលយើងចង់បានគឺច្រើនឥតគណនា ប៉ុន្ដែវាមិនថ្វីទេ ដោយសារវាជាសភាវគតិរបស់មនុស្ស អ្វីដែលសំខាន់ គឺជាភាពច្បាស់លាស់របស់យើងទៅលើការចង់បាន និងដំណើរដើម្បីឲ្យទទួលបានវានោះទេ ហើយយើងពិតជាអាចព្យាយាមដើម្បីសម្រេចវាឲ្យបានមែនឬអត់?
ដូចនេះ ការធ្វើការពិចារណាបកក្រោយនូវអ្វីដែលបានកើតឡើងពេញមួយឆ្នាំខាងលើគឺ ជាសក្ខីភាព ក៏ដូចជាសម្មតកម្មសម្រាប់ខ្លួនយើងទៅកំណត់ប្រាកដភាព នៃភាពចង់បានរបស់ខ្លួនយើងនៅឆ្នាំថ្មីបន្ទាប់នេះ។
ហើយយើងត្រូវតែពិចារណា និងកំណត់ឲ្យច្បាស់ចំពោះអ្វីដែលយើងពិតជាចង់បាន និងប្រើប្រាស់ពេលវេលាពេញមួយឆ្នាំបន្ទាប់នេះដើម្បីសម្រេចវាបន្ដិចម្ដងៗ ។
៣. រកឲ្យឃើញនូវចន្លោះប្រហោង (Identify the “gaps”)
តាមពិតអ្នកបែបដឹងហើយថាគួរធ្វើបែបណា ឬក៏ធ្លាប់បានដឹងហើយថា ដើម្បីទទួលបានជោគជ័យ ត្រូវដឹងពីចំណុចបច្ចុប្បន្នដែលខ្លួនកំពុងស្ថិតនៅ និងចំណុចគោលដៅដែលខ្លួនចង់ទៅ ទើបយើងស្វែងរកវិធីសាស្ត្រដើម្បីធ្វើដំណើរឲ្យបានសម្រេចដល់គោលដៅនោះ។
យ៉ាងណាមិញ អាចនឹងមានអ្នកខ្លះប្រមាទ និងធ្វេសប្រហែសចំពោះចំណុចនេះ តាមពិតឲ្យតែយើងពិចារណាឲ្យបានល្អិតល្អន់នូវគំលាត ក៏ដូចជាចន្លោះប្រហោងដែលខ្លួនយើងនៅស្ទើរ ឬខ្វះខាតចំណុចណា ទាំងចំណេះដឹង សមត្ថភាព ឬក៏ឱកាសដើម្បីចាប់ផ្ដើមពីស្ថានភាពបច្ចុប្បន្នរបស់ខ្លួនទៅសម្រេចគោលដៅនោះ។
៤. កំណត់នូវគោលដៅគន្លឹះសំខាន់ៗ (Set Key Goals)
ដូចដែលបានលើកឡើងខាងដើម អ្វីដែលយើងចង់បានក្នុងជីវិតគឺមានច្រើនឥតគណនា ប៉ុន្ដែយើងប្រហែលអាចមើលមិនឃើញថា ក្នុងចំណោមអ្វីដែលយើងប៉ងប្រាថ្នាទាំងនោះ មានគោលដៅគន្លឹះសំខាន់ៗមួយចំនួន ដែលយើងអ្វីសម្រេចវាបានហើយ នឹងជួយឲ្យយើងកាន់តែមានភាពងាយស្រួលទៅសម្រេចគោលដៅ ឬបំណងប្រាថ្នារបស់យើងជាបន្តបន្ទាប់ទៀតបាន ដោយជៀសវាងពីបញ្ហាលំបាក និងឧបសគ្គមួយចំនួនដែលតែងតែធ្វើឲ្យយើងរាថយ ហើយអ្វីទាំងនេះអ្នកប្រហែលជាអាចមើលឃើញ ក្នុងឆ្នាំចាស់ប្រសិនបើយើងបានពិនិត្យ និងពិចារណាបកក្រោយបានល្អិតល្អន់ជាងនេះ។
ហេតុនេះហើយចំណុចដ៏សំខាន់នោះគឺ ការជ្រើសរើសគោលដៅសំខាន់ៗសម្រាប់ឆ្នាំបន្ទាប់ខាងមុខ និងស្វែងយល់ឱ្យច្បាស់អំពីជំហាននីមួយៗ ដែលអ្នកត្រូវធ្វើដើម្បីសម្រេចគោលដៅទាំងនោះជាកិច្ចការចាំបាច់បំផុតត្រូវធ្វើឲ្យហើយមុនរៀបចំផែនការ ក៏ដូចជាសកម្មភាពដើម្បីអនុវត្តពេញមួយឆ្នាំថ្មីខាងមុខនេះ។
៥. បង្កើតគម្រោងការ និងតារាងសកម្មភាព (Create Master Plan & Action List)
ជាចុងក្រោយគឺ ការបង្កើតផែនការសកម្មភាពមេ (ស្នូល) និងតារាងសកម្មភាពប្រចំាថ្ងៃ សប្ដាហ៍ ខែ រហូតសម្រេចចេញជាផ្លែផ្កាដល់១ឆ្នាំពេញ។ ទាំងនេះអាចធ្វើឲ្យអ្នកមមាញឹកពេញមួយឆ្នាំតែម្ដង ទន្ទឹមនឹងនេះក៏ផ្ដល់ភាពងាយស្រួលដល់អ្នកក្នុងការអនុវត្ត និងតាមដានពីភាពជោគជ័យរបស់ខ្លួនបាន។
ក្នុងនេះ ការរៀបចំ និងបែបចែកពេលវេលា ឲ្យមានសមតុល្យគឺសំខាន់ ដែលអាចជំរុញឲ្យយើងកាន់តែមានថាមពលក្នុងការសម្រេចកិច្ច បីដូចពាក្យ១ឃ្លា យើងតែងតែបានឮកន្លងមកថា កាន់តែខំប្រឹង កាន់មានសំណាង ព្រោះការងារកាន់រលូន និងជោគជ័យទៅមុខជានិច្ច។
ផ្ទុយមកវិញបើយើងមិនយកចិត្តទុកដាក់លើ ការរៀបចំផែនការនេះឲ្យបានល្អទុកជាមុននោះទេ វានឹងធ្វើឲ្យយើងមានអារម្មណ៍ថា កាន់តែធ្វើកាន់តែច្រើន ហើយកាន់ហត់នឿយ និងគ្មានកម្លាំងចិត្តដើម្បីបន្ដការងារទៅមុខទៀត។
សរុបសេក្ដីមកវិញថា៖
ដូចនេះ បង្កើតគម្រោងការ និងតារាងសកម្មភាពគឺ បង្កើតប្លង់គំរូដែលបានបំផុសគំនិតសម្រាប់រយៈពេល ១២ ខែបន្ទាប់ដែលនឹងផ្តល់ភាពងាយស្រួលដល់យើង ដើម្បីទទួលបាននូវសេចក្តីអំណរ និងការបំពេញបន្ថែមនៅក្នុងអ្វីគ្រប់យ៉ាងដែលយើងធ្វើខណៈពេលដែលមានការរីកចម្រើនយ៉ាងខ្លាំងឆ្ពោះទៅរកការបង្កើតជីវិតដ៏ល្អរបស់យើង!
ខ្ញុំសង្ឃឹមថាអ្វីទាំងនេះនឹងជាបទពិសោធន៍ដ៏ល្អ និងមានឥទ្ធិពលដែលនឹងផ្តល់ឱ្យអ្នកនូវភាពច្បាស់លាស់ ទស្សនៈសុទិដ្ឋិនិយម និងការលើកទឹកចិត្តលើខ្លួនឯងឥតឈប់ ដែលអ្នកត្រូវការដើម្បីបង្កើតជីវិតដែលអ្នកចង់បាននៅឆ្នាំ ២០២១ ។
ប្រសិនបើអ្នកកំពុងស្វែងរកវិធីដ៏មានឥទ្ធិពល ដើម្បីរៀបចំផែនការ ក្នុងការសិក្សាអភិវិឌ្ឍខ្លួន និងអាជីព សម្រាប់សេចក្តីអំណរ និងភាពរុងរឿងកាន់តែច្រើនក្នុងជីវិតរបស់ខ្លួននៅឆ្នាំក្រោយ ខ្ញុំនឹងរីករាយក្នុងការផ្ដល់ជាខ្លឹមសារ និងវិធីសាស្ដ្រងាយៗ និងខ្លីៗជាច្រើនទៀតដល់អ្នក។