ទម្លាប់ដ៏ធម្មតាទាំង៧ ក្នុងការលត់ដំខ្លួន (self-discipline)

ទម្លាប់ដ៏ធម្មតាទាំង៧ បង្កើតអឆ្ឆរិយភាពនៃការលត់ដំខ្លួន (self-discipline) របស់លោក ប្រាយអាន ត្រាស៊ី (Brian Tracy)

ជាការពិតណាស់ ដែលថាមានលក្ខណសម្បត្តិជាច្រើនរបស់បុគ្គលជោគជ័យ និងធ្វើឲ្យពួកគាត់ទទួលបានភាពជោគជ័យ។ ហើយ​ដែល​នៅ​ក្នុង​នោះ​មាន​លក្ខណសម្បត្តិ​មួយ​សំខាន់​បំផុត​នោះ​គឺ ការលត់ដំខ្លួន (self-discipline)។ 

នេះជាអ្វីដែលយើងពុំអាចខ្វះបាន ដើម្បីសម្រេចនូវកិច្ចមួយចំនួន ចំពោះមនុស្សទូទៅតែងតែគិតថាខ្លួនមិនអាចធ្វើបាន ប៉ុន្តែនៅតែអាចបញ្ចប់ដោយជោគជ័យ ខុសពីការរំពឹងទុករបស់អ្នកធម្មតា។

ថ្វីបើមានការលំបាកខ្លាំងក៏ពិតមែន ប៉ុន្ដែយើងព្យាយាមឲ្យបានខ្ជាប់ខ្ជួនបន្ដិចពិតជាអាចធ្វើបានមិនខាន។ ខាងក្រោមនេះ គឺជាការលត់ដំខ្លួន ដែលលោក ប្រាយអាន ត្រាស៊ី លើកយកមកបង្ហាញ តាមទម្លាប់ទាំង៧នេះ ដើម្បីធ្វើការលត់ដំខ្លួនយើងជារៀងរាល់ថ្ងៃ។

១. ការកំណត់គោលដៅ (Goals Setting)

ជារៀងរាល់ព្រឹកចំណាយពេល ៣ ទៅ ៥ នាទីដើម្បីសរសេរនូវគោលដៅដែល​សំខាន់​ខ្លាំង​បំផុតរបស់អ្នកក្នុងអំឡុងពេលបច្ចុប្បន្នឲ្យ​បានចំនួន ១០ សម្រាប់ដើមដំបូងនៃថ្ងៃ អ្នកនឹងអាចបញ្ចូលវាទៅក្នុងគំនិត​ស្មារតីរបស់ខ្លួន ហើយធ្វើឱ្យអ្នកចាំ​ជាប់គោលដៅទាំង​នេះ​ពេញមួយថ្ងៃ។​ ព្រោះ​ការធ្វើ​ដូច្នេះ នឹងផ្ដល់ឱកាស ក៏ដូចជាលទ្ធភាពដើម្បីជួយ​ដល់​អ្នកឲ្យកាន់តែលឿនក្នុង​ការឆ្ពោះទៅរកគោលដៅ។

២. ធ្វើផែនការ និងរៀបចំការងារ (Planning and Organizing)

ចំណាយពេលប៉ុន្មាននាទីមុនចូលគេង ដើម្បីរៀបចំផែនការសម្រាប់ថ្ងៃបន្ទាប់ឲ្យហើយ ដោយតែងតែចាត់ចែងការទៅតាមតារាងដែលបានកំណត់ទុកនោះ ព្រមទាំងជានិច្ចកាល ពិចារណាគំនិតឲ្យឃើញក្នុងក្រដាស។ អ្វីទាំងនេះគឺជាកម្លាំង និងជាថាមពលស្នូលសំខាន់សម្រាប់ការលត់ដំខ្លួន ក៏ជួយជំរុញដល់ការបង្កើនប្រសិទ្ធភាពការងារផងដែរ។

៣. ការកំណត់កិច្ចការជាអាទិភាព (Priority Setting)

មិន​ថា​ការគ្រប់​គ្រង​ខ្លួន​ឯង​ ពេល​វេលា និង​ជីវិតនោះ​ទេ ការ​ចាត់​ចែង​ និង​កំណត់​នូវ​អាទិភាព​ក្នុង​ការ​បំពេញ​កិច្ចការងារ​គឺ​សំខាន់​បំផុត​ ដើម្បី​ដំណើរ​ការ​ការងារ​ឲ្យ​ប្រព្រឹត្តទៅ​ដោយ​រលូន និង​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់។

៤. ផ្ដោតសំខាន់ចំពោះតែសកម្មភាពមានតម្លៃខ្លាំងបំផុត (Concentration on your Highest-Value Activities)

សុខចិត្តចំណាយ កម្លាំងទាំងកាយ និងចិត្ត ទៅលើអ្វីដែលផ្ដល់សារប្រយោជន៍​បំផុត​ដល់​យើង​ប្រសើរ​ជាង​ការ​យក​ចិត្ត​ និង​ស្មារតី​ប្រឹង​ទៅ​លើ​អ្វី​ដែល​ឥត​ទទួល​បាន​ផល នោះ​ភាព​ជោគជ័យ​នឹង​មក​ដល់​កាន់​តែ​ឆាប់។

៥. ធ្វើលំហាត់ប្រាណនិងអាហារបំប៉នឲ្យបាន​ត្រឹមត្រូវ​ (Exercise and Proper Nutrition)

ចំពោះ​សុខ​ភាព​គឺ​សំខាន់​ណាស់​សម្រាប់​មនុស្ស​គ្រប់រួប ហើយ​ការ​ព្យាយាមធ្វើ​លំហាត់​ប្រាណជា​ប្រចាំ និង​ទទួល​ទាន​អាហារ​ត្រឹម​ត្រូវ​ទ្រទ្រង់​ដល់រាង​កាយ​នឹង​មាន​​សុខភាពល្អ​នោះ គឺផ្ដល់​តុល្យភាព​ទាំង​ប្រាជ្ញា​ និង​ស្មារតី​ក្នុង​ការ​ប្រកប​ការងារ​ ក៏ដូច​ជាជីវិត​រស់នៅ​បាន​ល្អប្រសើរ​បំផុត។

៦. ហ្វឹកហាត់ និង​អភិវឌ្ឍខ្លួន​បន្ថែម (Learning and Growth)

ចំណេះដឹង ប្រៀប​បី​ដូចជា​មុខ​កាំបិត កាន់តែ​ប្រើ​កាន់​តែ​មុត ដោយ​ពុំ​ចាំបាច់​សំលៀងឡើយ យ៉ាងណាមិញ ការ​ហ្វឹកហាត់​រៀន​សូត្រ និង​អភិវឌ្ឍ​ខ្លួន​បន្ថែម ក៏​ជួយ​ជំរុញ​ឲ្យ​ចំណេះ ជំនាញ​របស់​មនុស្សម្នាក់ៗ​កាន់​តែ​ប្រសប់ឡើងៗ​សម្រាប់​បំនិន​ក្នុង​ជីវិត​របស់ខ្លួន​ផង​ដែរ។

៧. ផ្ដល់​ពេលវេលា​សម្រាប់​មនុស្ស​ដែល​សំខាន់​ក្នុង​ជីវិត (Time for Important People in your Life)

ប្រសិន​បើ​យើង​បាន​ដាក់​កាយ​ចិត្ត​ថា​នឹង​បំពេញ​ការងាររបស់​យើង​ឲ្យ​ទទួល​បាន​ជោគជ័យហើយ ដំណើរ​ទៅ​មុខ​របស់​យើង​ម្នាក់ៗនឹង​ទៅ​តាម​ការ​កំណត់​នោះ​ហើយ ពុំ​ចាំបាច់​អ្វី​ទៅ​បង្ខំ​ខ្លួន​ឯង​ឲ្យ​មមាញឹក​នឹង​ការងារ​ពេក ដោយ​គ្មាន​ពេល​វេលា​សម្រាប់​មនុស្ស​សំខាន់ក្នុង​ជីវិត​យើង​នោះឡើយ គួរ​ចំណាយ​ពេល​ឲ្យបា​ន​ច្រើន​សម្រាប់​ក្រុម​គ្រួសារ បងប្អូន​ មិត្ត​ភ័ក្ដិ អ្នក​សំខាន់​ៗ​នៅ​ជុំ​វិញ​ខ្លួន​យើង​គ្រប់​គ្នា ដើម្បី​ប្រាស្រ័យ​ទាក់​ទង​គ្នា​ឲ្យបាន​ច្រើន ធ្វើ​ដូច​នេះ​ក៏​ជួយឲ្យ​មាន​តុល្យភាពល្អប្រសើរ​នៅក្នុង​ជីវិត​របស់​យើង​ដែរ។

Leave a comment