តើអ្នកដឹងទេថា ទេសចរបរទេសមកកាន់រាជធានីភ្នំពេញ​ តែងតែទៅណាខ្លះនោះ?

ប្រហែលជាមានអ្នកក្រុងភ្នំពេញមួយចំនួនធ្លាប់ឆ្ងល់ហើយថា ពីមួយថ្ងៃទៅមួយថ្ងៃទេសចរបរទេសមកកាន់ភ្នំពេញ យ៉ាងច្រើន ថាពួកនឹងទៅលេងឯណាខ្លះណ៎? ចំពោះអ្នករស់ ឬប្រកបរបរក្នុងក្រុងភ្នំពេញ អាចគិតថាគ្មានអ្វី សប្បាយក្នុងកម្សាន្ដ និងទស្សនាឡើយ ព្រោះពួកគាត់រស់នៅ និងធ្វើដំណើរទៅមករាល់ថ្ងៃហើយ មើលទៅគ្មានអ្វី ប្លែកឡើយ។ ផ្ទុយមកវិញភ្ញៀវបរទេស មិនធ្លាប់បានមកសោះ ឬយូរៗទើបបានមកទេសចរណ៍ម្ដង ពិតជាចង់មក ខ្លាំងណាស់ជាងអ្នក​ដែលរស់នៅទីនេះរាល់ថ្ងៃដូ​ចពួកយើង។ ថ្ងៃនេះ ខ្ញុំនឹងលើកយកចំណុចទេសចរណ៍ទាំង១០ ក្នុងរាជធានីភ្នំពេញ ដែលភ្ញៀវទេសចរអន្តរជាតិតែងតែ មិនដែលមើលរំលងមករៀបរាប់ជូនប្រិយមិត្តអ្នកអានទាំង អស់ជាទីស្វែងយល់ដូចតទៅនេះ។

កាលពីមុនៗ អ្នកដែលមិនសូវស្គាល់ខ្មែរ ឬដឹងឮពីប្រទេសកម្ពុជា តែងតែទៅកម្សាន្ដតែប្រាសាទអង្គរវត្តនាខេត្ត សៀមរាបប៉ុណ្ណោះ។ ក្រោយពីប្រទេសកម្ពុជាបានប្រែមុខមាត់ ដោយ​ការ​អភិវឌ្ឍន៍ និងការបោះជំហានរបស់ខ្លួន លើឆាកអន្តរជាតិមក កម្ពុជាកាន់តែត្រូវបានមជ្ឈដ្នានអន្ដរជាតិស្គាល់ជាបណ្ដាលៗហើយកាន់តែច្រើនឡើងៗ។ មានភ្ញៀវទេសចរអន្ដរជាតិជាច្រើនមក​កម្សាន្ដនៅកម្ពុជាសុទ្ធតែគិតថា ក្រុងភ្នំពេញជារាជធានីដ៏ប្រសើរបំផុត​ សម្រាប់​ចាប់ផ្ដើមដំណើរ​កម្សាន្ដរបស់ខ្លួន។ 

ទីក្រុងភ្នំពេញជាអតីតរាជធានី ដែលធ្លាប់បានឆ្លងកាត់ស្ថានភាពដ៏ច្របូកច្របល់ជាច្រើន ពិសេសទាំងពីសម័យ អាណនិគមន៍មក ក៏ជាដានមួយដែលបានបន្សល់ទុកឱ្យក្មេងជំនាន់ក្រោយបាន​ដឹងបានស្គាល់ផងដែរ។ មិនថាតិច ឬច្រើនយើងអាចនឹង​ប្រទះឃើញសំណង់អាគារសម័យបារាំង វត្តអារាមដ៏ស្រស់ស្អាត មហាវិថីធំទូលាយ ជាពិសេសទិដ្ឋភាពតាមមាត់ទន្លេមុខព្រះបរមរាជរាំង និងតាមបណ្ដោយផ្លូវមាត់ទន្លេ ដែលសម្បូរទៅដោយ ភោជនីយដ្ឋានបរទេស និង​បាបារាំងជាដើម សម្រាប់ភ្ញៀវទេសចរ​សម្រាកទទួលទានក្រោយដំណើរដ៏ហត់នឿយ ពេញមួយថ្ងៃរបស់ពួកគាត់នោះ។ 

តោះ! នាំគ្នាមកមើលថា​តើមាន​កន្លែងណាខ្លះទៅ…

ព្រះបរមរាជវាំង

ប្រាដកណាស់! បាន​មកក្រុងភ្នំពេញជា​រាជធានីនៃព្រះរាជាណាចក្រកម្ពុជា ប្រសិនបើខកខានទៅទស្សនាកម្សាន្ដ នៅព្រះបរមរាជវាំងពិតជាគួរឱ្យសោកស្ដាយជាក់ជាពុំខាន។ ព្រះបរមរាជវាំង គឺជា​សំណង់ ដែលជាបណ្ដុំនៃអាគារ ឬវិមានជាច្រើនបានជាបរិវេណព្រះបរមរាជវាំង រួមមានប្រាសាទ​ខេមរិន្ត្រ ព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះវិហារព្រះកែវ មរកត អាគារណាប៉ូលីអុនជាដើម ដែលបរិវេណនេះព័ទ្ធជុំវិញដោយជញ្ជាំងពណ៌លឿងខ្ពស់ ហើយមានសួនច្បារ ស្រស់ស្អាតបង្ហាញពីសន្តិភាព។ តាមពិតទៅ ព្រះបរមរាជវាំងនៅទីតាំងភ្នំពេញនេះ មាន​ប្រវត្តិតាំងពីសតវត្សទី ១៩ មក​ម្លេះ។ ចំពោះខ្លឹមសារ​បន្ថែមអាចអានក្នុងអត្ថបទនិយាយអំពី «ព្រះបរមរាជវាំង» បាន។

បរិវេណខាងក្នុងនៃព្រះបរមរាជវាំង

សារមន្ទីរជាតិ

កន្លែងបន្ទាប់ជាសារមន្ទីរជាតិ សារមន្ទីរជាតិកម្ពុជាពិតជាកន្លែងដែលគួរចូលទស្សនា ទាំងអ្នកក្នុងស្រុក និងភ្ញៀវ ទេសចរអន្ដរជាតិ។ អ្នកនឹងមានការភ្ញាក់ផ្អើលចំពោះស្ថាបត្យកម្មដ៏អស្ចារ្យ ដែលបង្ហាញពីការរួមបញ្ចូលគ្នានៃការ រចនាបែបបស្ចឹមប្រទេស និងបែបបុរាណ។ ពិសេស​គឺការប្រមូលផ្ដុំនូវវត្ថុបុណ្យប្រវត្តិសាស្ត្រសម័យអង្គរ និង​ សម័យកាលផ្សេង ដែលឆ្លុះបញ្ចាំងពីសិល្បៈ ជំនឿ វប្បធម៌ ចរិយាលក្ខណៈ ការរស់ និង​អរិយធម៌ជាច្រើនរបស់ ខ្មែរពីមួយជំនាន់ទៅមួយជំនាន់ទៅតាមសម័យកាល។​ លើសពីនេះ មាន​ការតាំងពិពណ៌អន្តរកម្មមួយចំនួន ការ សម្ដែងរបាំ មហាស្រោពទស្សនីយភាពគួរជាទីចាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរ​ រៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង ៧​ ល្ងាច​​តទៅនោះ។

សារមន្ទីរជាតិ

មជ្ឈមណ្ឌលបឹងជើងឯក

ការទស្សនានៅទីកន្លែងនេះ ពុំមែនជាកន្លែងដែរគួរកម្សាន្ដសប្បាយ​ ឬរមនីយដ្ឋានទេសចរអ្វីនោះឡើង ប៉ុន្ដែនេះ ជាទីកន្លែងមួយសម្រាប់ស្វែងយល់អំពីប្រវត្តិសាស្រ្តនៃប្រទេសកម្ពុជា និងប្រជាជនខ្មែរ ដែលបានឆ្លងកាត់ប្រវត្តិ​ សាស្ត្រដ៏ខ្មៅងងឹតមួយ។ វាលពិឃាតបឹងជើងឯកនេះ​ គឺជាតំបត់ព្រឹត្តិការណ៍ និង​ការ​ចងចាំមួយដ៏គួរឱ្យរន្ធត់ និង​ ​ខ្លោចផ្សារបំផុតសម្រាប់ប្រជាជាតិមួយ។ មាន​ការបាត់បង់ជិវិតមនុស្សអស់ជាច្រើន ប្រមាណជា ១៧.០០០នាក់ ក្នុងសម័យកាលដ៏ជូរចត់នោះ ដែលបានចាប់ផ្ដើមតាំងពីឆ្នាំ១៩៧៥ ហើយអស់រយៈកាល ៣ឆ្នាំ៨ខែ និង២០ថ្ងៃ។ នៅទីនេះ ភ្ញៀវទេសចរអាចមានមគ្គុទេសក៍មកជាមួយក្នុងការ​ធ្វើការពិពណ៌នាប្រាប់ ឬក៏អាចប្រើប្រាស់ជា Audio Guide ដែលរៀបចំស្រាប់នៅទីនោះ។

បឹងជើងឯក

សារមន្ទីរគុកទួលស្លែង

ទីនេះក៏មិនខុស​ពីបឹងជើងឯកប៉ុន្ដែដែរ​ គឺជាតំបន់ភស្ដុតាងបង្ហាញពីព្រឹតិ្តការណ៍ដ៏ខ្មៅងងឹត ដែលបានកើតឡើង លើប្រជាជាតិកម្ពុជា។ សារមន្ទីរនេះបង្ហាញរូបថត និងឧបករណ៍ធ្វើទារុណកម្មជាច្រើន និងជាការរំលឹកដល់អ្នក ទោស ២០.០០០ នាក់ដែលត្រូវបានសម្លាប់នៅក្នុងការចាប់ជាឈ្លើយ។ អគារដ៏កាចសាហាវនេះ បានបម្រើជា ពន្ធនាគារ និងកន្លែងធ្វើទារុណកម្មសម្រាប់មនុស្សមុនពេលពួកគេត្រូវបានយកទៅវាលពិឃាត។

ផ្សារធំថ្មី

ផ្សារធំថ្មីគឺជា កន្លែងមួយដែលមានស្ថាបត្យកម្មវប្បធម៌ និងជាការពិតណាស់ភ្ញៀវទេសចរមានឱកាសជាច្រើន សម្រាប់ការទិញទំនិញល្អបង្ហាញពីជីវភាពអ្នកក្នុងស្រុកនៅទីនោះ។ វាត្រូវបានសាងសង់ឡើងនៅឆ្នាំ ១៩៣៧ ហើយមានលំហអាកាសដ៏គួរឱ្យចាប់អារម្មណ៍ណាស់សម្រាប់អ្នកដែលបានដើរចូលទៅខាងក្នុង។ នៅពេលភ្ញៀវ ទេសចរ​ដើរចូលកម្សាន្ដ​នៅ​ផ្សារធំថ្មី ពិតជាមានការកោតសរសើរចំពោះសិល្បៈ និិងការរចនាបែប ដែលនឹងមិន អាចនឹកស្មានដល់ថាអាច​ទស្សនា និង​ដើរទិញអីវ៉ាន់នៅអាគារផ្សារបែបសិល្បៈនេះនៅតំបន់អាស៊ីអាគ្នេណ៍នេះ ដែរទាស់តែសោះ។  ប្រសិនបើអ្នកមិនចូលចិត្តហ្វូងមនុស្សអូអរនោះទេ ពេលវេលាដ៏ល្អបំផុតដើម្បីមកលេងនៅ ទីនេះ គឺពេលរសៀលនៅ ប៉ុន្ដែត្រូវនៅឱ្យបានមុនម៉ោង ៥ ល្ងាច ព្រោះបន្ទាប់ផ្សារនឹងត្រូវបិទនៅពេលមេឃ ងងឹតភ្លាមមិនខាន។

ផ្សារធំថ្មី

ផ្សារទួលទំពូង

នៅមានផ្សារមួយទៀត ដែលភ្ញៀវទេសចរមកពុំដែរខកខាននោះ គឺផ្សារទួលទំពូង ឬបរទេស​ហៅថាជាផ្សាររ៉ុស្ស៊ី។ ដោយការហៅឈ្មោះផ្សារបែបនេះ ត្រូវបានគេដាក់ឈ្មោះតាមប្រជាប្រិយភាពក្នុងចំណោមជនបរទេសដែលជា ជនជាតិរុស្ស៊ីក្នុងអំឡុងទសវត្សឆ្នាំ ១៩៨០ មកម្លេះ។ ហើយតាំងពីដើមអឿយមកផ្សារនេះគឺ ជាកន្លែងពេញនិយម បំផុតសម្រាប់វិស័យទេសចរណ៍ និងជនបរទេស ហើយប្រហែលជាទីផ្សារល្អបំផុតសម្រាប់អ្នកដើម្បីជ្រើសរើស វត្ថុអនុស្សាវរីយ៍ជាច្រើនប្រភេទសម្រាប់ជាកាដូជូនមិត្តជនជាតិបរទេស ឬជាកាដូជូនមិត្តភក្ដិនៅពេលភ្ញៀវទេស ចរត្រលប់ទៅស្រុកវិញនោះ​​។

ខាងក្នុងផ្សារទួលទំពូង

វិមានឯករាជ្យ

វិមានឯករាជ្យ គឺជារំលឹកដល់ការទាមទារពីនឹមអាណានិគមន៍បារាំងបានដោយជោគជ័យ និងបង្ហាញពីវីរភាពដ៏ ខ្លាំងក្លារបស់ព្រះមហាក្សត្រខ្មែរ ព្រះបាទនរោត្ដម សីហនុ ក្នុងព្រះរាជកិច្ចដើម្បីបូរណភាពទឹកដីកម្ពុជា។ ហើយ រចនាបថ និងការរចនានៃអគារវិមានឯករាជ្យនេះត្រូវបានស្ថាបនាដោយស្ថាបត្យករដ៏ឆ្នើមរបស់ខ្មែរយើងគឺ លោក វណ្ណ ម៉ូលីវណ្ណ។ នៅជុំវិញវិមានឯករាជ្យគឺមាន​សួនច្បារសម្រាប់ភ្ញៀវទេសចរសម្រាករំហែ និងដើរថ្មើរជើងកម្សាន្ដ នៅទីនោះ រាល់ល្ងាច នឹងមានប្រជាពលសម្រាកពីការងារមកដើរ​ហាត់ប្រាណពេញសួរច្បារតែម្ដង។ 

វិមានឯករាជ្យពេលរាត្រី

រមនីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ

មានទួលដ៏ខ្ពស់ពូនបានជាកូនភ្នំមួយនៅក្នុងទីក្រុងភ្នំ មានកម្ពស់រហូតដ៏២៧ម៉ែត្រ គ្របដណ្ដប់ដោយដើមឈើ និង វិហារនៅលើកំពូលកូនភ្នំ ដែលទីនេះហៅថាវត្តភ្នំដូនពេញ។ មានប្រវត្តិតាំងពីឆ្នាំ១៣៧៣ ជាមួយដំណើររឿង របស់​ជីដូនឈ្មោះពេញ ដែលគាត់បានស្រង់រូបដិមាបួនអង្គហូរតាមបណ្ដោយទឹកទន្លែមេគង្គមកដល់ទីទួលវត្តភ្នំ ជិតទីសំណាក់របស់លោកយាយដូនពេញមកគោរពបូជា និងមានរឿងរ៉ាវបន្ដបន្ទាប់ឆ្លងកាត់តាមសម័យកាល នីមួយៗរហូតទល់សព្វថ្ងៃ។​ បច្ចុប្បន្ន​ក្រៅពីចាត់ទុកវត្តជាទីកន្លែងសករៈបូជាសម្រាប់ព្រះសាសនាផង ក៏ជាទី រមនីយដ្ឋានប្រវត្តិសាស្រ្តផងដែរ។ 

វត្តភ្នំ

ភោជនីយដ្ឋាន និង​បារបារាំង

ជាការពិតណាស់ចំពោះដំណើរទេសចរណ៍មួយ ក្រៅពីការកម្សាន្ដទស្សនាទាំងវប្បធម៌ និងធម្មជាតិក្នុងតំបន់ ហើយនោះការស្នាក់នៅ និង​ហូបចុកគឺសំខាន់បំផុតដោយបានទាំងសម្រស់ និងឱជារសនៃទេសចរណ៍ក្នុងស្រុក។

ដោយមានទាំងភោជនីអាហារក្នុងស្រុកដ៏សម្បូរបែប មានឱជារសសម្រាប់ជនបរទេសពិសា ក៏មានអាហារបែប អាស៊ី និងអឺរ៉ុបគ្រប់បែបទៅតាមភ្ញៀវទេសចរអន្តរជាតិផ្សេងៗគ្នាទៀតផង។ ភោជនីយដ្ឋាន និង​បារទាំងនោះមាន ទាំងការរៀបចំទីតាំងបានល្អគួរជាទីចាប់ចិត្ត និង​កន្លែងដែលមានខ្យល់អាកាសបរិសុទ្ធដូចជានៅតាមមាត់ទន្លេ និងនៅលើដំបូលអាគារខ្ពស់ៗជាដើម។ អាហារ និង​ភេជ្ជៈផ្សេងបែបបរទេសបែបជាមិនមានអ្វីខុសប្លែកសម្រាប់ ទេសចរបរទេសឡើយ ប៉ុន្ដែពួកគាត់តែងតែត្រូវបានណែនាំឱ្យ ត្រូវប្រាកដថាបានសាកម្ហូបបែបខ្មែរដូចជា អាម៉ុក ដែលជាមុខម្ហូបដែលជាទីចូលចិត្តភាគច្រើន ត្រីស្រស់ក្នុងស្រុកមានរសជាតិឈ្ងុយឆ្ងាញ់ជាមួយការ៉ុត និងចំហុយ ក្នុងស្លឹកចេកជាដើម។

ភោជនីយដ្នានជាប់មាត់ទន្លេ

បណ្ដោយផ្លូវតាមមាត់ទន្លេ

ជាចុងក្រោយ ក្រោយការដើរទិញទំនិញ ទស្សនាតំបន់វប្បធម៌ប្រវត្តិសាស្ត្រ ការទទួលម្ហូបអាហារដ៏ឆ្ងាញ់ហើយ នោះ ក៏មានទេសចរបរទេសជាច្រើនសាកល្បងជាមួយប្រជាពលរដ្ឋក្នុងស្រុកដែរ ដើរកម្សាន្ដ និង​ដើរហាត់ប្រាណ​ យកខ្យល់អាកាសដ៏បរិសុទ្ធតាមដងវិថីបណ្ដោយផ្លូវមាត់ទន្លេ។ នេះគឺជាកន្លែងដែលប្រសើរបំផុតសម្រាប់ពួកគាត់ ក្នុងការបន្ធូរអារម្មណ៍ និងធ្វើការបណ្ដែតអារម្មណ៍របស់ខ្លួនទៅតាមបរិយាកាសជុំវិញមាត់ទន្លេក្នុងក្រុងភ្នំពេញ ។

មាត់ទន្លេ ភ្នំពេញ

Leave a comment