នៅ​ថ្ងៃ​អាកាស​ធាតុ​ក្តៅ​ខ្លាំង

ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ អាកាសធាតុ​ក្តៅ​ជាប់​មក​រហូត ធ្វើ​ឲ្យ​យើង​រាល់​គ្នា​ឆាប់​ស្រេក​ទឹក និងចេះ​តែ​ចង់​ផឹក​ភេសជ្ជៈ ត្រជាក់ៗ ។ នា​ថ្ងៃ​ត្រង់​នៃ​ថ្ងៃ​មួយ​នោះ ពូ​សំ​កំពុង​តែ​ពិសា​បាយ​ថ្ងៃ​ត្រង់​នៅ​ផ្ទះ​ជា​មួយ​ប្រពន្ធ​ និង​កូន​របស់​គាត់ ។​ ពេល​ពិសា​បាយបាន​ពាក់​កណ្តាល​ពី​សំ​ស្រេកទឹក​ណាស់ ប៉ុន្តែ​ផឹក​ទឹក​ច្រើន​ក៏​នៅ​តែ​មិន​បាត់ ពេល​នោះ​គាត់​ក៏​ចង់​ផឹក​ស្រា​បៀរ​ត្រជាក់​ដែល​បាន​ទុកក្នុង​ទូ​ទឹក​កក​នៅ​ផ្ទះ​បាយ ប៉ុន្តែ​គាត់​មិន​ហ៊ាន​ ព្រោះ​ប្រពន្ធ​គាត់​មិន​ចង់​ឲ្យ​គាត់​ផឹក​ទេ​នៅ​ពេល​នោះ ។

មួយ​យូរ​ដែរ ទើប​គាត់​ហ៊ាន​សុំ​ប្រពន្ធ​គាត់​ផឹក៖ «អូន! ថ្ងៃ​នេះ​ក្តៅ​ខ្លាំង​ណាស់​ណា តើ​អាច​ឲ្យ​បង​ផឹក​ប៊ីយែរ​១​កំប៉ុង​បាន​អត់​អូន?» ។

ប្រពន្ធ​ពូសំ៖ «​មិន​ដឹង​ផឹក​អី​ទេ​ថ្ងៃ​ថ្មារ​នេះ​នោះ?…» ។

កូន​ពូសំ​ក៏​ជួយ​និ​យាយ​៖ «មែន​ហ្នឹង​ម៉ាក់ ថ្ងៃ​នេះ​ក្តៅ​ណាស់​ឲ្យ​ប៉ា​គាត់​ផឹក​ប៉ុន្មាន​កំប៉ុង​ទៅ​ណា… គាត់​មិន​អាច​ទ្រាំ​បាន​ទេ…» ។

ប្រពន្ធ​ពូសំ៖ «​អញ្ចឹង​មិន​អី​ទេ ចាំ​អូន​ទៅ​ផ្ទះ​បាយ​យក​ឲ្យ​បង…» ។

(ប្រពន្ធ​ពូសំ​ក៏​ដើរ​ទៅ​ផ្ទះ​បាយ​យក​ស្រា​បៀរ…)

ពូសំ៖ «កូន! ម៉េច​ថ្ងៃ​នេះ​ចំណែក​ម្ល៉េះ? កូន​ជួយ​និយាយ​ឲ្យ​ប៉ា​ផង…គួរ​ឲ្យ​ស្រលាញ់​ណាស់​!»

កូន​ពូសំ​៖ «មិន​អី​ទេ​ប៉ា! រឿង​តិច​តួច​ទេ ព្រោះព្រឹក​មិញ​នេះ ​ម៉ាក់​គាត់​បាន​សន្យា​ថា​ប្រាក់​កម្រៃ​បាន​មក​ពី​ការ​លក់​កំប៉ុន​អេត​ចាយ​ស្រាបៀរ​ប៉ា​ផឹក​នេះ​ឲ្យ​កូន​យក​ទៅ​ទុក​ទិញ​នំ​ញ៉ាំ​ទាំង​អស់​ណា​ប៉ា!!» ៕

Leave a comment