ចាយ​លុយ​សល់​ថ្ងៃ

សុខា​​ធ្វើ​ដំណើរ​មក​ស្នាក់​នៅ​ឯ​ភ្នំ​ពេញ​ដើម្បី​រៀន​សូត្រ​បន្ត ដោយ​គិត​ថា​គ្រាន់​បើ​ជា​ង​នៅ​ឯ​ស្រុក​កំណើត ប៉ុន្តែ​នឹក​ស្មាន​មិន​ដល់​ថា ការ​ចំណាយ​នៅ​ភ្នំពេញ​គឺ​លើស​អ្វី​ដែល​ខ្លួន​រំពឹង​ទុក​​​​​​​​​​​​ ។ ដើម​ឡើង​អាច​ចាយ​គ្រប់​ ប៉ុន្តែ​ដោយ​សារ​ភ្លើត​ភ្លើន​តាម​មិត្ត​ភក្តិ​គេ​នៅ​ភ្នំ​ពេញ​នេះ ក៏​ចាយ​លុយ​ប្រាក់​ខែ​ម៉ែ​ផ្ញើ​ឲ្យ​ពី​ស្រុក​នោះ​ហួស​កំណត់ មិន​សល់​លុយ​ក្នុង​ខែ សល់​តែ​ថ្ងៃ​រាប់​ឲ្យ​បានដល់​ខែ​ថ្មី​អាង​សុំ​ម៉ែ​ថែម​ទៀត។ មាន​ខែ​មួយ​សុខា​ទាល់​ខ្លាំង​ហើយ ក៏​ដាច់​ចិត្ត​ខល​ទូរស័ព្ទ​ទៅ​សុំ​លុយ​ម៉ែ​ឲ្យ​ផ្ញើ​មក​បន្ថែម​ក្នុង​ខែ ប៉ុន្តែ​មិន​ដឹង​ថា​និយាយ​យ៉ាង​ម៉េច ស្រាប់​តែ​នឹក​ឃើញ​ថា​បើ​គេ​ខល​ទូរ​ស័ព្ទ​ទៅ​ម៉ែ​ពេល​ម៉ោង​បាយ​ហើយ​រអ៊ូ​ថា​ហូប​មិន​គ្រាន់​ប្រហែល​ជា​ម៉ែ​អាច​ផ្ញើ​លុយ​មក​ថែម។

ដល់​ម៉ោង​បាយ​ភ្លាម​សុខា​ក៏​ចាប់​ផ្តើម​ខល​ទូរស័ព្ទ​ទៅ​ម្តាយ​នៅ​ឯ​ស្រុក ។

«អាឡូ! ម៉ែ!​ …»

«កូន​! ម៉េច​ហើយ​ញ៉ាំ​បាយ​ហើយ​នៅ​កូន?»

«បាទ​ម៉ែ អត់​មាន​លុយ​ទិញ​បាយ​ហូប​ផង មាន​តែ​នំប៉័ន​សល់​ពី​ព្រឹក​ញ៉ាំ​លេង​ហ្នឹង​ណា​ម៉ែ!»

«យី​កូន! ញ៉ាំ​តែ​នំ​ប៉័ន​សល់ៗ​ចឹង​មិន​ល្អ​ទេ​កូន!!…»

សុខា​គិត​ក្នុង​ចិត្ត​ថា​លើក​នេះ​រួច​ខ្លួន​ឲ្យ​ខ្ញុំ​គាត់​ផ្ញើ​លុយ​ឲ្យ​ទិញបាយ​ញ៉ាំ​មិន​ខាន…នៅ​ពេល​សុខា​​រៀប​ចង់​និយាយ​សុំ​លុយ​គាត់​ថែម​ស្រាប់​តែ​គាត់​និយាយ​បន្ត​ថា៖

«កូន​មិន​អាច​ញ៉ាំ​តែ​នំប៉័ន​ទទេ​ទេ​ណា ប្រយ័ត្ន​អួល ផឹក​ទឹក​ឲ្យ​ច្រើន​ផង​ឆាប់​ឆ្អែត​បាន​យូរ!!» ឮ​ដូច្នេះ​សុខា​ក៏​ខ្ចប់​យោបល់​តែ​ម្តង!!

Leave a comment