ចោរ​ប្លន់កម្សត់

នា​ព្រឹក​ព្រលឹម​ស្រាងៗ មាន​បុរស​ម្នាក់​ដើរ​យ៉ាង​ហេវ​ហត់​នៅ​លើ​ស្ពាន​មួយ​ដ៏​ស្ងាត់​ និង​មើល​មិនសូវ​ឃើញ ។ ស្រាប់​តែ​មាន​បុរស​ម្នាក់​ទៀត​មាឌ​ធំ​ដំបង លោត​ចេញ​មករាំង​ផ្លូវ​ពី​មុខ​ ដៃ​កាន់​កាំ​បិត​ភ្ជង់ទៅ​បុរស​នោះហើយ​និយាយ​ថា៖ «នៅ​ឲ្យ​ស្ងៀម​ ហើយ​យក​លុយ​ទាំង​អស់​ចេញ​មក​ឲ្យ​យើង​ទាំង​អស់! យើង​ជា​ចោរ​ប្លន់​ណា!!» ។ ហើយ​បុរស​នោះ​ក៏​លើក​ដៃ​ទាំង​ពីរ​ឡើង​សំដៅ​ទៅ​ចោរ​នោះ​ហើយ​និយាយ​ថា៖ «ចូល​មក!» ។ ចោរ​នោះ​ក៏​ចូល​ទៅ​ជិត​បុរស​នោះ ហើយ​ឆែក​សព្វ​ខ្លួន​ប្រាណ​គាត់​អស់​ហើយ​ពុំ​ឃើញ​មាន​ប្រាក់​កាក់​លុយ ឬ​វត្ថុ​មាន​តម្លៃ​អ្វី​ក្នុង​ខ្លួន​គាត់​បន្តិច​ណា​ទាល់​តែ​សោះ។ បន្ទាប់​មក​ដោយ​ហេតុ​តែ​រក​ពុំ​បាន​អ្វី​សោះ​ពី​បុរសនោះ ចោរ​នោះ​ក៏​ដើរ​ចេញ​ពី​បុរស​នោះ​តែ​ម្តង ប៉ុន្តែ​ក្នុង​ពេល​នោះ​ភ្លាម​តែ​ម្តង ស្រាប់​តែ​បុរស​នោះ​គាត់​ចាប់​តោ​ង​ដៃ​ចោរ​នោះ​ឡើង​ជាប់​មិន​ឲ្យ​ទៅ​ណា​ហើយ​ក៏​និយាយ​ថា៖ «កុំ​ទៅ​ណា! មិញ​ក្រែង​ថា​ចង់ចាក់​​ខ្ញុំ​ឲ្យ​ស្លាប់​អី? ចាក់​មក! ចាក់​ឲ្យ​ខ្ញុំ​ស្លាប់​ភ្លាម​តែ​ម្តង​ទៅ!! លឿន​ឡើង​ខ្ញុំ​មិន​ចង់​រស់​នៅ​លើ​លោក​នេះ​ទៀត​ទេ!! ព្រោះ​ខ្ញុំ​ឥឡូវ​នេះ​ក្ររហាម​ខ្លាំង​ណាស់​រក​បាយ​ស៊ី​មិន​បាន​ទេ​ ស្លាប់​ទៅ​វា​ល្អ​ជា​ជាង!!» ។ ដោយ​ហេតុ​តែ​បុរស​តោង​ចោរ​នោះ​ជាប់​ពេក​រក​ទៅ​ណា​ពុំ​រួច ចោរ​នោះ​ក៏​ដក​លុយ​ក្នុង​ខ្លួន​ដែល​មាន​មួយ​ចំនួន​ឲ្យ​គាត់​ទៅ​បាយ​ហូប​តែ​​ម្តង​ទៅ។ តាម​ពិត​បុរស​នោះ​មក​លើ​ស្ពាន​នេះ​ចង់​លោត​ទឹក​សម្លាប់​ខ្លួន​ទេ ប៉ុន្តែក៏​បាន​ជួប​ចោរ​នោះ ហើយ​ចោរ​ប្លន់​មិន​បាន​សម្រេច​ឃើញ​បុរស​នោះ​គួរ​ឲ្យ​អាណិត​ជាង​ខ្លួន​ក៏​ឲ្យ​លុយ​ទៅ​បុរស​វិញទៅ ៕

Leave a comment