មូស​ និង​អំពិល​អំ​ពែក

មាន​យប់​មួយ​នៅ​តាម​ដង​ផ្លូវ មាន​សត្វ​មូស និង​អំពិល​អំពែក​មួយ​កំពុង​ធ្វើ​ដំណើរ​យ៉ាង​ប្រញាប់​ប្រញាល់​រៀង​ៗ​ខ្លួន។ ​ដោយ​អំពិល​អំពែក​ជា​អ្នក​ធ្វើ​ដំណើរ​នៅ​ពី​ខាង​មុខ ឯ​មូស​វិញ​នៅ​ពី​ខាង​ក្រោយ។ តាម​ធម្មតា អំពិល​អំពែក​ជា​សត្វ​ដែល​បញ្ចេញ​ពន្លឺ​ភ្លឺ​ភ្លែតនៅ​ពេល​យប់ ចំណែក​ឯ​សត្វ​មូស​វិញ ដែល​មាន​សំឡេង​​ស្រែក ងឺងៗ! គួរ​ឲ្យ​រំខាននោះ។

ដោយ​សារ​សម្លេង​របស់​សត្វ​មូស​រំខាន​ពេក ទើប​ធ្វើ​ឲ្យ​អំពិល​អំពែក​ខឹង​សម្បា​ជា​ខ្លាំង​នឹង​មូសនោះ​ ក៏​ស្រែ​សួរ​ថា៖ «​ណែ៎!! មូស​ល្អិត! ម៉េច​ក៏​ឯង​ខ្លួន​តូច​បំពង​សំឡេង​ខ្លាំងៗ​យ៉ាង​នេះ មិន​ឆាប់​ធ្វើ​ដំណើរ​ទៅ​នៅ​មុខ​យើង​ទៅ ព្រោះ​យើង​ពិត​ជា​ថ្លង់​នឹង​សំឡេង​ឯង​ ងឺងៗ… នៅ​ពី​​ខាង​ក្រោយ​ខ្នង​យើង​ណាស់​​ហ្វឺយ!»។

មូស៖ «បាទ​លោកអំ​​ពែក​ មិន​មែន​ខ្ញុំ​មិនចង់​ទៅ​មុខ​ទេ ខ្លួន​ខ្ញុំ​នេះ​ក៏​ប្រញាប់​ជាង​លោក​ទៅ​ទៀត​ដែរ ទៅ​ចូល​រួម​ពិធី​ជប់​លៀង​គេ​ផង ប៉ុន្តែ​គឺ​ដោយ​សារ​តែ​លោក​ហ្នឹង​ឯង…ហ៎​!»

អំពិល​អំពែក៖ «​យី​អើ!! ម៉េច​ក៏​លោក​ឯង​មក​ថា​ឲ្យ​យើង​ទៅ​វិញ​ចឹង​ហើយ​នេះ?!​»

មូស៖ «​ត្រូវ​តែ​ថា​ឲ្យ​លោក​អំពិល​ឯង​ចឹង​ហើយ ព្រោះ​ថា​លោក​អំពែក​ឯង​ហ្នឹង បើក​ភ្លើង​ស៊ីញ៉ូ​ភ្លិប​ភ្លែតៗ​ឥត​ឈប់ ម្តង​ភ្លិប​ឆ្វេង ម្តង​ភ្លែត​ស្តាំ ឡើង​ខ្ញុំ​ស្រវាំង​​វង្វេង​ផ្លូវ​អស់​ហើយ មិន​ដឹង​ថា​ជា​ត្រូវ​ទៅ​ផ្លូវ​ឯង​ណា និង​ឯ​ណី​នោះ​ទេ​ណា លោក​អំពិល​អំពែក​ ព្រោះ​ខ្ញុំ​ខ្លាច​កើត​ឧបទ្ទវការណ៍​ចរាចរណ៍​ហ្នឹង​ណា!!​​»

អំពិល​អំពែក៖ «​យី​អើ!! មែន​វីយ!!​» ៕

Leave a comment